37.6 C
Phnom Penh

រដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ព្រមាន​ថា ការ​ធ្វើ​បាតុកម្ម​អាច​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ចម ប្រសិទ្ធ កាលពី​ម្សិល​មិញ​បាន​ព្រមាន​ថា ការ​ធ្វើ​បាតុកម្ម​ណា​មួយ​ប្រឆាំង​នឹង​លទ្ធផល​នៃ​​ការ​បោះ​ឆ្នោត​នៅ​​ប៉ុន្មានសប្ដាហ៍​​ខាង​មុខ​​នេះ​ អាច​បណ្ដាល​​ឲ្យ​មាន​ការ​លួច​ទ្រព្យ​សម្បត្តិ​ និង​នាំ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​សង្គម​ ដែល​អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​គ្មាន​ស្ថិរ​ភាព​។

ការលើក​ឡើង​របស់​លោក ចម ប្រសិទ្ធ​​ដែល​បាន​​ធ្វើ​ឡើង​នៅ​​ក្នុង​ពិធី​តាំង​ពិព័រណ៍​ ឧស្សាហកម្ម​គ្រឿង​យន្ត​​អន្តរជាតិ​លើក​ទី​៣​នៅ​ក្នុង​​​សាល​សន្និសីទ​និង​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​កោះ​ពេជ្រ​ ក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​ការ​ផ្ទុយ​គ្នា​​យ៉ាង​ខ្លាំង​ពី​អ្វី​ដែល​​លោក​បាន​ថ្លែង​​​នៅ​មុន​​ការ​​បោះ​ឆ្នោត​ កាលពី​ខែ​មិថុនា​ ដែល​​​​នៅ​ពេល​នោះ​លោក​បាន​ធានា​ចំពោះ​វិនិ​​​យោ​​​គិន​អន្តរជាតិ​ថា ពួកគេ​គួរ​តែ​មាន​ទំនុក​ចិត្ត​​​លើ​​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដោយ​ធានា​ថា​​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​​​​ នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​​​​។

ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា ខ្លួន​ជា​អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​​​កាល​ពី​​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​​ ក៏​ដោយ​ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​បាន​ជំទាស់​ នឹ​ង​លទ្ធផល​នេះ​ដែរ​ ដោយ​ចោទ​ប្រកាន់​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ធ្ងន់​ធ្ងរ​នៅ​ទូទាំង​ប្រទេស​ ហើយ​​​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​លើក​ឡើង​ថា តាម​ពិត​ខ្លួន​បាន​ឈ្នះ​សំឡេង​ភាគ​ច្រើន​​នៅ​​​ក្នុង​​សភា​​។ គណបក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ថា នឹ​ង​មាន​មហា​បាតុកម្ម​​កើត​ឡើង​ប្រសិន​បើ​មាន​​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ ហើយ​ថា នេះ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​។

លោក ចម ប្រសិទ្ធ​ បាន​​ថ្លែង​ដោយ​មិន​សំដៅ​​​​​​​​​​​ដល់​អ្នកណា​មួយ​ជាក់​លាក់​​កាល​ពី​ម្សិល​​​​មិញ​ថា “ប្រសិនបើ​ពួកគេ​ចង់​បំផ្លាញ​សេដ្ឋកិច្ច​ពួកគេ​ត្រូវ​តែ​ធ្វើ​មហា​បាតុកម្ម​​។​យើង​​​​មិន​​អាច​​ព្យាករបាន​ទេ​​​ថា ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​មាន​មហា​បាតុកម្ម​​នោះ​។ លោក​ថ្លែង​បន្ត​ថា “​​​​ពេល​ណា​​មាន​បាតុ​​​​​​កម្ម​ផ្ទុះ​ឡើង​ នឹង​មាន​មនុស្ស​ទៅលួច​ប្លន់​ទំនិញ​នៅ​​​​តាម​ហាងទំនិញ​​នានា​ ហើយ​ប្រជា​​​ពល​​​រដ្ឋ​​​​ពិត​ជា​នឹង​​​​មានការ​​​​ភ័យ​ខ្លាច​ជា​ពុំខាន​ តើ​ពួក​​​គេ​ចង់​​​​បាន​បែប​នេះ​ឬ​?” លោកបាន​កត់​សម្គាល់​ថា​រដ្ឋា​​​ភិបាល​ចង់​​ឲ្យ​​បាតុកម្ម​​នេះ​​​ធ្វើ​ដោយ​សន្តិវិធី​​។

លោក ចម ប្រសិទ្ធ ក៏​បាន​ថ្លែង​ផង​ដែរ​ថា បរិយាកាស​នៃ​ការ​ភ័យ​ខ្លាច​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​​​​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​វិល​ត្រឡប់​មក​ធ្វើការ​ងារ​វិញ​ ដែល​កត្តា​នេះអាច​ធ្វើ​ឲ្យ​ប៉ះពាល់​​សេដ្ឋកិច្ច​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ការ​នាំ​ចេញ​មិន​មាន​ការ​ប៉ះ​ពាល់​ដោយសា​រ​​​ការ​មិន​មក​ធ្វើ​ការ​នោះទេ។

លោក​ថ្លែង​​នៅ​​មុន​ពេល​​អំពាវ​នាវ​ឲ្យ​ប្រជា​​​កសិករ​ និង​កម្មករ​រោង​ចក្រ​កាត់​ដេរ​វិល​ត្រឡប់​​​មក​ធ្វើការ​របស់​ខ្លួន​វិញ​ ខណៈ​ដែល​​អ្នក​ន​យោ​​​​​បាយ​​ធ្វើ​ការ​ដើម្បី​​​ដោះស្រាយ​បញ្ហា​ដែល​កើត​ចេញ​ពី​​ការ​តវ៉ា​នឹង​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នេះថា  “ទោះ​​ជា​យ៉ាង​ណា​ស្ថានភាព​នយោ​​​​​​​​​បាយ​នៅ​​មាន​ស្ថិរ​ភាព​នៅ​ពេល​នេះ​ ហើយ​​កម្មករ​កាត់​ដេរ​ប្រហែល​៨០​ភាគ​រយ​បាន​​វិល​ត្រឡប់​មក​ធ្វើការ​វិញ​ហើយ​ ហើយ​កម្មករ​កាត់​ដេរ​ប្រហែល​២០​ភាគរយ​ទៀត​​នៅ​តែ​ភ័យ​ខ្លាច​មិន​ហ៊ាន​វិល​ត្រ​ឡប់​មក​ធ្វើ​ការ​វិញ​ទេ​”​​។

លោក​ថ្លែង​បន្ថែម​ទៀត​ថា “អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​​យល់ថា ​​យើង​ទាំង​អស់​គ្នា​ជា​ខ្មែរ​ ហើយ​ការ​បោះ​ឆ្នោត​នេះ​គឺ​សម្រាប់​ប្រជា​ពល​​​​រដ្ឋ​ខ្មែរ ដូច្នេះ​ដំណោះ​ស្រាយ​គឺ​​ត្រូវ​តែ​ដោះ​ស្រាយ​​រវាង​​​ខ្មែរ និង​ខ្មែរ​”។ លោក​បាន​បន្ថែម​ទៀត​ថា “លទ្ធផល​បឋម​​​​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​​ទទួល​បាន​៦៨​អាសនៈ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥អាសនៈ​។ ដូច្នេះ​ប្រសិន​បើ​​យើង​ដឹង​លទ្ធផល​ច្បាស់​​ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ធ្វើការ​តវ៉ា​”៕

ប្រែសម្រួលដោយ ឃិន ណៃ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស