នៅពេលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តមកកាន់ប្រទេសកម្ពុជា វិញកាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរមិនបានចុះផ្សាយអំពីព្រឹតិ្តការណ៍នេះទេ។

នៅពេលមេដឹកនាំគណបក្សប្រឆាំងរូបនេះបានប្រកាសថា គណបក្សសង្គ្រោះជាតិជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនោះ បណ្តាកាសែតជាភាសាខ្មែរ គ្រាន់តែបានចុះផ្សាយខ្លះៗពីគណបក្សនេះប៉ុណ្ណោះ។
ប៉ុន្តែ ព្រឹតិ្តការណ៍ទាំងពីរនេះបែរជាត្រូវបានចុះផ្សាយនៅទំព័រមុខស្ទើរគ្រប់កាសែតទាំងអស់ក្នុងចំណោមកាសែតជាភាសាចិនចេញផ្សាយប្រចាំថ្ងៃចំនួនប្រាំនៅកម្ពុជា។ ក្នុងអត្ថបទចេញផ្សាយរបស់ខ្លួនក្រោយការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី កាសែតជានហ្វា ដេលី (Jian Hua Daily) បានចុះផ្សាយកន្លះទំព័រអមដោយរូបភាពបង្ហាញពីទិដ្ឋភាពនៃការជួបជុំរបស់គណបក្សសង្គ្រោះជាតិ ក្រោមចំណងជើងថា “ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រហែល៤០.០០០នាក់ស្វាគមន៍លោក សម រង្ស៊ី វិលត្រឡប់មកប្រទេសវិញ”។
នៅពេលលោក សម រង្ស៊ី ប្រកាសថា គណបក្សសង្គ្រោះជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតចេញផ្សាយដោយគណបក្សប្រជាជនកម្ពុជានោះ គណបក្សនេះត្រូវបានចុះផ្សាយលើទំព័រមុខនៃកាសែត ឌឹ ខុមមើស្សល ញូស (The Commercial News) ក្រោមចំណងជើងធំៗថា “ សម រង្ស៊ី មិនទទួលស្គាល់ការបោះឆ្នោតមិនយុត្តិធម៌ ចង់ធ្វើមហាបាតុកម្ម” អមដោយរូបថតលោក សម រង្ស៊ី ទំហំប៉ុនទទឹងទំព័រកាសែតដែលមានបួនក្រឡោន លើកម្រាមដៃទាំងកំហឹងនៅឯសន្និសីទសារព័ត៌មានមួយ។
ខណៈពេលដែលបណ្តាអ្នកអានកាសែតចេញផ្សាយប្រចាំថ្ងៃជាភាសាខ្មែរភាគច្រើនទទួលបានព័ត៌មានដដែលៗស្តីពីទស្សនរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងពាក្យគាំទ្ររដ្ឋាភិបាលនោះ កាសែតជាភាសាចិននានានៅក្នុងប្រទេសកម្ពុជាចុះផ្សាយមានតុល្យភាពជាងអំពីអ្វីដែលកំពុងកើតមានឡើង នៅក្នុងវិស័យនយោបាយនៅកម្ពុជា។
យោងតាមនិពន្ធនាយកមួយរូបនៃកាសែតមួយក្នុងចំណោមកាសែតចិនទាំងនេះ បានឲ្យដឹងថា ការប្រកាន់យកផ្លូវកណ្តាលនៅក្នុងការចុះផ្សាយអំពីនយោបាយមានសារៈសំខាន់ក្នុងការទាក់ទាញអ្នកអានដែលមានចំណេះដឹងគួរសម នោះគឺអ្នកជំនួញជនជាតិខ្មែរដើមកំណើតចិន និងបណ្តាវិនិយោគទុនបរទេសមកពីបណ្តាប្រទេសនិយាយភាសាចិន។
និពន្ធនាយករូបនេះដែលសុំមិនបញ្ចេញឈ្មោះដោយសារតែគោលការណ៍របស់ក្រុមហ៊ុនលោកមិនអនុញ្ញាតឲ្យនិយាយជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតនោះ បានលើកឡើងថា “ [អ្នកអានរបស់យើង] ចង់ដឹងឲ្យបានច្បាស់ថា អ្វីកើតឡើងមុនពេល អំឡុងពេល និងបន្ទាប់ពីការបោះឆ្នោត។ យើងគ្រាន់តែនាំសារប៉ុណ្ណោះ។ ប្រសិនបើលោក សម រង្ស៊ី វិលត្រឡប់មកវិញ ហើយមានប្រជាពលរដ្ឋយ៉ាងច្រើនទៅស្វាគមន៍គាត់ យើងនឹងចុះផ្សាយរឿងនោះ”។
នៅក្នុងទីផ្សារមួយដែលមានអ្នកអានត្រឹមតែជាង១០.០០០នាក់ ដែលត្រូវបានបែងចែកស្មើគ្នារវាងជនជាតិខ្មែរដើមកំណើតចិន និងបណ្តាវិនិយោគិនចិនដែលជនបរទេសនោះ និពន្ធនាយករូបនេះបានលើកឡើងថា ការចុះផ្សាយដំណឹងគួរឲ្យជឿទុកចិត្តបានមានសារៈសំខាន់ខ្លាំងណាស់ ប្រសិនបើកាសែតទាំងនោះសង្ឃឹមចង់បានប្រាក់ចំណេញ។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើយើងដាក់រូបលោក សម រង្ស៊ី នៅលើទំព័រមុខ ហើយ [កាសែតចិនចេញផ្សាយប្រចាំថ្ងៃផ្សេងៗទៀត] មិនដាក់នោះ ពេលនោះនឹងគ្មានអ្នកទិញកាសែតរបស់ពួកគេឡើយ។ ខ្ញុំគិតថា [តុល្យភាពនៅក្នុងការធ្វើសេចក្តីរាយការណ៍អំពី រឿងនយោបាយ] គឺពាក់ព័ន្ធនឹងការប្រកួតប្រជែង”។ លោកបានប្រសាសន៍បន្តថា សារព័ត៌មានជាភាសាចិន “ មានអ្នកឃ្លាំមើល និងការជ្រៀតជ្រែកពីគណបក្សនយោបាយ” តិចជាងប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ។
ទោះជាយ៉ាងណា និពន្ធនាយករូបនេះបានមានប្រសាសន៍ថា កាសែតរបស់លោកពិតជាមិនចុះផ្សាយអត្ថបទរិះគន់រដ្ឋាភិបាលទេ។ លោកមានប្រសាសន៍ថា “ អ្នកអាចនិយាយបានថា យើងមិនចុះផ្សាយរឿងរសើបឡើយ”។ លោកបានមានប្រសាសន៍បន្តទៀតថា “ នៅពេលយើងសរសេរ យើងព្យាយាមមិនរិះគន់ខ្លាំងពេកទេ ពីព្រោះយើងជាអង្គភាពបរទេស ហើយយើងមិនចង់ឲ្យគេតម្រង់គោលដៅមកលើយើងឡើយ។ យើងមិនចង់ឲ្យគេនិយាយថា យើងញុះញង់សង្គមទេ”។
យោងតាមលោក អ៊ុក សាផាន ជាអ្នកយកព័ត៌មានផ្នែកនយោបាយជាយូរមកហើយឲ្យកាសែត សិុនជូ ដេលី (Sin Chew Daily) ដែលបានលាឈប់ពីកាសែតនេះកាលពីឆ្នាំមុន បានឲ្យដឹងថា ការធ្វើសេចក្តីរាយការណ៍អំពីនយោបាយឲ្យមានតុល្យភាព គឺជាដំណឹងប្លែកពីគេនៅក្នុងកាសែត។
លោកបានមានប្រសាសន៍ថា “ អត្ថបទមួយចំនួនត្រូវបានសរសេរដោយមានតុល្យភាព ប៉ុន្តែ ពី៦០ទៅ៧០ភាគរយ គឺគាំទ្ររដ្ឋាភិបាល” ដោយសារតែគោលដៅរបស់កាសែតនោះគឺធ្វើយ៉ាងណាស្វែងរកឱកាសរកស៊ីនៅក្នុងប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍បន្តថា ប៉ុន្តែ ជាជាងការគាំទ្រគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងនោះ “ កាសែតជាភាសាចិននានាគាំទ្រការវិនិយោគនៅក្នុងប្រទេសកម្ពុជា”។
នៅក្នុងការចុះផ្សាយពេញមួយទំព័រកាលពីថ្ងៃទី២ ខែសីហា កាសែត សិុនជូ ដេលី បានចុះផ្សាយអត្ថបទមួយស្តីពីប្រតិកម្មរបស់បណ្តាវិនិយោគិនចំពោះការបោះឆ្នោត ក្រោមចំណងជើងថា “ តើវិនិយោគិនបរទេសកំពុងសម្លឹងមកកម្ពុជាបែបណា?”។ នៅក្នុងលេខចុះផ្សាយដដែលនោះ អត្ថបទសំខាន់ក្នុងកាសែតនេះ គឺជាការវិភាគអំពីការចរចាដែលអាចកើតមានរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី អមដោយរូបថតដាច់ដោយឡែកពីគ្នានៃអ្នកនយោបាយទាំងពីរលើកម្រាមដៃរបស់ខ្លួន។
បន្ទាប់ពីគណបក្សកាន់អំណាចបានជួបស្ថានភាពអាក្រក់បំផុតក្នុងរយៈពេល១៥ឆ្នាំមកនេះ អត្ថបទវិភាគនោះបានលើកឡើងថា “ បណ្តាអ្នកវិភាគនយោបាយជឿថា គណបក្សប្រជាជនកម្ពុជាបានមកដល់ ‘ ចំណុចរបត់’ ហើយ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែគ្មានឆន្ទៈកែប្រែ ឬធ្វើការសម្រុះសម្រួលផ្នែកនយោបាយចំពោះឥរិយាបថប្រកាន់មាំរបស់លោកទេនោះ វានឹងប្រឈមបញ្ហាធំផ្នែកនយោបាយជាមិនខាន”។
អត្ថបទនោះដកស្រង់សម្តីរបស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យដែលបានមានប្រសាសន៍ថា “ ប្រជាពលរដ្ឋលែងជឿទុកចិត្ត និងលែងចូលចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតហើយ ហើយប្រជាប្រិយភាព និងអំណាចរបស់លោកបានធ្លាក់ចុះ ជាមូលហេតុដែលអ្នកគ្រប់គ្នាស្រែកឡើងថា ‘ ដូរ! ដូរ! ដូរ!’ ”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា កាសែតចិនទាំងនេះ ជាពិសេសកាសែតស៊ិនជូ ដេលី របស់ម៉ាឡេស៊ី នៅតែជាប្រភពព័ត៌មានដ៏សំខាន់ស្តីពីកិច្ចការនាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា សម្រាប់ក្រុមវិនិយោគិននិយាយភាសាចិនដែលកាន់តែមានចំនួនច្រើនឡើង។ លោកបានមានប្រសាសន៍ថា “ យើងពិតជាអានកាសែតចិនមែន។ អត្ថបទព័ត៌មាននៅ ក្នុងកាសែតចិននិយាយពីការពិត”។
កាសែតជាភាសាចិន ក៏ជាបណ្តាញដ៏សំខាន់មួយដែរ ក្នុងនោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានផ្សព្វផ្សាយសាររបស់ខ្លួនទៅដល់សហគមន៍ពាណិជ្ជកម្មនិយាយភាសាចិនដ៏មានឥទ្ធិពលនៅកម្ពុជា។
ហើយក្រែងលោមានការយល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបង្ហាញជំហរច្បាស់លាស់ចំពោះប្រទេសចិន មុនការបោះឆ្នោតនោះ នាយករដ្ឋមន្ត្រីរូបនេះបានរំឭកដល់ប្រទេសមហាអំណាចមួយនេះថា លោកអរគុណយ៉ាងខ្លាំងចំពោះជំនួយរបស់ប្រទេសចិន នៅក្នុងការថ្លែងសុន្ទកថាជាសាធារណៈជាលើកទី២របស់លោក បន្ទាប់ពីការបោះឆ្នោត ដែលបានធ្វើឲ្យគណបក្សរបស់លោកជួបស្ថានភាពអាក្រក់បំផុតចាប់តាំងពីឆ្នាំ១៩៩៨មក។
យោងតាមអត្ថបទមួយចុះផ្សាយក្នុងកាសែតស៊ិនជូ ដេលី កាលពីថ្ងៃទី៣ ខែសីហា លោក ហ៊ុន សែន មានប្រសាសន៍ថា “ លើកមុនពួកគេ [សហរដ្ឋអាមេរិក] បានកាត់ផ្តាច់ជំនួយរបស់យើង ពួកគេបានត្រឹមតែត្រៀមផ្តល់រថយន្តយោធាចាស់ៗចំនួន១០០គ្រឿងប៉ុណ្ណោះ។ ប្រជាជនចិនមិនអាចទ្រាំមើលបែបនេះបាន ក៏ផ្តល់រថយន្តយោធាចំនួន២៥៧គ្រឿងដល់យើង”។
គណបក្សប្រជាជនបានបើកទ្វារស្វាគមន៍ការវិនិយោគរបស់ចិនដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងកសិកម្ម ខណៈទទួលបានជំនួយ និងឥណទានអាទិភាពរាប់ពាន់លានដុល្លារ និងអួតអំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។ ប៉ុន្តែ លោក សម រង្ស៊ី ក៏បានធានាអះអាងចំពោះសហគមន៍និយាយភាសាចិនផងដែរ នៅក្នុងអត្ថបទមួយក្នុងកាសែតស៊ិនជូ ដេលី កាលពីថ្ងៃទី៣ ខែសីហា ថា គណបក្សរបស់លោកក៏នឹងគាំទ្រផលប្រយោជន៍របស់ចិននៅក្នុងប្រទេសកម្ពុជាដែរ។
លោក សម រង្ស៊ី បានលើកឡើងថា “ ក្នុងនាមជាគណបក្សសង្គ្រោះជាតិយើងមានជំហរច្បាស់លាស់ចំពោះរដ្ឋាភិបាលចិន គឺយើងគាំទ្រគោលនយោបាយចិនតែមួយ ហើយ គាំទ្រសិទ្ធិរបស់ប្រទេសចិនក្នុងការគ្រប់គ្រងប្រជុំកោះណានសា (Nan-sha) [ស្ព្រេតលី (Spratlys)] និងប្រជុំកោះស៊ីសា (Xisha) [ប៉ារ៉ាស៊ែល (Paracels)]”។
យោងតាមអត្ថបទកាសែតស៊ិនជូ ដេលី លោក សម រង្ស៊ី បានបន្ថែមថា “ខ្ញុំអាចធានាចំពោះរដ្ឋាភិបាលចិនថា យើងចាត់ទុកចិនជាសម្ពន្ធមិត្តដ៏សំខាន់បំផុតសម្រាប់កម្ពុជា”។ ពេលកំពុងពិសាតែជាមួយបុរសជនជាតិខ្មែរដើមកំណើតចិនមួយក្រុមនៅភោជនីយដ្ឋានមួយតាមបណ្ដោយមហាវិថីកម្ពុជាក្រោមក្នុងរាជធានីភ្នំពេញ លោក សុខ សេង អាយុ៦៥ឆ្នាំជាអ្នកជំនួញចូលនិវត្តន៍ម្នាក់លើកឡើងថា លោកចូលចិត្តអានកាសែតចេញផ្សាយជាភាសាចិន ពីព្រោះកាសែតនេះចុះផ្សាយទាំងការលើកឡើងរបស់បក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ។
លោកបាននិយាយថា “កាសែតនេះមិនលម្អៀងរកភាគីណាទេ។ នៅពេលគណបក្សប្រឆាំងនិយាយពីអ្វីមួយនោះ កាសែតនេះនឹងចុះផ្សាយ។ ហើយប្រសិនបើគណបក្សប្រជាជនកម្ពុជាធ្វើការលើកឡើងដែរនោះ កាសែតនេះក៏បានចុះផ្សាយការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជាដែរ”។ លោកបានបន្ថែមថា លោកគិតថា ជនជាតិខ្មែរដើមកំណើតចិនភាគច្រើន ដែលរស់នៅក្នុងរាជធានីភ្នំពេញការពិតនោះមិនសូវជាមានការចាប់អារម្មណ៍លើនយោបាយប៉ុន្មានទេ។
គាត់បានលើកឡើងថា “យើងគ្រាន់តែចង់ឲ្យពួកគេ [គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ] ធ្វើការជាមួយគ្នា ហើយកុំប្រឆាំងគ្នា ធ្វើដូច្នេះយើងអាចប្រកបរបបរកស៊ីរបស់យើងបានស្រួល”។ នៅពេលកំពុងទទួលទានអាហារថ្ងៃត្រង់នៅឯភោជនីយដ្ឋានតៃវ៉ាន់មួយតាមមហាវិថីស្សាល ដឺ ហ្គោល លោក យូ សេងជុន អ្នកគ្រប់គ្រងរោងចក្រកាត់ដេរមួយក្នុងខេត្តកំពង់ស្ពឺបានលើកឡើងថា ការមិនពេញចិត្តយ៉ាងខ្លាំងរបស់លោកចំពោះកាសែតផ្សាយជាភាសាចិននេះ គឺការមិនហ៊ានរិះគន់រដ្ឋាភិបាល ដែលលោកគិតថា មានអំពើពុករលួយ ហើយមិនខ្វល់អំពីប្រជាពលរដ្ឋរបស់ខ្លួន។
លោកនិយាយថា “អ្វីដែលកាសែតនេះសរសេរ គឺមិនចេញពីចិត្តទាំងស្រុងទេ។ ហើយអ្វីដែលពួកគេបានចុះផ្សាយពីរដ្ឋាភិបាល គឺមិនសូវជាធ្ងន់នោះទេ។ ក៏ប៉ុន្តែកាសែតនេះត្រូវការរកស៊ីបន្តទៀត ដូច្នេះទើបមិនហ៊ានរិះគន់រដ្ឋាភិបាលខ្លាំងៗ”។ លោកបានបន្ថែមថា “ទោះបីជាខ្ញុំដឹងថា កាសែតនេះចុះផ្សាយគ្មានការពិតទាំងស្រុងក៏ដោយ ក៏ខ្ញុំនៅតែចង់ដឹងចង់ឃើញពីអ្វី ដែលកំពុងតែកើតឡើង ហើយខ្ញុំអាចស្វែងរកព័ត៌មានមួយចំនួន ហេតុដូច្នេះខ្ញុំអាចធ្វើការសន្និដ្ឋានដោយខ្លួនឯងបាន”៕
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)
ប្រែសម្រួលដោយ តែម សុខុម