នៅក្នុងខែធ្នូ ឆ្នាំ២០១១ លោក សុរិយា ស៊ូបេឌី ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានមកបំពេញទស្សនកិច្ចនៅប្រទេសនេះ ដើម្បីវាយតម្លៃអំពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត។
លោកបានធ្វើសេចក្តីសន្និដ្ឋានក្នុងរបាយការណ៍មួយដែលបានដាក់ជូនមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកក្កដា ឆ្នាំ២០១២ថា កំណែទម្រង់ការបោះឆ្នោតទ្រង់ទ្រាយធំ គឺជារឿងចាំបាច់ណាស់សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេសនេះ។
លោកបានលើកឡើងតាមរយៈរបាយការណ៍នេះថា “ ប្រសិនបើដំណើរការបោះឆ្នោតមិនអាចទទួលបានជំនឿទុកចិត្តពីអ្នកបោះឆ្នោតទេនោះ មូលដ្ឋានគ្រឹះរដ្ឋធម្មនុញ្ញ និងនយោបាយដែលមានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងរង្គោះរង្គើ ហើយកម្ពុជាអាចប្រឈមនឹងការដោះស្រាយបញ្ហាដោយប្រើហិង្សាជាថ្មីម្តងទៀត”។
អ្វីដែលធ្វើឲ្យលោក ស៊ូបេឌី ព្រួយបារម្ភបំផុតនោះ នោះគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។គ.ជ.ប. គឺជាស្ថាប័នរដ្ឋាភិបាលមានសមាជិកប្រាំបួនរូបដែលទទួលបន្ទុកធានាឲ្យបានថា ឆន្ទៈរបស់ប្រជាពលរដ្ឋត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោត។
របាយការណ៍របស់លោកមានខ្លឹមសារថា “ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរធ្វើកំណែទម្រង់ដើម្បីឲ្យមានភាពឯករាជ្យនិងភាពស្វយ័ត”។ ដើម្បីសម្រេចបំណងនេះ លោក ស៊ូបេឌី បានស្នើឲ្យមានការព្រមព្រៀងគ្នាជាឯកច្ឆន្ទក្នុងចំណោមគណបក្សនយោបាយនានានៅក្នុងរដ្ឋសភាជាតិស្តីពីការតែងតាំងប្រធាន និងសមាជិកគ.ជ.ប. និងគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ហើយលោកក៏បានលើកឡើងថា “ ស្ថាប័នយុត្តិធម៌ និងយន្តការថ្មីដាច់ខាតត្រូវបង្កើតឡើងក្រៅក្របខ័ណ្ឌ គ.ជ.ប. ដើម្បីដោះស្រាយវិវាទពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានសមស្រប”។ ការព្យាករក្នុងរបាយការណ៍របស់លោកគឺពិតជាត្រឹមត្រូវមែន។
រយៈពេលមួយឆ្នាំក្រោយមក គ.ជ.ប. ដែលពោរពេញទៅដោយសមាជិកមានភក្តីភាពចំពោះគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាចំណុចស្នូលនៃវិវាទពាក់ព័ន្ធទៅនឹងការបោះឆ្នោតដែលតម្រូវឲ្យមានដំណោះស្រាយ។
ក្រុមអ្នកវិភាគ និងក្រុមអ្នកសង្កេតការណ៍បោះឆ្នោតបានលើកឡើងថា ប្រសិនបើមានអំពើហិង្សាកើតឡើងក្រោយការបោះឆ្នោតមែននោះ វាប្រាកដជាដោយសារតែការខកខានរបស់រដ្ឋាភិបាល ក្នុងការអនុវត្តតាមអនុសាសន៍របស់លោក ស៊ូបេឌី។
លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា “ ឫសគល់នៃបញ្ហានេះគឺនៅត្រង់ពួកគេ [រដ្ឋាភិបាលលោក ហ៊ុន សែន] មិនគោរពតាមអនុសាសន៍របស់អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ។វាគឺជាដើមហេតុបង្កឲ្យមានអំពើហិង្សា។ ហើយដើមហេតុបង្កឲ្យមានអំពើហិង្សានេះគឺនៅត្រង់ពួកគេមិនចង់ធ្វើឲ្យការចុះឈ្មោះបោះឆ្នោតមានភាពប្រសើរឡើង ពួកគេមិនចង់ឲ្យបញ្ជីឈ្មោះបោះឆ្នោតមានលក្ខណៈប្រសើរឡើង ពួកគេមិនចង់ឲ្យប្រព័ន្ធបោះឆ្នោតមានភាពប្រសើរឡើងទេ”។
លោក ធន់ សារ៉ាយ ជាប្រធានក្រុមប្រឹក្សានាយកនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល បានលើកឡើងថា ប្រសិនបើគ.ជ.ប. មិនអនុញ្ញាតឲ្យស្ថាប័នឯករាជ្យណាមួយចូលរួមក្នុងការសើុបអង្កេតការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតនៅថ្ងៃ២៨ ខែកក្កដា ទេនោះ ដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហានយោបាយបច្ចុប្បន្ននេះគឺមិនទំនងថា នឹងអាចទទួលបានឡើយ។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើយើងមិនពង្រីកសមាសភាព [គណៈកម្មាធិការសើុបអង្កេតការបោះឆ្នោត] ទេនោះគណបក្សសង្គ្រោះជាតិនឹងមិនព្រមទទួលយក [លទ្ធផលនៃការបោះឆ្នោត] ទេ ហើយប្រសិនបើគណបក្សសង្គ្រោះជាតិមិនព្រមទទួលយកនោះវាដោយសារតែតាំងពីដើមមកទល់នឹងពេលនេះ ពួកគេមិនទុកចិត្តគ.ជ.ប. ឬលទ្ធផលបានមកពីគណបក្សប្រជាជនកម្ពុជាឡើយ។ [គ.ជ.ប.] ត្រូវសម្របសម្រួលការពិភាក្សារវាងគណបក្សទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយ”។ លោក ធន់ សារ៉ាយ បានបន្តថា “ ប្រសិនបើយើងអាចធ្វើបែបនេះបាន យើងមានសង្ឃឹមថា អាចដោះស្រាយបញ្ហានេះនិងបញ្ចៀសជម្លោះហិង្សាក្នុងពេលដ៏ខ្លីខាងមុខនេះបាន”។
បើទោះបីជាមានករណីដែលគណបក្សប្រឆាំងចោទថា ជាការលុបឈ្មោះរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ពាន់នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោត និងការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំនៅថ្ងៃបោះឆ្នោតក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនៅតែទទួលសំឡេងឆ្នោតបានដល់ទៅ៤៤,៥ភាគរយ នេះបើយោងតាមលទ្ធផលបឋមរបស់គ.ជ.ប. ។
លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ជាក់ថា ខ្លួននឹងមិនទទួលយកអ្វីផ្សេងក្រៅពីជ័យជម្នះ និងការទម្លាក់លោក ហ៊ុន សែន ពីអំណាចទេ។ មេដឹកនាំគណបក្សប្រឆាំងទាំងពីររូបនេះក៏បានគំរាមធ្វើបាតុកម្មទូទាំងប្រទេស និងធ្វើពហិការសភាជាជម្រើសចុងក្រោយផងដែរ ប្រសិនបើការស៊ើបអង្កេតដោយឯករាជ្យអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះមិនធ្វើឡើងក្រៅក្របខ័ណ្ឌ គ.ជ.ប. ទេនោះ។
គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យអង្គការសហប្រជាជាតិដើរតួនាទីជាអាជ្ញាកណ្តាលក្នុងគណៈកម្មាធិការស៊ើបអង្កេតពហុភាគី ដែលនឹងរួមមានគ.ជ.ប. និងគណបក្សប្រជាជនកម្ពុជា ដោយភាគីនីមួយៗមានភារកិច្ចសើុបអង្កេតដំណើរការបោះឆ្នោត គឺចាប់ពីដំណើរការចុះឈ្មោះបោះឆ្នោត ដែលភាគច្រើនមើលខុសត្រូវដោយប្រធានភូមិ និងចៅសង្កាត់ស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា រហូតដល់ការរាប់សន្លឹកឆ្នោតរបស់គ.ជ.ប. នៅតាមការិយាល័យបោះឆ្នោត។
ទោះជាយ៉ាងណា គ.ជ.ប. បានបន្តការងាររបស់ខ្លួនតាមកាលវិភាគដែលផ្តល់ពេលត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះសម្រាប់ការស៊ើបអង្កេតគិតចាប់ពីថ្ងៃពុធ អំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត មុនពេលចេញផ្សាយលទ្ធផលបឋមផ្លូវការដែលអាចប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាដៃគូរបស់គណបក្សប្រជាជនកម្ពុជា។ គ.ជ.ប. ក៏បានបដិសេធការអំពាវនាវពីគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិល ឲ្យស្ថាប័ននេះចេញផ្សាយឯកសារ ដែលនឹងផ្តល់លទ្ធភាពឲ្យក្រុមអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យ សើុបអង្កេតពីករណីនៃការក្លែងបន្លំអត្តសញ្ញាណនិងភាពមិនប្រក្រតីក្នុងការបោះឆ្នោត។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប.បានឲ្យដឹងកាលពីម្សិលមិញថា អនុគណៈកម្មការមានសមាជិកបីរូបក្រោមការដឹកនាំរបស់រូបលោក នឹងទទួលបន្ទុកពិនិត្យរបាយការណ៍ចំនួន១៤ ស្តីពីការប្រព្រឹត្តខុសនៅថ្ងៃបោះឆ្នោត ដែលរបាយការណ៍ទាំងនេះត្រូវបានដាក់ប្តឹងតាំងពីថ្ងៃទី២ ខែសីហា មក។ របាយការណ៍ចំនួនប្រាំពីរគឺជារបស់គណបក្សសង្គ្រោះជាតិ បួនទៀតគឺជារបស់គណបក្សប្រជាជនកម្ពុជា ពីរទៀតជារបស់គណបក្សហ្វ៊ិនស៊ិនប៉ិច និងមួយទៀតជារបស់អាជ្ញាធរមូលដ្ឋាន។
លោក ទេព នីថា បានមានប្រសាសន៍ថា “ យើងនឹងដាក់របាយការណ៍ទាំងនេះចំពោះមុខគណបក្សនយោបាយ និងសង្គមស៊ីវិល ដើម្បីទទួលយកមតិយោបល់ពីពួកគេពីអ្វីដែលយើងគួរធ្វើដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើងក្នុងរបាយការណ៍ទាំងនោះ” ដោយលោកបានបន្ថែមថា អនុគណៈកម្មការមានសមាជិកបីរូបមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតដោយហ្មត់ចត់ពីរបាយការណ៍ទាំង១៤នោះ មុនដំណាច់សប្តាហ៍នេះ។
លោកបានថ្លែងបន្តថា “ ខ្ញុំមិនគិតថា អនុគណៈកម្មការនេះមានការចាំបាច់ត្រូវចុះទៅស៊ើបអង្កេតនៅតាមមូលដ្ឋានទេ។ នេះហើយជាមូលហេតុដែលយើង នឹងជួបជាមួយតំណាងមកពីគណបក្សនយោបាយពាក់ព័ន្ធនឹងសង្គមស៊ីវិលដើម្បីប្រមូលព័ត៌មាន។ ធ្វើដូច្នេះ យើងអាចទាក់ទងមន្ត្រីរៀបចំការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន ដើម្បីឲ្យបានដឹង តើពិតជាមានករណីដូចការចោទប្រកាន់មែនឬយ៉ាងណានោះ។ បន្ទាប់ពីបញ្ចូល [របាយការណ៍] តែមួយរួច យើងនឹងមានករណីតែប៉ុន្មានប៉ុណ្ណោះដែលត្រូវពិភាក្សានៅចុងសប្តាហ៍នេះ។
ដំណើរការស៊ើបអង្កេតនេះដែលរួមមានទាំងការត្រៀមពេលវេលា៤៨ម៉ោងទុកសម្រាប់ការពិចារណារបស់គ.ជ.ប.ផងនោះ នឹងបញ្ចប់មុនការចេញផ្សាយលទ្ធផលបឋមផ្លូវការនៅថ្ងៃទី១២ ខែសីហា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សរបស់លោកមិនទាន់បានសម្រេចថា តើខ្លួននឹងចូលរួមក្នុងកិច្ចប្រជុំនៅចុងសប្តាហ៍នេះដើម្បីពិភាក្សាពីពាក្យបណ្តឹងទាំងនោះឬអត់ទេ ប៉ុន្តែ លោកប្រាកដថា ការស៊ើបអង្កេតរបស់គ.ជ.ប.នឹងមិនគ្រប់គ្រាន់ល្មមនឹងឲ្យគណបក្សសង្គ្រោះជាតិនិងអ្នកគាំទ្ររបស់ខ្លួនទទួលយកទេ។ លោកបន្តថា “ [អនុគណៈកម្មការនេះ] ពុំមានប្រសិទ្ធភាពសោះឡើយ។ យើងមិនទុកចិត្តគ.ជ.ប.ទៀតទេ។យើងមិនចង់ពិភាក្សាអំពីរឿងនេះទេ យើងចង់ពិភាក្សាអំពីការបង្កើតគណៈកម្មការមួយដែលអាចដោះស្រាយបញ្ហាដោយមិនលម្អៀងនិងដោយឯករាជ្យ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ការមិនទទួលស្គាល់របស់គណបក្សសង្គ្រោៈជាតិនូវលទ្ធផលនៃការបោៈឆ្នោត គឺផ្ទុយនឹងឆន្ទៈរបស់ប្រជាជនកម្ពុជាហើយ។លោកក៏បានលើកឡើងផងដែរថា អាជ្ញាធរនឹងចាត់ទុកបាតុកម្មដែលបានស្នើឡើងនេះថា ជា “ កុបកម្ម” ប្រឆាំងរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “ ពួកគេត្រូវគោរពនីតិរដ្ឋ។យុទ្ធនាការឃោសនាបានចប់សព្វគ្រប់ហើយ។មានលទ្ធផលនៃការបោះឆ្នោតច្បាស់ហើយ។ ពេលនេះគេត្រូវនិយាយពីនីតិរដ្ឋតាមបែបប្រជាធិបតេយ្យ និងការគោរពវាវិញ”។ លោកបានបន្តថា “ យើងមានយន្តការដ៏ល្អមួយ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ [ការខ្វែងគំនិតគ្នា] នៅក្នុងរដ្ឋសភាជាតិ ជាជាងញុះញង់ប្រជាពលរដ្ឋឲ្យចេញតាមដងផ្លូវធ្វើបាតុកម្មដែលនឹងក្លាយជាកុបកម្ម”។
លោក ស៊ីផាន បានសួរថា “ ខ្ញុំមិនដឹងថា តើ [មេដឹកនាំគណបក្សសង្គ្រោះជាតិ] ច្រានចោល [លទ្ធផលនៃការបោះឆ្នោត] ដើម្បីអ្វីទេ?។ តើពួកគេចង់ឃើញឈាមខ្មែរហូរនៅលើដងផ្លូវឬយា៉ងម៉េច?”។ លោក សុក សំអឿន ជាមេធាវី និងជាសមាជិកក្រុមប្រឹក្សានាយករបស់ ខុមហ្វ្រែលបានលើកឡើងថា មិនថាមានអ្វីកើតឡើងទេ គ.ជ.ប.នៅតែអាចដើរតួនាទីដ៏សំខាន់មួយក្នុងការនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមកពិភាក្សាគ្នាអំពីវិធីបោះជំហានទៅមុខ មុនពេលគណបក្សសង្គ្រោះជាតិងាកទៅរកជម្រើសធ្វើមហាបាតុកម្ម។
លោកបានមានប្រសាសន៍ថា “ គ.ជ.ប. ត្រូវតែសម្របសម្រួលការពិភាក្សារវាងគណបក្សទាំងពីរហើយស្តាប់ពួកគេនិយាយ។វាមិនមែនគ្រាន់តែជារឿងរបស់គណបក្សទាំងពីរប៉ុណ្ណោះទេ តែជារឿងរបស់ប្រជាពលរដ្ឋដែរ ជាពិសេសគឺប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ។នេះហើយជាមូលហេតុដែលគណបក្សទាំងពីរត្រូវពិភាក្សាគ្នាឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត”។ លោកបានបន្ថែមថា “ ប្រជាពលរដ្ឋមិនជឿ គ.ជ.ប.ទេ ដូច្នេះខ្ញុំគិតថា មានតែការបង្កើតគណៈកម្មាធិការមួយ និងការបើកការស៊ើបអង្កេតប្រកបដោយតម្លាភាពប៉ុណ្ណោះ ទើបពួកគេអាចបញ្ចៀសបាតុកម្មបាន”៕
ប្រែសម្រួលដោយ ភួន ចាន់សេរីវុធ