35 C
Phnom Penh

ការ​​​អធិប្បាយ​​​របស់​​​លោក ខៀវ កាញារីទ្ធ ត្រូវ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ច្រាន​​​ចោល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​​​​ពី​​​ថ្ងៃ​​​សៅរ៍ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​បដិសេធ​​​​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​​​​ ​​​ដែល​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​ជួប​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​​​ ​មួយ​​​ផ្នែក​​​គឺ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​បែង​​​ចែក​​​អំណាច​​​ក្នុង​​​រដ្ឋ​​​សភា​​​នីតិកាល​​​ក្រោយ​​​នេះ​​​​​​។

លោក ខៀវ កាញារីទ្ធ បាន​​​អះអាង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា ក្រៅ​​​ពី​​​ការ​​​ពិភាក្សា​​​អំពី​​​វិធី​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ ភាគី​​​ទាំង​​​ពីរ​​​ក៏​​​បាន “ពិភាក្សា​​​គ្នា​​​​​​អំពី​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​ដើម្បី​​​កំណត់​​​ថា​​​ តើ​​​អ្នកណា​​​​​​នឹង​​​ទទួល​​​បន្ទុក​​​លើ​​​គណៈកម្មាធិការ​​​ [សភា] ណា​​​​​​” ផងដែរ​​​។

ថ្លែង​​​ទៅ​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ក្រោយ​​​​​​ពិធី​​​បិទ​​​វគ្គ​​​បណ្ដុះ​​​បណ្ដាល​​​​​​មួយ​​​ផ្នែក​​​សារ​​​ព័ត៌​​​មាន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក​​​ ខៀវ ​​​កាញារីទ្ធ ​​​ក៏​​​បាន​​​អះអាង​​​ផងដែរ​​​ថា​​​ ភាគី​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​អនុញ្ញាត​​​ឲ្យ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) ​​​ដឹក​​​​​​នាំ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​អ្វី​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​អះអាង​​​ ​​​ជា​​​ការ​​​លួច​​​បន្លំ​​​​​​សន្លឹក​​​ឆ្នោត​​​ជា​​​ទូទៅ​​​​​​ពី​​​សំណាក់​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក កាញារីទ្ធ ដែល​​ជា​​​អ្នក​​​អះអាង​​​មុន​​​គេ​​​អំពី​​​ជ័​​​យជម្នះ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​ ក្នុង​​​ការ​​​បោះឆ្នោត​​​កាលពី​​​ខែ​​​មុន​​​នោះ​​​​ ​​បាន​​​លើក​​​ឡើង​​​ថា  “រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ដឹក​​​នាំ​​​គណៈកម្មាធិការ​​​នេះ​​​ទេ​​​… គ.ជ.ប. នឹង​​​ដឹក​​​នាំ​​​គណៈកម្មាធិការ​​​នេះ​​​ ហើយ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​អាច​​​ធ្វើ​​​ជា​​​អ្នក​​​សង្កេត​​​ការណ៍​​​​​​បាន​​​”។

ការ​​​អត្ថាធិប្បាយ​​​ទាំង​​​ពីរ​​​លើក​​​នេះ​​​គឺ​​​ផ្ទុយ​​​ពី​​​ជំហរ​​​ចរចា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។​​​គណបក្ស​​​ប្រឆាំងនេះ​​​បានបញ្ជាក់​​​ច្បាស់​​​ហើយ​​​​​​​​​ថា ខ្លួននឹង​​​​​​មិន​​​ទទួល​​​យក​​​ការ​​​ស៊ើប​​​អង្កេត​​​ណាមួយ​​​​​​ដែល​​​ដឹក​​​នាំ​​​ដោយ គ.ជ.ប.ទេ​​​ ហើយ​​​ថា ខ្លួន​​​នឹង​​​មិន​​​ពិភាក្សា​​​អំពី​​​ការ​​​រៀប​​​ចំ​​​​​​រចនាសម្ព័ន្ធ​​​​​​សភា​​​​ឡើយ​​​ ​​លុះ​​​ត្រា​​​តែ​​​ការ​​​ស៊ើប​​​អង្កេត​​​ឥត​​​​​​លម្អៀង​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​។

ក្នុង​​​សេចក្ដី​​​ថ្លែងការណ៍​​​​​​មួយ​​​ចេញ​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សៅរ៍ គណបក្ស​​​សង្គ្រោះ​​ជាតិ​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ពិភាក្សា​​​ពិត​​​ប្រាកដ​​​គឺ​​​ “ផ្ទុយពី​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​ [លោក] ​​​កាញារីទ្ធ” ដែល​​​គណបក្ស​​​នេះ​​​លើកឡើង​​​ថា​​​ជា “ការ​​​បំផ្លើសនិង​​​ញុះ​​​ញង់​​​ដើម្បី​​​កេង​​​ចំណេញ​​​​​​នយោបាយ​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា​​​ “ក្រុម​​​ការ​​​ងារ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​និង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ បាន​​​ជួប​​​គ្នា​​​កាល​​​ពី​​​ថ្ងៃទី​​​៩ ខែ​​​សីហា ឆ្នាំ​​​២០១៣ នៅ​​​វិមាន​​​រដ្ឋ​​​សភា ដើម្បី​​​ពិភាក្សា​​​តែ​​​អំពី​​​ការ​​​បង្កើត​​​ក្រុម​​​ជំនាញ​​​មួយ​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ប៉ុណ្ណោះ​​​”។

លោក ជាម យៀប សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​សមាជិក​​​ទាំង​​​បី​​​រូប​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ពិភាក្សា​​​នេះដែរ​​​នោះ​​​ ក៏​​​ថ្លែងកាលពី​​​ម្សិល​​​មិញ​​ដែ​​រ​​​ថា ការ​​​អត្ថាធិប្បាយ​​​​​​របស់​​​លោក កាញារីទ្ធ​​​ អំពី​​​ការ​​​ពិភាក្សា​​​នេះ​​​គឺ​​​មិន​​​ត្រឹមត្រូវ​​​​​​ទេ​​​។ លោក ជាម យៀប បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​ពិភាក្សា​​​អំពី​​​អាសនៈ​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភាទេ​​​។ យើង​​​គ្រាន់​​​តែ​​​ពិភាក្សា​​​អំពី​​​គណៈកម្មាធិការ​​​ពិសេស​​​​​​​​​ប៉ុណ្ណោះ”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស