31.8 C
Phnom Penh

គណ​បក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​បណ្ដឹង​​រាប់ពាន់​ករណី​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ស​ង្គ្រោះ​​​ជាតិ​នឹង​ដាក់​​​ជូន​គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នូវ​អ្វី​ដែល​ខ្លួន​បាន​រក​ឃើញ​ពី​កិច្ច​ប្រឹង​ប្រែង​​​ប្រមូល​ពាក្យ​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ដែល​គណបក្ស​នេះ​​​​​​​បាន​ទទួល​យ៉ាង​ហោច​ណាស់​ចំនួន​១៨.៤០០​​​​ករណី​​ ប៉ុន្តែ​ជឿ​ថា​តួលេខ​នេះ​តំណាង​តែ​មួយ​ផ្នែក​នៃ​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ប៉ុណ្ណោះ។

មន្ត្រី​គណបក្ស​ស​ង្គ្រោះ​​​ជាតិ​​​នៅ​រាជ​ធានី​ភ្នំ​ពេញ​​ដែល​មាន​​ពាក្យ​បណ្តឹង​ចំនួន​២.០០០​ករណី​​ត្រូវ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ហើយ​នៅ​ខេត្ត​​ព្រៃ​វែង ​​សៀមរាប បាត់​ដំបង កំពង់​ចាម កណ្តាល​ និង​ខេត្ត​ក្រចេះ​ បាន​ឲ្យ​ដឹង​ថា​ ទោះ​បី​​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ដាក់​ពាក្យ​បណ្ដឹង​ក៏​ដោយ​ ក៏​ប្រ​ជា​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​រារាំង​​មិន​ឲ្យ​ប្ដឹង​ដែរ​​​ដោយ​មាន​ការ​ភ័យ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​។

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្រ្ត​​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ប្រ​ចាំ​ខេត្ត​កំពង់​ចាម​​បាន​ប៉ាន់​​​ប្រមាណ​​​​កាល​ពី​យប់​មិញ​ថា ​លោក​បាន​​ប្រ​មូល​​​​ពាក្យ​បណ្ដឹង​ចំនួន​១០.០០០​ករណី​​ពី​ប្រ​ជា​ពលរដ្ឋ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត។ លោក​មាន​ប្រសាសន៍​ថា​ “ នេះ​ជា​ខេត្ត​មួយ​​​​ធំ​មាន​ឃុំ- សង្កាត់​ច្រើន​។​យើង​មាន​ប្រហែល​​​​១០.០០០​​​ករណី​ត្រូវ​រាយការណ៍​ទៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​រាជធានី ភ្នំ​ពេញ​”។

លោក​ស្រី​ កែ សុវណ្ណរត្ធន៍​​​ តំណាង​រាស្រ្ត​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​​​ខេត្ត​សៀម​រាប​​បាន​រាយការណ៍​ថា​​ ប្រជា​ពលរដ្ឋ​ដែល​បាត់​​​បង់​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​​​ជា​ច្រើន​​​​នាក់​​​​មាន​ការ​ភ័យ​ខ្លាច​​​​មិន​​​ហ៊ាន​​​ដាក់​​ពាក្យ​​បណ្ដឹង​​​​បន្ថែម​​​ពី​​​លើ​​​ចំនួន​៥០០​ករណី​​​ប្ដឹង​មក​គណបក្ស​។

លោកស្រី​មាន​ប្រ​សាសន៍​បន្ត​ថា​ “ ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន បាន​បញ្ជាក់​ជា​មួយ​យើង​ថា​​ពួក​គាត់​អាច​ផ្តល់​​ភ័ស្តុតាង​ពី​ភាព​មិន​ប្រក្រតី​​ក្នុង​​ថ្ងៃ​​បោះ​ឆ្នោត​បាន ប៉ុន្តែ​​បន្ទាប់​ពី​​ត្រូវ​បាន​​​គំរាមកំហែង​​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នោះ​​ពួក​គាត់​មិន​បាន​ផ្តល់​ហត្ថលេខា​របស់​ពួក​គាត់​ទេ ដោយសារ​​ពួកគាត់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​”។

លោក ខូយ ស៊ីនឿន តំណាង​រាស្រ្ត​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ប្រ​ចាំ​ខេត្ត​បាត់​ដំបង​ដែល​បាន​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​​ដើម្បី​ប្រ​មូល​ពាក្យ​បណ្ដឹង​នោះ ​មាន​ប្រសា​​​សន៍​​​​ថា​ លោក​ប្រមូល​បាន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​១.៧០០​ករណី​។ លោក​មាន​ប្រសាសន៍​បន្ត​ថា​ “ ​យើង​បាន​រក​ឃើញ​ថា​​ ប្រជាពលរដ្ឋ​ចំនួន​១.២៨៧​នាក់​​​​​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​​​  ហើយ​ប្រជាពលរដ្ឋ​ចំនួន​១៨១​​​នាក់​ ​ឈ្មោះ​របស់​ពួក​គាត់​​ត្រូវ​បាន​គេ​បោះ​​​ឆ្នោត​ជំនួស​​ ហើយ​​ប្រជាពលរដ្ឋ​ចំនួន​២៣៧​នាក់​ទៀត​​មិន​អាច​បោះ​ឆ្នោត​បាន​ទេ​ដោយ​សារ​ឯក​សារ​អត្តសញ្ញាណ​ប័ណ្ណ​របស់​ពួកគាត់​មិន​ត្រូវ​គ្នា​នឹង​ឯក​សារ​របស់​ គ.ជ.ប. ។ លោក​មាន​ប្រសាសន៍​បន្ត​ថា​ “ យើង​បាន​ទៅ​ជួប​ប្រ​ជា​ពលរដ្ឋ​ទាំង​នោះ​ ដើម្បី​ធ្វើ​​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ក្នុង​​​ការ​​​​រាយការណ៍​ ប៉ុន្តែ នៅ​ទីនោះ​តែ​ង​តែ​មាន​​​​វត្តមាន​នគរបាល​ម្នាក់​នៅ​ក្បែរ​​ប្រជាពលរដ្ឋ​ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ផ្ដល់​ភ័ស្តុតាង​”។

លោក គឹម លីង មន្ត្រី​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ព្រៃវែង​បាន​រាយ​​​ការណ៍​ថា  មាន​ពាក្យ​បណ្ដឹង​សរុប​​២.៥៣៤​​​ករណី​ រី​ឯ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កណ្ដាល​បានប៉ាន់​​​ប្រមាណ​​​​ថា​មាន​ពាក្យ​បណ្ដឹង​ចំនួន​១.០០០​ករណី​ ហើយ​​​ខេត្ត​ក្រចេះ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ពាក្យ​បណ្ដឹង​​​​ចំនួន​៧០០ករណី​។

លោក សុន ឆ័យ ប្រធាន​​​ក្រុម​​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសា​​​សន៍​ថា ការ​ស៊ើប​អង្កេត​ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត​មក បាន​បញ្ជាក់​ថា​ លោក​មិន​មាន​ការ​សង្ស័យ​ទេដែល​​​​ថា គណបក្ស​របស់​លោក​​​​​​​បាន​ឈ្នះ​សំឡេង​ឆ្នោត​ភាគ​ច្រើន​។ លោក​មាន​ប្រសាសន៍​បន្ត​ថា “ ជា​ដំបូង​យើង​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស៊ើប​អង្កេត​របស់​យើង​នៅ​តាម​ខេត្ត​មួយ​ចំនួន​​ យើង​ត្រូវ​ការ​សំឡេង​ឆ្នោត​បន្តិច​បន្តួច​ថែម​ទៀត​ ដើម្បី​ទទួល​បាន​អាសនៈ​មួយ​​ទៀត​​។ ប៉ុន្តែ បច្ចុប្បន្ន​នេះ​យើង​បាន​ដឹង​ថា វា​មិន​ត្រឹម​​​​​​​​​​តែ​ខេត្ត​ទាំង​នោះ​​ទេ​ ដែល​​មាន​ការ​​លួច​បន្លំ​នោះ​។ យើង​មាន​ព័ត៌មាន​ពី​បណ្ដា​​ខេត្ត​ធំៗ​ ដូច​ជា​ខេត្ត​កំពង់​ចាម និង​ខេត្ត​ព្រៃវែង ​ដែល​លើក​​​ឡើង​​​​ថា​​​ យើង​​អាច​​​ទទួល​បាន​អាសនៈ​មួយ​ទៀត​ក្នុង​ខេត្ត​នីមួយៗ​”។

លោក​ សុន ឆ័យ​ បាន​​​មាន​ប្រ​សាសន៍​បន្ត​ថា​ “ ​តួលេខ​ដំបូង​នៃ​អាសនៈ​របស់​យើង​គឺ​៦៣អាសនៈ​ប្រសិន​បើ​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ស្រប​ច្បាប់​ ហើយ​ឥឡូវ​នេះ​យើង​អាច​ទទួល​បាន​៦៥អាសនៈ​។ តួលេខ​នេះ​បាន​បន្ត​កើន​ឡើង​។ យើង​​​​​ជឿ​​​ជាក់​​​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ពិត​ជា​ឈ្នះ​​ការ​បោះ​ឆ្នោត​នេះ​”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ប្រសាសន៍​ថា លោក​មាន​ទំនុក​ចិត្ត​តិច​តួច​ ដែល​ថា គណៈ​​​កម្មា​​​ធិការ​​​​​​​ជាតិ​​​រៀប​ចំ​ការ​បោះ​ឆ្នោត​អាច​ដោះស្រាយ​​នូវ​អ្វី​ដែល​​គណបក្ស​របស់​លោក​ បាន​រក​ឃើញ​នោះ​ឡើយ ​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​។លោក​បាន​​​បន្ថែម​​​ថា “ យើង​នឹង​ដាក់​ជូន​​​គ.ជ.ប. នូវ​អ្វី​ដែល​យើង​រក​ឃើញ​ជា​កាយ​​​វិការ​​​មួយ​​​​ប៉ុណ្ណោះ​។ យើង​មិន​ជឿ​ថា ពួកគេ​ដោះស្រាយ​ឲ្យ​យើង​ទេ​ ប៉ុន្តែ នេះ​គឺ​ជា​ជំហាន​​​​​​​​​​​​​បន្ទាប់​ យើង​ត្រូវ​តែ​ចាត់​វិធាន​ការ​ឲ្យ​មាន​អ្នក​នៅ​ខាង​ក្រៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ស៊ើប​អង្កេត​ករណី​ទាំង​នេះ​”៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស