38 C
Phnom Penh

មាន​ការ​ដំឡើង​ឋានៈ​យោធា​បន្ថែម​ទៀត​ដល់​សាច់​ញាតិ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ត្រឹ​ម​តែ​មួយ​ខែ​ប៉ុណ្ណោះ​មុន​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និ​ងគណបក្ស​សង្គ្រោះ​ជាតិ​ជា​គណ​បក្ស​ប្រឆាំង​ បាន​ធ្វើការ​​​ប្រកួត​ប្រជែង​​ដ៏​ស្រួច​ស្រាល់​ក្នុងការ​បោះ​ឆ្នោតជាតិ​​​​​កាល​ពី​​ទី​២៨​ ខែ​​​កក្កដា​នោះ មាន​ការដំឡើង​ឋានៈ​កង​យោធ​​​ពល​ខេមរ​​ភូមិន្ទ​ថ្មី​ៗ​ជា​ច្រើន​​ ​ក្នុង​នោះ​រួម​មាន​កូន​ប្រុស​ និង​ក្មួយ​ប្រុស​របស់​សមាជិក​គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​មាន​តួនាទី​យោធាជាន់​ខ្ពស់​។

លោក​ គីម​ រិទ្ធី ដែល​ជាកូន​ប្រុស​របស់​ឧត្តម​សេនីយ៍​ គន់ គីម នាយ​សេនា​ធិការ​​ចម្រុះ​នៃកង​យោធព​លខេមរ​ភូមិន្ទត្រូវបាន​ដំឡើង​ឋានៈ​ពី​ឧត្តម​សេនីយ៍​​ទោ​​ទៅ​ឧត្តម​សេនីយ៍​ឯក​ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះ​ហស្ត​លេខា​ដោយព្រះ​មហា​​ក្សត្រ​ នរោត្តម​ សីហមុនី​ កាល​ពីថ្ងៃ​ទី​២៥​ ខែ​មិថុនា និង​ចេញ​ផ្សាយ​នៅ​ក្នុង​សៀវ​ភៅ​រាជ​កិច្ច​លេខ​​ចុង​ក្រោយ​។

ព្រះរាជក្រឹត្យ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក ប៉ុល ស៊ីនួន ដែល​ជាក្មួយ​ប្រុស​របស់​ឧត្តម​សេនីយ៍​​ ប៉ុល​ សារឿន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ត្រូវ​បាន​ដំឡើង​ឋានៈ​​ពី​ឧត្តម​សេនីយ៍ទោទៅ​​ជា​ឧត្តម​សេនីយ៍​ឯក។ ព្រះរាជក្រឹត្យ​នេះ​​ចែង​ថា “ យើង​ត្រាស់​បង្គាប់​​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ត្រូវ​អនុវត្ត​​ឲ្យ​បាន​សម្រេច​នូវ​ព្រះ​រាជក្រឹត្យ​នេះ ចាប់​ពី​ថ្ងៃឡាយ​ព្រះហស្ត​លេខា​​នេះ​តទៅ​”។ព្រះ​រាជក្រឹត្យ​បាន​ត្រាស់​បង្គាប់​ទៀត​ថា មន្ត្រី​យោធា​សរុប​៤១​រូប​ត្រូវ​បាន​ដំឡើង​ឋានៈទៅជា​មន្ត្រីជាន់ខ្ពស់​​នៅ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​។

សរុប​មក​​​ មន្ត្រី​យោធា​ប្រាំមួយ​រូប​​ត្រូវ​បាន​ដំឡើង​ឋានៈពី​​ឧត្តម​សេនីយ៍ទោ​ទៅ​​ឧត្តម​សេនីយ៍​ឯក ហើយ​មន្ត្រី​យោធា​១៩​រូប​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​ឧត្តម​សេនីយ៍​ត្រី​ទៅ​ឧត្តមសេនីយ៍​ទោ​ ហើយ​មន្ត្រី​យោ​ធា​១៦​រូប​​ទៀត​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​វរ​សេនីយ៍​ឯក​ទៅ​ឧត្តម​សេនីយ៍ត្រី​។ ការ​ដំឡើង​ឋានៈ​ថ្មី​ៗ​បំផុតនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​សេចក្តី​សម្រេច​ដំឡើង​​ឋានៈ​លោក​ ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន​ ទៅ​ជាឧត្តម​សេនីយ៍​ឯក​ រយៈ​ពេល​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​។

លោក​ ហ៊ុន​ ម៉ានិត កូន​ប្រុស​ទី​២​របស់​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅ​ជា​​ឧត្តម​សេនីយ៍ត្រី​កង​យោធពល​ខេម​រ​ភូមិន្ទ​កាល​ពីថ្ងៃ​ទី​១២ ខែមិថុនា។ ​លោក​​ទាំង​ពីរ​គឺ​ជា​មន្ត្រី​ពីររូប​ក្នុង​ចំណោម​មន្ត្រី​៩០​រូប​ដែល​ទទួល​បាន​ការ​ដំឡើង​ឋានៈ​នៅ​ពេល​នោះ​។ គេ​មិន​អាច​ទាក់​ទង​​​ឧត្តម​សេនីយ៍​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ទេ ប៉ុន្តែ ឧត្តម​​សេនីយ៍​ទោ​ ជា វណ្ណា ប្រធាន​ខុទ្ទកាល័យ​ក្រសួង​ការ​ពារ​ជាតិ​បាន​បញ្ជាក់​​ពីការ​ដំឡើង​ឋានៈ​របស់​សាច់​ញាតិ​​ឧត្តម​សេនីយ៍ គន់​ គីម និ​ងឧត្តម​សេនីយ៍​ ប៉ុល សារឿន​។

ដោយ​បដិសេធ​មិន​​និយាយ​ពី​មូល​ហេតុ​នៃការ​ដំឡើង​ឋានៈ​​​មន្ត្រី​យោធា​ប្រចាំឆ្នាំ​ដ៏​​​ច្រើន​នៅ​ក្នុង​ប្រទេស​នោះ​ ឧត្តម​សេនីយ៍​ទោ ជា វណ្ណា​ ​បា​ន​មាន​ប្រសាសន៍​ថា “ ការ​ដំឡើង​ឋានៈ​នេះ​អាស្រ័យ​លើ​ស្នាដៃពួកគេ ​តែ​ជួន​កាល​ឧត្តម​សេនីយ៍​យោធា​វ័យ​ចំណាស់​​បាន​ស្លាប់​ ហើ​យ​ការ​ដំឡើង​ឋានៈ​នេះ​គឺ​ដើម្បី​ជំនួស​ការ​ងារ​ទាំង​នេះ​”។

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា  ការ​ដំឡើង​ឋានៈបែបនេះ​តាម​ធម្មតា​​នៅ​ប្រទេស​ដទៃ​ត្រូវ​បម្រើការ​ក្នុង​ជួរ​យោធា​រាប់​ឆ្នាំឯណោះ​។​ ​​មិន​មែ​ន​ដូច្នោះ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បើយោង​តាម​តួលេខ​ផ្លូវ​ការ​របស់​ក្រសួង​ការពារ​ជាតិ​ មាន​ការ​ដំឡើង​ឋានៈ​៦០​ភាគ​រយ​ទៅ​ជា​ឧត្តម​សេនីយ៍​ចាប់​ពីឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១១។

ចំណែកនៅ​ក្នុង​ជួ​រយោធា​អាមេរិក​វិញ​​​មាន​ឧត្តមសេនីយ៍​មិន​ដល់​៥០០នាក់​ផង​ ហើយ​ប្រទេស​កម្ពុជា​មាន​ជាង​២.០០០​នាក់​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​​ ប៉ុន្តែ មន្ត្រី​យោធា​នៅ​ទី​នេះ​​​មិន​ចាប់​អារម្មណ៍​ចំពោះ​រឿង​នេះ​ទេ ​នៅ​ពេល​ត្រូវ​​បាន​ទាក់​ទង​តាម​ទូរស័ព្ទ​។

ឧត្តម​សេនីយ​ឯក​ ស្រី​ ឌឹក មេ​បញ្ជា​ការ​​កង​​ពល​ធំ​លេខ​៣​នៃ​កង​យោធពល​ខេមរ​​​ភូមិន្ទ​បាន​មាន​ប្រសាសន៍ថា ឧត្តម​សេនីយ៍​​​ឯក គីម រិទ្ធី​ អាយុ​៣២​ឆ្នាំ​ដែល​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​បម្រុង​គណបក្ស​ប្រជាជន​កម្ពុជា​​​មណ្ឌល​​កណ្តាល​ផង​ដែរ​នោះ​បាន​សិក្សានៅ​សាលា​យោធា​ក្រៅ​ប្រទេស​ ដែល​ធ្វើ​ឲ្យ​រូប​លោក​មាន​លទ្ធភាព​ហួស​ពីគ្រប់​គ្រាន់​សម្រាប់​ការ​ងារ​នេះទៅទៀត។

លោក​បាន​បន្ថែម​ថា “ ខ្ញុំ​គិត​ថា ការ​ដំឡើង​​ឋានៈ​នេះ​ស័ក្តិ​សម​សម្រាប់​ពួកគាត់​ហើយ​​ពីព្រោះ​វា​ដល់​ពេល​​ហើយ​។​ពួក​គាត់​ត្រូវ​បាន​ដំឡើង​ឋានៈ​ដោយសារ​មន្ត្រីយោធា​ចំណាស់​ៗ​​នឹង​ចូល​និវត្ត​ ដូច្នេះ​យើង​ត្រូវ​តែ​បណ្តុះ​បណ្តាល​មន្ត្រី​យោធា​ជំនាន់ក្រោយ​ដើម្បី​ជំនួស​ពួក​គាត់​”៕

ប្រែសម្រួលដោយ សោម​ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស