34 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ការពារសិទ្ធិ​របស់​អ្នក​ភូមិ​ជន​ជាតិភាគ​តិច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិការនៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៃ​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ដែល​ចេញ​ស្រប​ពេល​ទិវា​អន្តរ​ជាតិ​​ជន​ជាតិដើម​ភាគតិច​ពិភពលោក​លើក​ទី​១៩ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​​ត្រូវ​តែ​ពង្រឹង​ការ​​អនុវត្តច្បាប់​ ដើម្បី​ការពារ​សិទ្ធិ​ដីធ្លី​របស់​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ និង​តំបន់​ព្រៃ​សហគមន៍​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន អង្គ​ការ​​ក្រៅ​រដ្ឋាភិបាល​ចម្រុះ​បាន​លើក​ឡើង​ថា អ្នកភូមិ​ជន​ជាតិ​ភាគ​តិច​ចំនួន​២៤​ក្រុម​ ដែល​​មាន​ចំនួនស្មើ​នឹង​​១,២​ភាគ​រយ​នៃ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធ​តែ​ទទួល​រង​គ្រោះ​​ ដោយសារ​ការ​គេង​ប្រវ័ញ្ចសេដ្ឋ​កិច្ច​​ពី​ដីស្រែ​ និង​ដី​ដូន​តា​របស់​ពួក​គាត់​។

សេចក្ដី​ថ្លែង​ការណ៍​​នេះ​បាន​លើក​ឡើង​ថា “ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍ​ ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ ដូច​ជា​​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី និងការ​​ជីក​រុក​រក​រ៉ែ​​ជា​ដើម​ ហើយ​ផល​ប៉ះពាល់​នៃ​ដី​សម្បទាន​សេដ្ឋ​កិច្ច​​បាន​ធ្វើ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​ និង​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ពី​ដី​ធ្លី​របស់​គាត់​បាន​”។

លោក​ ឈិត សំអាត​ នាយក​ប្រតិបត្តិ​​នៃ​វេទិការ​នៃ​អង្គការ​​មិន​មែន​រដ្ឋាភិបាល​​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ខិតខំ​ពង្រឹង​ច្បាប់​បន្ថែម​ទៀត​ ដើម្បី​ធានា​ឲ្យ​បាន​ថា សិទ្ធិ​របស់​ក្រុម​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​​ត្រូវ​បាន​ការពារ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ធនធាន​ធម្មជាតិ​និង​ព្រៃ​ឈើ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “លទ្ធ​ភាព​ ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​សន្ដិសុខ​សេដ្ឋកិច្ច​​របស់​ពួក​គាត់​កំពុង​តែ​ទទួល​​រងផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ឡើង​​។ យើង​ត្រូវ​តែ​ធ្វើ​ការ​ទាំង​អស់​គ្នា​ ដើម្បី​ធានា​ឲ្យ​បាន​ថា សិទ្ធិ​របស់​ពួក​គាត់ត្រូវ​បាន​ការ​ពារ​”។ អង្គការ​ក្រៅ​រដ្ឋាភិបាល​​កំពុង​តែ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​​ពន្លឿន​ដំណើរការ​​ចែក​​ប័ណ្ណ​កម្មសិទ្ធិ​​ដីសមូហភាព​ ក៏​ដូចជា​​ការ​ទទួល​ស្គាល់​​ព្រៃ​សហគមន៍​ និង​តំបន់​ការពារ​។ មាន​តែ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​​​ចំនួន​​ប្រាំពីរ​ប័ណ្ណ​កម្មសិទ្ធិ​ប៉ុណ្ណោះ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុម​ជនជាតិ​ភាគ​តិច​​ចាប់​តាំង​ពី​​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​​លើក​ដំបូង​​ ត្រូវ​បាន​ផ្ដល់​កាល​ពី​ឆ្នាំ២០១១​មក​នោះ​។

សេចក្ដី​ថ្លែង​ការណ៍​របស់​វេទិការ​នៃ​អង្គ​ការ​​មិន​មែន​រដ្ឋាភិបាល​​បាន​លើក​​ឡើង​ថា “យុទ្ធនាការ​​ផ្ដល់​ព័ត៌មាន​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​សហគមន៍​ជន​ជាតិ​ភាគ​តិច​​​ ​ធ្វើ​ដូច្នេះ​ពួក​គាត់​អាច​យល់​​ដឹង​អំពី​​ការ​​អនុវត្ត​នៃ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ និង​​ដឹង​ពី​របៀប​​ការពារ​​ដី​ធ្លី​របស់​ខ្លួន​​ពី​ការ​អភិវឌ្ឍ​ ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់​”។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​បន្ថែម​ថា រដ្ឋាភិបាល​នៅ​តែ​បន្ត​យក​​ដី​របស់​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្ដល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ដោយ​​គ្មា​ន​សំណង​​ត្រឹម​ត្រូវ​នោះ​ឡើយ​។

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិ​បា​ល​បាន​ខិត​ខំ​ដើម្បី​ពន្លឿ​ន​ដំណើរ​ការ​​ផ្ដល់​​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នេះ​ហើយ​។ លោក​បាន​ថ្លែង​ថា “រដ្ឋាភិបាល​​សូម​កោត​​សរសើរ​ដល់​បញ្ហា ដែល​​អង្គការ​ក្រៅ​​រដ្ឋាភិ​បាល​បាន​លើក​ឡើង​ ប៉ុន្តែ​រដ្ឋាភិបាល​​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែ​​ងបន្ថែម​ទៀត​ហើយ​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស