27 C
Phnom Penh

រយៈពេល​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិរៀប​ចំ​ការបោះ​ឆ្នោត​ ​​​(គ.ជ.ប.​) បាន​លើក​ឡើង​កាល​ពី​ម្សិល​​មិញ​មុន​ពេល​បញ្ចប់ការ​ដាក់​ពាក្យ​បណ្តឹង​​ជា​ផ្លូវ​ការ​​​​នៅ​យប់​នេះ​ថា មាន​ពាក្យ​​បណ្តឹង​សរុប​ចំនួន​​​​១២៥​​​​​បណ្តឹង​ដែលបាន​ប្តឹង​មក​​គណៈ​​​កម្មា​​​ធិការ​​​​​ឃុំ​សង្កាត់​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេលមួយ​សប្តាហ៍​បន្ទាប់​ពី​ការបោះ​​ឆ្នោត​​ជាតិ​កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា ដែល​ភាគ​ច្រើន​នៃ​ពាក្យ​បណ្តឹង​ទាំង​​​​នោះ​ ទាក់​​​​ទង​នឹង​ដំណើរការ​នៅ​ថ្ងៃ​បោះ​ឆ្នោត​។

គ.ជ.ប. បាន​លើក​ឡើង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ថា ៩០​ភាគ​រយ​នៃ​ពាក្យ​បណ្តឹង​ គឺ​​​​ប្តឹង​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​១៥​ភាគ​រយ​​​​ប្តឹង​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច ហើយ​បណ្តឹង​ដែល​នៅ​សេស​សល់​គឺ​ប្តឹង​ដោយ​អ្នក​បោះ​ឆ្នោត​ អ្នក​ឃ្លាំ​មើល​​​​ការ​បោះ​ឆ្នោត​ មន្ត្រី​មូល​ដ្ឋាន​ និង​គណ​បក្ស​នយោ​បាយ​តូច​ៗ។

លោក ទេព នីថា អគ្គ​លេខា​ធិការ​​នៃ​គណៈ​​​​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​មាន​ប្រសាសន៍​ថា “ នៅ​ក្នុង​ពាក្យ​បណ្តឹង​ទាំង​អស់​នោះ ការ​ចោទ​ប្រកាន់ភាគ​ច្រើន​ពាក់​​​​​​​ព័ន្ធ​នឹង​ដំណើរ​ការ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ដូច​​​ជា ​​​សកម្ម​ជន​គណ​បក្ស​នយោ​បាយ​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ពាក់​អាវ​ដែលមាន​​រូប​សញ្ញា​គណ​បក្ស​នយោ​បាយ និង​ការ​​ធ្វើ​យុទ្ធនាការ​ឲ្យ​គណ​​​​​​​បក្ស​​នយោបាយ​ដោយ​​ចំហ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា “ ​ការ​ចោទ​ប្រកាន់​ទី២ ទាក់​ទង​នឹង​ពាក្យ​បណ្តឹង​​​​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ​គឺការ​បំភិត​បំភ័យ ពីព្រោះ​​អាជ្ញា​ធរ​មូល​ដ្ឋាន​ តំណាង​គណ​បក្ស​នយោ​បាយ​​ចូល​​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ ឬ​ឈរ​នៅ​ក្បែរ​ការិយាល័យ​បោះ​ឆ្នោត ឬ​ដើរ​ជិត​កន្លែង​បិទ​ឈ្មោះ​អ្នក​បោះ​ឆ្នោត”។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ពាក្យ​បណ្តឹង​ចំនួន​២៥​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយនៅ​ថ្នាក់​ឃុំ-សង្កាត់​ ហើយ​​​​​​​បណ្តឹង​ចំនួន​៣២​ត្រូវ​បាន​ច្រាន​ចោល​ដោយគ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ និង​​បណ្តឹង​នៅ​សេស​សល់​ចំនួន​២៩​មិន​ទាន់​​​​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ទេ ហើយ​បណ្តឹង​​​​ចំនួន​​​​៣០​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈ​កម្មា​ធិការ​ខេត្ត​​​​ក្រុង​​រៀប​ចំ​ការ​បោះ​​​​ឆ្នោត​​​​ ដើម្បី​ពិនិត្យ​បន្ថែម។ ពាក្យ​បណ្តឹង​​​​ដែល​នៅ​សេស​សល់​ចំនួន​៩​ទៀត​ កំពុង​ពិចារណា​នៅ​ឡើយ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា អំឡុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​រយៈ​ពេល​៣០​ថ្ងៃ​ មាន​ពាក្យ​បណ្តឹង​សរុប​ចំនួន​៣៥៩​​​​បណ្តឹង​ ត្រូវ​បាន​ប្តឹង​នៅ​គណៈ​កម្មា​​​ធិការឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដែល​ក្នុង​ចំណោម​នោះ​ពាក្យ​បណ្តឹង​ចំនួន​៩២​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈ​កម្មា​ធិការ​ខេត្ត​-ក្រុង​​រៀប​​​​ចំ​ការ​បោះ​ឆ្នោត​ និង៣៦​បណ្តឹង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​គ.ជ.ប.។

លោក​បាន​ថ្លែងថា ពាក្យ​បណ្តឹង​​​​ពាក់​ព័ន្ធ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​៣​ទៀត​ត្រូវ​បាន​ប្តឹង​ដោយ​ផ្ទាល់​ទៅ​គ.ជ.ប.។ លោក​បាន​បន្ថែម​ថា មាន​បណ្តឹង​តិច​តួច​ប៉ុណ្ណោះ​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​​​​ឡើយ​នៅ​ថ្នាក់​ជាតិ​។

សេចក្តី​ប្រកាស​​របស់​គ.ជ.ប. ពាក់​ព័ន្ធ​ពាក្យ​​​​បណ្តឹង​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ធ្វើ​ឡើង​ចំពេល​ដែល​​​​​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នក​សង្កេត​​ការ​បោះ​ឆ្នោត​ឯករាជ្យ​ខិតខំប្រឹង​​​ប្រែង ដើម្បី​កំណត់​និង​ចង​ក្រង​ករណី​​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​ពួក​គេ​បាន​អះ​អាង​ថា កើត​មានជា​ទូទៅ​នៅ​ថ្ងៃ​បោះ​ឆ្នោត។

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ការិយា​​​ល័យ​នៅ​តាម​បណ្តា​ខេត្ត​ ដើម្បី​ទទួល​ពាក្យ​បណ្តឹង​ស្តីពី​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​ឯក​រាជ្យ​ ចំណែក​ឯ​បន្ទប់​ស្ថានការណ៍​ (The Situation Room) ជា​ក្រុម​​អង្គការ​សង្គម​ស៊ីវិល​​​​​ ដែល​​​​បាន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ និង​ក៏​បាន​ចង​ក្រង​​​​ភាព​មិន​ប្រក្រ​តី​ជា​ច្រើនដែលគេ​បាន​រាយ​​​ការ​ណ៍​នៅ​ទូ​ទាំង​ប្រទេស​ និង​មាន​គម្រោង​​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​លទ្ធ​ផល​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ស្នើ​ឲ្យ​គ.ជ.ប. ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​តាម​ការិយាល័យ​បោះ​ឆ្នោត​ និង​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​ដែល​​​​ជា​ទម្រង់​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​ចំនួន​៧ ដែល​សង្ស័យថា មាន​ភាព​មិន​ប្រក្រ​តី​កើត​ឡើង​ ប៉ុន្តែ គ.ជ.ប.​ លើក​ឡើង​ថា ខ្លួន​​មិន​​មាន​ពេល​​ពិចារណា​អំពី​សំណើ​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស