27 C
Phnom Penh

តុលាការ​កំពូលត​ម្កល់​សាលក្រម​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​​១០ឆ្នាំ​លើ​អតីត​​ប្រធាន​កង​អង្គរក្ស​លោក ជា ស៊ីម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ តុលាកា​រកំពូល​បាន​តម្កល់​ការ​ផ្ត​ន្ទា​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​លើ​អតីត​ប្រធាន​កង​អង្គរក្ស​របស់​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា​​ដែល​ត្រូវ​បាន​កាត់ឲ្យ​ជាប់​ទោសតាមការ​ចោទ ប្រកាន់​ពីបទ​មាន​អាវុធ និង​ក្លែង​បន្លំ​ឯក​សារ​​សាធារណៈ​។

អតីត​ប្រធាន​កងអង្គរក្ស​អបយស​លោក ឈឿន ចាន់​ថន​ ត្រូវ​តុលាការ​យោធា​កាត់​ឲ្យ​ជាប់​ទោស​តាមការ​ចោទ​ប្រកាន់ ដាច់ដោយ ឡែកពីគ្នា​​ពីបទ​រំលោភ​សេចក្តី​ទុកចិត្ត  លក់ អាវុធខុសច្បាប់​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​យោធា​ ប៉ុន្តែ​ កាល​ពីម្សិល​មិញ​ តុលាការ​កំពូល​​បាន​បញ្ជូន​​រឿង​ក្តី​នេះ​ទៅ​ឲ្យសាលា​ឧទ្ធរណ៍​ពិនិត្យ​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​២៦​ឆ្នាំ​នេះ​​ឡើង​វិញ​។

លោក​ ឃឹម​ ប៉ុណ្ណ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្ស​ជំនុំជម្រះ​តុលាការ​កំពូល​បាន​ច្រាន​ចោល​​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ឈឿន ចាន់​ថន ដែល​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​កាល​ពីខែ​កុម្ភៈ​ឆ្នាំ​២០១២​ពីបទ​លាក់​ទុក​​អាវុធខុស​ច្បាប់​ បញ្ជាឲ្យ​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មានការ​អនុ​ញ្ញាត​ត្រឹម​ត្រូវ​ ក្លែងបន្លំ​ឯក​សារ​ និង​ប្រើ​ប្រាស់​ឯកសារ​ដែល​បាន​ក្លែង​នោះ។ លោក​ចៅក្រមរូប​នេះ បាន​សន្និដ្ឋាន​ថា   “ តុលាការ​យល់ឃើញ​ថា តុលាការ​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​លើ​លោក​ ឈឿន​ ចាន់​ថន ចំពោះ​​បទ​ឧក្រិដ្ឋ​ទាំង​នេះ​”។

លោក​ ឈឿន​ ចាន់​ថន បាន​អះអាង​​នៅ​ក្នុង​តុលាការ​​កាល​ពីខែ​មុន​ថា បុព្វា​ធិការី​របស់​លោក​ គឺលោក​ អ៊ុក​ ឈឿន​ ដែល​​ជា​ប្រធាន​កង​អង្គរក្ស​របស់​លោក​ ជា ស៊ីម​ មុន​រូប​លោក​ ហើយ​ជា​ចៅ​ហ្វាយ​នាយ​របស់​លោក​​ ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ក្លែង​បន្លំ​ឯកសារ​នេះ ដែ​ល​ក្នុង​​នោះ​ ​ប័ណ្ណ​សម្គាល់​ខ្លួន​យោធា​របស់​សហ​សេវិក​ដែ​ល​ស្លាប់​ទៅម្នាក់​ត្រូវគេ​ប្រើ​ប្រាស់​ដើម្បី​ដំឡើង​ឋានៈ​លោក ឈឿន​ ចាន់ថន ពី​វរ​​​សេនីយ៍​ទោ​ទៅ​វរសេនីយ៍​ឯក។

លោក​ក៏បាន​អះអាង​ផង​ដែរ​ថា លោក​ត្រូវ​​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អាវុធ​ដែល​លោក​មាន​ទាំង​ប៉ុន្មាន​ ហើយ​លោក ជា ស៊ីម បាន​បញ្ជាឲ្យ​រក្សា​ទុក​អាវុធ​ទាំង​នេះ​នៅ​ក្នុង​ផ្ទះ​របស់​លោក​។ លោក​ចៅក្រម ឃឹម ប៉ុណ្ណ បាន​ថ្លែង​​ថា “ តុលាការ​កំពូល​ច្រាន​ចោល​បណ្តឹង​របស់​លោក ឈឿន​ ចាន់​ថន​ ហើយ​បាន​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​ថា ​សា​លា​​ឧទ្ធរណ៍គួរ​ពិនិត្យ​សើរើឡើងវិញ​ពីការ​ផ្ត​ន្ទា​ទោស​ជាប់​ពន្ធនាគារ​២៦​ឆ្នាំរបស់​តុលាការ​យោធា​កាល​ពីខែ​កុម្ភៈឆ្នាំ​២០១២​ផង​ដែរ។

​លោក​ចៅក្រម  ឃឹម  ប៉ុណ្ណ​ ​មាន​ប្រសា​សន៍​ថា “ តុលាការ​កំពូល​យល់ឃើញ​ថា បទ​ចោទ​ប្រកាន់​ទាំង​ប្រាំនេះ​គឺត្រឹម​ត្រូវ​ហើយ​ ប៉ុន្តែ តុលាការ​កំពូល​រកឃើញថា បទ​ចោទ​ប្រកាន់​ទាំង​នេះ​ដាច់​​ដោយ​ឡែក​ពីគ្នា​”។  លោក​បាន​ពន្យល់​ថា តាម​មាត្រា​១៣៨​នៃក្រម​ព្រហ្មទណ្ឌ​ នៅ​ពេល​ជន​ណា​ម្នាក់​ត្រូវ​​​បាន​កា​ត់ឲ្យ​ជាប់ទោស​ក្នុ​ងបទ​ចោទ​ប្រកាន់​ច្រើន​រួម​គ្នា​នោះ​ ទោស​នោះ​ត្រូវ​បាន​បញ្ចូល​គ្នា ហើយគួរតែ​ផ្តន្ទាទោស​អតិបរមា​​ចំពោះ​បទ​ឧក្រិដ្ឋ​ណាធ្ងន់ធ្ងរ​បំផុត​​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។

លោក​បាន​មាន​ប្រសាសន៍ថា “ តុលា​ការ​ជាន់​ទាបទាំង​ពីរ​គឺ  [តុលាការ​យោធា​ និង​សា​លា​ឧទ្ធរណ៍]​ មិន​បាន​អនុវត្ត​តាម​គោល​ការណ៍​នេះទេ​។តុលាការ​កំពូល​បាន​សម្រេច​បញ្ជូន​រឿង​ក្តីនេះ​ទៅឲ្យសាលា​ឧទ្ធរណ៍​​​​​ជំនុំ​ជម្រះ​ឡើង​វិញ​។ បទ​ចោទប្រកាន់​ធ្ងន់​ធ្ងរ​បំផុតនៅ​​ក្នុង​ការ​ផ្តន្ទា​ទោស​របស់​​តុលា​ការ​យោធា​​ប្រឆាំង​នឹង​​លោក​ ឈឿន ចាន់​ថន នោះគឺការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​យោធាដែល​​មាន​ទោស​ជាប់​ពន្ធនាគារ​​ពីប្រាំពីរ​ឆ្នាំ​ដល់​១៥​ឆ្នាំ ដូច្នេះ​ទោស​របស់​លោក ឈឿន ចាន់​ថន នឹង​ត្រូវ​កាត់​បន្ថយ​តាម​គោល​ការណ៍​នេះ។

ការ​ផ្តន្ទាទោសលោក ឈឿន ចាន់​ថន​ កាល​ពីខែកុម្ភៈ​ឆ្នាំ​២០១២​ធ្វើ​ឡើង  ​បន្ទាប់​ពី​មាន​ការ​ផ្តន្ទាទោស​មន្ត្រី​​បួន​នាក់​ទៀត​របស់​លោក​ ជា ស៊ីម ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​​បោក​បញ្ឆោត​លោក ជា ស៊ីម​ ប្រធាន​ព្រឹទ្ធ​សភា​វ័យ​ចំណាស់​ឲ្យចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ក្លែង​ក្លាយ​មួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​​១០០លាន​ដុល្លារ​ជាមួយ​ក្រុម​ហ៊ុន​បរទេស​មួ​យ​​។

ជន​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ អ្នក​ស្រី ផេង គន្ធាបូរី អតីត​នាយិកាពិធីកា​របស់​លោក​ ជា ស៊ីម ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ដោះ​លែង​ហើយ​ បើទោះបីជា​ត្រូវ​បាន​​ផ្ត​ន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ​កាល​ពី​ខែធ្នូ​ឆ្នាំ​២០១១​ក៏ដោយ ដែល​ទោស​​នោះ​ត្រូវ​បាន​តម្កល់​​បន្ទាប់​ពី​មាន​​បណ្តឹង​ឧទ្ធរណ៍​កាល​ពីខែ​ឧសភា​។

លោក​ ខ្លូត តារា ប្រធាន​មណ្ឌល​កែ​ប្រែ​២​នៅពន្ធនាគារ​ព្រៃស​បាន​មាន​ប្រសា​សន៍ថា អ្នក​ស្រី​ គន្ធាបូរី ត្រូវ​បាន​ដោះ​លែង​កាល​ពី​ព្រឹក​ថ្ងៃអង្គារ ដោយ​ព្រះ​រាជ​ទាន​លើក​លែង​​ទោសពី​ព្រះ​មហាក្សត្រ​។ ដោយ​បដិសេធ​ថា ទណ្ឌិត​​រូប​នេះ​មិន​ត្រូវ​​បាន​​ដោះ​លែង​ដោយសារ​ហេតុ​ផល​សុខភាពនោះ​លោក​ ខ្លូត តារា  បាន​មាន​ប្រសាសន៍ថា“ អ្នក​ស្រី​បាន​ចេញ​ពី​ពន្ធនាគារ​ហើយកាល​ពីព្រឹក ​[ថ្ងៃ​អង្គារ]​ នៅ​ម៉ោង​១០ និង​៣០នាទីព្រឹក។ សាច់​ញាតិ​របស់​គាត់​បាន​មក​ទទួល​”។
លោក​ មួង​ សុគន្ធ មេធាវី​ដែល​តំណាង​ឲ្យអ្នក​ស្រី ​គន្ធាបូរី​ បាន​មាន​ប្រសា​សន៍​ថា លោក​បាន​ឮថា កូន​ក្តីរបស់​លោក​ត្រូវ​បាន​ដោះលែង​មែន ប៉ុន្តែ​ មិន​បាន​ដឹង​ថា ដោយ​សារ​មូលហេតុ​អ្វី​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍ថា  “ ខ្ញុំ​បាន​ឮថា អ្នក​ស្រី​បាន​បួស​ជាដូន​ជី​នៅ​វត្ត​មួយក្នុង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​វត្ត​នោះទេ​”៕

  ប្រែសម្រួលដោយ​ សោម សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស