30.7 C
Phnom Penh

ពាក្យ​ចចា​មអារ៉ាម​ផ្ទុះ​ឡើង​ពេល​អ្នក​ប្រើប្រាស់​អ៊ីនធើណិត​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូន​​បើក​ហ្វេសប៊ុក​មិន​បាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពាក្យ​ចចាម​អារ៉ាម​បាន​ផ្ទុះ​ឡើង​កាលពី​ព្រឹក​ម្សិលមិញ​​ នៅ​ពេល​អតិថិជន​​នៃ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​​របស់​​វៀត​ណាម​​ ដែល​ជា​ក្រុម​ហ៊ុន​​ផ្ដល់​សេវាកម្ម​អ៊ីន​ធើ​ណិត​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​មិន​អាច​ចូល​ទៅ​កាន់​​​​បណ្ដាញ​ភ្ជាប់​ទំនាក់​ទំនង​​សង្គម​​ហ្វេសប៊ុក​​បាន​អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ ធ្វើ​ឲ្យ​អ្នក​ខ្លះ​គិត​ថា គេ​មាន​បំណង​បិទ​គេហទំព័រ​​​ហ្វេស​ប៊ុក​នេះ​។

ក្រុមហ៊ុនវៀតតែល ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុម​​ហ៊ុន​មិត្ត​ហ្វូន​ និង​ ដែល​​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​យោធា​វៀត​ណាម​​ មិន​បាន​ឆ្លើយ​តប​សំណួរ​ ដែល​គេ​បាន​សួរតាម​រយៈ​​អ៊ីម៉េល​នោះ​ឡើយ ហើយ​តំណាង​ក្រុមហ៊ុន​នេះ​​ក៏​មិន​អាច​ទាក់​ទង​តាម​ទូរស័ព្ទ​​ ដើម្បី​ឲ្យ​ពន្យល់​​ពី​ការ​​​រអាក់​រអួល​នៃ​សេវា​កម្ម​នេះ​បាន​ដែរ​កាល​ពី​ម្សិលមិញ។

បញ្ហា​មិន​អា​ច​ចូល​ទៅ​កាន់​គេហទំព័រ​​ហ្វេសប៊ុក​នេះ​បាន​កើត​ឡើង​​មិន​យូរ​ប៉ុន្មាន​​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដែល​អំឡុង​ពេលនោះ​​​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​អ៊ីនធើណិត​នេះ​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​គោល​នយោបាយ​របស់​ខ្លួន​ ខណៈ​កាសែត​ និង​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ ដែល​​ផ្សាយ​ជា​​​ភាសា​ខ្មែរ​ផ្សេង​ទៀត​ ផ្ដោត​តែ​ទៅ​លើ​​គណ​បក្ស​ប្រជាជន​កម្ពុជា​​កំពុង​កាន់​អំណាច​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។​បណ្ដាញ​ទំនាក់​ទំនង​សង្គម​នេះ​​ មាន​សារៈ​​សំខាន់​​​ណាស់​ក្នុង​កា​រទាក់​ទាញ​យុវ​ជន​ខ្មែរ​ ដែល​ចេះ​ប្រើ​អីុនធើណិត​ឲ្យ​​មក​គាំទ្រ​គណបក្ស​ប្រឆាំង​ ដែល​​បាន​ប្រកាស​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​​ស្រប​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ សុត វណ្ណឌី ភ្នាក់​ងារ​ផ្ដល់​ព័ត៌មាន​នៅ​ក្រុមហ៊ុន​មិត្ត​ហ្វូន​ក្នុង​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា  ការ​ចូល​ទៅ​កាន់​គេហ​ទំព័រ​​ហ្វេសប៊ុក​​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណិត​មិត្ត​ហ្វូន​​ត្រូវ​បាន​កាត់​ផ្ដាច់​​រយៈ​ពេល​ប្រហែល​​ពី​បួន​​ទៅ​ប្រាំ​ម៉ោង​ ដើម្បី​​ធ្វើ​បច្ចុប្បន្ន​ភាព​ ដែល​​គ្មាន​ការ​​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​។លោក​ វណ្ណឌី ដែល​មិន​អាច​​ពន្យល់​ប្រាប់​ថា ហេតុអ្វី​បាន​ជា​​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នេះ​ប៉ះពាល់​តែ​​ទៅ​​គេហទំព័រ​ហ្វេសប៊ុក​​នោះ​​បាន​លើក​ឡើង​ថា “ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ថ្នាក់​​លើ​​កាលពី​ម្សិលមិញ​ថា គេហទំព័រ​ហ្វេស​ប៊ុក​​នឹង​​ត្រូវ​បិទ​នៅ​ក្នុង​ថ្ងៃ​នេះ​ ពីព្រោះ​​ក្រុមហ៊ុន​​ត្រូវ​​ការ​​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ​អីុនធើណិត​”។

លោក​ ឡាយ ម៉ារី​វ៉ូ នាយក​រង​​ក្រុមហ៊ុន​ទូរគមនា​គមន៍កម្ពុជា​​បាន​លើក​ឡើង​ថា  លោក​ មិន​ដឹង​ពី​​​ការ​មិន​​អា​ច​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេសប៊ុក​​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណិត​មិត្តហ្វូន​​ក្នុង​រយៈ​ពេល​ខ្លី​នេះ​ទេ​។ គេហទំព័រ​ហ្វេសប៊ុក​​​​ក៏​មិន​បាន​ឆ្លើយតប​​នឹង​សំណើ​​សុំ​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗដែរ​។

លោក​ គង់ ម៉ាស​ ដែល​ជា​អ្នក​ដឹកនាំ​យុទ្ធ​នា​ការ​ឃោសនា​តាម​រយៈ​បណ្ដាញ​ភ្ជាប់​ទំនាក់​ទំនង​សង្គម​​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ដោយ​សារ​តែ​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ភាគ​ច្រើន​​ត្រូវ​បាន​​គ្រប់គ្រង​​ដោយ​ ឬ​ក៏​មាន​ទំនាក់​ទំន​ងជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង “​អាច​ទទួល​បាន​ព័ត៌​មាន​តាម​តែ​តាម​រយៈ​គេហ​ទំព័រ​ហ្វេសប៊ុក​ និង​វិទ្យុ​ប៉ុណ្ណោះ​”។

លោក​ គង់ ម៉ាស បានថ្លែង​​ថា “វា​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​បញ្ជូន​ព័ត៌មាន​ទៅ​អ្នក​គាំទ្រ​នៅ​ក្នុង​ទីក្រុង​ និង​នៅ​តាម​ខេត្ត​”។ លោក​បាន​បន្ថែម​ថា លោក​មិន​បាន​ដឹង​ពី​ការ​ពិការ​​ចូល​ទៅ​កាន់​គេហ​ទំព័រ​​ហ្វេស​​ប៊ុក​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណិត​មិត្ត​ហ្វូន​​កាលពី​ព្រឹក​ម្សិល​មិញ​​នោះ​ឡើយ​។

យោង​តាម​​សេចក្ដី​រាយ​ការណ៍​របស់​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹង​ថា កាលពី​សប្ដាហ៍​​​មុន​ ប្រទេស​វៀតណាម​បាន​ប្រកាស​ច្បាប់​ថ្មី​មួយ​ ដែល​នឹង​ចូល​ជា​ធរមា​ន​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា​  ហាម​​មិន​ឲ្យ​មាន​កា​រចែក​​រំលែក​​ព័ត៌មា​ន​លើស​​ពី​ខ្លឹម​សារ​​ដើម​ចេញ​ពី​សំណាក់​បុគ្គល​ណា​មួយ​​​​តាម​រយៈ​ប្លក់​​​ និង​បណ្ដាញភ្ជាប់​ទំនាក់​ទំនង​សង្គម​​ដូចជា​ គេហ​ទំព័រ​ហ្វេសប៊ុក​ជាដើម​។​ ជា​ការ​ឆ្លើយ​ត​ប​​នឹង​សេចក្ដី​ប្រកាស​នេះ​ស្ថានទូត​អាមេ​រិក​ប្រចាំ​ទី​ក្រុង​ហា​ណូយ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​លើក​ឡើង​ថា បម្រាម​​នេះ​ទំនង​​​ជា​បំបិទ​​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស