28 C
Phnom Penh

ប្រជាជន​មាន​អារម្មណ៍​ភ័យ​ខ្លាច​​ក្រោយ​ពេល​មាន​ការ​ដាក់​ពង្រាយ​រថ​ពាស​ដែក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រសិន​បើ​ការ​ដាក់​ពង្រាយ​រថពាសដែក​​នៅរាជធានី​ភ្នំពេញ​កាល​ពីថ្ងៃព្រហស្បតិ៍​​ គឺ​​ធ្វើ​ឡើង​ក្នុង​​បំណង​បំភិត​បំភ័យ​ប្រជាជន​ក្រោយ​ការ​បោះឆ្នោត​ ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​​​មែន​​​នោះ​វា​មាន​ប្រសិទ្ធភាព​ដូច​ការ​គ្រោង​ទុក​ហើយ​។

រថពាស​ដែក​​​​​​ចំនួន​​​ប្រាំមួយ​គ្រឿង ​បាន​បង្ហាញ​វត្ត​មាន​​​​នៅ​​​​​​​​​​​​​សង្កាត់​សំរោង​ ​​​ក្នុង​​​ខណ្ឌ​សែន​សុខ​​​​កាលពីថ្ងៃ​ព្រហស្បតិ៍​។ ហើយ​នៅ​​​ថ្ងៃ​​​ម្សិល​​​មិញ​នេះ​ ប្រជាជន​នៅ​តំបន់​នោះ​បាននិយាយថា ខ្លួន​កំពុង​មាន​ការ​ងឿង​ឆ្ងល់​ និង​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​វត្តមាន​យោធា​នៅទីនោះ​ ហើយ​ថែម​ទាំង​និយាយ​ថា ខ្លួន​បាន​ចាប់​ផ្តើមនាំគ្នា​​ទិញ​អង្ក​រស្តុក​ទុក​ រហូត​បណ្តាល​ឲ្យ​អង្ករ​ឡើង​ថ្លៃ​ទៀត​ផង​។

វត្ត​ច័ន្ទបុរីវង្ស​ មាន​ទីតាំង​ស្ថិត​នៅ​លើ​ដី​ទំនេរ​យ៉ាង​ធំមួយ​​នៅលើ​ផ្លូវ​​ស្ងាត់​ជ្រងំជាប់​​ផ្លូ​វ​ជាតិ​លេខ​៥​​។ វត្តនេះ​មាន​ព្រះសង្ឃ​គង់នៅ​៦៥​អង្គ​។ គឺនៅ​ទីនេះ​ហើយ​ដែល​រថ​ពាស​​ដែក​​បំពាក់​កាំភ្លើង​​យន្ត​បាន​​​បង្ហាញ​​​​​​វត្តមាន​​​កាល​​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ដោ​យ​បាន​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ នេះ​គឺជាលើក​ទី​១​ហើយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ​​​​ ដែល​រថ​ពាស​ដែក​​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីកន្លែង​ដែល​មិន​មែន​ជាព្រំដែន​ថៃ​។

លោក ណក់​ រ៉ា អាយុ​៤២​ឆ្នាំ​ ដែល​កំពុង​ជួយ​កសាងសមិទ្ធផល​ថ្មី​មួយ​នៅ​ក្នុងវត្ត​នេះ​​បាន​និយាយ​ថា “ ខ្ញុំមាន​អារម្មណ៍​ភ័យ​ខ្លាច​​ព្រោះ​វា​​​ហួស​​​ពី​​​ការ​​​រំពឹង​​​របស់​​​ខ្ញុំ​​​”។ ណេរ ​ រ៉ា សុភ័ណ ព្រះជន្ម១៩​ព្រះ​វស្សា ​​បាន​មាន​សង្ឃដីកាថា​  ព្រះអង្គ​ក៏មាន​ការ​ភ័យ​ខ្លាច​ដែរ​​ ព្រោះ​ព្រះអង្គ​គិតមិនដល់​ដូច​គ្នាថា នឹង​មាន​វត្ត​មាន​​រថ​ពាស​ដែក​​​​នៅ​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​។

ព្រះអង្គ​​​​មាន​សង្ឃដីកាថា “អាត្មា​មាន​អារម្មណ៍​ភ័យខ្លាច​ពេល​ឃើញ​​រថ​ពាស​ដែក​ទាំង​​នោះ​បើក​ចូល​ក្នុង​វត្ត​។ អាត្មា​មិន​ដែល​ឃើញ​រថក្រោះ​មួយ​គ្រឿង​​​ណា​​​​នៅ​ក្នុងវត្ត​ទេតាំង​​ពីដើម​មក​។ វាគួរតែ​នៅ​ព្រំដែន​។ វា​​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ​ព្រួយ​បារម្ភ​​ពេល​បាន​ឃើញ​រថក្រោះ​បើក​បរ​នៅ​ក្នុង​ក្រុង​។​ វាពាក់​ព័ន្ធជាមួយ​ការ​បោះឆ្នោត​ ហើយ​​ត្រូវ​គេ​យក​មកប្រើ​ ដើម្បីបំភិត​បំភ័យ​ប្រជា​ជន​”។

សាមណេរ រ៉ា សុភ័ណ បាន​ឲ្យ​ដឹង​ថា ការ​ទុក​​រថ​ពាស​ដែក​​នៅក្នុង​បរិវេណ​​​វត្តនេះ​​ គឺ​បាន​ទទួល​ការ​អនុញ្ញត​ពីព្រះចៅ​អធិការ​វត្ត​ដែល​មិនអាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពីថ្ងៃសុក្រ​ ហើយចំណែក​​កង​ទ័ព​វិញ​បាន​ចាកចេញ​ពីវត្ត​នេះ​នៅម៉ោង​ប្រហែល​១១យប់​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​។​ សាមណេរ​អង្គនេះ​បាន​​​មាន​សង្ឃដីកាថា “ ប្រសិន​បើពួក​គេ​បើក​​រថក្រោះ​ចូលក្រុង​នៅ​ពេល​ថ្ងៃ​ ប្រជាជន​ប្រាកដ​ជា​​​នឹង​​​មាន​ការ​ភ័យ​ខ្លាច​ ដូច្នេះ​ពួកគេក៏​​បាន​ចាក​ចេញ​នៅ​ពេល​យប់​វិញ​។នៅ​ក្នុង​រាជធានី​​​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​សន្លឹក​ឆ្នោតជា​​​​ច្រើន​ ហើយ​គណ​បក្ស​ប្រជាជន​បាន​ចាញ់​ ដូច្នេះ​ពួកគេ​យក​រថ​ក្រោះមក​ ដើម្បី​បំភ័យ​អ្នក​បោះឆ្នោត​។ នេះ​មិន​មែន​ជារឿង​ល្អទេ​”។

មន្ត្រីយោធា​បាន​បដិសេធមិនធ្វើអត្ថា​ធិប្បាយ​អំពីការ​ដាក់​ពង្រាយ​​រថ​ពាស​ដែក​នេះ​ឡើយ​​​​កាល​ពីថ្ងៃសុក្រ​ ហើយ​ក៏គ្មាន​ការ​បញ្ជាក់​ថា តើ​​រថ​ពាស​ដែក​ទាំង​នេះ​ត្រូវ​បាន​គេយក​ទៅ​ទុក​នៅ​ទីណា​ដែរ  បន្ទាប់​ពីបាន​បើក​ឆ្ពោះមក​រាជធានីភ្នំពេញ​​​នោះ​​​។

កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ឧត្តម​សេនីយ៍ត្រី​​ ផែន​ សុធី​ នៃកង​យោធពល​ខេមរភូមិន្ទ​ បាន​បដិសេធ​ថា ពុំមាន​ការ​​​​ជាប់​​​ពាក់​ព័ន្ធរវាង​ការ​ដាក់​ពង្រាយ​​រថ​ពាស​ដែក​​មក​ពី​ព្រំដែន​ថៃ​ និង​លទ្ធផល​ចម្រូង​ចម្រាស​នៃការ​បោះ​ឆ្នោត​​កា​លពីថ្ងៃ​ទី ២៨​ ខែកក្កដា​ទេ​ ដោយ​លោក​បាន​បញ្ជាក់​ថា ​រថ​ពាស​ដែក​ទាំង​នោះ​គឺ​ត្រូវ​បាន​ប្រមូល​​យក​​មក​រាជធានី​ភ្នំពេញ​ ដោយ​សារ​វាត្រូវការ​ការ​ជួស​ជុល​​ជា​​ចាំបាច់​។

ប៉ុន្តែ រូប​ភាពដែល​ត្រូវ​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​ ក៏មាន​បង្ហាញ​ពី​វត្ត​មាន​​​​នៃ​​​​រថ​ពាស​ដែក​ទាំង​នេះតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​​​​ដែរ។រូប​ភាព​វីដេអូ​ដែល​ត្រូវ​បាន​​​​បង្ហោះ​តាម​រយៈ​គេហ​ទំព័រ​ភ្ជាប​់​ទំនាក់​​​ទំនង​សង្គម​កាល​ពីថ្ងៃ​សុក្រ​​​នេះ​​​​​ ក៏​មាន​បង្ហាញ​ពី​រថយន្តយោធា​ធុន​ធំ​ដែល​​​ធ្វើ​ដំណើរ​ឆ្ពោះ មក​​​​រាជធានី​ភ្នំពេញ​ និង​ក្បួន​រថយន្ត​យោធា​ដែល​គ្រប​​​​ខាងលើ​​​ជិត​ផង​ដែរ​។ លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​​​បញ្ជាក់កាល​ពី​​​ថ្ងៃ​​​ម្សិលមិញ​​​​​​ថា​​​ ការ​ដាក់​ពង្រាយ​​​​រថ​ពាស​ដែក​នេះ​ គឺជាផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​បញ្ចៀស​​​​ចលាចល​សង្គម​នៅ​​​ក្រោយ​ពេល​​​​បោះឆ្នោត​។
នៅក្នុង​​​ថ្ងៃ​បោះឆ្នោត​​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ថា ខ្លួន​​​​ជាអ្នក​​​​ទទួល​ជ័យ​ជម្នះ​​ ដោយ​ទទួល​បាន​៦៨អាសនៈ​ទល់​នឹង​៥៥​អាសនៈ​របស់គណបក្ស​សង្គ្រោះជាតិ​។ គណ​បក្ស​សង្គ្រោះជាតិ​បានច្រាន​ចោល​​ការ​អះ​អាង​នេះ​ ដោយ​បាន​លើក​ឡើង​ថា តាម​​ការ​គណនា​របស់​ខ្លួន​ គួប​ផ្សំជាមួយ​នឹង​​ពាក្យ​បណ្តឹង​អំពី​ភាពមិ​ន​ប្រក្រតីយ៉ាង​ច្រើន​​​នោះ​​​ គណ​បក្ស​សង្គ្រោះជាតិ​​​​ទើប​​​​​​ជាអ្នក​ទទួល​បាន​​​ជ័យជម្នះ​ ដោយ​មាន​យ៉ាង​តិច​៦៣​អាសនៈ​។

អ្នក​ស្រី​ ស្រេង ឈី អាយុ​៥៦ឆ្នាំ​ ដែល​រស់​នៅ​ក្បែរ​វត្ត​ក្នុង​ខណ្ឌ​សែន​សុខ​នោះ មិន​​​​ជឿ​ថា អាជ្ញាធរ​ទុក​ផល​ប្រយោជន៍​ប្រជាជន​ជា​ធំ​ទេ​ ហើយ​បាន​និយាយ​ថា អ្នកស្រី​មាន​អារម្មណ៍​ភ័យ​តក់ស្លុត​ណាស់​ពេល​​រថ​ពាស​ដែក​ទាំងនោះ​​​មក​ដល់​រាជធានី​ភ្នំពេញ​។ អ្នក​ស្រីបាន​និយាយ​ថា “ ប្រសិន​បើ​មាន​សង្គ្រាម​មែន ​​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ទៅ​​​​ណា​​​​ទេ​។ ប្រជាជន​នៅក្នុ​ងភូមិ​របស់​ខ្ញុំ​ចង់​ដឹង​ថា តើ​ពួក​គេ​មាន​ចេតនា​ល្អ ឬអាក្រក់​។ ខ្ញុំ​ខាន​ឃើញ​រថក្រោះ​ជា​​​យូរ​ហើយ​។ គ្រប់​គ្នា​នៅ​ទី​នេះ​កំពុង​តែ​​​ត្រៀ​ម​អង្ករ​ និងអ្វី​ៗ​គ្រប់​យ៉ាង​ប្រៀប​​ដូច​ជា​ស្រុកជិត​កើត​​​​មាន​​​សង្គ្រាម​អ៊ីចឹង​”។

អ្នកលក​់ដូរ​ម្នាក់​​នៅ​តាម​ផ្លូវ​ជាតិលេខ៥​​បាន​ឲ្យដឹងថា តម្លៃ​អង្ករ​បាន​កើនឡើង​នៅ​ក្នុង​តំបន់​នេះ​​​​​​ចាប់តាំង​ពី​មាន​វត្ត​មាន​​​​​​​​រថ​ពាស​​ដែក​ទាំង​នោះ​មក​ ហើយ​ថា ប្រជាជន​​​​នៅ​​​ក្នុង​​​​មូល​ដ្ឋាន​កំពុង​​​​មាន​​​ការ​​​ព្រួយ​បារម្ភ​ខ្លាច​កើត​មាន​អំពើ​ហិង្សា​។ បុគ្គលិក​ស្ថានីយប្រេង​ឥន្ធនៈ​តេលា​​​​ម្នាក់​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​នេះ​បាន​​និយាយថា ខ្លួន​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​​អំពី​ការ​ដាក់​ពង្រាយ​រថ​ពាស​ដែកចំនួន​១០​​គ្រឿង​​​ក្បែរ​ស្ពាន​ព្រែក​លាប ប៉ុន្តែ ប្រជាជន​នៅ​ក្នុង​តំបន់​នោះបាន​ឲ្យដឹងថា ខ្លួនមិន​បានឃើញ​​រថ​ពាស​ដែក​មួយ​គ្រឿង​ណា​ទេ​។

ទោះជាយ៉ាង​ណា របាំង​លួស​បន្លា​ត្រូវ​គេ​ឃើញ​ស្តុក​ទុក​យ៉ាង​ច្បាស់​នៅក្នុង​បរិវេណ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ ស្នង​ការនគរ​បាល​រាជ​ធានី​ លោក​ ប៉ែន​ រ័ត្ន បាន​ឲ្យដឹង​ថា លោក​ក៏បាន​ឃើញ​រូប​ភាព​​​​​របាំង​លួស​បន្លា​ទាំង​នោះ​តាម​អ៊ីនធើ​ណិត​ដែរ​ ដោយ​លោក​បាន​​​​បញ្ជាក់​​​​ថា “ ខ្ញុំ​មិន​អាច​និយាយបាន​ទេ​ ព្រោះ​ខ្ញុំ​ខ្លាច​ធ្វើ​ខុស​”។

​ក្នុង​បរិវេណ​វត្ត​បុទុម​កាល​ពីម្សិល​មិញ​ តង់​ពណ៌​ស​ចំនួន​ពីរ​ដែល​ដំបូង​ឡើយ​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើ​ជា​ការិយាល័យ​បោះ​ឆ្នោត​នោះ​ ឥឡូវ​នេះ​បាន​ក្លាយ​ជា​កន្លែង​ឈរជើង​របស់​បុរស​ក្នុង​ឯកសណ្ឋាន​យោធា​ប្រហែល​២០នាក់​ ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ក្រោយការ​បោះឆ្នោត​ដើម្បីឃ្លាំ​មើល​ស្ថានការណ៍​ នេះ​បើ​យោង​តាម​​​​អ្នក​​​រស់​នៅ​ទីនោះ​​​ ដែល​​បដិសេធ​មិនបញ្ចេញ​ឈ្មោះ​។

បុរសម្នាក់​ក្នុង​ចំណោម​បុរសស្លៀក​ឯក​​​សណ្ឋាន​​យោធា​បីនាក់​ បាន​​​ប្រាប់​​​​ថា “ យើង​​​​ឈរ​ជើ​ង​នៅ​ទីនេះ​” ដោយ​បាន​បដិ​សេធ​​មិន​​​​និយាយ​អ្វី​ឲ្យលើស​ពីនេះទេ។ គិត​រហូតមកទល់​នឹង​ពេល​នេះ​ ការ​គំរាម​ពី​អំពើ​ហិង្សា​គឺ​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជា​​ជន​កម្ពុជា​ខ្លួន​ឯង​តែម្ខាង​ប៉ុណ្ណោះ​។ បន្ទាប់​ពី​គណបក្ស​របស់​ខ្លួន​បាន​ឲ្យដឹង​ថា ខ្លួន​បាន​បាត់​បង់​អាសនៈ​សរុប​ចំនួន​២២ក្នុងការ​​បោះ​ឆ្នោត​កាល​ពីថ្ងៃ​ទី ២៨​ កក្កដា​​​នោះ​​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដំបូង​ឡើយ​​ហាក់ដូច​ជាបាន​បង្ហាញ​ពីជំហរ​សម្រប​សម្រួល​ ដែរ​​​ តែ​​​ក្រោយ​មក​បាន​ព្រមាន​ជាថ្មី​ម្តង​ទៀត​អំពី​ចលាចល​សង្គម​ធ្ងន់​​ក្នុង​រាជធានី​ភ្នំពេញ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ហ៊ាន​ធ្វើ​មហា​បាតុកម្ម​​​​​​​​​ដូច​​​ការ​​​ព្រមាន​​​មែន​​​។

លោក យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​ជំរុញ​​ប្រជាជន​ដែល​ព្រួយ​បារម្ភ​អំពី​ការ​ប្រមូល​ផ្តុំ​យោធា​ ឲ្យ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ ហើ​យ​បាន​លើកឡើង​ថា គណ​បក្ស​នេះ​កំពុង​ប្រឹង​អស់លទ្ធភាព​​​​​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​។ លោក​មាន​ប្រសាសន៍ថា “ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋធ្វើ​ចិត្ត​ឲ្យ​ស្ងប់។ យើង​កំពុង​តែ​​​ព្យាយាម​​​​អស់​ពី​​​​លទ្ធភាព​​​​​​​នៅ​​​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ យើង​សុំ​​​ធានា​ចំពោះមុខ​ប្រជាពល​រដ្ឋ​ថា យើង​គឺ​​​ជា​​​អ្នក​​​​ដឹក​នាំនយោបាយ​ ហើយ​មាន​ការ​ទទួល​​ខុស​ត្រូវ​​ចំពោះ​អ្វីដែល​​កើត​ឡើង​ និង​ធានា​ឲ្យ​បាន​ថា អ្វី​ៗ​ដំណើរ​ការ​ដោយ​រលូន​”។

សម្រាប់​លោក​ ហេង​ ហិុន អាយុ​៥២ឆ្នាំ​ដែល​ចង​ចាំ​យ៉ាងច្បាស់​អំពី​របប​ខ្មែរ​ក្រហម​ និង​របប​ លន់​ ណុល​ នោះ​ ការ​ដាក់​ពង្រាយ​រថ​ពាស​ដែក​នេះ​គឺជារឿង​ធំណាស់​។ លោក​បាន​និយាយនៅ​វត្ត​ក្នុង​ខណ្ឌ​សែន​សុខ​នោះ​ថា “ លើក​ចុង​ក្រោយ​​ដែល​ខ្ញុំ​បាន​ឃើញ​រថ​ក្រោះ​ គឺនៅ​ក្នុង​ឆ្នាំ​១៩៩៣។ មនុស្ស​​​​ក្នុង​ជំនាន់​របស់​ខ្ញុំ​ខ្លាច​សង្គ្រាម​ណាស់​ ហើ​យ​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ឃើញ​សង្គ្រាម​​ទេ​។ គណបក្ស​ទាំងពីរ​ចាំបាច់​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​​​ដោយ​​​សន្តិវិធី​​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស