គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងកាលពីម្សិលមិញនេះថា ខ្លួននឹងចេញផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា ខណៈគណបក្សនយោបាយនានា និងអាជ្ញាធរមូលដ្ឋានបានដាក់របាយការណ៍ចំនួន១៤ស្ដីអំពីភាពមិនប្រក្រតីនៅក្នុងថ្ងៃបោះឆ្នោតតាំងពីថ្ងៃទី២ ខែសីហា មក។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានឲ្យដឹងថា អំឡុងពេលពីបួនទៅប្រាំថ្ងៃបន្ទាប់នេះ អនុគណៈកម្មការមួយរបស់គ.ជ.ប. នឹងស៊ើបអង្កេតរបាយការណ៍ទាំង១៤ ដែលរួមមានទាំងការចោទប្រកាន់អំពីការប្រព្រឹត្តខុសនៅថ្ងៃបោះឆ្នោតផងដែរ។ ការស៊ើបអង្កេតនេះ នឹងបណ្ដាលឲ្យមានការពន្យារពេលតិចតួចប៉ុណ្ណោះក្នុងការចេញផ្សាយលទ្ធផលបឋម ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។
លោក ទេព នីថា បានមានប្រសាសន៍ថា “ ដំណើរការរបស់គ.ជ.ប. នៅក្នុងការពិនិត្យរបាយការណ៍ទាំងនេះមានលក្ខណៈស្រដៀងគ្នានឹងដំណើរការដោះស្រាយពាក្យបណ្ដឹងដែរ។ យើងនឹងធ្វើការសម្រេចថា តើរបាយការណ៍ទាំងនោះសមនឹងទទួលបានការស៊ើបអង្កេត ឬច្រានចោល” ដោយលោកបន្ថែមថា សេចក្ដីសម្រេចរបស់គ.ជ.ប. ពាក់ព័ន្ធនឹងសុពលភាពនៃរបាយការណ៍ ឬលទ្ធផលនៃការស៊ើបអង្កេត មិនអាចត្រូវបានប្ដឹងជំទាស់ទៅស្ថាប័នណាផ្សេងឡើយ។
លោក ទេព នីថា បានឲ្យដឹងថា ដោយសារតែពាក្យបណ្ដឹងទាំងនោះ គ.ជ.ប. អាចនឹងលើកពេលចេញផ្សាយលទ្ធផលបឋមដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ទៅថ្ងៃអាទិត្យ ឬក៏ថ្ងៃច័ន្ទ សប្ដាហ៍ក្រោយវិញ។ ក្នុងចំណោមរបាយការណ៍ទាំង១៤នោះ របាយការណ៍ចំនួនប្រាំពីរជារបស់គណបក្សសង្គ្រោះជាតិ បួនទៀតគឺជារបស់គណបក្សប្រជាជនកម្ពុជា ពីរទៀតជារបស់គណបក្សហ៊្វុនស៊ិនប៉ិច និងមួយទៀតជារបស់អាជ្ញាធរថ្នាក់ស្រុក។
អនុគណៈកម្មការមួយរបស់គ.ជ.ប. ដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា នឹងពិនិត្យរបាយការណ៍នីមួយៗ ហើយនិងធ្វើការសម្រេចថា តើវាអាចបញ្ចូលគ្នាតែមួយ មុនពេលមានការពិភាក្សាគ្នាថា តើត្រូវច្រានចោល ឬបន្តស៊ើបអង្កេតពាក្យបណ្ដឹងទាំងនោះ ឬយ៉ាងណានោះ។
ពេលគ.ជ.ប.ចេញផ្សាយលទ្ធផលបឋមរួច គណបក្សនយោបាយនឹងមានឱកាសប្ដឹងជំទាស់នឹងលទ្ធផលនេះ។ ពេលនោះ គ.ជ.ប. ដែលមានសមាជិកជ្រើសតាំងទាំងប្រាំបួនរូប នេះ មានពេល៤៨ម៉ោង ដើម្បីពិចារណាពីពាក្យបណ្ដឹងទាំងអស់នោះ និងដើម្បីចេញសេចក្ដីសម្រេច។
លោក ទេព នីថា បានឲ្យដឹងថា ក្នុងករណីលទ្ធផលបឋមរបស់ខ្លួនគ្មានការប្ដឹងជំទាស់ទេនោះគ.ជ.ប. នឹងចេញផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅមុន ឬត្រឹមថ្ងៃទី១៦ខែសីហា ខាងមុខនេះ។ ប៉ុន្តែ វាស្ទើរតែប្រាកដទៅហើយថា នឹងមានការប្ដឹងជំទាស់លទ្ធផលបឋមរបស់គ.ជ.ប. ហើយក្នុងករណីនេះ ពាក្យបណ្ដឹងជំទាស់នឹងលទ្ធផល គឺអាចដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមានពេលប្រហែល២០ថ្ងៃដើម្បីចេញសេចក្ដីសម្រេចចុងក្រោយពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតនេះ។
លោក ទេព នីថា បានឲ្យដឹងថា ប្រសិនបើពាក្យបណ្ដឹងត្រូវបានដាក់ជូនក្រុមប្រឹក្សាធម្មនុញ្ញដែលមានសមាជិកប្រាំបួនរូបនោះ សេចក្ដីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សានេះត្រូវធ្វើឡើងយូរបំផុតនៅត្រឹមថ្ងៃទី៨ ខែកញ្ញា។ នៅក្នុងការបោះឆ្នោតដែលមានសំឡេងប្រកៀកប្រកិតបំផុតចាប់តាំងពីឆ្នាំ១៩៩៨មកនេះ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិសុទ្ធតែបានអះអាងពីការទទួលបានជ័យជម្នះរៀងៗខ្លួន។
នៅយប់ថ្ងៃបោះឆ្នោត គណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួនបានទទួលជ័យជម្នះដោយទទួលបាន៦៨អាសនៈទល់នឹង៥៥អាសនៈរបស់គណបក្សសង្គ្រោះជាតិ។ ពីរថ្ងៃក្រោយមក លោក សម រង្ស៊ី ដែលយោងលើព័ត៌មានប្រមូលដោយគណបក្សរបស់លោកនៅតាមការិយាល័យបោះឆ្នោតនានាបានអះអាងថា គណបក្សរបស់ខ្លួនបានទទួលជ័យជម្នះ ដោយទទួលបាន៦៣អាសនៈទល់នឹង៦០អាសនៈរបស់គណបក្សប្រជាជន។
យោងតាមលិខិតមួយច្បាប់ដែលលោក សម រង្ស៊ី បានផ្ញើទៅគ.ជ.ប. កាលពីថ្ងៃច័ន្ទរបាយការណ៍របស់គណបក្សសង្គ្រោះជាតិ គឺពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថា ទី១ ឈ្មោះអ្នកបោះឆ្នោតរាប់ពាន់នាក់បានបាត់ដោយគ្មានមូលហេតុពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ទី២ អ្នកបោះឆ្នោតបានគូសសន្លឹកឆ្នោតលើសពីមួយ ទី៣ ឯកសារបញ្ជាក់អត្តសញ្ញាណក្លែងក្លាយត្រូវបានគេប្រើ និងទី៤ របៀបរាប់សន្លឹកឆ្នោត និងការកត់ត្រារបស់គ.ជ.ប. គឺខ្វះតម្លាភាព។
លិខិតរបស់លោក សម រង្ស៊ី មានការលើកឡើងថា គណបក្សសង្គ្រោះជាតិនឹងដាក់ជូនភ័ស្ដុតាងគាំទ្រអំណះអំណាងរបស់ខ្លួនភ្លាម ពេលគ.ជ.ប. បង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយដែលត្រូវមានអង្គការសហប្រជាជាតិជាអ្នកវិនិច្ឆ័យឯករាជ្យរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិប្រកាន់ជំហរថា គ.ជ.ប. ដែលសមាជិកភាគច្រើនសុទ្ធតែជាអ្នកស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា គឺពុំមានលទ្ធភាពធ្វើការស៊ើបអង្កេតដោយឯករាជ្យពីអ្វីដែលខ្លួនចោទថា ជាការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំពីសំណាក់គណបក្សប្រជាជនកម្ពុជាឡើយ។
លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា លោកមិនដឹងថា តើរបាយការណ៍ដែលគណបក្សរបស់លោកបានផ្ញើទៅគ.ជ.ប. មានខ្លឹមសារអ្វីឲ្យប្រាកដទេ ប៉ុន្តែបានបញ្ជាក់ថា លោកបាន “ ទទួលមួយគំនរធំ” នូវរបាយ ការណ៍ពីភាពមិនប្រក្រតីលើតុធ្វើការរបស់លោកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅក្នុងចំណោមការចោទប្រកាន់ដែលលោក ឈាង វុន និយាយថា គណបក្សប្រជាជនមានភ័ស្តុតាងបញ្ជាក់នោះ គឺថា សមាជិកគណបក្សសង្គ្រោះជាតិបានញុះញង់អ្នកបោះឆ្នោតនៅក្រៅការិយាល័យបោះឆ្នោតមួយនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញឲ្យបំផ្លិចបំផ្លាញរថយន្តចំនួនពីរគ្រឿងរបស់កងរាជអាវុធហត្ថ។
លោក ឈាង វុន ក៏បានឲ្យដឹងផងដែរថា គណបក្សប្រជាជនមានរូបភាពជាភ័ស្ដុតាងបញ្ជាក់ថា លោក សម រង្ស៊ី បានធ្វើយុទ្ធនាការឃោសនាដោយខុសច្បាប់នៅថ្ងៃបោះឆ្នោតតាមរយៈការចុះតាមការិយាល័យបោះឆ្នោតជាមួយបរិវារដែលរួមមានទាំងក្រុមអ្នកគាំទ្រដែលពាក់មួកមានរូបសញ្ញារបស់គណបក្សសង្គ្រោះជាតិ។
ជាចុងក្រោយ លោក ឈាង វុន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបាន “ ទទួលព័ត៌មានថា ក្រុមសកម្មជនរបស់គណបក្សសង្គ្រោះជាតិបានរារាំងមនុស្សមានសម្បុរសជាច្រើនដែលត្រូវបានគេសង្ស័យថា ជាជនជាតិវៀតណាម មិនឲ្យបោះឆ្នោត”។
លោក ឈាង វុន បានបន្ថែមថា “ ខ្ញុំមិនចោទប្រកាន់អ្នកណាម្នាក់ទេ ប៉ុន្តែយើងបានស៊ើបអង្កេតករណីទាំងនេះ ហើយយើងមានភ័ស្ដុតាងបញ្ជាក់”។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញដោយបានលើកឡើងអំពីកង្វល់ជុំវិញកង្វះតម្លាភាពក្នុងការរាប់សន្លឹកឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សេចក្ដីថ្លែងការណ៍ដដែលនេះមានការលើកឡើងថា ការបដិសេធរបស់គ.ជ.ប. មិនឲ្យក្រុមអ្នកសង្កេតការណ៍ឯករាជ្យបានឃើញទម្រង់១១០២ពិតប្រាកដ (ក្រដាសដែលអ្នកសង្កេតការណ៍កត់ត្រាលទ្ធផលតាមការិយាល័យបោះឆ្នោតនីមួយៗនៅថ្ងៃបោះឆ្នោត) បានធ្វើឲ្យអ្នកសង្កេតការណ៍ និងគណបក្សនយោបាយនានាមិនអាចបញ្ជាក់ពីភាពត្រឹមត្រូវនៃតួលេខដែលគ.ជ.ប.បានចេញផ្សាយនៅពេលក្រោយមកនោះទេ។
សេចក្ដីថ្លែងការណ៍េនះមានខ្លឹមសារថា “ គ.ជ.ប. គួរតែឲ្យក្រុមអ្នកសង្កេតការណ៍អព្យាក្រឹត្យបានឃើញទម្រង់១១០២ដើម្បីបង្កើតទំនុកចិត្តលើលទ្ធផលនៃការបោះឆ្នោតជំនួសឲ្យការបង្កឲ្យមានមន្ទិលសង្ស័យអំពីការលួចបន្លំសន្លឹកឆ្នោត”។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល រួមជាមួយនឹងក្រុមអ្នកសង្កេតការណ៍បោះឆ្នោត ព្រមទាំងស្ថាប័នសង្គមស៊ីវិលជាច្រើនទៀតធ្លាប់បានអំពាវនាវឲ្យគ.ជ.ប. បញ្ចេញទម្រង់១១០២ រួមជាមួយនឹងបញ្ជីឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដើម្បីពិនិត្យមើល ក្រែងលោមានអ្នកមានឈ្មោះបោះឆ្នោតនៅច្រើនកន្លែងផ្សេងគ្នា។
ខុមហ្វ្រែល ក៏បានសុំមើលឯកសារដែលគេហៅថា ប័ណ្ណបោះឆ្នោត ចេញដោយមន្ត្រីមូលដ្ឋានឲ្យអ្នកបោះឆ្នោតដែលគ្មានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវនាថ្ងៃបោះឆ្នោត ដើម្បីឲ្យពួកគេមានលទ្ធភាពស៊ើបអង្កេតអំពីការបន្លំអត្តសញ្ញាណដែលអាចកើតមាន។
លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការ ខុមហ្វ្រែល បានលើកឡើងថា គ.ជ.ប. ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតរាល់ភាពមិនប្រក្រតីដែលគេសង្ស័យថា បានកើតឡើងអំឡុងការបោះឆ្នោតទេ។ លោកបានមានប្រសាសន៍ថា “ គ.ជ.ប.ពុំមានយន្តការស៊ើបអង្កេតសមស្របឡើយ។ ពួកគេទទួលពាក្យបណ្ដឹងរួចហើយក៏ផ្ញើវាទៅគ.ជ.ប.តែម្ដង។ ពួកគេមិនដែលធ្វើការស៊ើបអង្កេតអំពីភាពមិនប្រក្រតីទេ”។
លោក គល់ បញ្ញា បានមានប្រសាសន៍បន្តថា “ ខ្ញុំមិនយល់សោះថា តើពួកគេអាចធ្វើការស៊ើបអង្កេតសមស្របក្នុងរយៈពេលដ៏ខ្លីបែបនេះដោយរបៀបណា។ ពួកគេគួរតែអញ្ជើញគណបក្សទាំងពីរឲ្យទៅពិភាក្សាគ្នាស្វែងរកកិច្ចព្រមព្រៀងស្ដីពីការបង្កើតក្រុមស៊ើបអង្កេតមួយ”។
កាលពីម្សិលមិញ ព្រះមហាក្សត្រ នរោត្ដម សីហមុនី បានអំពាវនាវឲ្យមានការស្វែងរកដំណោះស្រាយដោយសន្ដិវិធីសម្រាប់វិវាទក្រោយការបោះឆ្នោតនេះ។ ព្រះអង្គបានចេញព្រះរាជសារមួយដែលមានខ្លឹមសារថា “ លទ្ធផលនៃកាបោះ ឆ្នោតនឹងត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសជាផ្លូវការនៅចន្លោះថ្ងៃទី១៤ ខែសីហា និងថ្ងៃទី៨ ខែកញ្ញា។ ដើម្បីផលប្រយោជន៍ដ៏ធំធេងរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ និងដើម្បីរក្សាសន្ដិភាព និងស្ថិរភាពជាតិ យើងអំពាវនាវឲ្យគណបក្សទាំងពីរដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ និងដែលមានអាសនៈនៅក្នុងរដ្ឋសភាជាតិនីតិកាលទី៥នេះ សូមបន្តពិភាក្សាគ្នានិងស្វែងរកដំណោះស្រាយដោយសន្ដិវិធីសម្រាប់វិវាទ ឬបញ្ហាដែលនៅសេសសល់”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ