កាលពីម្សិលមិញ ក្រសួងសង្គមកិច្ចបានប្រាប់កម្មកររោងចក្រកាត់ដេរចំនួន៦០០.០០០ នាក់នៅក្នុងប្រទេសកម្ពុជាកុំឲ្យជឿពាក្យចចាមអារ៉ាមថា មានសង្គ្រាមឲ្យសោះ ហើយបន្តធ្វើការដូចធម្មតា បន្ទាប់ពីការបោះឆ្នោតជាតិដែលបង្ហាញឲ្យឃើញថា មានលទ្ធផលខ្វែងគំនិតគ្នានិងការគំរាមកំហែងបង្កអស្ថិរភាព។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា “ រយៈពេលពីរបីថ្ងៃចុងក្រោយនេះ មានពាក្យចចាមអារ៉ាមថា មានភាពចលាចល និងមានគម្រោងធ្វើបាតុកម្មដែលនឹងនាំឲ្យមានសង្គ្រាមបណ្តាលឲ្យកម្មកររោងចក្រកាត់ដេរ ក្រុមហ៊ុន សហជីព និងសាធារណជនមានការភ័យខ្លាច”។
សេចក្តីថ្លែងការណ៍ដដែលនេះបន្តទៀតថា “ សូមនិយោជិត សហជីព និងនិយោជកបន្តប្រកបអាជីវកម្ម បំពេញការងារនិងប្រកបរបររកស៊ីចិញ្ចឹមជីវិតជាធម្មតា។សូមកុំជឿពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយ តៗគ្នានោះឡើយ”។
លិខិតរបស់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិបានអះអាងពីជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដា ដែលគណបក្សសង្គ្រោះជាតិអះអាងថា មានភាពមិនប្រក្រតីជាច្រើន។ នៅមុនការបោះឆ្នោត និងជាថ្មីម្តងទៀតកាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីលទ្ធភាពថា អាចមានសង្គ្រាមប្រសិនបើគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងធ្វើការតវ៉ាដ៏ធំមួយប្រសិនបើលទ្ធផលនៃការបោះឆ្នោតមិនត្រូវបានស៊ើបអង្កេតឲ្យបានល្អិតល្អន់ទេនោះ ហើយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានថា មាន “បញ្ហា” ប្រសិនបើការចរចាជាមួយគណបក្សប្រឆាំងជាប់គាំងអំពីបញ្ហានៃភាពមិនប្រក្រតីពេលបោះឆ្នោតនោះ។
ប៉ុន្តែ លោក អ៊ិត សំហេង មានសុទិដ្ឋិនិយមនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្ញើទៅសហជីព និងរោងចក្រកាត់ដេរនានាថា “ ទីបញ្ចប់គណបក្សនយោបាយទាំងអស់នឹងស្វែងរកដំណោះស្រាយដើម្បីធ្វើឲ្យសង្គមមានស្ថិរភាព”។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ការលើកឡើងពីពាក្យចចាមអារ៉ាមគឺគួរឲ្យព្រួយបារម្ភ និងភ័យខ្លាច ហើយវាជាទង្វើខុសច្បាប់ដែលបង្កឡើងដោយក្រុមជ្រុលនិយម ហើយអាជ្ញាធរនឹងស្វែងរកចាប់ខ្លួនពួកគេ និងចាត់វិធានការតាមផ្លូវច្បាប់”។ គេមិនទាន់ដឹងនៅឡើងទេកាលពីម្សិលមិញថា តើលោករដ្ឋមន្ត្រីនិយាយដោយផ្ទាល់សំដៅដល់ការព្រមានរបស់លោក ហ៊ុន សែន ឬយ៉ាងណានោះឡើយ។
លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចក៏បានសន្យាក្នុងសេចក្តីថ្លែងការណ៍របស់លោកផងដែរថារដ្ឋាភិបាលនឹងពិភាក្សាពីការដំឡើងប្រាក់ខែដល់កម្មកររោងចក្រកាត់ដេរនៅឆ្នាំ២០១៤។ ជាផ្នែកមួយនៃកម្មវិធីនយោបាយក្នុងពេលបោះឆ្នោត គណបក្សប្រឆាំងបានសន្យាដំឡើងប្រាក់ខែអប្បបរមាដល់កម្មកររោងចក្រកាត់ដេរ។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារបានប៉ាន់ប្រមាណថា កម្មកររោងចក្រកាត់ដេរប្រហែល២០ភាគរយមិនទាន់បានវិលត្រឡប់មកធ្វើការវិញនៅឡើយទេចាប់តាំងពីការបោះឆ្នោតមក។ លោក អ៊ុំ មាន បានមានប្រសាសន៍បន្ថែមទៀតថា “យើងចង់ឲ្យកម្មកររោងចក្រកាត់ដេរមានចិត្តនឹងនរ ហើយថា នឹងគ្មានរឿងអាក្រក់កើតឡើងទេ។ យើងសង្ឃឹមថា គណបក្សធំៗទាំងពីរនឹងធ្វើការចរចាដើម្បីស្វែងរកដំណោះស្រាយសម្រាប់ប្រទេសជាតិរបស់យើង”។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានមានប្រសាសន៍ថា ដោយសារការភ័យខ្លាចថា មានអស្ថិរភាព កម្មករភាគច្រើនដែលត្រឡប់មកធ្វើការវិញនោះបានស្នើសុំបើកប្រាក់របស់ខ្លួនប្រចាំថ្ងៃជាជាងបើករាល់កន្លះខែម្តង។ លោក អាត់ ធន់ បានមានប្រសាសន៍ថា “ កម្មករនឹងត្រឡប់មកធ្វើការវិញ ប៉ុន្តែ ពួកគេបារម្ភអំពីស្ថានការណ៍ដូចជាថា នឹងមានបញ្ហានៅពេលបង្កើតរដ្ឋាភិបាលថ្មីជាដើម។ ដូច្នេះកម្មករស្នើសុំឲ្យក្រុមហ៊ុនបើកប្រាក់ខែរបស់ខ្លួនភ្លាមៗ”។
យោងតាមលោក អឿន សំអុល អ្នកគ្រប់គ្រងផ្នែកអនុវត្តតច្បាប់ក្នុងរោងចក្របានឲ្យដឹងថា ចំពោះរោងចក្រកាត់ដេរ New Archid Garment នៅក្នុងខេត្តកណ្តាលដែលមានកម្មករប្រហែល៣.០០០នាក់ ប្រតិបត្តិការបានបន្តឡើងវិញកាលពីថ្ងៃទី៣០ខែកក្កដា ហើយកំពុងតែដំណើរការដោយរលូន។ លោក អឿន សំអុល បានមានប្រសាសន៍បន្តថា “ យើងបានឮអំពីពាក្យចចាមអារ៉ាមនេះ ប៉ុន្តែ វាគ្មានបញ្ហាទេពីព្រោះមនុស្សគ្រប់គ្នាបានត្រឡប់មកធ្វើការវិញហើយ។ ខ្ញុំមិនគិតថា ពួកគេខ្វល់ខ្វាយច្រើនហួសអំពីបញ្ហានេះទេ”៕
ប្រែសម្រួលដោយ សោម សារុន