31 C
Phnom Penh

គ.ជ.ប. ​រក្សា​ជំហរ​របស់​ខ្លួន​មិន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេតទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) កាល​ពី​ម្សិល​មិញ បាន​រក្សា​ជំហរ​​​របស់​ខ្លួន​​ក្នុង​ការ​មិន​​ពិចារណា​អំពី​សំណើ​​​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណ​​​បក្ស​ប្រឆាំង​​ សុំ​ឲ្យ​មាន​ការ​​​ស៊ើប​អង្កេត​ដោយ​​​​​​​ឯករាជ្យ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

លិខិត​​ដែល​បាន​ផ្ញើ​​ទៅ​ផ្ញើ​មក​​រវាង​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ និង​គ.ជ.ប. កាល​ពី​ម្សិល​មិញ ​ជា​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​គណបក្ស​នយោ​​​​​​​​​បាយ​ដាក់​ពាក្យ​បណ្ដឹងអំ​ពី​​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ ហើយ​បាន​បញ្ជាក់​ច្បាស់​ថា ភាគី​​​​ទាំង​ពីរ​មិន​អាច​ឯកភាព​គ្នា​​​ក្នុង​ការ​ដោះ​ស្រាយ​​​​​​​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​​​​ ដែល​គណ​​​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ជា​ការ​ចាំ​បាច់​ត្រូវ​តែ​ដោះ​ស្រាយ​មុន​គណបក្ស​នេះ​​ទទួល​យក​ការ​ចាញ់​ឆ្នោត​របស់​ខ្លួន​នោះ។

លិខិត​មួយ​ច្បាប់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ផ្ញើ​ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​លោក អ៊ឹម សួស្តី កាល​ពី​ម្សិល​មិញ​ឲ្យ​ដឹង​ថា “ ចំពោះ​ឯកសារ​ដែលបង្ហាញ​​ពី​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​​​​​​​​​​ទី​៥​​​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ នឹង​បង្ហាញ​​បញ្ហា​ទាំង​នោះ​[ជា​សាធារណៈ] នៅ​ពេលណា​ គណៈកម្មការ​ពិសេស​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​​​​​​​​​​អង្កេត​ភាព​មិន​ប្រក្រតី​ និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​នៃ​លទ្ធផល​ការ​បោះ​ឆ្នោត​”។

លិខិត​នោះ​បាន​ស្នើឲ្យ​​​  គ.ជ.ប. ដើរ​​​តួ​នាទី​ជា​​​​​​​អ្នក​សម្រប​​សម្រួល​ក្នុង​ការ​ស៊ើប​អង្កេត​ចំពោះ​​ ការ​ចោទ​ប្រកាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​​​​​ពី​បទឆ​បោក​​ និង​ការ​លួច​បន្លំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​អនុញ្ញាត​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ចូល​រួម​ធ្វើ​ជា​អាជ្ញាកណ្ដាល​រវាង​គណបក្ស​ទាំង​ពីរ​។

ក្នុង​ការ​ឆ្លើយ​តប​វិញ​ គ.ជ.ប. បាន​ផ្ញើ​លិខិត​​​​មួយ​ច្បាប់​ជូន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​លើក​ឡើង​ថា គណបក្ស​នយោបាយ​ អ្នក​សង្កេត​​​​​​​ការណ៍​ការ​​បោះ​ឆ្នោត​ និង​អ្នក​សង្កេត​ការណ៍​​​​​​​អន្តរ​​​ជាតិ​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​  “ អង្កេត​​​​​​​ការណ៍​” អនុ​គណៈកម្មការ​​របស់​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទទួល​បន្ទុក​ការ​ស៊ើប​អង្កេត​​នេះ​។

លិខិត​នោះ​បាន​ឲ្យ​ដឹង​បន្ត​ថា “ គណៈកម្មា​​​ធិការ​​​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​មិន​អាច​ធ្វើ​តាម​សំណើ​ដើម្បី​បង្កើត​គណៈកម្មការ​ពិសេស​មួយ​ដែល​ឯក​ឧត្តម​បាន​ស្នើ​ឡើង​នោះ​”។ ក្នុង​លិខិត​ឆ្លើយ​តប​របស់​ គ.ជ.ប. ដដែល​បាន​ឲ្យ​ដឹង​​​ថា “ ទោះ​ជា​យ៉ាង​ណា​ គ.ជ.ប. នឹង​ព្យាយាម​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​នេះ​​តាម​យន្តការ​ច្បាប់​ សារា​​​​​​​​​ចរ​ដែល​មាន​ស្រាប់​ ព្រម​ទាំង​​នីតិវិធី​ក្នុង​ការ​បង្កើត​អនុ​គណៈកម្មការ​មួយ​ស្រប​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គ.ជ.ប. និង​មាន​ការ​​ចូល​រួម​អង្កេត​ការណ៍​ពី​សំណាក់​​​តំណាង​មក​ពី​គណ​​​បក្ស​នយោបាយ ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​​ជាតិ​ និង​អន្តរជាតិ​”។

នៅ​យប់​នៃ​ថ្ងៃ​បោះ​ឆ្នោត​គណបក្ស​ប្រជា​​​ជន​កម្ពុជា​បាន​អះ​អាង​ថា ខ្លួន​ទទួល​បាន​ជ័យ​ជម្នះ​ដោយ​ទទួល​បាន​៦៨អាសនៈ​ក្នុង​សភា​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥អាសនៈ​។ ពីរ​ថ្ងៃក្រោយ​មក ​លោក សម រង្ស៊ី បាន​អះ​អាង​ថា គណបក្ស​របស់​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​ដោយ​ទទួល​បាន​​​​​​​៦៣អាសនៈ​ រី​ឯ​​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច​ទទួល​បាន​​៦០​អាសនៈ។

លោក ​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ គ.ជ.ប. មិន​ទាន់​បាន​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​ទាំង​អស់​ដែល​បាន​ប្ដឹង​តាម​រយៈ​ គណៈកម្មការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ និង​ខេត្ត​ក៏​ដោយ​ ក៏គ.ជ.ប. មាន​គម្រោង​​​ចេញ​លទ្ធផល​បឋម​ជា​ផ្លូវការ​នៅ​ថ្ងៃសៅរ៍​ និង​លទ្ធផល​ផ្លូវ​ការ​ចុង​ក្រោយ​​នៅ​ខែ​កញ្ញាដែរ។

លោក ទេព នីថា បាន​​​មាន​ប្រសាសន៍​បន្ត​ថា “ វា​មិន​មាន​បញ្ហា​ទេ​ ទោះបី​ជា​​គណបក្ស​នយោបាយ​​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​​ដាក់​របាយការណ៍​​ច្រើន​យ៉ាង​ណា​ក៏​ដោយក៏​យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​របស់​យើង​ ដើម្បី​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ទាំង​នេះ​​​​ដែរ​ ហើយ​យើង​នឹង​ចេញ​លទ្ធ​ផល ​[បឋម] ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ទោះ​បី​មាន​​​​ការ​ជំទាស់​ពី​គណបក្ស​នយោបាយ​ក៏​ដោយ​”។ លោក​បន្ថែម​ថា “ គ.ជ.ប. នឹង​អនុវត្ត​​តាម​តារាង​កម្ម​វិធី​របស់​ខ្លួន​ ហើយ​នឹង​មិន​ពន្យារ​ពេល​​ឲ្យ​ហួស​ពី​ថ្ងៃ​ប្រកាស​លទ្ធផល​ចុង​​​ក្រោយ​​​​ទេ​។ គ.ជ.ប. នឹង​​ប្រកាស​​លទ្ធផល​​តាម​​ការ​គ្រោង​​​​​​​ទុក​ ​​គឺ​មិនឲ្យ​ហួស​​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ ទេ” ។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​​​គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ប្រសាសន៍​ថា គណ​​​​​​បក្ស​ប្រឆាំង​​សុខ​ចិត្ត​​ដើរ​តួ​ជា​អ្នក​ជ្រើស​រើស​​​ក្រុម​​ណា​​ដែល​មាន​ភារកិច្ច​ស៊ើប​អង្កេត​​​ ប៉ុន្តែ មិន​អាច​ដោះ​ស្រាយ​ករណី​នេះ​បាន​ទេ​​​ប្រសិន​បើ​គណៈកម្មការ​នោះ​ដឹក​នាំ​ដោយ ​​គ.ជ.ប. ឬ គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ដែល​​​​​​​​​​មាន​សមា​​​ស​​​ភាព​តែ​គ.ជ.ប. និង​គណបក្ស​ទាំង​ពីរ​នោះ​។

លោក​​បន្ត​ថា “ ពួកគេ​ត្រូវតែ​យល់​ស្រម​តាម​​​​​​​យើង​យ៉ាង​ហោច​ណាស់​ពាក់​កណ្ដាល​​ដែរ​។ យើង​អាច​ពិភាក្សា​ជា​មួយ​[អ្នក​ស៊ើប​អង្កេត​ឯករាជ្យ​] ដែល​ត្រូវ​ជ្រើស​តាំង​នោះ​។​​​​អង្គការ​ ឬ ​ក្រុម​អព្យាក្រឹត​ណា​មួយ​ដែល​មាន​លទ្ធភាព​ធ្វើការ​ស៊ើប​អង្កេត​អំពី​បញ្ហា​នេះ​នឹង​ត្រូវ​បាន​ពិចារណា​​។ យើង​នឹង​ពិនិត្យ​មើល​​​​​​​​​​នូវ​លទ្ធភាព​ណា​មួយ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​សាធារណជន​ ប៉ុន្តែ បើ​មាន​​សមាជិក​ពីរ​នាក់​​​​ក្នុង​ចំណោម​សមាជិក​បី​នាក់​ស្ថិត​​​​​ក្រោម​គណបក្ស​ប្រជាជន​នោះ​​ យើង​គ្មាន​​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​​​ដំណោះ​ស្រាយ​​ដែល​​គណ​​​បក្ស​ទាំង​ពីរ​អាច​ទទួល​យក​បាន​នោះទេ​”។

នៅ​ក្នុង​លិខិត​របស់​ខ្លួន​ផ្ញើ​ជូន គ.ជ.ប.​ កាល​​​​ពី​ម្សិល​មិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ទី​ស្នាក់​ការ​បក្ស​នៅ​តាម​បណ្ដា​ខេត្ត​នានា​​របស់​ខ្លួន​បាន​រក​ឃើញ​នូវ​ “ ភាព​មិន​ប្រក្រតី​ជា​ច្រើន​ករណី” ​រួម​ទាំង​ការ​បាត់​ឈ្មោះ​​​​​​​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ អ្នក​បោះ​ឆ្នោត​មាន​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​កន្លែង​ ការ​ចេញ​ទម្រង់​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​ដោយ​ខុស​ច្បាប់​ ការ​បំភិត​បំភ័យ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ និង​ករណី​ជា​ច្រើន​ទៀត​ ដែល​ក្រុម​អ្នក​អង្កេត​ការ​បោះ​ឆ្នោត​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ពិនិត្យ​មើល​សន្លឹក​ឆ្នោត​ពេល​​រាប់​សន្លឹក​ឆ្នោត​។

លោក សុន ឆ័យ​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ច្បាស់​​ថា តើ​មាន​ភាព​មិន​ប្រក្រតី​ចំនួន​ប៉ុន្មាន​ករណី​​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កត់​ត្រា​នោះ​ទេ​៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស