ព័ត៌មានជាតិ

បក្ស​ប្រជាជន​​ផ្តល់​ឱកាស​ឲ្យ​កូន​ប្រុស​មន្ត្រី​ជាន់​ខ្ពស់​ធ្វើ​ជា​តំណាង​រាស្ត្រ​

By

August 08, 2013

លោក​ ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​កាល​ពីម្សិល​មិញថា  ថ្វីបើ​មិនទទួល​បាន​​សំឡេង​​ឆ្នោត​គ្រប់​គ្រាន់​នៅ​ក្នុងការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ ដើម្បីក្លាយ​ជា​សមាជិក​សភា​ក៏ដោយ​ ក៏កូន​ប្រុស​សមាជិក​ជាន់​ខ្ពស់​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​យ៉ាង​ហោច​ណាស់​បីរូប​​នឹង​ទទួល​បាន​អាសនៈ​ក្នុង​សភាដែរ​នៅ​ពេល​​បង្កើត​រដ្ឋសភា​ថ្មី​។

លោក​ ហ៊ុន​ ម៉ានី អាយុ​៣០​ឆ្នាំ​ កូន​ប្រុស    ​ទី​២​​​របស់​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន លោក​  ស សុខា អាយុ​៣២​ឆ្នាំ​កូន​ប្រុស​លោក​ ស ខេង​ ​រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ និង​លោក សាយ​ សំអាល់​ អាយុ៣៣ឆ្នាំ​ កូន​ប្រុស​របស់​លោក សាយ​ ឈុំ ប្រធាន​ស្តីទី​ព្រឹទ្ធសភា ​សុទ្ធ​តែ​មិន​បានជាប់​ឆ្នោត ​ព្រោះ​ពួកគេ​ស្ថិត​នៅ​ក្រោម​​ គេ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខ​ជន​​​របស់​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​​នៅ​តាម​មណ្ឌល​របស់​​ខ្លួន​ និង​​ដោយសារ​តែ​​​ការ​ទទួល​សំឡេង​ច្រើន​ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល​របស់គណបក្ស​ប្រឆាំង​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ទាំង​នោះ​។

យោង​តាម​លទ្ធផល​បោះឆ្នោត​បឋម​ ដោយ​សារ​គណ​បក្ស​​ប្រជាជន​កម្ពុជា​​បាត់​បង់​អាសនៈ​ក្នុ​ងសភា​អស់​ចំនួន​២២​ទៅលើ​គណ​បក្ស​សង្គ្រោះជាតិ​នោះ​ ការ​សម្រេច​ប្រគល់​តួនាទី​សមាជិក​សភា​ទៅ​ឲ្យ​បេក្ខ​ជន​វ័យ​ក្មេង​ទាំងបី​រូប​​របស់​គណបក្ស​នេះ​មាន​ន័យ​ថា សមាជិក​សភា​គណ​បក្ស​​ប្រជាជន​កម្ពុជា​​យ៉ាង​ហោច​ណាស់​២៥​រូប​​ក្នុង​រដ្ឋាភិបាល​អាណត្តិ​​មុន​នឹង​បាត់​បង់​តួនាទីរបស់​ខ្លួន​។

លោក ជាម​ យៀប ដែល​ជាស​មាជិក​គណៈ​​កម្មាធិការ​អចិន្ត្រៃយ៍​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​​​​បាន​មាន​ប្រសាសន៍ថា ការ​ប្រគល់​តួនាទី​ទៅ​ឲ្យ​សមាជិក​សភា​គណ​បក្ស​​ប្រជាជន​កម្ពុជា ​​ថ្មី​ទាំង​បីរូប​នេះ​ គឺ​អាច​ធ្វើ​ទៅ​បាន ហើយ​លោក​​​បាន​បញ្ជាក់​ថា តំណាងរាស្រ្ត​របស់​​គណ​បក្ស​កាន់​អំណាច​១៣​រូប​បាន​យល់​ព្រម​លា​លែង​​នៅ​មុន​ពេល​បោះ​ឆ្នោត​រួច​ហើយ​។

លោក​បាន​មាន​ប្រសាសន៍ថា “ សមាជិក​សភា​ចំនួន​១៣រូប​មក​ពី​អាណត្តិ​ទី​៤មិន​បាន​ឈរ​ឈ្មោះ​ជាបេក្ខ​ជន​ទេ”។ លោក​បាន​មាន​​​ប្រសាសន៍ថា  “ អាសនៈ​ទាំង​៦៨​នេះ​នឹង​មាន​បេក្ខ​ជន​ថ្មី​មក​ជំនួស​ ដូចជា​​លោក​ ហ៊ុន​ ម៉ានី​ កូន​ប្រុស​របស់​សម្តេច​ ហ៊ុន​ សែន លោក​ ស សុខា កូន​ប្រុស​របស់​លោក​ ស ខេង​ និង​​លោក សាយ​ សំអាល់​ កូន​ប្រុស​របស់​លោក​សាយ​ ឈុំ”។

លោក​ ហ៊ុន​ ម៉ានី គឺ​ជាបេក្ខ​ជន​លេច​ធ្លោ​នៅមណ្ឌល​កំពង់​ស្ពឺ​ ប៉ុន្តែ មាន​ឈ្មោះ​នៅក្នុង​លេខ​រៀង​ទី៤​សម្រាប់​ខេត្ត​នេះ​។ លទ្ធផល​ក្រៅ​ផ្លូវ​ការ​នៃការ​បោះ​ឆ្នោត​នេះ​បាន​បង្ហាញថា ការបែង​ចែក​អាសនៈ​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ប្រចាំមណ្ឌល​​កំពង់​ស្ពឺ​​បាន​ធ្លាក់​ចុះ​ពី​ប្រាំ​អាសនៈនៅ​​ក្នុង​ឆ្នាំ​២០០៨​មក​ត្រឹម​បី​អាសនៈ​កាល​ពីថ្ងៃ​ទី ២៨​ខែ​កក្កដា​។

បេក្ខ​ជន​គណបក្ស​កាន់អំណាចមាន​ឈ្មោះ​​​លើ​គេ​​បី​រូប​នៅ​មណ្ឌល​កំពង់​ស្ពឺ គឺ​លោក សាយ​ ឈុំ​ ប្រធាន​ស្តី​ទី​ព្រឹទ្ធ​សភា​ និង​ជាប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ លោក ឆាយ​ ថន សមា​ជិក​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ និង​លោក កង​ ហ៊ាង ដែល​ជា​អភិបាល​ខេត្ត​កំពង់​ស្ពឺ​រហូត​មក​ទល់​ដើម​ឆ្នាំនេះ​។មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​ទាំង​បីរូប​នេះ​ ទំនង​ជាមិនបាន​​ទទួល​យក​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ទេ​ ដើម្បីបើក​ផ្លូវ​​ឲ្យ​លោក​ ហ៊ុន​ ម៉ានី វិញ។

ដោយ​មិន​ទាន់​មាន​លទ្ធផល​ជាផ្លូវ​ការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​នោះ​ លោក​ ជាម​ យៀប មិន​និយាយ​ថា តើ​សមាជិក​សភា​មួយ​ណា​ក្នុង​ចំណោម​សមាជិក​សភា​ទាំងបីរូប​នេះ​ត្រូវលះបង់​អាសនៈ​របស់​ខ្លួន​នោះទេ​ ប៉ុន្តែ​ លោក​ពិត​ជាបាន​មាន​ប្រសាសន៍ថា សមាជិក​សភា​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​១២​រូប​ដែល​ឥឡូវ​នេះ​បាន​បាត់​បង់​តួនាទី​របស់​ខ្លួន​នៅក្នុង​រដ្ឋ​សភា​ដោយ​សារ​តែ​លទ្ធផល​បោះឆ្នោ​តមិន​ល្អ​របស់​គណ​បក្ស​កាន់​អំណាច​នោះ​ នឹងបាន​ទទួល​​តួនាទី​ផ្សេង​ទៀត​នៅតាម​ក្រសួង​ ឬ​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​។

លោក​ ជាម​ យៀប បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ចាំឈ្មោះ​សមាជិក​សភា​ទាំង​១២​រូប​ដែល​ត្រូវ​លា​លែង​នៅ​ពេល​នេះ​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំមិន​អាច​ចាំឈ្មោះ​សមាជិក​សភា​ដែល​លា​លែង​ពី​តួនាទី​របស់​ខ្លួន​ដើម្បី​ទៅកាន់​តួនាទី​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋាភិបាល​ និងឈ្មោះ​​អ្នក​ថ្មី​ដែល​ត្រូវ​ជំនួស​ពួកគេនោះ​ទេ​”។

“ ឥឡូវ​នេះ​យើង​ត្រូវ​រង់​ចាំលទ្ធផល​ចុង​ក្រោយ​ពី​ គ.ជ.ប. និង​រង់​ចាំ​រដ្ឋ​សភា​បើ​ក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះសិន​”។ នៅ​ក្នុង​ខេត្តព្រៃ​វែង​ ជាខេត្តដែល​​មាន​១១​​អាសនៈ​​ ការ​បែង​ចែក​​អាសនៈ​​សមាជិក​សភា​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​បាន​ធ្លាក់​ចុះ​ពី​ប្រាំពីរ​អាសនៈ​មក​ត្រឹម​ប្រាំ​អាសនៈ​វិញ​។

ការ​កើនសំឡេងគាំទ្រ​ចំពោះ​គណបក្ស​ប្រឆាំង​នៅ​មណ្ឌល​ព្រៃវែង​មាន​ន័យ​ថា ​លោក​ ស សុខា ​មិន​ជាប់​ឆ្នោត​ដោយ​​ស័្វយប្រវត្តិ​នោះ​​ទេ​។​គេមិន​ទាន់​ដឹង​ថា តើ​នរណា​នឹង​ត្រូវ​លា​លែង ​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​ ស សុខា បាន​ក្លាយ​ជា​សមាជិក​សភា​នោះ​ទេ​ ប៉ុន្តែ បេក្ខ​ជន​ដែល​មាន​ឈ្មោះ​នៅលើគាត់​គឺ លោក​ ជាម យៀប  លោក​ ប៉ែន បញ្ញា និង​លោក​  ញឹម​ វណ្ណដា​ ។

លោក​ សុខ​ សុខន កូន​ប្រុស​របស់​លោក​ សុខ​ អាន​ និង​លោក​​ គីម រិទ្ធី​ កូន​ប្រុស​របស់​លោក គន់ គីមនាយសេនាធិការ​ចម្រុះ​កង​យោធ​ពល​​ខេមរភូមិន្ទ​​ក៏​បាន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នេះដែរ ប៉ុន្តែ មិន​បាន​ជាប់​ឆ្នោត​នៅមណ្ឌល​តាកែវ​ដែល​ពួកគេ​ឈរ​ឈ្មោះ​នោះទេ​។

លោក​ ជាម យៀប មិន​បាន​និយាយ​ថា តើ​លោក សុខន និង​លោក រិទ្ធី​ នឹង​បាន​ទទួល​អាសនៈ​សភា​ឬអត់​នោះទេ​។ គណ​បក្ស​​ប្រជាជន​កម្ពុជា​​បាត់​បង់​អាសនៈ​ពីរ​នៅក្នុង​ខេត្ត​តាកែវ​​ មាន​ន័យថា លោក ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ក៏​មិន​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ខេត្ត​នេះដែរ​។

លោក​ ម៉ុក​ ម៉ារ៉េត រដ្ឋមន្ត្រីក្រសួង​បរិ​ស្ថាន​ លោក​ សូរ ឃុន រដ្ឋ​មន្ត្រី​​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគមនាគមន៍​ និង​លោក​ និន សុភ័ណ​​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ គឺជាបេក្ខ​ជន​បួន​រូប​ដែល​ស្ថិត​នៅ​ក្នុង​លេខរៀង​លើគេ​ក្នុង​ខេត្ត​តាកែវ​រួម​ជាមួយ​លោក​ សុខ អាន​។

លោក​ ឈាង​ វុន សមាជិក​សភា​គណបក្ស​​ប្រជាជន​ដែល​ជា​អ្នក​នាំពាក្យរដ្ឋ​សភា​​បាន​មាន​ប្រសាសន៍ថា មិន​ទាន់​មាន​ការ​សម្រេច​ថា  តើ​អាសនៈ​របស់​សមាជិក​សភា​ណា​នឹង​ត្រូវ​លះបង់​ដើម្បី​បើក​ផ្លូវ​ឲ្យ​កូន​របស់​សមា​ជិក​ជាន់​ខ្ពស់​គណបក្ស​​នេះទេ​។ ប៉ុន្តែ ​មន្ត្រី​ណា​ដែល​បាត់​បង់​តួនាទីដោយ​សារ​​​គណបក្ស​ធ្វើ​ការ​ផ្លាស់​​ប្តូរ​​នោះ​អាច​​ទៅ​កាន់​តួនាទី​នៅ​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី​។

លោក​ ឈាង​ វុន​ បាន​មា​ន​ប្រសាសន៍ថា “ គណ​បក្ស​​ប្រជាជន​កម្ពុជា​​អាចបញ្ជូន​​ឈ្មោះ​បេក្ខ​ជន​​​សមាជិក​សភាទៅរដ្ឋ​សភា​។សមា​ជិក​សភា​មួយ​ចំនួន​អាច​ទៅ​ធ្វើ​ការ​នៅ​ទីស្តី​ការ​​គណៈរដ្ឋមន្ត្រី​”។ លោក​បាន​ពន្យល់​ថា អ្នក​ដែល​មិន​ជាប់​ឆ្នោត​នៅតែត្រូវ​បាន​​តែង​តាំង​ឲ្យ​ចូលរដ្ឋ​សភា​ដោយ​គណៈកម្មា​ធិ​ការ​អចិន្ត្រៃយ៍​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ដែរ។លោក​បាន​មាន​ប្រសាសន៍​ពន្យល់​ពី​ប្រព័ន្ធ​ដាក់​តួនាទី​នៅ​ក្នុង​បញ្ជី​ឈ្មោះបេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នេះ​ថា “ ឧទា​ហរណ៍​ ដូច​ជារូប​ខ្ញុំ​ ឈាង​ វុន ខ្ញុំ​ស្ថិត​នៅក្នុង​លេខរៀង​ទី៨​​នៅលើ​បញ្ជី​ឈ្មោះ​បេក្ខ​ជន​គណបក្ស​ប្រជា​ជន​​កម្ពុជា​​  ដូច្នេះ​ខ្ញុំ​អាច​ធ្វើ​ជា​សមាជិក​សភា​ម្តង​ទៀត​បាន​អាស្រ័យលើ​ថា តើ​គណៈ​កម្មា​ធិការ​​អចិន្ត្រៃយ៍​ត្រូវ​ការ​ខ្ញុំ​ឬ​អត់​”។

“ វាមិន​មាន​បញ្ហា​អ្វី​ទេ​ចំពោះ​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ យើង​ទាំង​អស់​គ្នា​ស្គាល់​ភារ​កិច្ច​របស់​យើង​​ ហើយ​មន្ត្រីមួយ​ចំនួន​រីករាយ​នឹង​លាលែង​ ហើយ​អនុញ្ញាតឲ្យ​អ្នក​ផ្សេង​ទៀត​ធ្វើ​ការ​ដើម្បី​ប្រទេសជាតិ​របស់​ខ្លួន​។ នេះ​គឺ​ជាបញ្ហា​ផ្ទៃក្នុង​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​។ នៅ​ក្នុង​កាលៈទេសៈ​នេះ យើង​ត្រូវ​បង្រៀន​អ្នក​ថ្មី​ឲ្យធ្វើ​ការ​បន្ត​”។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ លោក ហ៊ុន​ ម៉ានី បាន​មាន​ប្រសាសន៍ថា លោក​មិន​បាន​ដឹង​ពីសេចក្តីសម្រេច​ណាមួយ​ក្នុង​ការ​ធ្វើ​ឲ្យ​​លោក​ក្លាយ​ជា​សមាជិក​សភា​នោះទេ​។ លោក​បាន​មាន​ប្រសាសន៍បន្ត​ទៀត​ថា “ ខ្ញុំ​​មិន​មាន​អ្វី​ត្រូវ​និយាយ​ទេ​។ ខ្ញុំ​ត្រូវ​រង់​ចាំ​លទ្ធផល​ចុង​ក្រោយ​ពី គ.ជ.ប.”។

លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​ឯករាជ្យបាន​មាន​ប្រសាសន៍ថា ការ​តែង​តាំង​កូន​មន្ត្រី​ទាំង​បីរូប​នេះ​អាច​បង្ក​ឲ្យ​មាន​អរិភាពមួយ​ចំនួន​នៅ​ក្នុង​គណបក្ស​នេះ​ព្រោះ​គណបក្ស​នេះ​មាន​បំណង​បញ្ចូល​សាច់​ញាតិ​ក្មេង​ៗមួយ​ចំនួន​ទៅក្នុង​អង្គ​នីតិ​បញ្ញតិ្ត​ដោយ​ការ​ចូលនិវត្ត​របស់​សមាជិក​ផ្សេង​ទៀត​។ លោក​ស្រី ​មាន​ប្រសាសន៍ថា “ ខ្ញុំ​សង្ឃឹម​ថា ​ពួក​គេ​មាន​ការ​ពិគ្រោះ​យោបល់​ក្នុង​ន័យថា  [​អ្នក​ដែល​ត្រូវ​ចាក​ចេញ​ពីរដ្ឋ​សភា​] ​ដោយសារ​ដល់​អាយុ​ចូល​និវត្ត​ ឬ​ដោយ​សារ​ហេតុផល​ផ្សេង​ដែល​ពួកគេ​សុខ​ចិត្ត​ចូល​និវត្ត​”។

លោក​ស្រី​បាន​មាន​ប្រសាសន៍ទៀតថា “វា​ហាក់​ដូច​ជាមាន​​ហេតុផលសមស្រប​​ក្នុង​ការ​ដាក់​កូន​មន្ត្រី​ទាំង​បីរូប​នោះ​នៅក្នុង​រដ្ឋ​សភា​ដោយ​ហេតុផល​ថា គណ​បក្ស​​ប្រជាជន​កម្ពុជា​​ត្រូវការ​មនុស្ស​ជំនាន់​ក្រោយ​។ ពិត​មែន​ហើយ​ វា​មិន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ពេញ​ចិត្ត​នោះទេ​។វា​នឹង​ធ្វើ​ឲ្យ​នរណា​ម្នាក់​នៅ​ក្នុង​បក្ស​នេះមិន​សប្បាយ​ចិត្ត​ ប៉ុន្តែ វា​ហាក់​ដូច​ជា​ រឿង​នោះគឺ​ជាអ្វីដែលថ្នាក់​ដឹកនាំចង់​ធ្វើ​”។

(រាយការណ៍​បន្ថែម​ដោយ​ Lauren Crothers) ប្រែសម្រួល​ដោយ មូល គឹមហឿន