លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានជួបជាមួយលោកស្រី ប៊ូ ជាំងគ័រ ឯកអគ្គរដ្ឋទូតចិនទើបនឹងតែងតាំងថ្មីនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាគ្នាអំពីផែនការលើកទឹកចិត្តភ្ញៀវទេសចរចិនកាន់តែច្រើនទៀតឲ្យមកទស្សនាកម្ពុជា។
ជំនួបនេះស្ថិតក្នុងចំណោមជំនួបឯកជនក្រោយការបោះឆ្នោតរវាងមន្ត្រីគណបក្សប្រជាជនកម្ពុជា និងលោកស្រី ប៊ូ ដែលជាអ្នកការទូតម្នាក់ក្នុងចំណោមអ្នកការទូតដំបូងគេដែលបានអបអរសាទរគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបក្សនេះបានអះអាងអំពីជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។
កាសែត ស៊ីនហួ របស់រដ្ឋាភិបាលចិន បានឲ្យដឹងថា លោកស្រី ប៊ូ ក៏បានលើកឡើងថា លោកស្រីនឹងផ្តោតបេសកកម្មការទូតរយៈពេលបីឆ្នាំរបស់ខ្លួនលើការពង្រឹងទំនាក់ទំនងចិន-កម្ពុជាលើគ្រប់វិស័យទាំងអស់ ក្នុងនោះមានទាំងការផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍ និងការអភិវឌ្ឍគម្រោងដែលនឹងផ្ដល់ប្រយោជន៍ដល់វិស័យទេសចរណ៍ផងដែរ។
យោងតាមតួលេខក្រសួងទេសចរណ៍ឲ្យដឹងថា ចិនស្ថិតនៅក្នុងលំដាប់ទី៣ បន្ទាប់ពីវៀតណាម និងកូរ៉េខាងត្បូង បើនិយាយអំពីចំនួនភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា ដោយទេសចរចិនមានចំនួន៣៣៤.០០០នាក់ក្នុងឆ្នាំ២០១២ ប៉ុន្តែ ចំនួននេះបានកើន៣៥ភាគរយគិតចាប់តាំងពីឆ្នាំ២០១១មក។ អំឡុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ ជនជាតិចិនប្រហែល២០២.៤០០នាក់បានមកទស្សនាប្រទេសកម្ពុជា គឺកើនឡើង៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។
លោក ជីមមី កៅ (Jimmy Gao) ជាប្រធានសភាពាណិជ្ជកម្មចិន បានថ្លែងថា “ កម្ពុជាគឺពិតជាគោលដៅទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរចិននាពេលនេះ ពិសេសគឺប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ដែលល្បីល្បាញបំផុតនៅប្រទេសចិន ហើយខ្ញុំគិតថា ជាមួយនឹងជើងហោះហើរកាន់តែច្រើនឡើងៗពីទីក្រុងយ៉ាងតិច២០នៅក្នុងប្រទេសចិន មកអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះភ្ញៀវទេសចរនឹងបន្តកើនឡើងទៀត”។
កាលពីខែមិថុនា ក្រសួងទេសចរណ៍បានបញ្ចេញផែនការរយៈពេលប្រាំឆ្នាំស្តីអំពីការ ទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន១,៣លាននាក់ត្រឹមឆ្នាំ២០១៨។ ផែនការនេះមានសំណើសុំដំឡើងស្លាកសញ្ញាតាមផ្លូវជាភាសាចិន ការបង្កើនជើងហោះហើរ ការបង្កើនចំនួនទីក្រុងចិនដែលភ្ជាប់មកអាកាសយានដ្ឋាននានានៅកម្ពុជា ការបំពាក់បំប៉នមគ្គុទេសទេសចរណ៍និយាយភាសាចិនឲ្យបានកាន់តែច្រើនឡើង និងការអភិវឌ្ឍតំបន់ឆាយណាថោនផ្លូវការនៅក្នុងរាជធានីភ្នំពេញ សៀមរាប និងនៅក្នុងខេត្តព្រះសីហនុ។
លោក កៅ បានថ្លែងថា “ យើងស្វាគមន៍ការបង្កើតតំបន់ឆាយណាថោន។ជនជាតិចិន មកដំបូងជាភ្ញៀវទេសចរ តែបន្ទាប់មក ពួកគេអាចជាវិនិយោគិន ដូច្នេះវាបង្កើនឱកាស។ ក៏ប៉ុន្តែ ទីក្រុងនេះកំពុងតែបង្កភាពងាយស្រួលសម្រាប់ទេសចរចិនស្រាប់ហើយ ដោយមានស្លាកសញ្ញាជាភាសាចិនជាច្រើន ហើយក៏មានការលក់អាហារចិនច្រើនដែរ”។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មិនអាចទាក់ទងសុំការអត្ថាធិប្បាយអំពីរឿងនេះបានឡើយកាលពីម្សិលមិញ ខណៈស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី