31 C
Phnom Penh

បុរស​ម្នាក់​ស្លាប់​ បន្ទាប់​ពី​ត្រូវ​គេ​បាញ់​ចំ​ភ្នែក​នៅ​ហាង​បៀហ្គាឌិនមួយកន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​សមត្ថកិច្ច​​​បាន​​​ឲ្យ​​​ដឹង​​​​ថា មន្ត្រី​កង​យោធ​ពល​ខេមរភូមិន្ទ​អាយុ​២៣​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​​គេ​បាញ់​ចំ​ភ្នែក​កាល​ពី​យប់​ថ្ងៃ​អង្គារ​ អំឡុង​ពេលឈ្លោះ​ប្រកែក​​​គ្នា​​​​​​ក្រោម​​​ឥទ្ធិពល​​​គ្រឿង​​​ស្រវឹង​​​​នៅ​​​​ហាង​បៀហ្គាឌិន​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ​​​​នោះ​​​ បាន​ស្លាប់​កាល​ពី​ព្រឹក​ម្សិលមិញ​ ភ្លាម​ៗ​បន្ទាប់​ពី​​​ត្រូវបាន​​​​​​​​​​បញ្ជូន​​​​ទៅ​​​វះ​​​កាត់​​​​ជា​​​បន្ទាន់​​​​នៅ​​មន្ទីរ​ពេទ្យ​កាល់ម៉ែត​​​។

​លោក​ សាំង សុភ័ក្រវិចិត្រ​ អភិបាល​រង​ខណ្ឌ​​​​ទួលគោក​​​ បាន​ឲ្យ​ដឹង​ថា លោក សុខ សេង​​​ភិន ពលបាល​ឯក​នៅ​មូល​ដ្ឋាន​យោធា​ពេជ្រនិល​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ បាន​ផឹក​ស៊ី​ជាមួយ​មិត្ត​​ភក្ដិ​បួន​នាក់​​​​ទៀត​​​នៅ​​​​​ហាង​បៀហ្គាឌិន​​​​មួយ​​​ក្នុង​ខណ្ឌ​ទួល​គោក​ ហើយ​អង្គុយ​នៅ​​តុ​មួយ​ក្បែរ​​​​បង្គន់​ ស្រាប់​តែ​​​កើតមាន​​ទំនាស់​​​ជាមួយ​នឹង​ភ្ញៀវ​ម្នាក់​ទៀត​ដែល​ចេញ​​​មក​​​ពី​​​​បន្ទប់​ទឹក​។

សាក្សី​បាន​ប្រាប់​លោក សុភ័ក្រវិចិត្រ​ ថា ខ្មាន់​អាវុធ​បាន​​​ផ្ទុះ​​​កំហឹង​​​ ​​ព្រោះតែ​​​​គេ​​​​គិត​ថា ជន​រង​គ្រោះ​​​សម្លឹង​​​ខ្លួន​​​បែប​​​ឌឺដង​​​​ រួច​​​​ក្រោយ​​​​មក​​​ក៏​មាន​ជម្លោះ​ពាក្យ​សម្ដី​ ហើយ​​​ក៏​បាន​ទាញ​អាវុធ​បាញ់​គាត់​ត្រូវ​ចំ​ភ្នែក​ខាង​ស្ដាំ​​​តែ​​​ម្តង​​​។លោកសុភ័ក្រវិចិត្រ បាន​មាន​​​ប្រសាសន៍​​​ថា “ យោង​តាម​សាក្សី​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​​​ផឹក​ស្រាបៀ​ជាមួយ​បុរស​បួន​នាក់​ទៀត​ ស្រាប់តែ​​​​​មាន​​​ការ​ឈ្លោះ​ប្រកែក​​​​គ្នា​​​​​ ហើយ​​​​ក៏​​​មាន​​​​ការ​​​​​ផ្ទុះ​​​អាវុធ​​​​មួយ​គ្រាប់​”។ លោក​បន្ថែម​ថា បន្ទាប់​មក​​​ ខ្មាន់​អាវុធ​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​តាម​ម៉ូតូ​មួយ​គ្រឿង​។

លោក ខាត់ សារ៉ន នាយប៉ុស្ដិ៍​នគរបាល​សង្កាត់​ផ្សារ​ដេប៉ូ៣​ បាន​មាន​ប្រសាសន៍​ថា “យើង​ស្គាល់​អត្តសញ្ញាណ​របស់​ខ្មាន់​អាវុធ​ហើយ​ ហើយ​ពេល​នេះ​យើង​​​កំពុង​តែ​ស៊ើប​អង្កេត ដើម្បី​​​​តាម​​​ចាប់​ខ្លួន​ជន​​​​​​​នេះ​​​បញ្ជូន​​​ទៅ​តុលាការ​”។ លោក​ ខាត់​​​ សារ៉ន បាន​បដិសេធ​មិន​ប្រាប់​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ឡើយ​។

លោក សុភ័ក្រវិចិត្រ បានឲ្យ​​​ដឹង​​​ថា ហាង​ផឹក​ស៊ីនេះ​ ពេល​នេះ​​​គឺ​​​​​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ ហើយ​​​ ដោយសារតែ​​​​​​​ម្ចាស់​ហាង​អនុញ្ញាត​ឲ្យ​​​​ភ្ញៀវ​​​យក​កាំភ្លើង​ចូល​​​ទៅ​​​​ក្នុង​ហាង​ ដែល​​​​ជា​​​មូលហេតុ​​​​​​​បណ្តាល​​​ឲ្យ​បុរស​ម្នាក់​​​បាត់បង់​​​ជីវិត​​​​​​យ៉ាង​​​អាណោចអាធ័ម​​​បែបនេះ​​​។ លោក​បាន​បន្ថែម​ថា សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​គ្រួសារសព​​កាល​ពីព្រឹក​ថ្ងៃ​​​ម្សិលមិញ​​​​ ដើម្បី​​​​យក​​​ទៅ​​​ធ្វើ​បុណ្យ​​​តាម​ប្រពៃណី​នៅ​​​​ផ្ទះ​​​​របស់​​​គ្រួសារ​​​សព​ ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់​ដំបង៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស