26 C
Phnom Penh

​មន្ត្រី​រាជការ​​ដែល​មាន​ប្រាក់​ខែ​ទាប​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​ត្រឹម​តែ​ដប់​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​​ពី​​គណបក្ស​​​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​បាត់​បង់​សំឡេងយ៉ាង​ច្រើន​​នៅ​ពេល​បោះ​ឆ្នោត​​​នោះ កាលពី​ម្សិលមិញ​ក្រសួង​​​ហិរញ្ញវត្ថុ​ បាន​ប្រកាស​ថា មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​ខែ​ទាប​ប្រហែល​៩០.០០០​នាក់​អាច​នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​យ៉ាង​ហោច​ណាស់​ចំនួន​៣០ភាគរយ​។

ក្រសួងហិរញ្ញវត្ថុ​​​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា មន្ត្រី​រាជ​ការ​​ដែល​បច្ចុប្បន្ន​នេះ​មាន​ប្រាក់​ខែ​តិច​ជាង​២៤.៤៤០០​​​​រៀល​ក្នុង​មួយ​ខែ​នោះ​ អាច​ទទួល​បាន​ប្រាក់​ខែ​៣២០.០០០រៀល​ចាប់​ពី​ខែ​ក្រោយ​តទៅ​។ មន្ត្រី​រាជការ​ណា​ដែល​បច្ចុប្បន្ន​នេះ​ មាន​ប្រាក់​ខែ​លើស​ពី​៦០ដុល្លារ​ក្នុង​មួយ​ខែ​អាច​ទទួល​បាន​​ការ​ដំឡើង​ប្រាក់​ខែ​របស់​ពួកគេ​យ៉ាង​ហោច​ណាស់​ដល់​៣៤៤.០០០រៀល។

សេចក្ដីប្រកាស​​ដដែល​នោះ​បន្ត​ថា “ការ​ដំឡើង​ប្រាក់​ខែ​គោលនេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​មន្ត្រី​រាជការ​​ប្រហែល​៩០.០០០នាក់​”​​​ដោយ​បន្ថែម​ថា ប្រាក់​ឧបត្ថម្ភផ្សេង​ទៀត​សម្រាប់​មន្ត្រី​រាជការ​ទាំង​នោះ​ក៏​ត្រូវ​ពិចារ​​​ណា​​​​ផង​ដែរ។ទោះបី​ជា​មាន​ការដំឡើង​ប្រាក់​ខែ​ជា​បន្ត​បន្ទាប់​ក៏​ដោយ​ ក៏​ការ​ដំឡើង​ប្រាក់​ខែ​នេះ​មាន​តម្លៃ​ត្រឹម​តែ​១,៦២​លាន​ដុល្លារ​ជា​ប្រាក់​​​ព្យាក​​​​​​​​​រណ៍​​សម្រាប់​មន្ត្រី​រាជការ​​ចំនួន​៩០.០០០​នាក់​ដោយ​ទទួល​បាន​នូវ​ការ​ដំឡើង​ប្រាក់​ខែ​ចំនួន​១៨ដុល្លារ​ ជា​ចំនួន​តិចតួចនៃ​ថវិកា​ជាតិ​សរុប​​ចំនួន​៣,១​ពាន់​លាន​ដុល្លារ​ក្នុង​​​ឆ្នាំ​នេះ។

សេចក្ដីប្រកាស​​នោះ​ ឲ្យ​ដឹង​ទៀត​ថា “នៅ​​​​ពេល​អនាគត​រដ្ឋាភិបាល​ក្នុង​នីតិកាលទី​៥​ នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ដំឡើង​ប្រាក់​ខែ​​ជូន​មន្ត្រី​រាជការ​​និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ទាំង​អស់​​”។ លោក ងី តាយី រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​មូល​ហេតុ​នៃ​ការ​ដំឡើង​ប្រាក់ខែ​នា​​ពេល​​​​បច្ចុប្បន្ន​ ​ភ្លាមៗ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា​នេះ​​ទេ​។

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​ដែល​លទ្ធផល​បឋម​របស់​ខ្លួន​បាន​ឈ្នះ​ការ​​បោះ​ឆ្នោត ប៉ុន្តែ​បាន​​បាត់​បង់​ចំនួន​២២​អាសនៈ​ទៅ​​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​។ គណបក្ស​ប្រឆាំង​បាន​សន្យា​​ដំឡើង​ប្រាក់ខែ​​ជូន​មន្ត្រី​រាជការ​​​អប្ប​​​បរមា​ចំនួន​មួយ​លាន​រៀល​​​ឬ ប្រហែល​២៥០​ដុល្លារ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​​​ជា​ផ្នែក​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​មន្ត្រី​ទាំង​នោះ​ ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​។

កាលពី​ថ្ងៃ​អង្គារ​ លោក កឹម សុខា អនុ​​​ប្រធាន​​​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំ​ពេញ​ថា ការ​ស៊ើប​អង្កេត​មួយ​បាន​រក​ឃើញ​ថា សមាជិក​នៃ​កង​យោធពល​ខេមរភូមិន្ទ​ជាង​៧០ភាគ​រយ​ និង​មន្ត្រី​រាជការ​ ជា​ក្រុម​មួយ​ដែល​គណ​​​បក្ស​ប្រជាជន​កម្ពុជា​គិត​ថា ​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះ​ត្រង់​របស់​ខ្លួន​នោះ បាន​បោះ​ឆ្នោត​ឲ្យ​​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​ភ័ស្តុតាង​សម្រាប់​ការ​អះ​អាង​នេះ​​ទេ​។

លោក កៅ ពឿន ប្រធាន​សមាគម​មន្ត្រី​រាជ​​​ការ​កម្ពុជា​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ដើម្បី​ដំឡើង​​​​ប្រាក់​ខែ​នេះ ដែល​ហាក់​ដូច​ជា​បន្ថែម​ទៅ​លើ​​​​ការ​ដំឡើង​ប្រចាំ​ឆ្នាំ​ចំនួន​​២០ភាគរយ​ ដែល​រដ្ឋា​​​ភិបាល​បាន​ផ្ដល់​ឲ្យ​មន្ត្រី​រាជការ​ កាលពី​កន្លង​មក​នោះ​ គឺ​​​ជាប់​ពាក់​​ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។

លោក កៅ ពឿន ​ដែល​សមាគម​​របស់​លោក​តំណាង​ឲ្យ​មន្ត្រីរាជការ​​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​បង្កើតសហជីព​បានថ្លែង​បន្ត​ថា “បន្ទាប់​ពី​សំឡេង​ឆ្នោត​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ការ​កើន​ឡើង​នោះ​ រដ្ឋាភិ​បាល​​បច្ចុប្បន្ន​កំពុង​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​សប្បាយ​ចិត្ត​។ គណបក្ស​សង្គ្រោះ​ជាតិ​​បាន​សន្យា​ផ្ដល់​ប្រាក់​ខែ​ជូន​មន្ត្រី​​​​រាជការ​ចំនួន​២៥០ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​ផ្អែក​លើ​ប្រាក់​ចំណូល​របស់​ជាតិ​”។

លោក កៅ ពឿន មាន​ប្រសាសន៍​បន្ត​ថា ប្រាក់​ខែ​គោល​ថ្មី​ប្រហែល​៧៨ដុល្លារ​ក្នុង​មួយ​​​​ខែ​នេះ​នៅ​តែ​ទាប​ជាង​ប្រាក់​ខែ​៨០​​​ដុល្លារ​របស់​កម្មករ​រោង​ចក្រ​​កាត់​ដេរ​នោះ ​នៅ​តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ ដោយ​សារ​តម្លៃ​ប្រេង​ និង​អាហារ​ឡើង​ថ្លៃ។

លោក​ថ្លែង​បន្ត​ថា “ ការ​ដំឡើង​ប្រាក់​ខែ​នេះ គឺ​មិន​គ្រប់​គ្រាន់​ទេ​ ហើយ​វា​នៅ​តែ​មិន​ឆ្លើយ​តប​តាម​សេចក្ដី​ត្រូវការ​របស់​មន្ត្រី​រាជការ​ដែល​ចង់​បាន​ការ​រស់​នៅ​ដោយ​មាន​ជីវភាព​សមរម្យ​។ យើង​ត្រូវការ​យ៉ាង​ហោច​ណាស់​១៧០​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ទ្រ​ទ្រង់​មនុស្ស​ម្នាក់​ ហើយ​យើង​ត្រូវ​ការ​៦០០​​​ដុល្លារ​សម្រាប់​មន្ត្រី​រាជការ​ម្នាក់​ដែល​មាន​សមា​​​ជិក​គ្រួសារ​លើស​ពី​បួន​នាក់​”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់​ខែ​នេះ​មិន​មាន​អ្វីចម្លែក​ទេ ប៉ុន្តែ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ។ លោក​ថ្លែង​បន្ត​ថា “ នេះ​គឺជា​អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ”៕

ប្រែសម្រួលដោយ ឃិន ណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស