31 C
Phnom Penh

កង​​​ទ័ព​​​ និង​​​រថពាស​​​ដែក​​​ត្រូវ​​​គេ​​​ប្រទះឃើញ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ចំពេល​​​មាន​​​ការ​​​​​​ព្រមាន​​​ពី​​​បាតុកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាហាន​ជិះ​លើ​រថ​ពាស​ដែក​ជាច្រើន​គ្រឿង​​បាន​ឈរ​ជើង​ក្នុង​ខណ្ឌ​សែន​សុខ​រាជ​ធានី​ភ្នំពេញ​កា​ល​ពី​ម្សិល​មិញ​ ចំពេល​មាន​ការ​​ព្រមាន​ឥត​ឈប់​ឈរពី​​រដ្ឋាភិបាល​ថា ផែន​ការ​តវ៉ា​នឹង​លទ្ធ​ផល​​បឋម​នៃការ​បោះ​ឆ្នោត​ជាតិ​កាល​ពីថ្ងៃ​ទី២៨ខែកក្កដារបស់​គណបក្ស​ប្រឆាំង​នឹង​មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ។

រថពាស​​ដែក​ជា​ច្រើន​គ្រឿង​​ត្រូវ​បាន​យក​មក​ដាក់​ពង្រាយ​នៅ​ខណ្ឌ​សែន​សុខ ក្នុង​រាជធានីភ្នំពេញ កាលពីម្សិលមិញ។ មន្ត្រី​រដ្ឋាភិបាល​​អះអាង​ថា រថពាស​ដែក​ដែល​​ត្រូវ​បាន​យក​មក​រាជធានីភ្នំពេញនេះ​​​​ គឺ​ដើម្បី​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ​​​។ (ស៊ីវ ចាន់ណា)
រថពាស​​ដែក​ជា​ច្រើន​គ្រឿង​​ត្រូវ​បាន​យក​មក​ដាក់​ពង្រាយ​នៅ​ខណ្ឌ​សែន​សុខ ក្នុង​រាជធានីភ្នំពេញ កាលពីម្សិលមិញ។ មន្ត្រី​រដ្ឋាភិបាល​​អះអាង​ថា រថពាស​ដែក​ដែល​​ត្រូវ​បាន​យក​មក​រាជធានីភ្នំពេញនេះ​​​​ គឺ​ដើម្បី​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ​​​។ (ស៊ីវ ចាន់ណា)

បើទោះជា​មន្ត្រី​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​បដិ​សេធថា  មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ណាមួ​យ​រវាង​វត​្តមាន​របស់​កង​ទ័ព និង​រថ​ពាសដែក​​ និ​ង​ការ​​តវ៉ាចំពោះ​​លទ្ធផល​នៃការ​បោះ​ឆ្នោត​នេះ​​ក៏ដោយ ក៏កាល​ពីម្សិល​មិញ​ គឺ​ជាលើក​ទី១​ហើយ​​ ដែ​ល​រថ​ពាសដែក​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​គ្រប់​ទី​កន្លែង​នៅ​​ក្នុង​ប្រទេស​កម្ពុជា ក្រៅ​ពីដាក់​តាម​ព្រំ​ដែន​​ថៃអស់​រយៈពេល​មួយ​ទសវត្សរ៍​មក​ហើយ​​នោះ​។ រថ​ពាសដែក​​ប្រាំមួយគ្រឿង​ដឹក​កាំភ្លើង​ពេញ និង​រថយន្ត​យោធា​ពីរ​គ្រឿង​ទៀត​គេ​ឃើញ​ដាក់​ប្រចាំការ​នៅក្បែរ​ផ្លូវ​ជាតិ​លេខ​៥​ក្នុងខណ្ឌសែន​សុខ​ រាជធានី​ភ្នំ​ពេញ​កាល​ពីរសៀល​ម្សិល​មិញ។

លោក​ ផែន​ សុធី ឧត្តម​សេនីយ៍​ត្រី​កង​យោធពល​ខេមរភូមិន្ទ​ដែល​ឯកសណ្ឋាន​របស់​លោក​មាន​រូប​សញ្ញា​កង​អង្គរក្ស​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី​នោះបាន​មាន​ប្រសា​សន៍ថា លោក​ និង​ទាហាន​របស់​លោក​បាន​យក​រថ​ពាស​ដែក​​ទាំង​នេះ​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បីជួស​ជុល​ទេ​​។

លោក​ឧត្តម​សេនីយ៍ត្រី ផែន​ សុធី បាន​មាន​ប្រសាសន៍ថា “ យើង​យក​រថ​ពាស​ដែក​​ទាំង​នេះ​មក​កាន់​ឃ្លាំង​វិញ​ដើម្បី​ជួស​ជុល​ប៉ុណ្ណោះ” ហើយ​បដិសេធថា អង្គភាព​រថ​ពាស​ដែក​​របស់​លោក​មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ភាព​តាន​តឹង​ជុំវិញ​ការ​តវ៉ា​នឹង​លទ្ធ​ផល​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី បាន​អះអាង​ថា បាន​ឈ្នះ​រៀង​ៗ​ខ្លួននោះទេ​។

លោក​ឧត្តមសេនីយ៍ត្រី ផែន​ សុធី បាន​មាន​​ប្រសាសន៍ថា ក្រុម​របស់​លោក​បាន​ឈរ​ជើង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ ហើយ​ទើប​តែ​បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​រសៀល​ប៉ុណ្ណោះ​។ លោ​កមិន​បាន​ពន្យល់​ពីមូល​ហេតុ​ដែល​​អង្គភាព​របស់​លោក​​​​​​មិន​បើក​បរ​ទៅ​បន្ទាយ​យោធា​ដោយ​ផ្ទាល់​ដើម្បី​ជួសជុល​ដូច​ដែល​លោក​​បាន​អះអាង​នោះឡើយ​។

លោក​ ឡោ ចាន់​លី អភិបាល​ខណ្ឌ​សែន​សុខបាន​បដិសេធថា មិន​មាន​វត្តមាន​​របស់​​រថ​ពាស​ដែក​នៅក្នុង​តំបន់របស់​លោកទេ ប៉ុន្តែ បាន​អះអាង​ថា ថ្មី​ៗនេះ​មាន​ទាហាន​​ជា​ច្រើន​បាន​មក​កាន់​រាជធានី​ភ្នំពេញ​​ដើម្បី​​ទប់ស្កាត់​បទ​ល្មើស​តូចតាច។លោ​ក​​បាន​បដិ​សេធ​​​មិន​ធ្វើ​អត្ថា​ធិប្បាយ​​ថា “ កង​កម្លាំង​ប្រដាប់​អាវុធ​ដូចជា នគរបាល​ និង​ទាហាន​ជាដើម​បាន​មក​ការពារ​សណ្តាប់​ធ្នាប់​សាធា​រណៈ និង​ទប់​ស្កាត់​​អំពើ​ចោរកម្ម​”។

រូបថត​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​ទំនាក់​ទំន​ងសង្គម​ហ្វេស​ប៊ុក​ កាល​ពីម្សិល​មិញ​ ក៏​បាន​អះអាង​ថា  បានឃើញ​រថ​ពាស​ដែក​​បើក​​បរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ផងដែរ។

លោក​ ព្រំ ឌិន ឧត្តម​សេនីយ៍​ទោកង​យោ​ធ​ពល​ខេមរភូមិន្ទ​  ដែល​យោធភូមិ​ភាគ​ពិសេស​លេខ​១​របស់លោក​ប្រចាំ​​នៅ​រាជ​ធានី​​ភ្នំ​ពេញ​ព្រម​ទាំង​ខេត្ត​កណ្តាល​ និង​ខេត្ត​កំពង់​ឆ្នាំ​ងផង​នោះ​បាន​មាន​ប្រសាសន៍​​ថា លោក​មិន​ដឹង​ពីការ​ដាក់​ពង្រាយ​រថ​ពាស​ដែក​​ឡើយ​ ប៉ុន្តែ បាន​បន្ថែម​ថា ជាធម្មតា​ទាហាន​បាន​ផ្លាស់​ទៅ​ផ្លាស់មក  ​ដើម្បី​ជួយ​ជន​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​។ លោក​បាន​មាន​ប្រសាសន៍ថា “ តា​ម​ធម្មតា​​យើង​បាន​បញ្ជូន​ទាហាន​ឲ្យ​មក​ជួយ​ប្រជា​ពល​រដ្ឋ​ដែល​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​។ ខ្ញុំគិត​ថា ប្រជាពល​រដ្ឋ​មិន​មាន​ការ​ភ័យខ្លាច​នឹងវត្តមាន​ទាហាន​ទេ ពីពោះ​ពួ​កគាត់​ដឹង​ថា ទាហាន​តែង​តែ​មក​ជួយ​ពួក​គាត់​”។

កាលពីថ្ងៃ​ច័ន្ទ លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ពី​ “ បញ្ហា” មិន​ជាក់​លាក់​ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ត្រឡប់​មកកាន់ត​ុ​ចរចា​ជុំវិញ​ការ​ស៊ើបអង្កេត​​ពីភាព​មិន​ប្រក្រតីពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ទេ​នោះ​។ រយៈ​ពេល​ពីរបី​ថ្ងៃ​ក្រោយការ​បោះ​ឆ្នោត​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ផ្ទាល់​បាន​ព្រមាន​ថា នឹង​មាន​ការ​តវ៉ា​​តប​វិញពីអ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​ដែល​រៀបចំ​ឡើង​​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ថា គណ​បក្ស​ប្រឆាំង​នឹងត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ណា​មួយ​ដែល​កើត​ឡើង​។

នៅ​លើបណ្តាញ​ទំនាក់​ទំនង​​សង្គម​​ហ្វេស​ប៊ុក​​របស់​លោក​​​​កាល​ពីម្សិ​លមិញ​ លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​ក្នុង​​សហរដ្ឋ​អាមេរិក​ ដើម្បី ចូល​រួម​ពិធី​រៀប​អាពាហ៍ពិពាហ៍កូន​ស្រីរបស់​លោក​បាន​មាន​ប្រសាសន៍ថា លោក​​​ទទួ​ល​បាន​ព័ត៌មាន​ថា មាន​ការ​ដាក់​ពង្រាយ​ទាហាន​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។លោក​បាន​មាន​ប្រសា​សន៍ថា “ ខ្ញុំដឹង​ថា សកម្ម​ភាព​នេះកើត​ឡើង​ដោយ​ការ​បញ្ជា​ពី​អ្នក​កាន់​អំណា​ច​ម្នាក់​ ហើយ​ខ្ញុំ​ដឹង​ថា បង​ប្អូន​​ មិត្ត​ភក្តិ ក្មួយៗ​ យោធា នគរ​បាល​ និង​កង​កម្លាំ​ងប្រដាប់​អាវុធ​ទាំង​អស់​​កំពុងរង់​ចាំ​រដ្ឋាភិបាល​ថ្មី​ផ្តល់​ប្រាក់​ខែ​ឲ្យ​យ៉ាង​ហោច​ណាស់​១លាន​រៀល​ក្នុង​មួយ​ខែ​”​។

លោក សម រង្ស៊ី​ បាន​លើក​ឡើង​នៅ ក្នុង​ហ្វេសប៊ុករបស់លោក​ថា “ ដូច្នេះ​​នេះ​ គឺជា​ឱកាស​មាស​ សម្រាប់​បង​ប្អូន​​រួប​រួម​គ្នា​ ហើយ​ក្រោកឈរ​ឡើង​ជាមួ​យ​ប្រជាពល​​រដ្ឋ​របស់​យើង​ និង​យុវជន​សង្គ្រោះជាតិ​របស់​យើង​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ និង​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុង​ឆ្នាំ​២០១៣​។ សូម​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ឆន្ទៈ​កា​រពារ​ប្រជាពលរដ្ឋ​តាម​ធម៌​ព្រះពុទ្ធ​”។

នៅក្នុង​ខេត្ត​ព្រៃវែង​ឯណោះវិញ​ លោក​ សៅ​ ប្រសិទ្ធ អភិបាល​ស្រុក​ពាម​រក៍ បា​នមាន​ប្រសាសន៍កា​លពីថ្ងៃពុធថា មាន​ទាហាន​ជា​ច្រើន​បាន​មក​ដល់​​រយៈ​ពេល​ពីរបីថ្ងៃ​មុន​នេះ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ មាន​ទាហាន​ជាច្រើន​នៅ​ទីនេះ​ ប៉ុន្តែ ខ្ញុំមិន​អាច​និយាយបាន​ទេ​​ ពីព្រោះវា​ជាបេសកកម្ម​សម្ងាត់​របស់​ទាហាន​”។

លោក​ ប៉ោ លាង​ អ្នក​ភូមិ​ម្នាក់​នៅស្រុក​នេះ​បាននិយាយ​ថា គាត់​បាន​ឃើញ​ទាហាន​​​ប្រហែល​១៥០​នាក់​ដាក់​ពង្រាយ​ចាប់​ពីវត្ត​មួយ​ក្នុង​មូល​ដ្ឋាន​រហូត​ដល់​រោង​អារឈើ​ ហើយ​ថា  ទាហាន​ទាំង​នោះ​នៅ​តែ​ឈរ​ជើង​​នៅទីនោះដដែល​រហូតមកដល់​ល្ងាច​ថ្ងៃ​ម្សិលមិញនេះ។

គាត់​បាន​និយាយ​ថា “ វាចម្លែក​ណាស់​ ពី​ព្រោះ​ការបោះឆ្នោត​មុនៗ​ច្រើន​ឆ្នាំមក​ហើយ​ ខ្ញុំ​មិន​ដែល​ឃើ់ញ​គេ​បញ្ជូន​ទាហាន​មក​ទីនេះទេ​​។ តាម​យោបល់​របស់​ខ្ញុំ​  ទាហាន​​ទាំង​នេះ​គឺមក​ទប់​ស្កាត់​ភាព​ចលា​ចល​ និង​ទប់​ស្កាត់​បាតុកម្ម​ហ្នឹងឯង”។

លោក ហ៊ាង​ វុត្ថា អ្នក​ភូមិ​ក្នុង​មូល​ដ្ឋាន​ម្នាក់​​ដែល​កំពុង​​រកត្រី​នៅ​ក្បែរ​រថ​ពាសដែក​​នៅ​ក្នុង​ខណ្ឌ​សែនសុខ​​កាល​ពីម្សិលមិញបាន​និយាយថា គាត់​ជឿ​ថា រដ្ឋា​ភិបាល​បានយក​ទាហាន​និង​រថ​ពាស​ដែក​​ចូល​មក​ដើម្បី​បំភ័យ​គណ​បក្ស​ប្រឆាំងកំុ​ឲ្យ​រៀបចំផែនការ​តវ៉ា​នឹង​លទ្ធ​ផល​បោះឆ្នោត​ ប៉ុន្តែ គាត់​គិត​ថា នឹង​មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើងឡើយ​​​​។ គាត់​បាន​និយាយថា ខ្ញុំ​មិន​ជឿថា​ [រថ​ពាស​ដែក​] ទាំង​នេះ​អាចធ្វើ​សង្គ្រាម​​នោះទេ ពី​ព្រោះ​មិន​មាន​ភាគីម្ខាង​ទៀតដែល​អាច​វា​យ​តប​វិញ​ឡើយ​។វាគ្រាន់តែ​ជាការ​បំភិតបំ​​ភ័យ​​តែ​ប៉ុណ្ណោះ”៕

ប្រែសម្រួលដោយ​ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស