នៅម៉ោង៨យប់ថ្ងៃបោះឆ្នោត ទី២៨កក្កដា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសជ័យជម្នះសម្រាប់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គណបក្សកាន់អំណាចទទួលបាន៦៨អាសនៈ រីឯគណបក្សប្រឆាំងទទួលបាន៥៥អាសនៈ។
រយៈពេលប៉ុន្មានថ្ងៃក្រោយមក លទ្ធផលបឋមចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. នៅដដែល ពោលគឺ៦៨អាសនៈ ទល់នឹង៥៥អាសនៈ ប៉ុន្តែ ពេលនេះគ.ជ.ប. កំពុងអង្វរករឲ្យសាធារណជនកុំយកចិត្តទុកដាក់ចំពោះការជជែកណាមួយអំពីលទ្ធផលសរុបទាំងនោះ ដោយសារខ្លាចបង្កអស្ថិរភាពក្នុងសង្គម។
កាលពីថ្ងៃច័ន្ទ គ.ជ.ប. បានចេញសេចក្ដីថ្លែងការណ៍មួយព្រមានបណ្ដាគណបក្សនយោបាយ និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំពោះការចុះផ្សាយលទ្ធផលបោះឆ្នោតមិនផ្លូវការ ហើយបានលើកឡើងថា ទង្វើបែបនេះអាចនាំឲ្យមានអស្ថិរភាពក្នុងសង្គម។
តែទោះជាយ៉ាងណា គ.ជ.ប. មិនបានលើកឡើងពីការព្រមានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលថ្មីៗនេះថានឹងមានចលាចលសង្គម ប្រសិនបើគណបក្សប្រឆាំងធ្វើបាតុកម្មជំទាស់លទ្ធផលបោះឆ្នោតនោះទេ។ គ.ជ.ប. បានលើកឡើងថា “គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្នុងពេលថ្មីៗនេះ បណ្ដាគណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនបានចុះផ្សាយលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ដោយមិនត្រឹមត្រូវ និងដោយគ្មានមូលដ្ឋានច្បាស់លាស់។ ការផ្សព្វផ្សាយព័ត៌មានមិនពិតនោះអាចបណ្ដាលឲ្យមានការយល់ច្រឡំ ដែលបង្កការបំពុលបរិយាកាសសង្គមឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កអសន្ដិសុខ”។
គ.ជ.ប. បានលើកឡើងទៀតថា “ គ.ជ.ប. សូមអំពាវនាវដល់សាធារណជនទាំងអស់កុំឲ្យយកចិត្តទុកដាក់ ឬជឿការផ្សព្វផ្សាយព័ត៌មានមិនពិតនោះ។ សូមរង់ចាំព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលគ.ជ.ប. នឹងប្រកាសបន្ទាប់ពីមានការបញ្ជាក់ច្បាស់លាស់ និងបន្ទាប់ពីពាក្យបណ្ដឹង និងសេចក្ដីរាយការណ៍អំពីភាពមិនប្រក្រតីកើតមានអំឡុងពេលបោះឆ្នោតទាំងអស់ត្រូវបានដោះស្រាយ”។
បច្ចុប្បន្នគណបក្សទាំងពីរកំពុងស្ថិតក្នុងស្ថានភាពជាប់គាំងទាក់ទិននឹងលទ្ធផលនៃការបោះឆ្នោត។ ការចរចាឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីកើតមានគ្រប់ទីកន្លែងនៅថ្ងៃបោះឆ្នោតក៏បានជាប់គាំងដែរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប. បានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យអង្គការសហប្រជាជាតិធ្វើជាអ្នកសម្របសម្រួលក្នុងការស៊ើបអង្កេតបែបនេះ។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានមានប្រសាសន៍ថា សេចក្ដីប្រកាសនេះធ្វើឡើង ដើម្បីលុបបំបាត់ការយល់ច្រឡំ។ លោកបានមានប្រសាសន៍ថា “ជាការពិតគណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានសិទ្ធិចុះផ្សាយសេចក្ដីរាយការណ៍ទាំងនេះ អំពីការបោះឆ្នោត ដែលពួកគេទទួលបាន ប៉ុន្តែតួលេខនេះខុសគ្នាទាំងស្រុង។ ដូច្នេះវាបង្កឲ្យសាធារណជនមានការភាន់ច្រឡំ និងបង្កឲ្យមានមន្ទិលចំពោះមូលហេតុ ដែលគ.ជ.ប. មិនទាន់ចេញផ្សាយតួលេខនៅឡើយ”។
ពេលសាកសួរថា ហេតុអ្វីបានជាសេចក្ដីថ្លែងការណ៍នេះមិនសំដៅចំៗលើការគំរាមកំហែងរបស់លោក ហ៊ុន សែន ក្នុងពេលថ្មីៗនេះថា នឹងមានអស្ថិរភាពក្នុងសង្គមនោះ លោក ទេព នីថា បានមានប្រសាសន៍ថា លោក មិនចង់បញ្ចេញឈ្មោះនរណាម្នាក់ឲ្យចំៗទេ។ លោកបានមានប្រសាសន៍បន្ថែមតាមក្រោយថា “វាមិនមែនជាដែនសមត្ថកិច្ចរបស់គ.ជ.ប. ដែលត្រូវធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ”។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យបានថ្លែងថា ប្រទេសកម្ពុជានៅមិនទាន់ជាសង្គមប្រជាធិបតេយ្យពេញលេញនៅឡើយទេ “ ដូច្នេះរបៀបនៃការធ្វើអ្វីៗ គឺខុសគ្នាពីបណ្ដាប្រទេសប្រជាធិបតេយ្យភាគច្រើនផ្សេងទៀត។តែងតែមានភាពលម្អៀង នោះហើយជាមូលហេតុ ដែលការបោះឆ្នោតនេះមានសារៈសំខាន់ខ្លាំង”។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “វាជាសារពញ្ញាក់ស្មារតី ប៉ុន្តែប្រជាពលរដ្ឋដឹងថា មានភាពលម្អៀង ហើយពួកគាត់មិនចង់បានភាពលម្អៀងនោះឡើយ។ ខ្ញុំគិតថា ស្ថាប័ន និងបណ្ដាអ្នកនយោបាយចាំបាច់ត្រូវសិក្សាពីរឿងនោះឲ្យបានច្រើន។ ប្រព័ន្ធដឹកនាំប្រទេស ដែលផ្អែកលើអំណាចទឹកប្រាក់ ឬការទិញទឹកចិត្តលែងស័ក្តិសមនឹងអនុវត្តនៅក្នុងប្រទេសកម្ពុជាទៀតហើយ”៕
ប្រែសម្រួលដោយ តែម សុខុម