34 C
Phnom Penh

​បក្ស​នយោ​បាយ​ព្រម​​ឲ្យ​ UN ឃ្លាំ​មើល​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​អំឡុង​កិច្ច​ពិភាក្សា​មួយ​នៅ​រដ្ឋ​សភា​ កាល​ពីថ្ងៃ​សុក្រថា អង្គការ​សហ​ប្រជា​ជាតិ​(UN) អាច​ឃ្លាំ​មើល​ការ​​សើុប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នានា​បាន​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​មុន ប៉ុន្តែ ​បាន​បន្តខ្វែង​គំនិត​គ្នា​រឿង​អនុញ្ញាត​​ឲ្យ​គណ​ៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.) ដឹក​នាំ​ការ​ស៊ើប​អង្កេត​នេះ​។

បន្ទាប់​ពី​គណ​បក្ស​ទាំង​ពីរ​កាលពី​ដំបូង​ឡើយ​បាន​ព្យា​យាម​បង្កើត​គណៈ​កម្មា​ធិការ​ពិសេស​មួយ​កាល​ពី​ថ្ងៃ​ទី៣ ខែសីហា​ នៅទី​ស្នាក់​ការ​កណ្តាល​​របស់ ​គ.ជ.ប. នោះ​​​ គណ​បក្ស​ប្រឆាំង​បាន​សម្រេច​មិនចូលរួម​ នៅ​ពេល​លោក​ សម​ រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក អឹុម សួស្តី ប្រធាន ​គ.ជ.ប. ​​ដោយ​លើក​ឡើង​ថា គណ​បក្ស​របស់​លោក​មិន​អាច​ទទួល​យក​ការ​សើុប​អង្កេត​បាន​ទេ​ ប្រសិន​បើ​ការ​ស៊ើប​អង្កេត​នោះ​មិន​ដឹក​នាំ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​។

កាល​ពី​ថ្ងៃ​សុក្រ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ផ្លាស់​ប្តូរ​គោល​ជំហ​របស់​ខ្លួន ​​ដោយ​លើក​​ឡើង​ថា ខ្លួន​យល់​ព្រម​តាម​ការ​ទាម​ទារ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ឲ្យអង្គការ​សហ​ប្រជា​ជាតិអាច​ត្រឹម​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​គណៈ​កម្មា​ធិការ​នេះ។​

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើងថា “ នៅព្រឹក​នេះ​ចន្លោះ​ពីម៉ោង​៩ ដល់​ម៉ោង​១១​ព្រឹក​ គណ​ៈប្រតិភូ​មក​ពី​គណ​បក្ស​ទាំង​ពីរ ​គឺគណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ជួប​ពិភាក្សា​គ្នា​​នៅ​រដ្ឋ​សភា​។ យើង​​ទៅ​ទី​នោះ​  ដើម្បី​បង្កើត​គណៈ​កម្មាធិការ​ពិេសេស​មួយ ហើយ​យើង​បាន​ឈាន​ដល់​ការសម្រេច​ថា គណៈ​ប្រតិភូ​មក​ពី​គណ​បក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​ជាមួយ​មេ​ដឹក​នាំ​កំពូល​របស់​ខ្លួន​អំពី​ថា តើ​អ្នក​ណានឹង​ក្លាយ​ជា​សមា​ជិក​នៃ​គណៈ​កម្មា​ធិការ​ពិសេស​នេះ ហើយ​យើង​បាន​ព្រម​​ព្រៀង​គ្នា​ថា អង្គការ​សហ​ប្រជា​​ជាតិ​នឹង​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍”។

សេចក្តីថ្លែង​ការណ៍​មួយ​ចេញ​ដោយ​គណ​​បក្ស​ប្រឆាំង ​បន្ទាប់​ពី​កិច្ចពិភាក្សា​នេះ បាន​លើក​ឡើង​ថា  លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ លោក គុយ​ ប៊ុនរឿន ​បេក្ខ​ជន​តំណាង​រាស្ត្រ​ខេត្ត​កំពង់​ចាម លោក ញ៉ែម បុញ្ញរិទ្ធ បេក្ខ​ជន​តំណាង​រាស្ត្រ​ខេត្ត​ព្រៃវែង​ មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​​សុទ្ធ​តែ​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សានេះ។

គណ​បក្ស​ប្រជា​ជនកម្ពុជា​បាន​បញ្ជូន​លោក ជាម យៀប ​សមាជិក​សភា​ជាន់​ខ្ពស់ លោក អ៊ុក ​កឹមហាន សមាជិកនៃ​​គណៈ​កម្មា​ធិការ​​អចិ​ន្ត្រៃយ៍​ និង​លោក ព្រំ សុខា​ រដ្ឋ​លេខា​ធិការ​​ក្រសួង​មហា​ផ្ទៃ។ សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​លើក​ឡើង​ថា “ [តំណាង​ទាំងប្រាំ​មួយ​រូប​] បាន​ព្រម​ព្រៀង​តាម​ផែន​ការ​ជ្រើស​រើស​អង្គការ​​មិន​មែនរដ្ឋា​ភិបាល​ដែល​ជា​អ្នក​ជំនាញ​ និង​មាន​បទពិសោ ធ​ខាង​កិច្ច​ការ​បោះ​ឆ្នោត​ដើម្បី​ចូល​រួម​ក្នុង​ក្រុម​​​អ្នក​បច្ចេក​ទេស​មួយ​ជាមួយ​តំណាង​​អង្គកា​រ​សហ​ប្រជាជាតិ​ ហើយ​អង្គការ​ក្នុង​ស្រុក​ និង​អង្គការអន្តរ​ជាតិ​នានា ដើរ​តួ​នាទី​ជា​អ្នក​​សង្កេត​ការណ៍”។

លោក ជាម យៀប បាន​បញ្ជាក់​ថា  កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​  ពិត​មែន ហើយ​បាន​លើក​ឡើង​ថា គោល​បំណង​​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គណ​បក្ស​ទាំង​ពីរ​យល់​ពីលក្ខខណ្ឌគ្នា​ទៅ​វិញ​ទៅ​មក​ សម្រាប់​ការ​បង្កើត​គណៈ​កម្មា​ធិការ​​ស៊ើប​អង្កេតមួយ​លើ​ភាព​មិន​ប្រក្រតី​ អំឡុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​២៨ ខែកក្កដា។

លោក​​បានថ្លែង​ថា លោក ស ខេង រដ្ឋ​មន្ត្រី​​ ក្រសួង​មហា​ផ្ទៃ​ និង​លោក​ សាយ​ ឈុំ​ អនុ​ប្រធាន​ព្រឹទ្ធសភា​ បាន​ស្ថិត​ក្នុង​ចំណោម​សមា​ជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជាដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចរ​ចា​ជាមួយ​គណ​បក្ស​ប្រឆាំង​។

លោក​ ជាម យៀប​ បាន​មាន​ប្រសាសន៍​ថា “ ប៉ុន្តែ ​ប្រសិន​បើពួក​គេ​មិន​ព្រម​ព្រៀង​គ្នា​ទេនោះ ជា​ជម្រើស​ចុង​ក្រោយ​ សម្តេច​ ហ៊ុន សែន នឹង​ជួប​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​ផ្ទាល់ ប្រសិន​បើ​ចាំ​បាច់”។

លោក ជាម​ យៀប បាន​មាន​ប្រសាសន៍​ថា  ដោយ​សារ​តែ​លោក​ បាន​ គីមូន​ អគ្គលេ​ខា​​ធិការ​អង្គការ​សហប្រជាជាតិ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​លើក​ឡើងថា ការ​បោះឆ្នោត​ជាតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើងដោយ​សន្តិវិធីនោះ អង្គការ​សហប្រជាជាតិ​មិន​ចាំបាច់​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ការសើុបអង្កេត​ណាមួយ​លើ​ភាព​មិនប្រក្រតី​នៅក្នុងការ​បោះឆ្នោត​នោះឡើយ​។

លោកបាន​មាន​ប្រសាសន៍​មុន​ពេល​បដិសេធ​មិន​លើកឡើង​លម្អិត​បន្ថែម​ទៀត​ស្តីពីការ​ចរចា​ជាមួ​យ​គណបក្ស​ប្រឆាំង​ថា  “ អង្គការ​សហប្រជាជាតិ​​អាច​មក​ធ្វើ​ជាអ្នក​សង្កេត​ការណ៍​បាន​​​ ប៉ុន្តែ ពួកគេ​មិន​អាច​ដឹក​នាំការ​ស៊ើបអង្កេត​​បាន​ទេ​”។

ខណៈពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា  ខ្លួន​ទទួល​បាន​សំឡេង​គំាទ្រ​៦៨អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន​១២៣​អាសនៈនោះ គណបក្ស​ប្រឆាំង​បាន​អះអាងថា ការលួច​បន្លំ​ដែល​កើត​មាន​​នៅ​គ្រប់​កន្លែង​ និង​ឈ្មោះ​ដែល​បាត់​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ មាន​ន័យ​ថា ខ្លួន​ទទួល​បាន​​សំឡេង​គាំទ្រ​ភាគច្រើន​​នៅ​ក្នុ​ង​រដ្ឋសភា ពោល​គឺ​ចំនួន​៦៣​អាសនៈ។

ទោះ​បី​ជាអនុញ្ញាត​ឲ្យអង្គការ​សហ​ប្រជា​ជាតិ​ឃ្លាំ​មើល​ក៏ដោយ​ ក៏កាល​ពីម្សិ​លមិញ គណបក្ស​សង្គ្រោះជាតិ​បាន​លើក​ឡើង​ថា ខ្លួន​នឹ​ងបន្ត​ធ្វើ​ការ​សើុបអង្កេត​ ប្រសិន​បើ​ អ្នក​ដែល​ចូល​រួម​ទទួល​ខុស​ត្រូវ​ក្នុង​ញ្ហា​នេះ​មិន​ឯក​រាជ្យ​ពេញ​លេញ។

លោក សុន ឆ័យ ដែល​បាន​ដឹក​នាំ​តំណាង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​កិច្ច​ពិភាក្សាកាល​ពីថ្ងៃ​សុក្រ បាន​មាន​ប្រសាសន៍ថា ការ​ចរចា​ត្រូវ​បាន​រៀបចំឡើយ​ដើម្បីស្វែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​នៃភាពមិន​ប្រក្រតី​ឲ្យ​បាន​ប្រ​សើរ​​ជាង​នេះ ប៉ុន្តែ បានមាន​ប្រសាសន៍ថា ប្រសិន​​បើ​គណៈកម្មាធិការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ គណៈកម្មាធិការ​នោះ​មិនគួរ​ឲ្យ​ គ.ជ.ប. ​ចូល​រួម​ពាក់​ព័ន្ធទេ​។​ លោក​បាន​មាន​ប្រសាសន៍ថា “ ប្រសិន​បើ​​អនុញ្ញាត​ឲ្យ​ គ.ជ.ប. ស៊ើបអង្កេត​បទល្មើស​របស់ខ្លួន​ឯង​នោះ​ នឹង​មិន​មាន​ដំណោះ​ស្រាយ​ឡើយ​”។

លោក សុន​ ឆ័យ​ បាន​មាន​ប្រសាសន៍ថា “ យើង​បាន​ព្រម​ព្រៀង​​ហើយ​ថា  យើង​ត្រូវ​ការ​​អ្នក​ជំនាញ​មួយ​ក្រុម​ដែល​អាចម​កពី​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ណាមួយ​​ដែល​បាន​និង​កំពុង​ធ្វើ​កិច្ច​ការងារ​​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​”។​ សុន ឆ័យ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា តំណាង​គណបក្ស​ប្រជាជន​ថា ខ្លួន​មិន​អា​ច​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាមៗ​បាន​ទេ​។ លោក​បាន​​មាន​ប្រសាសន៍​បន្តថា “ ពួក​គេ​ត្រូវ​ពិភាក្សា​ជា​មួយ​មេដឹកនាំ​សិន​ដើម្បី​ឲ្យ​ដឹងថា តើ​អង្គការ​​ក្រៅ​រដ្ឋាភិ​បាល​​ ឬ​អ្នក​ជំនាញ​ណា​ដែល​នឹង​​ត្រូវ​អនុញ្ញាត​ឲ្យ​​ចូល​រួ​ម​ក្នុង​ក្រុម​ស៊ើប​អង្កេត​នេះ​”។

បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាលក្នុង​ស្រុក​​ចំនួន​១០​នៅក្រសួង​មហា​ផ្ទៃ​ លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​បាន​ទំនាក់​ទំនង​គ្នា​កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ដោះ​ស្រាយ​​ភាព​មិន​ប្រក្រតីក្នុង​ការ​បោះឆ្នោត​។

លោកថ្លែងថា “ ខ្ញុំ​មិនអា​ច​ព្យាករ​ដឹងពី​លទ្ធ​ផល​​ទេ​ ប៉ុន្តែ​ យ៉ាង​ហោច​ណាស់​យើង​កំពុង​អង្គុយ​ចុះ​ដើម្បី​ធ្វើ​ការ​ចរចា​គ្នា”។ លោក​​ក៏បាន​គាំទ្រ​គោល​ជំហរ​របស់​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​ ថា អង្គការ​សហ​ប្រជា​ជាតិ​នឹង​មិន​អាច​ចូលរួ​ម​នៅក្នុង​គណៈកម្មាធិ​ការ​រួម​មួយ​​បាន​ទេ​ ប៉ុន្តែ​ អាច​សង្កេត​ការណ៍​បាន​។
លោក​ ស ខេង​ បាន​មាន​ប្រសាសន៍ថា “ និយាយ​ពីសំណើរបស់​គណបក្ស​សង្គ្រោះ​ជាតិ​សំុ​ឲ្យ​ចាត់​តាំង​​អង្គការ​សហ​ប្រជាជាតិ​ជា​អាជ្ញាកណ្តាល​នោះ​ ខ្ញុំគិតថា វា​មិន​អា​ច​ទៅ​រួច​ឡើយ​។ ប្រសិន​បើ​ពួក​គេចង់​មក​​សង្កេត​ការណ៍​ វាមិន​អី​ទេ​ ពីព្រោះ​ គ.ជ.ប.​បើ​ក​ចំហ​ចំពោះ​បញ្ហា​នេះ”។

កាល​ពីថ្ងៃ​ច័ន្ទ លោក​ ស ខេង​ បាន​ព្រមាន​​ថានឹង​មាន​ “ បញ្ហា” ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចរចាជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជំុវិញ​ភាព​មិន​ប្រក្រតី​កើត​មាន​អំឡុង​ពេល​បោះឆ្នោត​ទេនោះ។

ទោះបីជាជម្រើស​ដំបូង​របស់​គណ​បក្ស​សង្គ្រោះជាតិ​​ត្រូវ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ដឹកនាំការស៊ើបអង្កេត​ក៏ដោយ​ ក៏ លោក​ សុន ឆ័យ បាន​លើកឡើង​ថា ត្រូវតែ​ផ្តល់​សម្ប​ទាន​​​ខ្លះ​ ដើម្បី​ឲ្យភាគីទាំង​ពីរ​អាច​បន្ត​ដំណើរ​ការ​ទៅមុខ​ទៀតបាន​។ លោក​បាន​មាន​ប្រសាសន៍ថា “ ដោ​យ​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​បានច្រាន​ចោល​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​យ៉ាង​ដាច់​អហង្កា​រនោះ យើង​មិន​ចង់​ឲ្យ​គេ​មើល​មក​ឃើញថា យើង​កំពុង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដំណើរការ​នេះទេ ។ យើង​គ្រាន់តែ​ចង់​បង្ហាញ​​ដោយ​ស្មោះស្ម័គ្រ​​នូវ​ឆន្ទៈ​របស់​យើង​ក្នុង​ការសម្រុះ​​សម្រួលដើម្បី​​ស្វែង​រក​ដំណោះ​​ស្រាយ​លើ​បញ្ហានេះ​”។
លោក​ ហ្វីលីព  សេន  (Philip Sen) មន្ត្រី​ទំនាក់​ទំនង​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​​​កម្ពុជា​បាន​មាន​ប្រសាសន៍ថា អង្គការ​​​សហប្រជាជាតិ​មិន​បាន​ដឹង​ពី​សេចក្តី​សម្រេច​របស់​គណបក្ស​ទាំង​ពីរ​ឲ្យ​ខ្លួន​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​នោះទេ​។

លោក ឈាង​ វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពីសេចក្តី​លម្អិត​ៃន​​កិច្ច​ពិភាក្សា​នេះ​ទេ ពី​ព្រោះលោក​​មិន​មាន​វត្ត​មាន​​នៅ​​ទីនោះ​ ប៉ុន្តែ លោក​បាន​ថ្លែង​ថា យោង​តាម​រដ្ឋ​ធម្មនុញ្ញ​នឹង​ត្រូវ​ឲ្យ​ គ.ជ.ប.​ចូលរួម​ ។ គ.ជ.ប. បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន​នៅ​ថ្ងៃសុក្រ អំពាវ​នាវ​ឲ្យ​គណបក្ស​​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​បង្កើត​គណៈ​កម្មាធិការ​មួយ​ដើម្បី​សើុប​អង្កេត​លើសេចក្តី​រាយការណ៍​អំពីភាព​មិន​ប្រក្រតីនានា​អំឡុង​ពេល​បោះឆ្នោត​ដែល​​គ.ជ.ប. ទទួល​បាន​។

សេចក្តី​ថ្លែង​ការណ៍​នោះមាន​ខ្លឹមសារថា “ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​សូម​អញ្ជើញ​​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​មក​ជួប​ប្រជុំ​ដើម្បី​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយក្នុង​បំណង​​ពិភាក្សា​អំពី​សេចក្តីរាយការណ៍​ស្តី​ពីភាព​មិន​ប្រក្រតី​កើត​មាន​អំឡុង​ពេល​បោះឆ្នោត​ ដែល​ គ.ជ.ប.​ ទទួល​បាន​​ចន្លោះ​ពី​ថ្ងៃទី​២ ខែ​សីហា ដល់​ថ្ងៃ​ទី​៦​ខែ​សីហា”។

សេចក្តីថ្លែងការ​ណ៍នេះ​បានលើក​ឡើង​ថា​​ “ [គ.ជ.ប.] វា​នឹង​ផ្តល់​អត្ថប្រយោជន៍ដល់​គណបក្ស​ទាំង​ពីរ​ក្នុងការបង្កើត​គណៈ​កម្មា​ធិការ​នេះ​ក្នុង​ពេល​ឆាប់​ៗ​ដើម្បីដោះស្រាយ​បញ្ហា​នៃ​ភាព​មិន​ប្រក្រតី​ដែល [ គ.ជ.ប.] ទទួល​បាន​”។

លោក​ ទេព នីថា អគ្គលេខាធិការ ​គ.ជ.ប.​បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​សុក្រថា ​លោក​មិន​បាន​ដឹងថា កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើ​ង​នៅរដ្ឋ​សភា​រវាង​គណបក្ស​កាន់​អំណា​ច​ និង​គណបក្ស​ប្រឆាំង​ទេ។ លោក​ ទេព នីថា ​បាន​មាន​ប្រសាសន៍ថា “ ថ្ងៃនេះ​យើង​ក៏​បាន​ចេញ​សេចក្តីថ្លែង ការណ៍​មួយ​ដែរ ​អំពាវនាវ​ឲ្យ​គណ​បក្ស​ទាំង ពីរ​មក​ជួប​យើង​ដើម្បី​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ​​ ប៉ុន្តែ រហូត​មកទល់នឹង​​ពេល​នេះ​យើង​មិន​ទាន់​ទទួលបាន​ដំណឹង​ពី​ពួក​គេ​នៅ​ឡើយ​ទេ​”។

លោក​ ទេព នីថា ​បាន​មាន​ប្រសាសន៍​បន្ត​ថា “ ដូច្នេះ​ខ្ញុំមិន​ប្រាកដថា តើ​នឹង​មាន​គណៈ​កម្មាធិការ​ពីរ​ដាច់​ដោយឡែក​ពីគ្នា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីសើុបអង្កេត​ភាព​មិ​ន​ប្រក្រត​ី​ ឬថា តើ​គណៈកម្មាធិការ​ [របស់​គណបក្ស​ទាំង​នេះ​] នឹង​មិន​ឲ្យ​ គ.ជ.ប. ចូលរួម​ពាក់​ព័ន្ធ​ឬ​យ៉ាងណា​នោះទេ”។
ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌​មាន​កាល​ពី​ម្សិល​មិញ​ នៅ​ក្រសួង​មហាផ្ទៃ​ កន្លែង​ដែល​លោក​បាន​ជួប​ជាមួយ​លោក​ ស ខេង​ នោះ​លោក ធន​ សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​​អាដហុក​ បាន​គូស​បញ្ជាក់​ពីសារៈ​សំខាន់​នៃ​ការ​បង្កើត​គណៈកម្មាធិការ​សើុប​អង្កេត​មួយ​ឲ្យ​បាន​ឆាប់​រហ័ស ដែលនឹង​សើុប​អង្កេត​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​​ ហើយ​ឈាន​ដល់​ការ​សម្រេច​​ថា គណ​បក្ស​ទាំង​អស់​អាចទទួល​យក​បាន​។

លោក​បាន​មាន​ប្រសាសន៍ថា “ យើង​សូម​អំពាវ​នាវ​ឲ្យ​គណបក្ស​ទាំង​ពីរ​មក​ទាំង​អស់​គ្នា​ដើម្បីព្រម​ព្រៀង​លើគណៈកម្មាធិ​ការ​ចម្រុះមួយ​សម្រាប់​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់​ចត់​ ដើម្បី​​បញ្ចៀស​​អំពើ​ហិង្សា និង​ចលា​ចល​ក្នុង​សង្គម​ដែល​អាច​កើត​មាន​”៕

(រាយការណ៍​បន្ថែមដោយ Janelle Kohnert)
ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម    ​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស