27 C
Phnom Penh

មេដឹកនាំ​ការ​តវ៉ា​អាច​ប្រឈម​​មុខ​ផ្លូវ​ច្បាប់​បើ​មាន​បាតុកម្ម​ហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិល​មិញ លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ព្រមានថា  មេដឹកនាំ​បាតុកម្ម​ដែល​អាច​កើត​មាន​ឡើង​​ណា​មួយ​ប្រឆាំង​នឹង​លទ្ធផល​បឋម​នៃការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨​ខែកក្កដា អាច​​ប្រឈម​នឹង​​ផលវិបាក​ដោយ​សារ​ទង្វើ​របស់​ខ្លួន​។

នៅក្នុ​ងលិខិត​មួយ​ផ្ញើ​ជូន​ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោ​ះ​ជាតិ​​កាល​ពីម្សិល​មិញ លោក​ ស ខេង​ បាន​ព្រមាន​សា​ជាថ្មីថា ការ​ធ្វើ​បាតុកម្ម​ណា​មួយ​​ត្រូវ​ធ្វើ​ដោយ​ស្រប​​ច្បាប់​ ហើយលោក​​ព្រមាន​ពីការ​ចាប់​ខ្លួន​ដាក់​ពន្ធនា​គារ​ប្រសិនបើ​ការ​តវ៉ា​នោះ​មិន​ស្រប​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​​។

លោក​ ស​ ខេង​ បាន​មាន​ប្រសាសន៍បន្ថែម​​ទៀត​ថា “ការ​ធ្វើ​បាតុកម្ម​អហិង្សាដើម្បី​តវ៉ា ពី​បញ្ហា​ណា​មួយ​នោះ​គឺ​ជាសិទ្ធិ​របស់ប្រជា​ពល​​រដ្ឋ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ ប៉ុន្តែ មេដឹកនាំ​បាតុកម្ម​ និង​បាតុករ​ត្រូវ​គោរព​ច្បាប់ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​”។

រដ្ឋ​មន្ត្រី​រូប​នេះ​បា​នលើក​ឡើង​ថា “ ក្នុង​ករណី​ការ​ធ្វើ​បាតុកម្ម​ក្លាយ​ជា​ហិង្សា​ និង​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ទ្រព្យ​សម្បត្តិ​សាធារណៈ ឬ​ទ្រព្យ​សម្បត្តិ​ឯកជន​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ មេដឹក​នាំបាតុកម្ម​នោះ​ និង​ជន​សង្ស័យ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​​ ចំពោះ​ផល​វិបាក​ណា​មួយ​ដែល​អាច​កើត​មាន​ឡើង​បន្ទាប់​ពីការ​ធ្វើ​បាតុ​កម្មនោះ​។

កាល​ពីថ្ងៃច័ន្ទ លោក​ ស​ ខេង​ ​បាន​ព្រមាន​​ពី​បញ្ហា​នៅ​ពេល​អនាគត ​ប្រសិន​បើ​ គណបក្ស​​សង្គ្រោះ​ជាតិ​មិន​​ងាក​មក​ចរចា​ជាមួយ​​គណ​បក្ស​កាន់​អំណាច អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​​នេះទេនោះ​។ លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ ក៏បាន​ព្រមាន​ពី​ចលាចល​សង្គម​​ និង​អំពើ​ហិង្សា​ប្រសិន​បើ​​គណបក្ស​ប្រឆាំង​តវ៉ា​នឹង​លទ្ធផល​នៃការ​បោះឆ្នោត​នេះ ដែល​ពួក​គេ​បាន​គំរាម​ធ្វើ​នោះ​​។

លោក​ សុក សំអឿន​ នាយ​ក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​​សិទ្ធិ​កម្ពុជា​ ជា​អង្គការ​​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥតគិត​ថ្លៃ​​បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​កំពុង​ត្រៀម​ខ្លួន​បង្ក្រាប​ប្រសិន​បើ​មាន​ការ​តវ៉ា​ និង​ប្រសិន​បើ​ការ​តវ៉ា​ទាំង​នោះ​ក្លាយ​ជា​ហិង្សា​។

លោក សុក​ សំអឿន​ បាន​មាន​ប្រសាសន៍​ថា ប្រជាពល​រដ្ឋ​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​​ធ្វើ​បាតុកម្ម​​ ប៉ុន្តែ ដោយ​សារ​មិន​អាច​គ្រប់​គ្រង​ក្រុម​មនុស្ស​ជាច្រើនបាន​​នោះ​អាច​ធ្វើ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​លេស​ក្នុង​  ការ​បាញ់​ប្រហារ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ប្រសិន​បើ​​ពួក​គេ​ធ្វើ​បាតុកម្ម​អហិង្សា​នោះ​វា​មិន​អី​ទេ ប៉ុន្តែ​ វា​ពិបាក​ណាស់  ​ពីព្រោះ​ប្រសិន​​បើ​ បាតុកម្ម​នោះ​ធំពេក​ វា​ពិបាក​គ្រប់​គ្រង​បាតុ​កម្ម​ ហើយ​ជួន​កា​ល​ប្រសិន​មាន​អំពើ​ហិង្សា​   [ កង​កម្លាំង​ប្រដាប់​អាវុធ) អាច​ប្រើវា​​ជា​លេស​​ក្នុង​ការ​ប្រើ​កម្លាំង​។ ប្រសិន​បើ​ភាគី​ទាំង​ពីរ​ធ្វើ​បាតុកម្ម​ ហើយ​ស្ថាន​ភាព​នោះ​  មិន​ស្ងប់​ស្ងាត់​ ខ្ញុំ​គិតថា អាច​នឹង​កើត​មាន​ការ​បង្ហូរ​ឈាម​”។

ប៉ុន្តែ ការ​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា​ប្រសិន​បើ​ កើត​មាន​នោះ​អាច​មាន​ផល​វិបាក​ពី​​អន្ត​រជាតិ​។ ប្រទេស​កម្ពុជា​  គឺជា​ភាគីមួយ​នៅ​ក្នុង​លក្ខន្តិកៈ​ក្រុង​រ៉ូម​ (Rome Statute) ហើយ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​លក្ខន្តិកៈ​នេះ​។ ក្នុ​ង​រយៈពេល​ពីរបី​ខែ​ទៀត​ តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​នឹង​ចាប់​ផ្តើម​ជំនុំជម្រះ​​រឿង​ក្តី​ប្រឆាំ​ងមន្ត្រី​រដ្ឋាភិបាល​កេនយ៉ា​បី​រូប​ ដែល​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គេ​នៅ​ក្នុងអំពើ​ហិង្សា​ក្រោយ​ពេល​បោះ​ឆ្នោ​តដែល​បាន​ផ្ទុះ​ឡើង​កាល​ពីឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨​ និង​បាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​​ស្លាប់​យ៉ាង​ហោច​ណាស់​១.៣០០នាក់​ និង​ធ្វើ​ឲ្យ​​មនុស្ស​រាប់​រយ​ពាន់​នាក់​ទៀត​​បាត់​បង់​លំនៅ​ដ្ឋាន។

រឿង​ក្តី​ប្រឆាំង​លោក ឡូ​រ៉ង់​ បែក​បូ​ (Laurent Gbagbo)​ អតីត​ប្រធានាធិបតី​ប្រទេសកូត​ឌីវ័រ​ និង​ភរិយា​របស់​គាត់​ដែល​ទាំង​ពីរ​នាក់​​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១​នៅ​​​ក្នុង​ប្រទេស​កូត​ឌីវ័រ​នោះ​ក៏កំពុង​ស្ថិត​នៅក្នុង​​ដៃ​​តុលាការ​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​នេះដែរ​។ កង​​កម្លាំង​ដែល​ស្មោះ​ត្រង់​ចំពោះ​លោក បែក​បូ​ និង​កងកម្លាំង​ដែល​ស្មោះត្រង់​ចំពោះ​គូ​ប្រឆាំង​របស់​លោក  ​គឺលោក  អាឡាសេន អូតារ៉ា​ ដែល​បាន​ឈ្នះ​ឆ្នោត​នោះ ​ទទួល​ខុស​ត្រូវ​ចំពោះ​កា​រស្លាប់​​ប្រជាជន​​ប្រហែល​១.៥០០នាក់​អំឡុ​ង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ រយៈពេល​មួយ​ខែ​ បន្ទាប់​ពី​មាន​ការ​តវ៉ា​នឹង​លទ្ធផល​នៃការ​បោះឆ្នោត​។

លោក​ ម៉ៃឃើល​ កាណាវ៉ាស​ សាស្ត្រា​ចារ្យ​​ផ្នែក​ច្បាប់​​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ និង​ជា​អតីត​មេធាវី​ អៀង សារី​ ជន​សង្ស័យ​ខ្មែរ​ក្រហម​​ពីបទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​បាន​លើក​ឡើង​តាម​​អ៊ីម៉េល​ថា “ រឿង​ក្តី​ដែល​កើត​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​​ប្រទេស​កេនយ៉ា​ និ​ង​នៅ​ប្រទេស​កូតឌីវ័រ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តុលាការ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ​​​​គួរ​ធ្វើ​ជាការ​ក្រើន​រំឭកថា ទង្វើ​មួយ​ចំនួន​ដែល​បណ្តាល​ឲ្យ​មាន​អំពើ​ឃោរឃៅ​ធ្ងន់​ធ្ងរ​ និង​ការ​បាញ់​ប្រហារទៅ​លើ​ក្រុម​មនុស្ស​អាច​ចាត់​ទុក​ថា ជារឿង​ដូច​គ្នា​នេះ​ ដែល​​ក្រុម​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​​អាច​រៀបចំឡើង និងអាច​ចាត់​ទុក​ថា ជា​រឿង​​អន្តរជាតិ​មួយ​ ហើយ​អាច​បណ្តាល​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​នៅ​​តុលាការ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ”។

តាមច្បាប់​អន្តរជាតិ​ សិទ្ធិការ​ពារ​ខ្លួន​មិន​​អនុញ្ញាត​ឲ្យ​ធ្វើ​តប​ទេ​ប្រសិន​បើ​​កម្លាំង​ដែល​​គេប្រើ​នោះ​ធំជាង​អំពើ​ហិង្សា​ដែល​ខ្លួន​មាន​បំណង​បង្ក្រាប​។

លោក​ស្រី មូរ សុខ​ហួរ  សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​​កាល​ពីយប់​មិញ​ថា គណបក្ស​ប្រឆាំង​មិន​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្មទេ ​នៅពេល​ដែល​គណៈ​កម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត​ (គ.ជ.ប.)​ ​ប្រកាស​លទ្ធផល​បឋម​នៃកា​រ​បោះ​ឆ្នោត​នេះ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍ថា “ គណ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​តាំង​ពី​ដំបូង​មក​​ថា ការ​ធ្វើ​បាតុកម្ម​អហិង្សា​គឺជា​ជម្រើ​សចុង​ក្រោយ​ ប្រសិន​​បើ​​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​​មិន​ដោះស្រាយ​លទ្ធផល​នៃការ​បោះឆ្នោត​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ទេ​នោះ​”។

លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍ថា គណ​បក្ស​​​របស់​លោក​គ្មាន​បំណង​បំពាន​ច្បាប់​ទេ​ហើយលោក​​បាន​អះអាងថា ​វាគឺជា​ការ​ងារ​​របស់​ក្រសួង​មហាផ្ទៃ​ក្នុងការ​ការពារ​ប្រជា​ពល​រដ្ឋ​​ និង​រក្សាសន្តិសុខ​តាម​វិធីណា​មួយ​ដែល​មិនធ្វើ​ឲ្យប៉ះពាល់​ដល់​សុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​នៅ​ពេល​ដែល​ពួក​គេ​ប្រើ​សិទ្ធិ​ស្រប​តាម​​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន ​​ដើម្បី​ធ្វើ​ការ​តវ៉ា​។

“ ប្រទេស​នេះ​ គឺជា​ប្រទេស​លទ្ធិប្រជា ធិ​បតេយ្យ​ មិនមែន​ជាប្រទេស​កុម្មុយនីស្ត​ ឬ​ប្រទេស​ផ្តាច់​ការ​នោះទេ​។ យើង​មាន​សិទ្ធិ​​ធ្វើ​បាតុកម្ម​ ហើយ​នគរ​បាល​​ កង​កម្លាំង​យោ​ធា​​មាន​ភារកិច្ច​ធានា​ សុវត្ថិភាព និង​សន្តិ​សុខ​របស់​បាតុករ​”។ “ តើ​ប្រជាជន​ដែល​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​ជា​សត្រូវ​របស់​រដ្ឋាភិបាល​ឬ? តើ​ប្រទេស​នេះ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​? ឬ​ជារបស់​ក្រសួង​មហាផ្ទៃ​?​ ប្រទេ​ស​នេះ​ជារបស់​ប្រជាពល​រដ្ឋ​ ហើយ​ត្រូវ​តែ​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​។ នគរបាល​ និង​យោធា  ​ជា​របស់​ជាតិ​​មិន​មែន​ជា​របស់គណបក្ស​ប្រជាជន​កម្ពុជា​ទេ”៕

(រាយការណ៍​បន្ថែម​ដោយ​ ហ៊ុល រស្មី)
ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស