យោងតាមមន្ត្រីម្នាក់នៅក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបជាមួយលោកស្រី ប៊ូ ជាំងគ័រ ឯកអគ្គរដ្ឋទូតចិនទើបតែងតាំងថ្មី ដែលបានអបអរសាទរលោកស ខេង ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែមុននេះ។
លោក សាឯម សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា “ លោកស្រីបានធ្វើការវាយតម្លៃខ្ពស់អំពីការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលលោកស្រីលើកឡើងថា ត្រូវបានរៀបចំឡើងដោយរលូន។គាត់ក៏បានផ្ដល់ការអបអរសាទរចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតផងដែរ”។
រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់កាលពីថ្ងៃទី២៨ ខែកក្កដា គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ខ្លួនបានទទួលជ័យជម្នះ ដោយទទួលបានអាសនៈចំនួន៦៨ក្នុងចំណោម១២៣អាសនៈនៅក្នុងសភា ។ តួលេខនេះត្រូវបានច្រានចោលដោយគណបក្សសង្គ្រោះជាតិ ដែលអះអាងថា មានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើន និងដែលលើកឡើងថា ខ្លួនទើបជាអ្នកឈ្នះស្របច្បាប់។
ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចដែលបានអបអរសាទរគណបក្សប្រជាជនកម្ពុជា ក្រោយការប្រកាសលទ្ធផលបឋម រួមជាមួយនឹងប្រទេសហុងគ្រីនិងប្រទេសបង់ក្លាដែស។ លោកស្រី ប៊ូ ក៏បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុនផងដែរ។
លោក សាឯម សាវុធ បានឲ្យដឹងទៀតថា ឯកអគ្គរដ្ឋទូតរូបនេះមិនបានពិភាក្សាអំពីសំណើរបស់គណបក្សសង្គ្រោះជាតិសុំឲ្យអង្គការសហប្រជាជាតិចូលរួមក្នុងគណៈកម្មាធិការរួមមួយ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតទេ។ លោកបានមានប្រសាសន៍បន្តថា “គាត់គ្រាន់តែបានស្វាគមន៍ដំណើរការល្អជាទូទៅក្នុងការបោះឆ្នោតប៉ុណ្ណោះ ហើយបានលើកឡើងថា ប្រទេសចិននឹងបន្តជួយយើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ផ្លូវថ្នល់ និងវិស័យផ្សេងៗទៀត”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី