29 C
Phnom Penh

គ្រាប់​ផ្លោង​ប្រភេទ​ M381 ​ពីរ​គ្រាប់​​ត្រូវ​គេ​ដាក់​​​​​ចោល​នៅ​ក្បែរ​​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​លោក ហេង​ រតនា ប្រធាន​មជ្ឈមណ្ឌល​​កម្ចាត់​មីន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គ្រាប់​ផ្លោង​ប្រភេទ​ M381 ចំនួន​ពីរ​គ្រាប់​ត្រូវ​បាន​គេ​ដាក់​ចោល​​នៅ​ចន្លោះ​ទ្វា​​រ​​ដែក​នៃ​ផ្ទះ​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​​១៥៦​ ក្នុង​ខ័ណ្ឌ​ទួល​គោក​​ រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ម្សិល​មិញ​។

លោក​ ហេង​ រតនា បាន​​លើក​ឡើង​ថា គ្រាប់​ផ្ដោង​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​​សម្រាប់​​​បាញ់​ជាមួយ​កាំភ្លើង M79 ហើយ​​មិន​​អាច​បំផ្ទុះ​បាន​​ឡើយ​ ពីព្រោះ​គ្រាប់​នេះមិន​មាន​ចង​​ភ្ជាប់​ជាមួយ​ខ្សែ​ភ្លើងណាមួយ​​​​ ដែល​អាច​ធ្វើ​ឲ្យ​ផ្ទុះ​នោះ​ទេ​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ គ្រាប់​ផ្លោង​​​​នេះ​​ គឺ​ស្ថិត​ក្នុង​សភា​​ព​ល្អ​នៅ​ឡើយ​​ និង​មាន​​​​គុណ​ភាព​ខ្ពស់​។ យើង​បាន​យក​គ្រាប់​ផ្លោង​ទាំង​នេះ​ចេញ​ពី​​ផ្ទះ​ប្រជាពលរដ្ឋ​​នៅ​ម៉ោង​ប្រាំបួន​ព្រឹក​​មិញ​នេះ”​។

លោក​ ចេង​  សុខថាន​ អធិការ​រង​ខ័ណ្ឌ​ទួល​គោក​​បាន​ថ្លែង​ថា គ្រាប់​ផ្លោង​នេះ​​ត្រូវ​ក្រុម​​សុវត្ថិភាព​របស់​មជ្ឈម​ណ្ឌល​កម្ចាត់​មីន​កម្ពុជា​​យក​ចេញ​ ដើម្បី​ “ជៀសវាង​ភាព​ចលាចល​” នៅ​ក្នុង​រាជធានី​ ប៉ុន្តែ​វា​មិន​បាន​បង្ក​​​​ការ​គំរាម​​កំហែង​ដល់​សុវត្ថិភាព​​របស់​នរណា​ម្នាក់​ឡើយ​ ហើយ​វា​ទំនង​ជា​ត្រូវ​បាន​​​គេ​យក​ទៅ​ដាក់​ចោល​នៅ​ចន្លោះ​ទ្វា​រ​​​ដែក​ដើម្បី​ឲ្យ​អ្នក​​ដើរ​កាត់​​ឃើញ​។

លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ប្រហែល​ជា​អ្នក​រើស​អេតចាយ​បាន​ឃើញ​​គ្រាប់​ផ្លោង​នេះ​នៅ​ពេល​យប់​ ហើយ​ទុក​វា​ចោល​នៅ​ខាង​​​​ក្រោយ​​ផ្ទះ​ ពីព្រោះ​តំបន់​ ដែលស្ថិត​​តាម​បណ្ដោយ​ផ្លូវ​លេ​ខ​​១៥៦​ គឺ​ចង្អៀត​ហើយ​ជា​កន្លែង​ដ៏​មមា​ញឹក​ ដែល​  គេ​ជួស​ជុល​រថយន្ត​”។

លោក ចេង សុខថាន បាន​លើក​ឡើង​ថា ដោយ​​​​សារ​តែ​គ្រាប់​ផ្លោង​នេះ​នៅ​មាន​​សភា​ល្អ​ អីុចឹង​ហើយ​​វា​មិន​ងាយ​នឹង​ផ្ទុះ​​នោះ​ទេ។
លោក​ ចេង សុខថាន បាន​​​ថ្លែង​​​បន្តទៀត​ថា  “ ប្រជា​ពល​​​​រដ្ឋ​នៅ​តំបន់​នេះ​មិន​មាន​ការ​ភ័យ​ខ្លាច​​ឡើយ​ ពីព្រោះ​គ្រាប់ផ្លោង​នេះ​គ្មាន​ត​ភ្ជាប់​​ជាមួយ​ខ្សែ​ភ្លើង​សម្រាប់​​​​​បំផ្ទុះ​នោះ​ទេ​។ [គ្រាប់​ផ្លោង​​​​នេះ] ​ នៅ​តែ​ឯង​  ហើយ​យើង​មិន​​​​បាន​រក​ឃើញ​​​​ថា  មាន​ខ្សែ​ភ្លើង​ ឬ​ក៏​ថ្ម​ពិល​​​ចង​ភ្ជាប់​​ជា​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​គ្រាប់​ផ្លោង​នេះ​ផ្ទុះ​ឡើង​នោះទេ​”។

ការ​​​ប្រទះ​​​ឃើញ​គ្រាប់​ផ្លោង​នេះបាន​កើ​ត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​សាលាដំបូងរាជធានី​ភ្នំពេញ​​នៅ​ម៉ោង​ ១ និង​១០នាទី​​រំលង​​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ពុធ​ ដោយ​ធ្វើ​ឲ្យ​បែក​ជញ្ជាំង​កញ្ចក់​ធនាគារ​នៅ​ក្បែរ​នោះ​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

លោក​ ឆាយ​ ស៊ីណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​សន្ដិសុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហា​ផ្ទៃ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា នាយក​ដ្ឋាន​របស់​លោក​​បានបញ្ចប់​​​ការ​​​​ស៊ើប​អង្កេត​របស់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​នឹង​ការ​ផ្ទុះ​នេះ​ហើយ​ ​ហើយ​បានប្រគល់​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ និង​​​​​​ការ​​​ប្រទះ​ឃើញ​គ្រាប់​ផ្លោង​​កាលពី​ម្សិលមិញ​ ​​​​ទៅ​ឲ្យ​នគរបាល​​រាជធានី​ភ្នំពេញ​វិញ​។

លោក​ ហ៊ី  ព្រូ  ស្នង​ការ​រង​នគរបាល​​រាជ​ធានី​ភ្នំពេញ​​កាលពីម្សិលមិញ​ បាន​បដិសេធ​​មិន​ធ្វើ​​​​អត្ថាធិប្បាយ​ឡើយ​ ហើយ​បាន​បង្វែរ​សំនួរ​​​ទាំង​​​​​​អស់​​​​ទៅ​​​លោក​ ជួន សុវណ្ណ ស្នង​ការ​​​​នគរ​បាល​​​​រាជធានីភ្នំពេញ​ ដែលគេ​​​​លោក​​​​មិន​អាច​ទាក់​ទង​បាន​វិញ៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស