28.4 C
Phnom Penh

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​សារៈសំខាន់​ពេល​មាន​ភាព​ទាល់ច្រក​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំង​ពីការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៨​ខែ​កក្កដាមក​ គណបក្ស​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​អាច​មាន​ការ​ព្រម​ព្រៀង​គ្នា​តិច​តួច​ណាស់​។

គណបក្ស​ប្រជាជន​កម្ពុជា​​អះអាង​ថា ខ្លួន​ទទួល​បាន​៦៨អាសនៈ​ និង​គណបក្ស​ប្រឆាំង​ទទួល​បាន​៥៥អាសនៈ ដោយ​ធ្វើ​ឲ្យ​គណ​បក្ស​​​ប្រជាជន​កម្ពុជា​​ទទួល​បាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា​ដែល​មាន​១២៣​អាសនៈ​ រីឯ​គណបក្ស​ប្រឆាំង​ គឺគណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា ខ្លួនទទួល​បាន​៦៣​អាសនៈ​ ហើយ​​​គណបក្ស​ប្រជាជន​កម្ពុជា​​ទទួល​បាន​៦០​អាសនៈ​ នេះ​មិន​ទាន់​គិត​ពីការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង​ពីការ​លួច​បន្លំ​សន្លឹក​ឆ្នោត​​ ដែល​ខ្លួន​ចង់​ឲ្យ​អន្តរជាតិ​ជួយ​ស៊ើប​អង្កេត​​នោះផង​។

គណបក្ស​ទាំង​ពីរ​ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​របៀប​ស៊ើបអង្កេត​ពីភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ផង​ដែរ​ ហើយ​​​ថែម​ទាំង​មាន​ការ​បក​ស្រាយ​ផ្សេង​គ្នាលើ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាលថ្មី​។ ប្រសិន​បើ ការចរចា​ជាប់​គាំង​ទាំង​ស្រុង​នោះ​​មាន​តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប៉ុណ្ណោះ​ដែល​​អាច​សម្រេច​លើ​បញ្ហា​ទាំង​អស់​នេះ​បាន​។

រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៩៣​របស់​កម្ពុជា​ស្នើ​ឲ្យ​មាន​ការ​បង្កើត​​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ចុង​ក្រោ​យ​ត្រូវ​បាន​បង្កើ​តឡើង​ក្នុងឆ្នាំ១៩៩៨​។​ ​គេ​អាច​ស្នើ​ឲ្យក្រុមប្រឹក្សា​នេះ​សម្រេចលើ​ធម្មនុញ្ញភាព​នៃច្បាប់​ ឬ​សេចក្តីសម្រេច​ជា​ផ្លូវ​ការ​នានា​ និង​មាន​សិទ្ធិសម្រេច​ជាចុង​ក្រោយ​លើ​ការ​ផ្តល់​សុពល​ភាពដល់​លទ្ធផល​នៃការ​បោះឆ្នោត​ ព្រម​ទាំង​ដើរតួ​ជាតុលាការ​ជាន់​ខ្ពស់​នៅ​ក្នុងប្រទេស​សម្រាប់​ដោះស្រាយ​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធនឹងការ​បោះឆ្នោត​។ ទោះបី​ជា​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ផ្អែក​​តាម​អង្គច្បាប់​ និង​ដោយ​​គ្មាន​ការលម្អៀង​ក៏ដោយ ក៏គណបក្ស​ប្រឆាំង​​ និង​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​​​ចាត់​ទុក​ស្ថាប័ន​នេះ​ថា លម្អៀង​ទៅរក​គណបក្ស​ប្រជាជន​កម្ពុជា​​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ដែរ។

សមាជិក​នីមួយៗ​នៅ​ក្នុង​ចំណោម​សមា​ជិក​ទាំង​ប្រាំបួន​រូប​ក្នុង​ក្រុម​ប្រឹក្សា​នេះ​​មាន​អាណត្តិ​ប្រាំបួន​ឆ្នាំ​ ហើយ​ការ​តែង​តាំង​សមា​ជិក​ក្រុម​ប្រឹក្សានេះ​​ត្រូវ​បាន​បែង​ចែក​នៅក្នុង​ចំណោម​អំណាចកណ្តាល​​បី​​ គឺ​បីរូប​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ​ បីរូប​តែង​តាំង​ដោយ​រដ្ឋ​សភា ​និង​បីរូប​តែង​តាំង​ដោយ​ឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គចៅ​ក្រម​ ដែល​ជាស្ថាប័ន​​យុត្តិ​ធម៌​ជាន់​ខ្ពស់​របស់​ប្រទេស​។

ទោះជាយ៉ាង​ណា​ តាម​ការ​អនុវត្ត​​ជាក់​ស្តែង វត្ត​មាន​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​​មាន​នៅ​គ្រប់​ទីកន្លែង​។ ប្រធាន​ក្រុម​ប្រឹក្សា​នេះ ដែលមាន​តួនាទី​​ជា​អ្នក​សម្រេច​គឺ លោក ឯក សំអុល អតីត​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំមណ្ឌល​ព្រៃវែង​។

លោក​ អ៊ុត​ ឈន សមាជិក​ក្រុមប្រឹក្សា​នេះ​ដែល​ជា​អគ្គ​សវនករ​នៅក្នុង​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​​​បញ្ជាក់​ពី​អព្យាក្រឹត​ភាព​ និង​ឯករាជភាព​របស់​ក្រុមប្រឹក្សា​នេះ។ យោង​តាម​ លោក​ អ៊ុត​ ឈន បាន​ឲ្យ​ដឹង​ថា សមាជិក​ផ្សេង​ទៀត​នៃក្រុម​ប្រឹក្សា​នេះ​រួម​មាន​លោក មិន ស៊ាន អតីត​​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​មណ្ឌល​ព្រៃ​វែង​ លោក​ស្រី ចែម វីយ៉ារិទ្ធ​ កូ​នស្រី​របស់​សព​លោក​ ចែម​ ស្ងួន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ ធម៌​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ព្រំ ញាណវិចិត្រ​​ អតីត​អ្នក​នាំពាក្យ​​គណៈ​​កម្មា​​​ធិ​​​ការ​​​​ជាតិ​រៀបចំការ​បោះឆ្នោត​​ ​និង​លោក​ ពិត តាំងសាន អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​នេះ​។

សមាជិក​ផ្សេង​​ទៀត​ដែល​លោក អ៊ុត​ ឈន​ បាន​បញ្ចេញ​ឈ្មោះនោះគឺ ព្រះ​អង្គ​ម្ចាស់ ចក្រ​ពង្ស់ ដែល​ធ្លាប់​មានបញ្ហាចម្រូង​ចម្រាស​​ដែល​គេ​ចាត់​ទុក​ថា ជា​សមាជិក​រាជ​វង្សា​នុវង្ស​​​ដែល​ស្និទ្ធ​នឹង​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន និង​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ផាន់តារាវង្ស និង​ព្រះអង្គ​ម្ចាស់​ ​នរោត្តម ​ សិរីវុធ អតីត​អ្នក​នយោ​បាយ​​គណបក្សហ្វ៊ិនស៊ិនប៉ិច​។

កាល​ពីម្សិលមិញ​ លោក អ៊ុត​ ឈន​ បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​អំពី​តួនាទី​របស់​ក្រុមប្រឹក្សា​នេះ​នៅពេល​មាន​​ភាព​ទាល់​ច្រក​​នយោបាយ​បច្ចុប្បន្ន​នោះ​ទេ​។ ប៉ុន្តែ កាល​ពីខែ​មុន​លោក អ៊ុត​ ឈន​ បាន​និយាយ​ការពារ​ឯករាជ​ភាព​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​នេះ​បាន​បើក​កិច្ច​ប្រជុំ វិសាមញ្ញ​មួយ​ ដើម្បី​ពិភាក្សា​អំពីសំណើ​របស់​លោក សម រង្ស៊ី មេដឹកនាំគណបក្ស​ប្រឆាំង​សំុ​ឲ្យចុះឈ្មោះ​លោក​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ​ និង​អនុញ្ញាត​ឲ្យលោក​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។

ក្រុម​ប្រឹក្សាធម្មនុញ្ញបាន​សន្និដ្ឋាន​ក្នុង​កិច្ច​ប្រជុំ​នោះថា សំណើ​របស់​លោក​ សម រង្ស៊ី​ “ មិន​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​ទេ” ហើយ​នៅ​ពេល​នោះ​លោក​ អ៊ុត​ ឈន​ បាន​មាន​ប្រសាសន៍ថា សេចក្តី​​​​សម្រេច​នេះ​មិ​នមែន​ជារឿង​នយោ​បាយ​នោះទេ​ ហើយ​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គឺជា “ ស្ថាប័ន​អព្យាក្រឹត និង​ឯករាជ្យ”។

បញ្ហា​មួយ​ដែល​ទំនង​ជាធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះ គឺ​​ការ​បង្កើត​រដ្ឋ​សភា​​ថ្មី​នៅ​ពេល​ដែល​មាន​ការ​សម្រេច​ថា គណបក្ស​ណាជាអ្នក​ឈ្នះ​នោះ​។

លោក​ ហ៊ុន​ សែន ​បាន​អះអាង​ថា លោក​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​បង្កើត​រដ្ឋាភិ​បាល​ថ្មី​ដោយ​មាន​ ឬដោយ​គ្មាន​តំណាង​រាស្ត្រ​ទាំង​៥៥រូប​របស់គណបក្ស​ប្រឆាំង​។ ទោះជាយ៉ា​ងណា រដ្ឋ​ធម្មនុញ្ញ​ចែង​ថា ដើម្បី​បង្កើត​រដ្ឋ​សភា​ ត្រូវ​មាន​សមាជិក​សភា​១២០រូប​។ ហើយ​មាត្រា​៥នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា​ក៏​ចែង​ដែរ​ថា តំណាង​រាស្ត្រ​ប្រាំពីរ​​​ភាគ​ដប់​​​​ត្រូវ​មាន​​វត្ត​មាន​​ដើម្បី​បង្កើត​​រដ្ឋសភា ឬ​ស្មើ​នឹង​៨៦​រូប​​។

ប៉ុន្តែមាត្រា​៨២​នៃ​រដ្ឋ​ធម្មនុញ្ញ​ដែល​កំណត់​ពីលក្ខខណ្ឌនៃការ​បើក​​រដ្ឋ​សភា​ថ្មីនោះ​មិន​មាន​ចែង​ពី​ចំនួន​សមាជិក​សភា​ដើម្បី​បំពេញ​កូរ៉ុម​នោះទេ។ បញ្ហា​ស្មុគ​ស្មាញ​ទាំង​នេះ​គឺជា​មូល​ហេតុ​ដែល​ត្រូវ​បង្កើត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ ហើយ​នៅ​ពេល​អនាគត​ដ៏​ឆាប់​ខាង​មុខ​នេះ ​ក្រុម​ប្រឹក្សា​នេះ​ត្រូវ​សម្រេច​លើ​បញ្ហា​នេះ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​។

កាល​ពីឆ្នាំ​២០០៣  ​នៅ​ពេល​មាន​​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​មួយ​​ទៀត​ដែល​នៅ​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​​មាន​សំឡេង​ច្រើន​ ប៉ុន្តែ មិន​គ្រប់​ពីរភាគ​បី​សម្រាប់​ បង្កើត​រដ្ឋាភិបាល​ថ្មីនោះ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​បាន​ព្រះអង្គម្ចាស់ នរោត្តម ​ រណប្ញ​ទ្ធិ ស្នើ​សុំ​បញ្ជាក់​ថា តើ​ត្រូវ​ការ​សមាជិក​​ប៉ុន្មាន​ដើម្បី​បង្កើ​ត​រដ្ឋាភិបាល​ថ្មី​។​ ក្រុម​ប្រឹក្សានេះ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​មិន​អា​ចសម្រេច​បញ្ហា​នយោបាយ​បាន​ទេ​ ប៉ុន្តែក្រុម​ប្រឹក្សា​នេះបាន​លើកឡើ​ងថា ខណៈ​​​​​​​ដែល​មិន​​តម្រូវ​ឲ្យ​មាន​សមាជិក​១២០​ នៅ​ពេល​បើក​សម័យ​ប្រជុំ​​នោះបើយោងតាម​ មាត្រា​ដែល​ចែងថា ត្រូវ​មាន​សមាជិក​សភា​ប្រាំពីរ​​​ភាគដប់​​​​ចូល​រួម​ “ មាត្រា៥​ នៃ​ច្បាប់​នេះ​​​​​​​មានលក្ខ​ណៈ​​ច្បាស់​លាស់​​គ្រប់​គ្រាន់​ហើយ​​។

លោក សឺន ស៊ូបែ៊រ្តិ៍  ដែល​ឥឡូវ​នេះ​ចូល​រួម​ជាមួ​យ​គណបក្ស​ប្រឆាំង​ ប៉ុន្តែ ធ្លាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​រហូត​ដល់​ឆ្នាំ​២០១០​នោះ​បាន​មាន​ប្រសាសន៍ថា អំឡុង​ពេល​លោក​ធ្វើ​ការ​នៅទីនោះ​លោក​បាន​លើក​ឡើង​ថា ក្រុម​ប្រឹក្សា​នេះគួរ​តែ​ចេញ​សេចក្តី​សម្រេច​ឲ្យ​បាន​​រឹង​មាំ ហើយ​ជួន​កាល​ផ្ទុយពី​​អង្គប្រតិបត្តិ​ ប៉ុន្តែ លោកមាន​សំឡេង​តិច​ជាង​​សមាជិក​ភាគច្រើន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅក្នុ​ងក្រុម​ប្រឹក្សា​នេះ។ លោក​បាន​មាន​ប្រសាសន៍ថា “ មាន​សមាជិក​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មានច្រើន​ជាង ហើ​​យមាន​តែ​សមាជិក​បី​រូប​ប៉ុណ្ណោះ​ដែល​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ​”។

លោក សុក សំអឿន នាយក​ប្រតិបត្តិ​ ក្រុម ​អ្នក​ច្បាប់ការ​ពារ​សិទ្ធិ​កម្ពុជា​បាន​មាន​ប្រសាសន៍ ថា ការចៀសវាង​ពី​ស្ថានភាព​លំបាកៗ​បាន​ក្លាយ​ជា​ទម្លាប់​របស់​ក្រុម​ប្រឹក្សា​នេះ​។ លោក​បាន​ពន្យល់​ថា “ មាន​ច្រើន​ដង​ណាស់ ​នៅ​ពេល​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចង់​បដិសេធ  ពួកគេ​និយាយ​ថា រឿង​នោះ​មិន​មែន​ជាស​ម​ត្ថកិច្ច​របស់​យើង​ទេ​”។

ទោះជាយ៉ាង​ណា លោក សុក សំអឿន បាន​មាន​ប្រសាសន៍ថា អាយុ​ ការអប់​រំខ្ពស់​ និង​អាណត្តិ​យូរ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​មាន​ន័យ​ថា ទោះបីជា​សមា​ជិក​ជាច្រើន​​​ចេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​ក៏ដោយ​​ ពួកគេ​អាច​បង្ហាញ​ពីភាព​ឯក​រាជ្យ​នៅ​ក្នុង​ការ​សម្រេច​របស់​ខ្លួន​បាន​ច្រើន​ជាង​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​​។

លោក​បាន​មាន​ប្រសាសន៍ថា “ ពួកគេ​មាន​អាណត្តិ​ប្រាំបួន​ឆ្នាំ​។ នោះ​មាន​ន័យ​ថា ពួកគេ​មិន​ខ្វល់​ពីការ​ដក​តំណែង​របស់​ពួក​គេ​នោះ​ទេ​”។ លោក​បាន​បន្ថែម​ថា តួនាទី​របស់​ក្រុម​ប្រឹក្សា​នេះ​មាន​សារៈសំខាន់​នៅ​ពេល​ដែល​ គ.ជ.ប.​ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ទៅលើ​ភាព​មិន​ប្រក្រតី​នៅ​ពេល​បោះឆ្នោត​ និង​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​។

លោក​បាន​មាន​ប្រសាសន៍​អំពីក្រុម​ប្រឹក្សា​នេះថា​ “ ពួកគេ​ដើរ​តួនាទី​ជា​តុលាការ​កំពូល​។ ពួក​គេ​អាចស៊ើបអង្កេត​ដោយ​ខ្លួន​ឯង​បាន​។ ពួក​គេ​អាច​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​បាន​”។ ទោះជាយ៉ង​ណា​  លោក​​ សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​សង្ឃឹម​ថា ក្រុម​ប្រឹក្សា​នេះ​​​បើក​សវនាការ​មាន​ភាព​យុត្តិធម៌ជាង​ គ.ជ.ប. នោះទេ​។

លោក​បាន​មាន​ប្រសាសន៍បន្ត​​ថា “ ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​គ្រាន់​តែ​ជា​ឧបករណ៍​មួយ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។ គ្មាន​អ្វី​ខុស​ពី​ គ.ជ.ប. ឬ​តុលាការឡើយ​។ ខ្ញុំ​គិត​​​​ថា នេះគឺជា​បញ្ហា​មួយ​​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​។ យើង​មិ​ន​ដឹង​ទៅ​រក​នរណា​ទេ​នៅ​ពេល​យើង​ប្តឹង​អំពី​ភាព​មិនប្រក្រតី​ក្នុងការ​បោះឆ្នោត​”៕

ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស