27 C
Phnom Penh

លោក សម រង្ស៊ី ស្នើឲ្យ​​​អ.ស.ប. បញ្ជូន​អ្នក​សង្កេត​​​​ការ​ណ៍​មក​ឃ្លាំ​មើល​ការ​ស៊ើប​អង្កេត​ការ​​​បោះឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សម រង្ស៊ី មេដឹក​នាំគណបក្ស​ប្រឆាំង​​​បាន​ស្នើ​ឲ្យ​លោក បាន គីមូន (Ban Ki-moon) អគ្គលេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​បញ្ជូន​​អ្នកសង្កេត​ការ​ណ៍មក​ឃ្លាំ​មើល​ការ​ស៊ើប​អង្កេត​របស់​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​អំពី​ភាព​មិន​ប្រក្រតីនៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​កាល​​ពី​ថ្ងៃទី២៨ ខែ​កក្កដា។

យោង​តាម​លិខិត​​ចុះ​ថ្ងៃ​ទី​៥ខែ​សីហា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​នោះ លោក សម រង្ស៊ី បាន​​លើក​ឡើង​ពី​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ដើម្បី​ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ចូលរួម​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ ហើយ​បាន​មាន​ប្រសាសន៍​ថា ការ​មិន​បាន​ធ្វើ​ដូចនេះ​គឺជា​ការ​បំពាន​​កិច្ច​ព្រម​ព្រៀង​នេះ​ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​​ពី​ឆ្នាំ​១៩៩១ដែល​បាន​​បង្កើត​ផែនទី​​បង្ហាញ​ផ្លូវ​សម្រាប់​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ សម រង្ស៊ី បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​​របស់​លោក​ថា “​ យើង​ជឿ​ថា ​ភា​ព​មិន​ប្រក្រតី​ជាច្រើន​នៅក្នុង​ដំណើរ​​ការ​បោះ​ឆ្នោត​​នេះ ធ្វើ​ឲ្យ​មាន​លទ្ធផល​ដែល​មិន​ឆ្លុះ​បញ្ចាំង​​ត្រឹមត្រូវ​ពី​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​”។ លោក​បាន​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីសត​ម្រូវ​ឲ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ប្រទេស​កម្ពុជា​ធានា​ឲ្យ​មាន​លទ្ធិ​ប្រជា​​ធិបតេយ្យ​ “សេរី​  និង​ពហុបក្ស​ ”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើការ​បោះ​ឆ្នោត​មិន​សេរី​ និង​យុត្តិធម៌ នោះ​ព្រះ​រាជាណាចក្រកម្ពុជា​ និង​អង្គការ​សហ​ប្រជា​ជាតិកំពុង​​​តែ​រំលោភ​កិច្ច​​ព្រម​ព្រៀង​នេះហើយ”។

លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា “អំឡុង​ពេល​​ជា​ប្រវត្តិសាស្ត្រនេះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ធ្វើ​តាម​ស្មារតី​  និង​ខ្លឹមសារ​​របស់​កិច្ច​  ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​មាន​វត្តមាន​ក្នុង​នាម​ជា​អ្នក​សង្កេត  ​ការ​ណ៍លើ​​ការ​ស៊ើប​អង្កេត​”។

លោក ហ្វីលីព សេន (Philip Sen) មន្ត្រី​ទំនាក់​ទំនង​អង្គការ​សហ​ប្រជា​ជាតិ​បាន​អះ​អាង​កាល​ពី​ម្សិល​មិញ​ថា លិខិត​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ បាន គីមូន ហើយ​ ប៉ុន្តែ​ថា មិន​​​ទាន់​មាន​ការ​ឆ្លើយ​ត​ប​នៅ​ឡើយ​ទេ។ នកនាំពាក្យ​លោក បាន គីមូន​ ប្រចាំ​បុរី​ញូវ​យ៉កមិន​បាន​ឆ្លើយត​ប​ភ្លាមៗ​ចំពោះ​សំណើ​​សុំ​ធ្វើ​អ​ត្ថាធិប្បាយឡើយ។

លោក​ សម រង្ស៊ី ដែល​​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិកដើម្បី​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍កូន​ស្រី​របស់​លោក​នោះ​ ក៏បានសរសេរនៅក្នុង​​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​របស់​លោក​កាល​ពី​រសៀល​ម្សិល​មិញ​ផង​​ដែរ​ថា លោក​មាន គម្រោងធ្វើ​ដំណើរ​ទៅ​កាន់​ទី​ស្នាក់​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ ដើម្បី​ពិភាក្សា​អំពី​ការ​បោះ​ឆ្នោត​នេះ។

លិខិត​នេះ​មាន​ខ្លឹម​សា​រ​ថា “ លោក សម រង្ស៊ី មាន​គម្រោង​ទៅ​ជួប​​មន្ត្រី​ជាន់​ខ្ពស់​​អង្គ​ការ​សហ​ប្រជា​ជាត​ិ​នៅ​ក្នុង​បុរី​ញូវ​យ៉ក សហ​រដ្ឋ​អា​មេ​រិក​នៅ​ដើម​សប្តាហ៍​ក្រោយ​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​មិន​ប្រក្រតី​ក្នុងការ​​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា”។ ក្រុម​ស​មា​ជិក​សភាគ ណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចូលរួមរបស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​នេះ។

កាលពី​ថ្ងៃ​អាទិត្យ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​និង​ជា​អ្នក​នាំពាក្យ​​រដ្ឋា​ភិបាលបាន​​បញ្ជាក់​ថា ប្រទេស​កម្ពុជា គឺ​ជា​​ប្រទេស​អធិបតេយ្យ ហើយ​ថា ប្រទេស​កម្ពុជាមាន​ “ ភាព​ចាស់ទុំគ្រប់​គ្រាន់” ក្នុង​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​មិន​ចាំ​បាច់​មាន​អង្គ​ការ​សហ​ប្រជា​ជា​តិ​ឡើយ។

ប៉ុន្តែ​ អ្នក​រិះ​គន់ ​គ.ជ.ប. លើក​ឡើង​ថា ស្ថាប័ន​នេះ​លម្អៀង​ទៅ​រកគណបក្ស​ប្រជា​ជន​​កម្ពុជា​កំពុង​កាន់​អំណាច​ ហើយ​មិន​អាច​ជឿទុក​ចិត្តថា ធ្វើ​ការ​ងារ​នេះ​ដោយ​ឯក​រាជ្យ​នោះ​ឡើយ។ គ.ជ.ប.នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​បង្កើត​អនុគណៈ​កម្មាធិការ​ដែល​មាន​សមាជិក​បីរូប​ដើម្បី​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធការ​បោះ​ឆ្នោត​នេះ។

លោក ឈាង វុន សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​អ្នក​នាំ​ពាក្យរដ្ឋ​សភា​បាន​​មាន​ប្រសាសន៍​ថា លិខិត របស់ គណបក្ស​សង្គ្រោះ​ជាត​​ិ​ផ្ញើ​ជូន​អង្គ​ការ​សហ​ប្រជា​ជាត​ិ​គឺ​ផ្ទុយ​នឹង​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហាក្ស​ត្រ​​ នរោត្តម សីហ​មុនី ដែល​កាល​ពី​ថ្ងៃ​ពុធ​  ទ្រ​ង់​បាន​មាន​បន្ទូល​​អំពាវ​នាវ​ឲ្យ​គណបក្ស​ទំាង​ពីរ​ស្វែង​រកដំណោះស្រាយ​ដោយ​សន្តិវិធី។

លោក ឈាង វុន បាន​មាន​ប្រសា​សន៍​ថា “ ទង្វើ​ [របស់​លោក សម រង្ស៊ី]  កំពុង​តែ​ធ្វើ​ឲ្យ​ព្រះ​មហាក្ស​ត្រ​ និង​ប្រទេស​កម្ពុជា​បាក់​មុខ។  ទង្វើនេះ ​គឺ​ដើម្បី​ផល​ប្រយោ​ជ​ន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ហើយ​មិន​មែន​សម្រាប់​មុខ​មាត់​របស់​​ប្រទេស​ជាតិ​ឡើយ”។

ប៉ុន្តែ​ លោក គល់​ បញ្ញា នាយក​គណៈ​កម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​បាន​មាន​ប្រសា​សន៍ថា អង្គការ​សហ​ប្រជា​ជាតិ​មាន​តួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​ស៊ើប​អង្កេត​ប្រកបដោយ​ទំនុក​ចិត​្ត​។លោក គល់ បញ្ញា​ បាន​មាន​ប្រសា​សន៍ថា “ ឥឡូវ​នេះ​ ប្រជា​ពល​រដ្ឋ​គ្មាន​ជំនឿ​ចិត្ត​លើ​ គ.ជ.ប. និង​អាជ្ញា​ធរឡើយ ដូច្នេះ​ពួកគា​ត់​ត្រូវ​ការ​ស្ថាប័ន​ឯក​រាជ្យ​មួយដើម្បី​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​នេះ”៕

(រាយការ​ណ៍បន្ថែមដោយ Dene-Hern Chen)
    ប្រែ​សម្រួលដោយ សោម​ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស