30 C
Phnom Penh

គ្រាប់​បែក​មួយ​គ្រាប់ផ្ទុះ​​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​គ្មាន​អ្នក​រង​របួស​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​បាន​ឲ្យ​ដឹង​ថា កាលពីយប់​ម្សិល​មិញ​គ្រាប់​បែក​មួយ​គ្រាប់​​បាន​ផ្ទុះ​ឡើង​នៅ​ម៉ោង​១និង​១០នាទី​រំលង​អធ្រាត្រ​នៅ​​​ក្បែរ​​​​​​​​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ហើយ​បាន​ធ្វើឲ្យ​បង្អួច​នៃ​អគារ​ធនាគារ​មួយ​នៅ​ក្បែរ​នោះ​រង​ការ​ខូច​ខាត​​ ប៉ុន្តែមិន​បណ្ដា​លឲ្យ​នរណា​ម្នាក់​រង​របួស​ទេ​។

លោក ប៉ុល ដាវី មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​​មាន​ប្រសាសន៍​​​​ថា ការ​ស៊ើប​អង្កេត​​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ ប៉ុន្តែ​ថា មិន​ទាន់​រកឃើញ​ជន​សង្ស័យ​ឬ​តម្រុយ​ពី​មូល​​ហេតុ​ដែល​បណ្ដាល​​ឲ្យ​មាន​គ្រាប់​បែក​ផ្ទុះ​នេះ​នៅ​ឡើយ​ទេ។​ លោក ប៉ុល ដាវី បានមាន​ប្រសាសន៍​បន្ត​ថា “អំបែង​​​គ្រាប់​បែក​នេះ​បាន​ខ្ទាត​ទៅ​ត្រូវ ​និង​​​​​​​​​​​​ធ្វើឲ្យខូចខាត​ជញ្ជាំង​កញ្ចក់​នៅ​ជាន់​ទី​១​​​​របស់​អគារ​ ធនាគារ​អេស៊ីលីដា ដែល​ស្ថិត​នៅ​ទល់​មុខ [កន្លែង​ផ្ទុះ​នោះ​] នៅ​លើ​ផ្លូវ​លេខ​២១៣ ប៉ុន្តែ គ្រាប់​បែក​នោះ​បាន​ផ្ទុះ​នៅ​ពេល​យប់​ដូច្នេះ​ហើយ​គ្មាន​នរណា​ម្នាក់​​រង​របួស​ទេ”។

លោក អ៊ុក សាយសិលា អនុប្រធាន​នាយក​​​​ដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​ពី​ការ​ផ្ទុះ​​​គ្រាប់​បែក​នេះ​ត្រូវបាន​ដឹក​នាំ​ដោយ​នាយក​ដ្ឋាន​កណ្តាលសន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ។

យោង​តាម​របាយការណ៍​របស់​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា​ អំបែង​គ្រាប់​​នោះ​ស្រដៀ​ង​​​ទៅនឹង​គ្រាប់​កាំភ្លើង​ត្បាល់​ ហើយ​បាន​ធ្វើឲ្យ​ខូចខាត​​ទ្វារ​ដែក​មួយ​នៅ​ជិត​កន្លែង​ផ្ទុះ​នោះ​។ របង​នៅ​ជិត​កន្លែង​ផ្ទុះ​ត្រូវ​បាន​រង​ការ​ខូច​ខាត​ និង​ឆេះ​ខ្លោច​យ៉ាង​ខ្លាំង​កាលពី​ម្សិលមិញ ហើយ​របងដែក​មួយទៀត​​ក៏​រង​ការ​ខូច​ខាត​ដែរ​។

លោក ម៉ុក​ បូរុន​ឆស័ក នាយ​ប៉ុស្ដិ៍​នគរបាល​​​​​សង្កាត់​វាល​វង់បាន​មាន​ប្រសាសន៍​ថា “ គ្រាប់​បែក​នោះ​បាន​ផ្ទុះ​ឡើង​នៅ​ម៉ោង១និង​៣០​​​នាទី​​​​រំលង​អធ្រាត្រនៅ​ក្បែរ​របង​​សាលា​ដំបូង​​​​រាជធានី​ភ្នំពេញ ទល់​មុខ​កាប៊ីនភ្លើង​ នៅ​ផ្លូវ​លេខ​២១៣ ​បង្កឡើង​ដោយ​មនុស្ស​មិន​ស្គាល់​​​​អត្ត​សញ្ញាណ​ម្នាក់។

របាយការណ៍​នោះ បាន​ឲ្យ​ដឹង​បន្ត​ថា អំបែង​គ្រាប់​​ ដប​ជ័រ​មួយ​ និង​ស៊ីម​ទូរស័ព្ទ​ម៉ូ​ប៊ីថែល​មួយ​​ត្រូវ​បាន​ប្រមូល​ពី​កន្លែងផ្ទុះ​នោះ​​ទុកធ្វើ​​​​​​​ជា​ភ័ស្តុតាង​​​​។ ​របាយការណ៍​ដដែល​ឲ្យ​ដឹង​បន្ត​ថា “ យោង​​​​​​​តាម​ប្រជាពលរដ្ឋ​ប្រាំ​នាក់​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ក្បែរ​កន្លែង​​គ្រាប់​​ផ្ទុះ​នោះ​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​នេះ​បណ្ដាល​ឲ្យ​មាន​សំឡេង​លាន់​ឮ​យ៉ាង​ខ្លាំង…​​​ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រង​របួស​ទេ”៕

 ប្រែសម្រួល​ដោយ​ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស