30 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ និង​​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ពី​ឯករាជភាព​របស់​ គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ និង​គណៈកម្មា​ធិការ​ដើម្បី​​​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល​) កាល​ពី​ម្សិល​មិញ​ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​​អង្កេត​ឲ្យ​បាន​ម៉ត់​ចត់​លើ​ឯករាជភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​​ ព្រម​ទាំង​ការ​ជាប់​ពាក់​ព័ន្ធ​របស់​គណៈកម្មា​ធិការ​នេះ​នៅ​ក្នុង​ភាព​មិន​ប្រក្រតី​ដែល​គណបក្ស​ប្រឆាំងនិយាយ​ថា ​បាន​​កើត​មាន​ឡើង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ថ្ងៃ​​ទី​២៨​ ខែ​កក្កដា​។

កាល​ពីថ្ងៃ​អាទិត្យ​ ផែន​ការ​បង្កើត​គណៈ​កម្មាធិការ​ចម្រុះមួយ​ដើម្បី​ស៊ើបអង្កេត​ភាព​មិ​នប្រក្រតីនៅ​ពេល​បោះ​ឆ្នោ​តនេះ​ត្រូវ​បាន​បរាជ័យ​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​​ដើរ​ចេញ​ពី​តុ​ចរចា ពីព្រោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​ព្រម​អនុញ្ញាតឲ្យ​មាន​ការ​​ចូល​រួម ពី​អង្គការ​សហ​ប្រជាជាតិ​។ គណបក្ស​ប្រឆាំង​និយាយ​ថា ការស៊ើបអង្កេត​នេះ​តម្រូវ​ឲ្យ មាន​​ការ​ត្រួត​ពិនិត្យ​ដោយ​ឯករាជ​ព្រោះថ្នាក់​ដឹក​នាំ​របស់​ គ.ជ.ប.​ សុទ្ធ​តែ​ជា​អតី​ត​សមាជិក​របស់​​គណបក្ស​កាន់​អំណាច​។

ទោះជាយ៉ាងណា  គ.ជ.ប.​ និយាយ​ថា ខ្លួន​មាន​បំណង​ចូលរួម​ការ​ស៊ើបអង្កេត​ ហើយ​នឹង​ធានាថា រដ្ឋសភា​ថ្មី​កោះ​ប្រជុំ​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ បន្ទាប់​ពីការ​បោះឆ្នោត​។​ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិ​បាន​អះអាង​ពីជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​។

លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា “ ត្រូវ​មាន​ការ​ពន្យល់​ពី​ការ​ជាប់​ពាក់​ព័ន្ធណា​មួយ​ជាមួយ ​គ.ជ.ប.​ ដើម្បីស្វែង​យល់ពីមូល​ហេតុ​ដែល​ពួក​គេ​មិន​មាន​តម្លាភាព​ និង​មិន​ដោះស្រាយ​បញ្ហា​ ជំនួស​ឲ្យ​ការ​កែលម្អ​ប្រព័ន្ធនេះ​”។

លោក​បាន​មាន​ប្រសាសន៍ថា “ គេអាច​សួរ​ គ.ជ.ប.​ អំពីអ្វីដែល​បាន​កើត​ឡើង​​ចំពោះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​សួរ​ថា តើ​គ.ជ.ប.​​ ធ្វើ​​ឲ្យ​បាត់់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​ដោយ​វិធី​ណា​​។ បញ្ហានេះ​ត្រូវ​មាន​ការ​ស៊ើបអង្កេត​។ មន្ត្រី គ.ជ.ប.​ ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​។ គ.ជ.ប.​ មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះការ​ទទួល​ខុស​ត្រូវ​នេះ​បាន​ទេ​ ព្រោះ​​ច្បាប់​បោះ​ឆ្នោតចែង​យ៉ាង​ច្បាស់​ថា ពួក​គេ​ត្រូវ​​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​”។

លោក​ អ៊ឹម​ សួស្តី ប្រធាន​ គ.ជ.ប.​​ កាល​ពី​ម្សិលមិញ បាន​បដិសេធថា មិន​បាន​លម្អៀង​ទៅរកគណបក្ស​ប្រជាជន​កម្ពុជាទេ​ ហើយ​បាន​និយាយ​ការពារ​ស្ថាប័ន​នេះថា បាន​ធ្វើ​តាម​ច្បាប់​បោះឆ្នោត​។ លោក​បន្តថា “ យើង​តែង​​តែ​អនុញ្ញាត​ឲ្យ​មនុស្ស​ផ្សេង​ទៀត​ពិនិត្យ​ការ​ងារ​របស់​យើង​។ គ.ជ.ប.​ មិន​ដែល​រារាំង​មនុស្ស​ដែល​ចង់​ម​ក​ពិនិត្យ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះទេ​”។ លោក​ក៏បាន​លើក​ឡើង​សាជាថ្មី​នូវ​ការ​ឆ្លើយ​តប​ជាយូរ​មក​ហើយ​នោះ​ថា ​ គ.ជ.ប.​ មាន​ភារកិច្ច​គោរព​តាម​ច្បាប់​ ហើយ​មិន​ចាំ​បាច់​មាន​ការ​សើុបអង្កេត​ពីឯករាជភាព​ផ្នែក​នយោបាយ​របស់​ស្ថាប័ន​នេះទេ​។

លោក​ អ៊ឹម​ សួស្តី បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ គ.ជ.ប.​ ធ្វើ​តាម​ច្បាប់​ហើយ​នោះ​ “ មិន​មាន​មធ្យោបាយ​ផ្សេង​ដើម្បី​វាស់​ស្ទង់​ពី​អព្យាក្រឹត​ភាព​របស់​ គ.ជ.ប.​ ទេ​”។ នៅ​ក្នុង​របាយការណ៍​មួយ​ផ្ញើ​ជូន​ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្ស​របស់អង្គការ​សហប្រជា​ជាតិ​នៅទីក្រុង​ហ្សឺណែវ កាល​ពីខែ​សីហា​ ឆ្នាំ​២០១២នោះ លោក​  សុរិយា  ស៊ូបេឌី  ឲ្យ​ប្រសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍ថា ការ​គ្រប់​គ្រង​ដំណើរ​ការ​បោះឆ្នោត​នៅកម្ពុជា​ពោរពេញ​ដោយ​គុណវិបត្តិ​ និង​បាន​ផ្តល់​អនុសាសន៍​​​ឲ្យ​ គ.ជ.ប.​ ធ្វើ​ការ​កែទម្រង់​ និង​កែ​ប្រែ​ជាច្រើន​ចំណុច​ដើម្បី​​ធ្វើ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​ឡើងវិញ​​លើ​ការងារ​របស់​ខ្លួន មិន​មែន​ធ្វើ​តាម​វិធីដូច​​ដែល​​បុគ្គលិក​របស់​​ខ្លួន​​ត្រូវ​បាន​តែង​តាំង​ដោយ​ក្រសួង​មហាផ្ទៃ​នោះ​ទេ​​។

លោក​ ស៊ូបេឌី​ បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះថា “ មាន​គុណវិបត្តិ​ធំៗ​នៅ​​ក្នុង​ការ​គ្រប់​គ្រង​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​ត្រូវ​មាន​ការ​កែទម្រង់​​រយៈ​ពេល​យូរ​និង​ជាបន្ទាន់​ ដើម្បី​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​មាន​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត​ និង​លើ​កិច្ច​ការ​របស់​ គ.ជ.ប.​​”។ លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​ដំណើ​រ​ការ​នេះ​មិន​អាច​​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ជឿ​ទុក​ចិត្ត​ទេ​នោះ មូលដ្ឋាន​នៃ​រចនាសម្ព័ន្ធ​​​នយោ​បាយ​ និង​ស្ថាប័ន​កម្ពុជា ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បា៉រីស​នឹង​មិន​រឹង​មាំឡើយ​ ហើយ​ប្រទេស​នេះ​អាច​ត្រឡប់​ទៅ​រក​អំពើ​ហិង្សា​វិញ​”។ ទោះជាយ៉ាងណា  គ.ជ.ប.​ រហូត​មក​ទល់​ពេល​នេះ​នៅតែ​មិន​ព្រម​ទទួល​យក​អនុ​សាសន៍​សម្រាប់​កែទម្រង់ជាច្រើន​។

លោក​ អ៊ឹម​  សួស្តី  គឺជា​ប្អូន​ប្រុស​របស់​លោក​ អ៊ឹម សិទ្ធី​ រដ្ឋមន្ត្រីក្រសួង​អប់​រំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ អ៊ឹម​ សួស្តី​ ខ្លួន​គាត់​ផ្ទាល់​គឺជាអនុប្រធាន​គណៈកម្មាធិការ​កណ្តាល​​នៃ​សមាគមយុវជន​កម្ពុជា​ ជា​សមា​គម​យុវ​ជន​គណបក្ស​ប្រជាជន​កម្ពុជា​ពីឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩៥​។ ក្រោយ​មក​លោក​​បាន​​ធ្វើ​ការ​​នៅ​ការិយាល័យ​បោះឆ្នោត​របស់​ក្រសួង​មហាផ្ទៃ​ នេះ​បើ​យោង​តាម​ប្រវត្តិរូប​ផ្លូវការ​របស់​លោក​នៅលើ​គេហទំព័រ​របស់​ គ.ជ.ប.​។

យោង​តាម​លោក  ដេវិឌ  ឆាណ្ឌល័រ (David Chandler)​ប្រវត្តិ​វិទូ​អំពីកម្ពុជា​បាន​ឲ្យដឹងថា ដោយ​មិន​គិត​ថា មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ គ.ជ.ប.​ ឬ​អត់​នោះ​ ការ​ស៊ើប​អង្កេត​បែបនេះ​ហាក់​ដូច​ជាមាន​លទ្ធ​ភាព​​​តិចតូច​ណាស់​​​។

លោក  ដេវិឌ  ឆាណ្ឌល័រ ​ មាន​ប្រសាសន៍​​​​អំពីការ​​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​លើ​គ.ជ.ប.​ នេះថា “ ខ្ញុំ​យល់​ស្របថា វា​គឺ​ជា​គំនិត​ល្អមួយ​ ប៉ុន្តែ វា​នឹង​មិន​អាច​ទៅ​រួចទេ​”។ លោក​ថ្លែង​ថា “ វាគឺជា​គំនិត​ស្រមើ​ស្រមៃ​ក្នុងការ​និយាយថា ‘យើង​នាំ​គ្នា​ស៊ើប​អង្កេត​ស្ថាប័ន​នេះ​’។ ប៉ុន្តែ​ស្ថាប័ន​នេះ​​មិន​ឯក​រាជ្យ​ទេ​។ តុលាការ​ កង​ទ័ព និង​នគរ​បាល​មិន​​​ឯក​រាជ្យ​ទេ​។​វា​មិន​ស្រប​តាមស្ថាន ភាព​នៅ​ក្នុង​​ប្រទេស​នេះ​ទេ​។ ខ្ញុំគិត​ថា ការ​ស៊ើប​អង្កេត​​នេះ​ទំនង​ជាមិន​អាច​ទៅ​រួច​នោះ​ទេ​”។

លោក យឹម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​​មិញថា មិន​មាន​ប្រយោជន៍​ទេ​ក្នុងការ​ឲ្យ​ គ.ជ.ប.​​ ស៊ើបអង្កេត​ភាព​មិន​ប្រក្រតីក្នុង​ការ​បោះឆ្នោត​ ព្រោះ​ គ.ជ.ប.​ គឺជា​ស្ថាប័ន​តែ​មួយ​​ដែល​គេបន្ទោស​ចំពោះ​ការ​​បង្ក​​ឲ្យ​មាន​​ភាព​មិន​ប្រក្រតីទាំង​នេះ​តាំង​ពី​ដំបូ​ងមក​ម្លេះ​។

លោក យឹ​ម សុវណ្ណ បាន​មាន​ប្រសាសន៍​ ថា “យើង​ចង់​​ស៊ើប​អង្កេត​សមាសភាព​ គ.ជ.ប.​ តាំង​ពី​ដំបូង​មក​ម៉្លេះ​។ យើង​ចង់​បាន​ការ​កែ​ទម្រង់​។​យើង​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចាប់​ពី​ថ្នាក់​លើដល់​ថ្នាក់​ក្រោម​។ យើង​គួរតែ​បាន​ស៊ើបអង្កេត​ស្ថាប័ន​នេះ​តាំង​ពីមុន​ការ​បោះ​ឆ្នោត​ម៉្លេះ​ ប៉ុន្តែ ឥឡូវ​នេះ​វា​យឺត​ពេល​បន្តិ​ច​ទៅហើយ​។ ទោះជា​យ៉ាង​ណា​ យើង​គាំទ្រ​ការ​ស៊ើបអង្កេត​​ស្ថាប័ន​នេះ ពីព្រោះ​នេះ​គឺជា​ភ័ស្តុ​តាង​ដែល​ធ្វើ​ឲ្យ​ការ​ទាមទារ​របស់​យើង​សុំ​​ឲ្យ​មាន​​ការ​កែទម្រង់​ គ.ជ.ប. នោះ​សម​ហេតុ​ផល​”៕

(រាយការណ៍​បន្ថែម​ដោយ​ ហ៊ុល​ រស្មី​)
ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស