ដោយលើកឡើងពីការអះអាងនៃការឈ្នះការបោះឆ្នោតជាតិ ដែលមានជម្លោះកាលពីខែមុនម្ដងទៀត លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានប្រាប់ទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ឲ្យត្រៀមខ្លួនសម្រាប់ការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយប្រឆាំងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ដរាបណាមេដឹកនាំរបស់គណបក្សនេះមិនលាលែងពីតំណែង។
ថ្លែងទៅកាន់អ្នកគាំទ្រជាង៥.០០០នាក់នៅសួនសេរីភាព លោក សម រង្ស៊ី មិនសូវជាលើកឡើងពីបញ្ហាស៊ើបអង្កេត ដែលលោកបានអំពាវនាវឲ្យមានការចាត់វិធានការចំពោះរបាយការណ៍នៃភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលកើតមានជាច្រើននោះទេ ប៉ុន្តែលោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាដល់ពេលវេលាទទួលយកបរាជ័យហើយ។
លោក សម រង្ស៊ី បានប្រាប់ទៅកាន់អ្នកគាំទ្រជាច្រើនថា “យើងមិនចង់ធ្វើបាតុកម្មនោះទេ ហេតុដូច្នេះហើយ ខ្ញុំចង់ផ្ញើសារនេះទៅកាន់ [គណបក្សប្រជាជនកម្ពុជា]”។ លោកបានបន្តថា “ គេត្រូវតែស្វែងរកដំណោះស្រាយដ៏សមរម្យមួយសម្រាប់គណបក្សសង្គ្រោះជាតិ។ ប្រសិនបើពួកគេមិនចង់ឃើញបាតុកម្មកើតឡើងនោះទេ ពួកគេត្រូវតែជំរាបប្រាប់អង្គការសហប្រជាជាតិថា ខ្លួនចាញ់ហើយ ហើយយើងនឹងទទួលយកដំណោះស្រាយនោះ បន្ទាប់ពីពួកគេលាលែងពីតំណែង”។
ដោយលទ្ធផលជាផ្លូវការនៅមិនទាន់ប្រកាសនៅឡើយ គណបក្សទាំងពីរសុទ្ធតែបានលើកឡើងថា ខ្លួនទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងរដ្ឋសភា ដែលមាន១២៣អាសនៈនៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា ហើយដោយមានសំឡេងគាំទ្រភាគច្រើននេះ ខ្លួនមានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មីមួយ។
ការចរចាដើម្បីបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួមមួយ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ត្រូវបានរលាយទៅវិញ កាលពីថ្ងៃសៅរ៍ នៅពេលគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ខ្លួននឹងមិនអនុញ្ញាតឲ្យអង្គការសហប្រជាជាតិចូលមកពាក់ព័ន្ធ រីឯគណបក្សសង្គ្រោះជាតិបានបដិសេធមិនចូលរួមប្រសិនបើគ្មានការចូលរួមពីអង្គការសហប្រជាជាតិនោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ យើងនឹងរៀបចំបាតុកម្មដ៏ធំមួយ ដែលមានអ្នកចូលរួមច្រើនជាងអ្នកគាំទ្រនៅទីនេះក្នុងថ្ងៃនេះជាងដប់ដង ដរាបណាគណបក្សប្រជាជនកម្ពុជាព្រមទទួលការពិត។ យើងត្រូវតែងើបឈរឡើង ដើម្បីការពារលទ្ធផលរបស់យើង”។ ដោយនិយាយបកទៅកាន់អ្នកសើចចម្អកវិញ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានគូសបញ្ជាក់ថា សូម្បីតែតួលេខមិនផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញឲ្យឃើញថា គណបក្សសង្គ្រោះជាតិឈ្នះបានអាសនៈយ៉ាងច្រើននៅក្នុងខេត្តដែលថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជាឈរឈ្មោះរួមមាន នៅក្នុងខេត្តដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភាបានឈរឈ្មោះជាដើម។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “លោក ជា ស៊ីម បានឈរឈ្មោះនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែលោកបានចាញ់គណបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន បានឈរឈ្មោះនៅក្នុងខេត្តកណ្ដាល ប៉ុន្តែលោកក៏ចាញ់គណបក្សសង្គ្រោះជាតិដែរ។ លោក ហេង សំរិន ឈរឈ្មោះនៅក្នុងខេត្តកំពង់ចាម ប៉ុន្តែលោកក៏ចាញ់គណបក្សសង្គ្រោះជាតិដែរ”។ លោកបានមានប្រសាសន៍បន្តថា “គ្មាននរណាម្នាក់ជឿជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះនោះទេ”។
ដោយលើកឡើងបន្ទាប់ពីលោក សម រង្ស៊ី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា គណបក្សប្រឆាំងក៏បានឈ្នះសំឡេងភាគច្រើនក្នុងចំណោមទាហាន និងមន្ត្រីរាជការ ដែលជាប្រពៃណីបានគំាទ្រគណបក្សប្រជាជនកម្ពុជា ដោយសារតែប្រព័ន្ធប្រកាន់បក្សពួកបានចាក់ប្ញសយ៉ាងជ្រៅផងដែរ។
លោកបានមានប្រសាសន៍ថា “បើយោងតាមការស្រាវជ្រាវពីមន្ត្រីរបស់គណបក្សសង្គ្រោះជាតិបានបង្ហាញឲ្យឃើញថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជាង៧០ភាគរយបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ”។ លោកបានថ្លែងថា “ខ្ញុំជឿជាក់ថា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសូម្បីតែអ្នកជំនួញ និងអ្នកលក់ដូរនៅតាមទីផ្សារនានាសុទ្ធតែបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ”។
លោក កឹម សុខា បានអះអាងដោយមិនបញ្ចេញឈ្មោះមន្ត្រីមួយរូបថា “មានមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាមួយរូបបានផ្ញើសារមកឲ្យខ្ញុំថា គាត់ក៏បានគាំទ្រគណបក្សសង្គ្រោះជាតិដែរ ព្រោះគាត់ចង់ផ្លាស់ប្ដូរមេដឹកនាំ”។ ដោយផ្ដល់ការធានាដល់មន្ត្រីរាជការ លោក កឹម សុខា បានធានាថា គណបក្សសង្គ្រោះជាតិនឹងមិនដកមន្ត្រីរាជការណាម្នាក់ចេញពីតំណែងឡើយ។ លោកបានមានប្រសាសន៍ថា “ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួនចាញ់ គណបក្សសង្គ្រោះជាតិ នឹងស្វាគមន៍ ហើយធ្វើការជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីកសាងប្រទេសជាតិរួមគ្នា”។
ដោយទាក់ទងនៅពេលក្រោយមកលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអះអាងរបស់លោក កឹម សុខាដែលថា គណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងជួរកងទ័ពនោះ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនដឹងទេ។ ប្រសិនបើលោក សម រង្ស៊ី បាននិយាយដូច្នេះមែន អ្នកអាចនិយាយតាមសំដីរបស់គាត់ទៅ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា គណបក្សប្រឆាំងមិនអាចដឹងបានទេថា នរណាបោះឆ្នោតឲ្យខ្លួននោះ។ លោកបានមានប្រសាសន៍ថា “វាមិនពិតនោះទេ ពីព្រោះលោក សម រង្ស៊ី គ្មានភ័ស្ដុតាងនោះឡើយហើយការបោះឆ្នោតគឺជាការបោះឆ្នោតដោយសម្ងាត់ ហេតុដូច្នេះ គ្មាននរណាម្នាក់ដឹងថា នរណាបោះឆ្នោតឲ្យគណបក្សណាមួយនោះទេ”។
ងាកត្រឡប់ទៅមើលការប្រមូលផ្ដុំគ្នាវិញ អ្នកគាំត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា ពួកគេបានត្រៀមខ្លួនធ្វើតាមការអំពាវនាវឲ្យមានបាតុកម្មទ្រង់ទ្រាយធំរបស់មេដឹកនាំខ្លួនរួចហើយ។ និស្សិតម្នាក់ឈ្មោះ យុន ជិនឡា ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រកសិកម្ម ដែលនៅតែស្រែកពាក្យស្លោករបស់គណបក្សប្រឆាំងថា “ដូរ” បន្ទាប់ពីលោក សម រង្ស៊ី បានចាកចេញទៅហើយនោះ បាននិយាយថា ខ្លួនត្រៀមធ្វើបាតុកម្មរួចហើយ។
និស្សិត យុន ជិនឡា បាននិយាយថា “ខ្ញុំបានត្រៀមខ្លួនចូលរួមការធ្វើបាតុកម្មរួចហើយ ប្រសិនបើគេត្រូវការយើងឲ្យចូលរួមនោះ។ ខ្ញុំមានឈាមជាខ្មែរ ហេតុដូច្នេះហើយខ្ញុំបានដឹងថា មានបញ្ហាកើតឡើងជាច្រើននៅទូទាំងប្រទេស”។ លោក ហ៊ុន សែន ថ្មីៗនេះបានព្រមានគណបក្សសង្គ្រោះជាតិថា រាល់ការធ្វើការតវ៉ាណាមួយនឹងមានការធ្វើការតវ៉ាប្រឆាំង ពីគណបក្សប្រជាជនកម្ពុជាវិញ ហើយប្រសិនបើអំពើហិង្សាណាមួយកើតឡើងនោះវា គឺជាកំហុសរបស់គណបក្សប្រឆាំង៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង