30 C
Phnom Penh

គម្រោង​​​សាង​​​សង់​​​រាជ​​​ធានី​​​​​​​​​ក្នុង​​​រង្វង់​​​ទឹក​​​ប្រាក់​​​៨០​​​ពាន់​​​លាន​​​ដុល្លារ​​​សម្រាប់​​​តេជោ សែន ស្ថិត​​​ក្នុង​​​មន្ទិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រសិន​​​បើ​​​អ្វី​ៗ​​​ដំណើរ​​​ការ​​​ដូច​​​ការ​​​គ្រោង​​​ទុក​​​​​​របស់​​​លោក ភឿង សុភ័ណ មែន​​​នោះ​​​ភ្នំពេញ​​​នឹង​​​​​​​​​លែង​​​មាន​​​ឈ្មោះ​​​ថាជា​​​រាជ​​​ធានី​​​នៃ​​​ប្រទេស​​​​​​កម្ពុជា​​​ទៀត​​​ហើយ​​​។ ​​​

លោក​​​ ភឿង សុភ័ណ រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​រៀប​​​ចំ​​​ដែនដី នគរូបនីយកម្ម និង​​​សំណង់​​​ មាន​​​គម្រោង​​​ដ៏​​​ធំ​​​សម្រាប់​​​សាង​​​សង់​​​​​​ទីក្រុង​​​ថ្មី​​​មួយ​​​លើ​​ផ្ទៃ​​​ដីទំហំ​​​៣៥.០០០​ហិកតា​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ឈ្មោះ​​​ថា “ ទីក្រុង​​​នាគ​​​សម្ដេច​​​តេជោ​​​ ហ៊ុន សែន​​”។​ លោក​​​ ភឿង សុភ័ណ​​​ អះអាង​​​ថា គម្រោង​​​នេះ​​​ទទួល​​​បាន​​​ការ​​​យល់​​​ព្រម​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ហើយ​​​ទឹក​​​ប្រាក់​​​ទាំង​​​អស់​​​ដែល​​​លោក​​​ត្រូវ​​​ការ​​​សម្រាប់​​​សាង​​​សង់​​​ទីក្រុង​​​នេះ​​​មាន​​​ចំនួនដល់​​​ទៅ​​​​​៨០​​​ពាន់​​​លាន​​​ដុល្លារ​​​។

លោក​​​បាន​​​ពន្យល់​​​នៅ​​​ការិយាល័យ​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា “​​​ ប្រសិន​​​បើ​​​យើង​​​សិក្សា​​​ពី​​​ប្រវត្តិសាស្ត្រ​​​ប្រទេស​​​ បន្ទាប់​​​ពី​​​​​​យើង​​​មាន​​​ការ​​​​​​រីក​​​ចម្រើន​​​យ៉ាង​​​ខ្លាំង​​​​​​ និង​​​បន្ទាប់​​​មក​​​មាន​​​ស្ថិរភាពទៀត​​​នោះ​​​ យើង​​​ត្រូវ​​​តែ​​​មាន​​​​​ទី​​​ក្រុង​​​ថ្មី​​​”។ លោក​​​ថ្លែង​​​ថា ទីក្រុង​​​នាគ​​​ នឹង​​​ផ្ដល​​​់​​​ឱកាស​​​ឲ្យ​​​លោក​​​ ហ៊ុន សែន បន្សល់​​​ទុក​​​​​​កេរ​​​ដំណែល​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ដូច​​​ព្រះ​​​មហា​​​ក្សត្រ​​​សម័យ​​អង្គរ​​​​​​​​​ប៉ុន្មាន​​​ព្រះ​​​អង្គ​​​បាន​​​បន្សល់​​​ទុក​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ក្នុង​​​សតវត្សរ៍​​​ទី​​​១២​​​ យើង​​​មាន​​​ព្រះបាទ​​​ សុរិយ វរ្ម័ន ​​​ទី​​​២​​​ដែល​​​បាន​​​កសាង​​​អង្គរ​​​វត្ត​​​។ នៅ​​​ពេល​​​​​​យើង​​​ទៅ​​​អង្គរ​​​ធំ​​​ យើង​​​ដឹង​​​ថា នេះ​​​គឺ​​​ជា​​​រាជ​​​ធានី​​​ដែល​​​កសាង​​​ឡើង​​​ដោយ​​​ព្រះ​​​បាទ​​​ជ័យ វរ្ម័ន ​​​ទី​​​៧ ហើយ​​​នៅ​​​ពេល​​​យើង​​​ទៅ​​​ប្រាសាទ​​​បាក់​​​ខែង​​​ យើង​​​ដឹង​​​ថា នេះ​​​ជា​​​រាជ​​​ធានីរបស់​​​ព្រះបាទ យសោវរ្ម័ន ​ទី១”។

រដ្ឋ​​​លេខាធិការ​​​រូប​​​នេះ​​ ​​​មាន​​​​​​ប្រសា​​​សន៍​​​ថា “ ពេល​​​នេះ​​​ យើង​​​ស្ថិត​​​នៅ​​​ក្នុង​​​សម័យ​​​កាល​​​សម្ដេច​​​ ហ៊ុន សែន នៅ​​​ពេល​​​យើង​​​ឃើញ​​​ទី​​​ក្រុង​​​នេះ យើង​​​ដឹង​​​ថា នេះ​​​ជា​​​គម្រោង​​​របស់​​​សម្ដេច ហ៊ុន សែន នោះ​​​គឺ​​​ទី​​​ក្រុង​​​នាគ​​​”។​ ទីក្រុង​​​ដ៏​​​ធំ​​​ដែល​​​មាន​​​អគា​​​​​រ​​​ធំៗ​​​ និង​​​អគារ​​​ខ្ពស់​​​ៗ​​​រាប់​​​រយ​​​ដែល​​​ត្រូវ​​​សាង​​​សង់​​​ឡើង​​​តាម​​​រចនា​​​បទ​​​អង្គរ​​​ ប៉ុន្តែដែល​​​មើល​​​ទៅ​​​ដូច​​​ជា​​​ទស្សនីយភាព​​​ក្នុង​​​ខ្សែភាព​​​យន្ដ​​​ប្រឌិត​​​បែប​​​វិទ្យាសាស្ត្រ​​​​​​នេះ​​​​​​ នឹង​​​ត្រូវ​​​បែង​​​ចែក​​​ជា​​​​​​តំបន់​​​​​​លំនៅ​​​ដ្ឋាន តំបន់​​​ពាណិជ្ជ​​​កម្ម​​​ តំបន់​​​វប្បធម៌ តំបន់​​​អប់​​​រំ និង​​​តំបន់​​​ទេស​​​ចរណ៍​​​ ដែល​​​​​​​​​មាន​​​ទ្រង់​​​ទ្រាយ​​​ដូច​​​មុខ​​​នាគ​​​។

លោក ភឿង សុភ័ណ​​​ បាន​​​ពន្យល់​​​ថា “ នៅ​​​ពេល​​​អ្នក​​​ធ្វើ​​​ដំណើរ​​​តាម​​​ជើង​​​ហោះ​​​ហើរ​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​ អ្នក​​​នឹង​​​មើល​​​ឃើញ​​​ពន្លឺ​​​ភ្លើង​​​ដូច​​​ក្បាល​​​នាគ​​​ ហើយ​​​អ្នក​​​នឹង​​​ដឹង​​​ថា អ្នក​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។ ដោយ​​​ព្រំ​​​ប្រទល់​​​​​​នៃ​​​រាជ​​​ធានី​​​ថ្មី​​​ចាប់​​​ផ្ដើម​​​​​​ពី​​​តំបន់​​​ជាយខាង​​​ជើង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កន្លែ​​​ង​​​ដែល​​​ផ្លូវ​​​ទឹក​​​ទន្លេ​​​មេគង្គ​​​ និង​​​ទន្លេ​​​សាប​​​បំបែក​​​គ្នា​​​នោះ ទី​​​ក្រុង​​​របស់​​​លោក ភឿង សុភ័ណ នឹង​​​​​​បញ្ចប់​​​ត្រឹម​​​ឧដុុង្គ​​​ភាគ​​​ពាយ័ព្យ​​​​​​ ដែល​​​ជា​​​រាជ​​​ធានី​​​ចុង​​​ក្រោយបង្អស់​​​ ​​​មុន​​​នឹង​​​ព្រះ​​​មហា​​​ក្សត្រ​​​ ​​​នរោត្ដម រើ​​​រាជ​​​ធានី​​​របស់​​​ព្រះ​​​អង្គ​​​មក​​​តាំង​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ជិត​​​១៥០​​​ឆ្នាំ​​​មុន​​​។

នៅ​​​ចំណុច​​​កណ្ដាល​​​នៃ​​​ទីក្រុង​​​នាគ​​​នេះ នឹង​មាន​​​អគារ​​​ខ្ពស់​​​មួយ​​​កម្ពស់​​​៦០០​​​ម៉ែត្រ​​​ ដែល​​​នឹង​​​ក្លាយ​​​ជា​​​អគារ​​​ខ្ពស់​​​បំផុត​​​ទី២​​​ក្នុង​​​ពិភព​​​លោក ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​តាម​​​ការ​​​គ្រោង​​​ទុក​​​។ លោក ភឿង សុភ័ណ បាន​​​ពន្យល់​​​ថា នៅ​​​កំពូល​​​នៃ​​​អគារ​​​ខ្ពស់​​​កប់​​​ពពក​​​នេះ​​​ នឹង​​​ក្លាយ​​​ជា​​​​​​​​​ទី​​​បញ្ជា​​​ការ​​​របស់​​​លោក ហ៊ុន សែន ដែល​​​រដ្ឋ​​​លេខាធិការ​​​រូប​​​នេះ​​​​​​បាន​​ដាក់​​​ឈ្មោះ​​​ថា “ វិមាន​​​​​​​​​សម្ដេច​​​អគ្គ​​​មហា​​​សេនា​​​​​​បតី​​​តេជោ​​​ ហ៊ុន សែន”។

ពន្យល់​​​ពី​​​ទស្សនវែង​​​ឆ្ងាយ​​​​​​ដ៏​​​ខ្ពង់​​​ខ្ពស់​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូ​​​បនេះ ជា​​​មួយ​​​នឹង​​​ផែន​​​ទី​​​មួយ​​​ដែល​​​មាន​​​សញ្ញា​​​ព្រួញ​​​ប្រាំបួន​​​​​​បាញ់​​​ចេញ​​​ពី​​​ទី​​​ក្រុង​​​នាគ​​​ឆ្ពោះ​​​ទៅ​​​ព្រំដែន​​​​​​ថៃ ឡាវ និង​​​វៀតណាម លោក​​​ ភឿង សុភ័ណ បាន​​​​មាន​​​ប្រសាសន៍​​​ថា “ [ អគារ​​​នេះ​​​] នឹង​​​មាន​​​កម្ពស់​​​៦០០​​​ម៉ែត្រ​​​ ហើយ​​​អគារ​​​នេះ​​​នឹង​​​មាន​​​ទី​​​បញ្ជា​​​ការ​​​សម្រាប់​​​សម្ដេច ហ៊ុន សែន គ្រប់​​​គ្រង​​​ប្រទេស​​​របស់​​​យើង​​​ និង​​​មើល​​​ប្រទេស​​​​​​របស់​​​យើង​​​ទាំង​​​មូល​​​”។

លោក ភឿង សុភ័ណ ដែល​​​ទទួល​​​បាន​​​ការ​​​អប់​​​រំ​​​ផ្នែក​​​ស្ថាបត្យកម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង ហើយ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ក្នុង​​​ឆ្នាំ​​​១៩៨៩​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ចាប់​​​ផ្ដើម​​​គ្រោង​​​ប្លង់​​​ទីក្រុ​​​ង​​​នាគ​​​នេះ​​​ឡើង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១០ ហើយ​​​បាន​​​បន្ត​​​ទៅ​​​ទៀត​​​ បន្ទាប់​​​ពី​​​ទទួល​​​បាន​​​លិខិត​​​មួយច្បាប់​​​​​​ក្នុង​​​ឆ្នាំ​​​នោះ​​​ពី​​​លោក ហ៊ុន សែន ដែល សម្ដែង​​​ការ​​​ពេញ​​​ចិត្ត​ចំពោះ​​​ទី​​​ក្រុង​​​ដ៏​​​ធំ​​​នេះ​​​​​​។

លោក ភឿង សុភ័ណ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ជា​​​ដំបូង​​​ ខ្ញុំ​​​​​​មិន​​​បាន​​​ខិត​​​ខំ​​​ខ្លាំង​​​ពេក​​​​​​ទេ​​​ព្រោះ​​​ខ្ញុំ​​​បារម្ភ​​​ខ្លាច​​​សម្ដេច​​​ ហ៊ុន សែន មិន​​​ចូល​​​ចិត្ត​​​វា​​​។ ពេល​​​នេះសម្ដេច ហ៊ុន សែន មាន​​​ប្រសាសន៍​​​​​​ថា សម្ដេចចាប់​​​​​អារម្មណ៍​​​លើ​​​វា​​​ជា​​​ខ្លាំង ហើយ​​​បាន​​​ប្រាប់​​​ឲ្យ​​​ខ្ញុំ​​​ស្វែង​​​រក​​​វិនិយោ​​​គិន​​​ដើម្បី​​​ផ្ដល់​​​មូល​​​និធិ​​​ដល់​​​គម្រោង​​​នេះ”​​​។

លោក ភឿង សុភ័ណ​​​ បាន​​​អះអាង​​​ថា ផែន​​​ការ​​​សម្រាប់​​​សាង​​​​​សង់​​​ទី​​​ក្រុង​​​នេះ​​​កំពុង​​​ដំណើរ​​​ការ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​សាង​​​សង់​​​ដ៏​​​ធំ​​​មួយ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទី​​​ក្រុ​​​ង​​​សៀងហៃ​​​​​​ កំពុង​​​ចរចា​​​ដើម្បី​​​ជួយ​​​លោក​​​ឲ្យ​​​ទទួល​​​បាន​​​មូល​​​និធិ​​​រាប់​​​សិប​​​ពាន់​​​លាន​​​ដុល្លារ​​​​​​ដែល​​​លោក​​​ត្រូវ​​​ការ​​​ពី​​​ធនាគារ​​​កណ្ដាល​​​របស់​​​ប្រទេស​​​ចិន ដើម្បី​​​​​​បំពេញ​​​ក្ដី​​​ស្រមៃ​​​របស់​​​លោក​​​​​​។

ព័ត៌មាន​​​ស្ដី​​​ពី​​​ក្រុមហ៊ុន​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទី​​​ក្រុង​​​សៀង​​​ហៃ​​​នេះ​​​ មិន​​​អាច​​​ស្វែង​​​រក​​​តាម​​​អ៊ីន​​​ធើណិត​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ ហើយ​​​លោក លឹម លាងសែ អនុ​​​ប្រធាន​​​ខុទ្ទ​​​កា​​​ល័យ​​​នាយក​​​រដ្ឋ​​​មន្ត្រី បាន​​​មាន​​​ប្រសា​​​សន៍​​​កាល​​​​​​ពី​​​ថ្ងៃ​​​ពុធថា លោក​​​មិន​​​ដែល​​​ឮ​​​គម្រោង​​​ទីក្រុង​​​នាគ​​​សម្ដេច​​​ ហ៊ុន សែន របស់​​​លោក ភឿង សុភ័ណ​​​ ទេ។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ គម្រោង​​​របស់​​​លោក ភឿង សុភ័ណ មិន​​​មែន​​​ជា​​​គម្រោង​​​​​​អាថ៌​​​កំបាំង​​​ទេ​​​។ លោក​​​បាន​​​បង្ហាញ​​​មុខ​​​ក្នុង​​​កម្ម​​​វិធី​​​ព័ត៌មាន​​​ជា​​​ភាសា​​​អង់​​​គ្លេស​​​ឈ្មោះ​​​ថា “ This is Cambodia” តាម​​​កញ្ចក់​​​ទូរទស្សន៍​​​​​​ស៊ីធីអិន ​​​របស់​​​លោក គិត ម៉េង ប្រធាន​​​ក្រុម​​​ហ៊ុន​​​រូយ៉ាល់គ្រុប កាល​​​ពី​​​ខែ​​​មីនា ឆ្នាំ​​​មុន​​​ ដែល​​​ក្នុង​​​នោះ​​​ពិធី​​​ករ​​​បាន​​​ពណ៌នា​​​ពី​​​ទីក្រុង​​​នាគ​​​​​​ថា ជា​​ “ ផ្នែក​​​មួយ​​​នៃ​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​រដ្ឋា​​​ភិបាល​​​​​ទៅ​​​នឹង​​​ចំនួន​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​កើន​​​ឡើង​​​ឥត​​​ឈប់​​​ឈរ​​​ និង​​​កំណើន​​​សេដ្ឋកិច្ច​​​ឆាប់​​​រហ័ស​​​នៅ​​​ក្នុង​​​ប្រទេស​​​”។

នៅ​​​ក្នុង​​​កម្មវិធី​​​នោះ​​​ លោក ភឿង សុភ័ណ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ប្រទេស​​​ចិន​​​គាំទ្រ​​​គម្រោង​​​នេះ​​​ វា​​​នឹងក្លាយ​​​​​​ជា​​​ “ បដិ​​​វត្ត​​​ន៍​​​ស្ថាបត្យកម្ម និង​​​នគ​​​រូបនីយកម្ម​​​” ហើយ​​​នឹង​​​​​​លើក​​​មុខ​​​មាត់​​​ប្រទេស​​​កម្ពុជា​​​នៅ​​​លើ​​​ឆាក​​​អន្តរ​​​ជាតិ​​​។ មជ្ឈដ្ឋាន​​​មួយ​​​ចំនួន​​​​​​មាន​​​មន្ទិល​​​។​​​​​​​​​ លោក សាយម៉ុន ស្ព្រីងហ្គើ (Simon Springer) ជា​​​សាស្ត្រាចារ្យ​​​រង​​​ផ្នែក​​ភូមិ​​​សាស្ត្រ​​​នៅ​​​សាកល​​​វិទ្យាល័យ​​​​​​ University of Victoria ក្នុង​​​ប្រទេស​​​កាណាដា ដែល​​​បាន​​​សិក្សា​​​ពី​​​ការ​​​អភិវឌ្ឍ​​​របស់​​​​​​ប្រទេស​​​កម្ពុជា​​​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ទស​​​វត្សរ៍​​​កន្លង​​​មក​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា គម្រោង​​​​​​របស់​​​លោក ភឿង សុភ័ណ សម្រាប់​​​ការ​​​សាង​​​សង់​​​ទីក្រុង​​​រណប​​​ថ្មី​​​នេះ​​​ពិបាក​​​នឹង​​​សម្រេច​​​បាន​​​ណាស់​​​ ទាំង​​​ហេតុផល​​​នយោបាយ​​​ ទាំង​​​ហេតុផល​​​ភ័ស្ដុភា​​​រ។

លោក សាយម៉ុន ស្ព្រីងហ្គើ បាន​​​ថ្លែង​​​ថា   “ ការប្រៀប​​​​​​ប្រដូច​​​លោក ហ៊ុន សែន ទៅ​​​នឹង​​​មហា​​​វីរក្សត្រ​​​មួយ​​​អង្គ​​​ក្នុង​​​ចំណោម​​​មហា​​​វីរក្សត្រ​​​សម័យអង្គរ​​​​​​ នឹង​​​មាន​​​បញ្ហា​​​ធំ​​​”។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ គម្រោង​​​ទាំង​​​មូល​​​នេះ​​​ជា​​​គំនិត​​​ស្រមើ​​​ស្រមៃ​​​។ ​​​ព្រោះ​​​​​​សូម្បី​​​​​​តែ​​​មូល​​​និធិ​​​​​​បាន​​​មក​​​ពី​​​ណា​​​ក៏​​​មិន​​​ទាន់​​​ដឹង​​​ផង​​​”។

ទីក្រុង​​​នាគ​​​ក៏​​​មិន​​​មែន​​​ជា​​​ទីក្រុង​​​រណប​​​ប្រកប​​​ដោយ​​​មហិច្ឆតាជ្រុល​​​ទី១​​​ដែល​​​បរា​​​ជ័យ​​​ដែរ​​​។ ការ​​​វិវត្ត​​​ស្រដៀង​​​គ្នា​​​ប្រហែល​​​​​​ប្រាំ​​​មួយ​​​ ដែល​​​មាន​​​ទំហំ​​​តូច​​​ជាង​​​នេះ​​​ឆ្ងាយ​​​ ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ទសវត្សរ៍​​​មក​​​នេះ​​​ ដោយ​​​គ្មាន​​​គម្រោង​​​ណា​​​មួយ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​​​​បញ្ចប់​​​នោះ​​​ទេ​​​ ហើយ​​​ការ​​​អភិវឌ្ឍ​​​ជា​​​ច្រើន​​​បាន​​​បោះបង់​​​ចោល​​​បន្ទាប់​​​ពី​​​ខ្វះ​​​តម្រូវ​​​ការ​​​។

ទីក្រុង​​​មួយ​​​ក្នុង​​​ចំណោម​​​ទី​​​ក្រុង​​​រណប​​​​​​លេច​​​ធ្លោ​​​ជាង​​​គេ គឺ​​​ក្រុង​​​កាំកូស៊ីធី ដែល​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​សាងសង់​​​មួយ​​​ពាន់​​​លាន​​​ដុល្លារ បាន​​​បើក​​​ការដ្ឋាន​​​ដំណើរ​​​ការ​​​សាង​​​សង់​​​ក្នុង​​​ឆ្នាំ​​​២០០៥​​​ ប៉ុន្តែ​​​បាន​​​ជួប​​​បញ្ហា​​​ក្នុង​​​ឆ្នាំ​​​២០១១ ​​​ចំ​​​ពេល​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ថា វិនិយោគិន​​​កូរ៉េ​​​ខាង​​​ត្បូង​​​ដ៏​​​សំខាន់​​​របស់​​​​គម្រោង​​​ទីក្រុង​​​នេះ​​​ ​​​ប្រើ​​​ប្រាស់​​​ប្រាក់​​​​​​​​​តម្កល់​​​ដោយ​​​ខុស​​​ច្បាប់​​​សម្រាប់​​​​​​ធ្វើ​​​ការ​​​រក​​​ស៊ី​​​នៅ​​​បរទេស​​​។

ហ្គាឌិន ស៊ីធី (Garden City) ជាទីក្រុង​​​​​​រណប​​​មួយ​​​ផ្សេង​​​ទៀត​​​ដែល​​​មាន​​​ផ្ទៃ​​​ដី​​​ទំហំ​​​៨០០​​​ហិកតា​​​របស់​​​លោក លី យ៉ុងផាត់ សមាជិ​​​ក​​​ព្រឹទ្ធសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បើក​​​ការដ្ឋាន​​​សាង​​​សង់កាល​​​ពី​​​ខែ​​​មេសា ដែល​​​រួម​​​មាន​​​​​​​​​មជ្ឈមណ្ឌល​​​សន្និបាត​​​មួយ ពហុ​​​កីឡា​​​​​​ដ្ឋាន​​​ជាតិ​​​មួយ​​​ កំពង់​​​ផែពីរ ទីលាន​​​វាយ​​​កូន​​​ហ្គុល​​​ហ៍​​​​​​មួយ និង​​​សួន​​ឧស្សាហកម្មមួយ​​​។

អ្វី​​​ដែល​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើ​​​ល​​​នោះ​​​ គឺ​​​ដី​​​ដែល​​​លោក ភឿង ​​​សុភ័ណ បាន​​​កំណត់​​​សម្រាប់​​​សាង​​​សង់​​​ទីក្រុង​​​នាគ​​​សម្ដេច ហ៊ុន សែន ព័ទ្ធ​​​ជុំ​​​វិញ​​​ដី​​​របស់​​​លោក លី យ៉ុងផាត់។

លោក ស្តេវិន ហ៊ីកហ្គីន (Steven Higgins) ដែល​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ឆ្នាំ​​​២០០៩ ដែល​​​នៅ​​​ពេលនោះ​​​​​​លោក​​​ជា​​​នាយក​​​ប្រតិ​​​បត្តិ​​​​​​ធនាគារ​​​​​​អេអិន​​​​​​ហ្សិត​​​រូយ៉ាល់​​​ថា ធនាគារ​​​អេអិន​​​​​​ហ្សិត នឹង​​​មិន​​​ផ្ដល់​​​ឥណទាន​​​ដល់​​​អ្នក​​​ដែល​​​ចង់​​​ទិញ​​​ផ្ទះ​​​នៅ​​​ក្នុង​​​ទីក្រុង​​​រណបនៅ​​​​​​ជុំ​​​វិញ​​​រាជ​​​ធានី​​​ភ្នំពេញនោះ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គម្រោង​​​របស់​​​លោក ភឿង សុភ័ណ គ្រាន់​​​តែ​​​ជា​​​ការ​​​ស្រមើ​​​ស្រមៃ​​​​​​ប៉ុណ្ណោះ​​​​​​។

លោក ស្ដេវិន ហ៊ីកហ្គីន មាន​​​​​​ប្រសាសន៍​​​ថា “ លោក ហ៊ុន សែន ​​​គឺ​​​ជា​​​មនុស្ស​​​ឆ្លាត​​​ណាស់​​​ ហើយ​​​ខ្ញុំ​​​​​​គិត​​​ថា គាត់​​​មិន​​​មក​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​បែប​​​នេះ​​​ទេ។ វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ឡើយ​​​។ វា​​​ជា​​​គំនិត​​​រវើ​​​រវាយ​​​​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា វា​​​ឆ្លង​​​មិន​​​ផុត​​​ពី​​​ដំណាក់​​​កាល​​​គំនិត​​​រវើ​​​រវាយ​​​នេះ​​​ទេ​​​។ គ្មាន​​​គម្រោង​​​អភិវឌ្ឍ​​​ន៍​​​អចល​​​​​​ន​​​ទ្រព្យ​​​ណាមួយ​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​ដែល​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​៨០​​​ពាន់​​​លាន​​​ដុល្លារ​​​នោះ​​​ទេ​​​។ ដើម្បី​​​ទទួល​​​បាន​​​មូល​​​និធិ​​​៨០​​​ពាន់​​​លានដុល្លារ​​​​​​នៅ​​​ពេល​​​ដែល​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​របស់​​​ប្រទេស​​​នេះ​​​មាន​​​​​​១២​​​ ឬ​​​១៣​​​ពាន់​​​លាន​​​ដុល្លារ​​​នោះ គំនិត​​​នេះ​​​គួរ​​​ឲ្យ​​​អស់​​​សំណើច”។

ថ្វី​​​បើ​​​មាន​​​ការ​​​និយាយ​​​ពេប​​​ជ្រាយ​​​ និង​​​មន្ទិល​​​ទាំង​​​នេះ​​​ក៏ដោយ​​​​​ ក៏​​​លោក ភឿង សុភ័ណ មាន​​​ការ​​​ជឿជាក់​​​ថា ទីក្រុង​​​នាគ​​​សម្ដេច ហ៊ុន សែន នឹង​​​លេច​​​ចេញ​​​ជា​​​រូប​​​រាង​​​នៅ​​​ថ្ងៃ​​​ណា​​​មួយ​​​ជា​​​មិន​​​ខាន​​​។“ វា​​​នឹង​​​ចំណាយ​​​ពេល​​​សាង​​​សង់​​​ត្រឹម​​​តែ​​​១៨​​​ឆ្នាំ​​​ប៉ុណ្ណោះ​​​ ប្រសិន​​​បើ​​​ខ្ញុំ​​​មាន​​​ប្រាក់​​​៨០​​​ពាន់​​​លាន​​​ដុល្លារ”៕

ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម    ​​   

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស