ស្រុកបាទី, ខេត្តតាកែវ-នៅសាលាកសិកម្មនៅទីនេះកាលពីសប្តាហ៍មុន សិក្ខាកាមផ្នែកកសិកម្មក្រីក្រចំនួន១៥០នាក់បានប្រមូលផ្តុំគ្នាធ្វើពិធីបញ្ចប់វគ្គបណ្តុះបណ្តាលរបស់ខ្លួនដែលមានរយៈពេលពីរខែ។
ឥឡូវនេះ គ្រូបណ្តុះបណ្តាលក្រុមថ្មីនេះនឹងបង្រៀនអំពីជំនាញដែលខ្លួនទើបទទួលបានថ្មីដើម្បីជួយប្រែក្លាយគ្រួសារកសិករដែលក្រីក្របំផុតនៅតាមទីជនបទពីកសិករដែលធ្វើស្រែចម្ការសម្រាប់តែចិញ្ចឹមគ្រួសាររបស់ខ្លួននោះ ឲ្យទៅជាការធ្វើកសិពាណិជ្ជកម្មប្រកបដោយជោគជ័យវិញ។
គ្រូបណ្ដុះបណ្ដាលម្នាក់ក្នុងចំណោមគ្រូបណ្តុះបណ្តាលថ្មីឈ្មោះ នៅ កេត អាយុ ៥៥ឆ្នាំ ជាកសិករមកពីខេត្តតាកែវ ដែលមានដីស្រែតែមួយហិកតាប៉ុណ្ណោះ។ រហូតមកដល់ពេលនេះគាត់អាចធ្វើស្រែ និងដាំបន្លែបង្ការបានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសាររបស់គាត់ ហើយដោះដូរជាមួយនឹងទំនិញផ្សេងៗទៀតនៅក្នុងភូមិរបស់គាត់។
ប៉ុន្តែគាត់ស្វែងរកជីវិតឲ្យកាន់តែប្រសើរថែមទៀត ហើយនិយាយថា ដើម្បីធ្វើឲ្យសហគមន៍ជនបទសម្រេចបាននូវការពិតបែបនេះ សហគមន៍នេះត្រូវការការបណ្តុះបណ្តាលជាមូលដ្ឋានពីរបៀបធ្វើកសិកម្មលើដីស្រែរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
គាត់បាននិយាយថា “យើងចាំបាច់ត្រូវរៀននូវវិធីសាមញ្ញៗដូចជានៅពេលយើងព្រោះស្រូវច្រើននៅក្នុងស្រែតែមួយ នោះវាខ្ជះខ្ជាយគ្រាប់ពូជច្រើនណាស់ ឬរៀនពីរបៀបជ្រើសរើសដីណាដែលល្អបំផុត ឬជីប្រភេទណាដែលត្រូវប្រើ ហើយជួនកាលយើងប្រើថ្នាំសម្លាប់សត្វល្អិតច្រើនពេក”ដោយគាត់ពន្យល់ថា គាត់ចង់ប្រើប្រាស់ការបណ្តុះបណ្តាលនាពេលបច្ចុប្បន្នរបស់គាត់ដើម្បីជួយធ្វើឲ្យការធ្វើកសិកម្មតាមប្រពៃណីរកាន់តែទំនើបនៅក្នុងឃុំរបស់គាត់។
កសិកម្មនៅតែជាប្រភពការងារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយប្រហែល៨០ភាគរយនៃប្រជាពលខ្មែររស់នៅក្នុងតំបន់ជនបទនៅឡើយ។ ប៉ុន្តែខណៈដែលប្រទេសកម្ពុជាយើងមានការថយចុះដ៏គួរឲ្យកត់សម្គាល់នូវចំនួនប្រជាពលរដ្ឋ ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនោះ ឱកាសថ្មីមើលរំលងប្រជាពលរដ្ឋរស់នៅតាមជនបទ ហើយការរកប្រាក់ចំណូលភាគច្រើនមានតែនៅក្នុងសហគមន៍រស់នៅក្នុងក្រុង។
កម្មវិធីបណ្ដុះបណ្ដាលនៅសាលាកសិកម្មក្នុងស្រុកបាទី គឺជាដំណាក់កាលដំបូងរបស់គម្រោងអភិវឌ្ឍន៍កសិកម្ម និងការពង្រឹងសេដ្ឋកិច្ច (PADEE) ជាគំនិតផ្ដួចផ្ដើមថ្មីមួយរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ និងដៃគូដទៃទៀត។
គោលបំណងរបស់វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីធ្វើឲ្យគ្រួសារក្រីក្របំផុតនៅតំបន់ជនបទរួចផុតពីភាពក្រីក្រតាមរយៈការបង្កើនផលិតភាព និងការដាំដំណាំផ្សេងៗតាមដែលពួកគាត់អាចធ្វើបាន ដូចជា ការធ្វើស្រែ ការដំាបន្លែបង្ការ ការនេសាទ និងការចិញ្ចឹមសត្វជាដើម ហើយប្រសិនបើពួកគាត់មិនមានដីសម្រាប់ធ្វើកសិកម្មទេនោះ បង្រៀនពួកគាត់ពីវិធីត្បាញរវៃ សិប្បកម្ម ឬកែច្នៃអាហារជាដើម។
ក្រោមផ្ទៃមេឃស្រទុំ គ្រូបណ្ដុះបណ្ដាល នៅវគ្គបណ្ដុះបណ្ដាលស្ដីពីការកសាងគោលបំណងនេះបានសម្ដែងសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់គម្រោងនេះ នៅពេលពួកគាត់បានបង្ហាញនូវបច្ចេកទេសមួយចំនួន ដែលពួកគាត់បានរៀនអំពីការអនុវត្តវិធីធ្វើស្រែចម្ការ និងដំាបន្លែបង្ការ នៅសាលា។
គូបណ្ដុះបណ្ដាលមួយក្រុមថ្មី បានធ្វើតេស្តតាមរយៈការប្រើប្រាស់ភ្លើងអគ្គិសនី ដោយប្រើប្រាស់អាគុយ ដើម្បីវាយតម្លៃពីចរន្តទឹកដែលហូរកាត់ដីប្រភេទផ្សេងៗ ជាវិធីដ៏រហ័ស សាមញ្ញ ហើយចំណាយប្រាក់កាសតិចសម្រាប់ប្រជាកសិករពិនិត្យមើលគុណភាពដី និងលទ្ធភាពរបស់ខ្លួនក្នុងការដាក់ជី។
លោក គឹម ធារ៉ូ អាយុ២៣ឆ្នាំ ជានិស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានជួយបណ្ដុះបណ្ដាលកសិករនោះ បានលើកស្ពៃក្ដោប ដែលមានស្លឹកដង្កូវស៊ីមកបង្ហាញពីការខូចខាត ដោយសារសត្វល្អិតចង្រៃ ប្រសិនបើយើងថែទាំមិនបានដិតដល់ទេនោះ។
លោកបាននិយាយថា “បញ្ហាចម្បង ក្នុងការដាំស្ពៃក្ដោបគឺសត្វល្អិតចង្រៃ។វាជាការលំបាកសម្រាប់កសិករក្នុងការកម្ចាត់វាណាស់ បើទោះជាពួកគាត់ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ព្យាយាមបាញ់សម្លាប់យ៉ាងណាក៏ដោយ”។
លោកបានបន្ថែមថា ការដាំស្លឹកគ្រៃព័ទ្ធជុំវិញស្ពៃក្ដោប ធ្វើឲ្យស្ពៃក្ដោបទាំងនោះទទួលបានពន្លឺគ្រប់គ្រាន់ ហើយការស្រោចទឹកនៅពេលព្រឹកព្រលឹម គឺដើម្បីកម្ចាត់សត្វល្អិតចង្រៃ ជាវិធីកាន់តែមានប្រសិទ្ធភាពក្នុងការកម្ចាត់សត្វល្អិត។
ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ឲ្យចេះជួយដល់កសិករក្រីក្របង្កើនទិន្នផលដំណាំរបស់ខ្លួន គឺជាគោលបំណងមួយក្នុងចំណោមគោលបំណងរយៈពេលវែងរបស់គម្រោង PADEE ដើម្បីពង្រឹងគ្រួសារ ដែលមានកម្រិតសេដ្ឋកិច្ចសង្គមនៅទាប។
គម្រោងនេះក៏មានគម្រោងផ្ដល់ការបណ្ដុះបណ្ដាលដល់កសិករ ដែលមានការលំបាករកទុនតាមរយៈមូលនិធិរបស់អង្គការ ហើយអប់រំពួកគាត់ពីការគ្រប់គ្រងកសិកម្ម និងពាណិជ្ជកម្មជាដើម។ គ្រួសារដែលរស់នៅតាមតំបន់ជនបទដែលជាគោលដៅរបស់អង្គការ PADEE នោះគឺភាគច្រើនក្រីក្របំផុត មិនអាចមានលទ្ធភាពខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្នាតតូច ប៉ុន្តែជាកម្ចី ដែលមានការប្រាក់ខ្ពស់ ត្រូវបានសរសើរពីធនាគារអភិវឌ្ឍន៍នានាថា ជាដំណោះស្រាយចំពោះភាពក្រីក្រនៅតាមជនបទ ។
ជួនកាលគ្រួសារទាំងនោះមិនមានលទ្ធភាពខ្ចីប្រាក់នេះទេ ពីព្រោះពួកគាត់មានចំណេះដឹងតិចតួច ហើយមិនអាចបំពេញបែបបទក្នុងការបើកគណនីធនាគារបាន។ ប៉ុន្តែក្នុងករណីភាគច្រើន ពួកគាត់គ្មានទាំងដីផង ហើយនៅពេលពួកគាត់ខ្លះមានដីដែរ តែពួកគាត់មិនមានប័ណ្ណកម្មសិទ្ធិសម្រាប់ដាក់បញ្ចាំក្នុងការខ្ចីប្រាក់នោះឡើយ។
លោក ខាលីដ អែល ហារីហ្ស៊ី (Khalid El Harizi)អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់អង្គការ IFAD បានមានប្រសាសន៍ថា “សម្រាប់កសិករដែលមានដីទំហំពីរបីហិកតា ហើយពឹងផ្អែកតែលើការធ្វើកសិកម្មនោះ ការងើបឲ្យផុតពីភាពក្រីក្រវាជាការលំបាកខ្លាំងណាស់ ដូច្នេះការផ្ដល់វិធីជួយឲ្យពួកគាត់រកទុនខាងហិរញ្ញវត្ថុនោះ ជាការសំខាន់ណាស”។
ដើម្បីកំណត់ពីគ្រួសារ ដែលក្រីក្របំផុតនោះ អង្គការ PADEE បានធ្វើ “ ការចាត់ចំណាត់ថ្នាក់ប្រាក់ចំណូល” ដែលក្នុងនោះ ឃុំទាំងមូលត្រូវមានការព្រមព្រៀងគ្នា ដើម្បីកំណត់ពីគ្រួសារមានចំណូលទាបចំនួន៥០គ្រួសារនៅក្នុង២៤៦ឃុំក្នុង៣៦ស្រុកក្នុងខេត្តកំពត កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តតាកែវ សរុបប្រហែល៥០.០០០គ្រួសារ។
បន្ទាប់មកក្រុមនីមួយៗ នឹងទទួលបានឥណទានឥតសំណងចំនួន៤.០០០ដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេលបីឆ្នាំ ឬប្រហែល៨០ដុល្លារសម្រាប់សមាជិកក្រុមនីមួយៗក្នុងមួយឆ្នាំៗ ដើម្បីបើកគណនីរួម ដែលនឹងធ្វើឲ្យកសិករទាំងនោះអាចមានទុន ដើម្បីទិញផលិតផល សម្ភារ ឬប្រើប្រាស់ជាប្រាក់តម្កល់សម្រាប់កម្ចីពីមីក្រូហិរញ្ញវត្ថុ។គេរំពឹងថា សមាជិកទាំងនោះនឹងជួយគ្រប់គ្រងប្រាក់ទាំងនេះ ដែលខ្ចីពីមីក្រូហិរញ្ញវត្ថុ ហើយសងទៅមីក្រូហិរញ្ញវត្ថុនោះវិញក្នុងការប្រាក់ទាប។
លោក អែល ហារីហ្ស៊ី បានមានប្រសាសន៍ថា “គោលបំណងគឺថា សហគមន៍ទាំងនេះនឹងក្លាយជាសហករណ៍ឥណទាន ហើយទីបំផុតអាចក្លាយជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយបន្ទាប់មកអាចក្លាយជាអតិថិជនរបស់ធនាគារនានាទៀតផង”។
ដើម្បីឈានដល់ចំណុចនេះ គ្រួសារទាំងនោះនឹងទទួលបានការណែនាំរយៈពេលប្រាំឆ្នាំឯណោះ។ លោកបានមានប្រសាសន៍ថា “កសិករភាគច្រើនមានចំណេះដឹងតិចតួច ដូច្នេះយើងរំពឹងថា ពួកគាត់ទាំងអស់គ្នាមិនអាចក្លាយជាគណនេយ្យករបានទេ យើងត្រូវការអ្នកផ្ដល់សេវាកម្មដ៏ជោគជ័យក្នុងការជួយដល់ក្រុមនេះបង្រៀនអំពីជំនាញចំាបាច់”។
លោកបានបន្ថែមថា ក្រុមគណនេយ្យករចល័ត ដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ នឹងធ្វើដំណើរតាមឃុំនានានៅថ្ងៃធ្វើការរបស់ធនាគារ ដើម្បីឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុរបស់ក្រុមទាំងនេះ។ ការសិក្សាថ្មីៗនេះបានរកឃើញបញ្ហាមួយចំនួនពាក់ព័ន្ធឥណទានខ្នាតតូច ហើយបានលើកឡើងថា វាមិនមែនជាគំរូនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ទេ ដោយសារនៅមានគម្លាតរវាងការប្រើប្រាស់កម្ចីខ្នាតតូចដែលខ្លួនមានបំណងខ្ចី និងការប្រើប្រាស់កម្ចីខ្នាតតូចពិតប្រាកដ។
ផ្ទុយទៅវិញ គ្រួសារ ដែលខ្ចីប្រាក់ពីមូលនិធិរបស់អង្គការ PADEE ត្រូវតែបញ្ចប់ដំណាក់កាលនីមួយៗនៃវគ្គបណ្ដុះបណ្ដាល ដើម្បីបង្ហាញថា ពួកគាត់ទទួលបានជំនាញ និងការប្ដេជ្ញាចិត្តត្រឹមត្រូវ ដើម្បីធ្វើឲ្យពួកគាត់មានលទ្ធភាពធ្វើជំនួញរបស់ខ្លួន ដោយទទួលបានប្រាក់កម្រៃខ្ពស់។
លោក លាន ថុន អាយុ៤៦ឆ្នាំជាកសិករមកពីខេត្តតាកែវ ដែលមានដីស្រែទំហំ១ហិកតានោះបាននិយាយថា ស្ថានភាពគ្រួសាររបស់គាត់កាន់តែដុនដាបទៅៗនៅពេលដែលពួកគាត់ខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទិញផលិតផលបន្ថែម ដោយសង្ឃឹមថា ពួកគាត់នឹងអាចធ្វើស្រែ និងដំាបន្លែបង្ការបានគ្រប់គ្រាន់សម្រាប់លក់។
គាត់បាននិយាយថា “យើងបានទទួលកម្ចីខ្នាតតូច ហើយកាន់តែជំពាក់បំណុលទៅៗ ពីព្រោះខ្ញុំមិនដឹងថា តើត្រូវគ្រប់គ្រងដីរបស់ខ្ញុំដូចម្ដេចឡើយ ប៉ុន្តែឥឡូវនេះខ្ញុំអាចអនុវត្តនូវអ្វីដែលខ្ញុំបានរៀនជាមួយគ្រូរបស់ខ្ញុំ ដូចជាវិធីដ៏ប្រសើរបំផុតក្នុងការធ្វើស្រែ និងដំាបន្លែបង្ការ ចិញ្ចឹមសត្វ ដែលខ្ញុំមិនបានដឹងទាល់តែសោះ”។
លោក រ៉ាហ្វ ហូដមែន (Ralph Houtman) មន្ត្រីផ្នែកទីផ្សារនិងហិរញ្ញវត្ថុជនបទប្រចាំតំបន់របស់អង្គការស្បៀងអាហារ និងកសិកម្មបានថ្លែងថា “ការខ្វះដើមទុន គឺគ្រាន់តែជាឧបសគ្គមួយប៉ុណ្ណោះចំពោះការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា”។ លោកបានថ្លែងថា “ការផ្ដល់ចំណេះដឹងដល់កសិករតាមរយៈការបណ្ដុះបណ្ដាលពួកគាត់ឲ្យចេះប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ការជួយពួកគាត់រកនិងប្រើប្រាស់ប្រភេទគ្រាប់ពូជថ្មីៗ និងជួយឲ្យពួកគាត់ចេះវាយតម្លៃពីទីផ្សារហិរញ្ញវត្ថុនោះ គឺសុទ្ធតែជាផ្នែកនៃឧបសគ្គដែលកម្មវិធីរបស់អង្គការ PADEE សង្ឃឹមថា ត្រូវដោះស្រាយ”។
ទឹកប្រាក់ចំនួន៤៣លានដុល្លារជាគម្រោងរយៈពេលប្រាំឆ្នាំ ដែលផ្ដល់មូលនិធិដោយអង្គការ IFAD ក្នុងទម្រង់ជាឥណទានឥតសំណងចំនួន១៧,៥លានដុល្លារ និងកម្ចីក្នុងចំនួនដូចគ្នានេះ ដោយទឹកប្រាក់នៅសល់ពីនោះបានមកពីអង្គការ FAO ដែលផ្ដល់មូលនិធិដោយអាមេរិក រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត។
លោក អែល ហារីហ្ស៊ី បានថ្លែងថា “មូលនិធិទាំងនេះត្រូវបានផ្ដល់តាមរយៈកម្ចី និងជំនួយឥតសំណង ដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ យើងគឺជាធនាគារអភិវឌ្ឍន៍ មិនមែនជាអង្គការសប្បុរសធម៌ទេ យើងមកទីនេះ ដើម្បីជួយប្រទេសកម្ពុជា មិនមែនផ្ដល់ប្រាក់ដល់រដ្ឋាភិបាលទេ”៕
ប្រែសម្រួលដោយ សោម សារុន