26 C
Phnom Penh

លោក សម រង្ស៊ី រង​​​ការ​​​ព្រមាន​​​ពី​​​ការ​​​ចាត់​​​វិធាន​​​ការ​​​ផ្លូវ​​​ច្បាប់​​​ រឿង​​​​​​ធ្វើ​​​អត្ថាធិប្បាយពី​​​យោធា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ព្រមាន​​​កាល​​​ពី​​​ចុង​​​សប្ដាហ៍​​​ថា លោក សម រង្ស៊ី អាច​​​ប្រឈម​​​នឹង​​​វិធាន​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​​​​ចំពោះ​​​ការ​​​អត្ថា​​​ធិប្បាយ ​​​​​​ដែល​​​លោក​​​បាន​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​​​​ ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​សាធារណជន​​​បញ្ចុះ​​​បញ្ចូល​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ឲ្យ​​​គាំ​​​ទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​បញ្ចប់​​​ការ​​​គ្រប់​​​គ្រង​​​រយៈ​​​ពេល​​​រាប់​​​ទសវត្សរ៍​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក សម រង្ស៊ី បាន​​​បង្ហោះ​​​សារ​​​ពី​​​ស​​​ហ​​​រដ្ឋ​​​អាមេរិក​​​ ដែល​​​ជា​​​កន្លែង​​​លោក​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​មង្គលការ​​​កូន​​​ស្រី​​​ថា “ ថ្ងៃ​​​នេះ​​​ យើង​​​បាន​​​ឃើញ​​​ច្បាស់​​នឹង​​​​​​ភ្នែក​​​ហើយ គឺ​​​បង​​​ប្អូន​​​ដែល​​​ជា​​​ប៉ូលិស ប៉េអឹម ​​​កង​កម្លាំង​​​​​ប្រដាប់​​​អាវុធ​​​ទាំង​​​អស់​​​ ជា​​​ពិសេស​​​ពល​​​ទាហាន​​​ បាន​​​ចេញ​​​មុខ​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិយើង​យ៉ាង​​​ពេញ​​​ទំហឹង​​​ ដូច្នេះនៅ​​​​​​ពេល​​​ដែល​ឃើ​​​ញ​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​គេ​ដាក់​​​ពង្រាយនៅ​​​តាម​​​ចិញ្ចើម​ផ្លូវ សូមក្មួយ​​​ៗ​​​កុំ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​​​​ឲ្យ​​​សោះ​​​  ផ្ទុយ​​​មក​វិញ​​​ ក្មួយ​​​ៗ​​​ត្រូវ​​​ញញឹម​​​ដាក់​​​គាត់​​​ ហើយ​​​បើ​​​ក្នុង​​​ដៃ​​​ក្មួយ​មាន​​​ទឹក​​​សុទ្ធ​​​ ឬ​​​ភេសជ្ជៈ​​​ត្រូវ​ជូន​គាត់​ រួច​​​​និយាយ​​​ថា យើង​​​ត្រូវតែ​​​​​​រួម​​​គ្នា​​​ក្រោក​ឡើ​​​ង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ឲ្យ​​​ទាល់​​​តែ​​​បាន​ ដើម្បី​​​សង្គ្រោះ​​​ជីវភាព​​​និង​​​សង្គ្រោះ​​​ជាតិ​​​យើង​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​នេះ​​​”។

លោក​​​ សម រង្ស៊ី បាន​​​បង្ហោះ​​​សារ​​​នេះ​​​អម​​​ជាមួយ​​​នឹង​​​រូប​​​ថត​​​របស់​​​បុរស​​​ក្នុង​​​ឯកសណ្ឋាន​​​យោធា​​​អានា​​​មិកមួយ​​​រូប ​​​​​​ដែល​​​លើក​​​ម្រាម​​​ដៃ​​​បង្ហាញ​​​លេខ​​​ប្រាំពីរ​​​ ដែល​​​ជា​​​រូប​​​សញ្ញា​​​​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​។​ ក្នុង​​​សារ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​នោះ​​​ លោក​​ សម រង្ស៊ី ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា កា​​​រ​​​ផ្លាស់​​​ប្ដូរ​​​នេះ​​​គួរ​​​រួម​​​បញ្ចូល​​​មិន​​​ត្រឹម​​​តែ​​​ជីវភាព​​​រស់​​​នៅ​​​ប្រសើ​​​​​​ជាង​​​មុន​​​ប៉ុណ្ណោះ​​​ទេ តែ​​​​​​ក៏​​​ត្រូវ​​​រួម​​​បញ្ចូល​​​​​​​​​រដ្ឋាភិបាល​​​ថ្មី​​​ផង​​​ដែរ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ សូម​​​ក្មួយ​​​ៗ​​​ជួយ​​​ពន្យល់​​​ប្រាប់​​​ដល់​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ដែល​​​ត្រូវ​​​ជា​​​បង​​​ប្អូន​​​ ឬ​​​សាច់​​​ញាតិ​​​របស់​​​ក្មួយ​​​ៗ​​​ ដើម្បី​​​ឲ្យ​​​ពួក​​​គាត់​​​រួម​​​គ្នា​​​ក្រោក​​​ឡើង​​​ជាមួយ​​​កម្លាំង​​​ប្រជា​​​ពល​​​រដ្ឋ​​​ និង​​​កម្លាំង​​​យុវជន​​​ស្នេហា​​​ជាតិ​​​របស់​​​យើង​​​ ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ប្ដូរ​​​​​​មេ​​​ដឹក​​​នាំ​​​បច្ចុប្បន្ន​​​នេះ​​​ចេញ​​​ឲ្យ​​​ទាល់​​​តែ​​​បាន​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​នេះ​​​”។

ក្នុង​​​សារ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ថា ការ​​​ដាក់​​​ពង្រាយ​​​កង​​​ទ័ព​​​នៅ​​​ជុំ​​​វិញ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក្នុង​​​ពេល​​​ថ្មី​​ៗ​​​នេះ ​​គឺ​​​ធ្វើ​​​ឡើង​​​តាម​​​ការ​​​បញ្ជា​​​របស់​​​គណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​ ហើយ​​​លោក​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​កង​​​ទ័ព​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ នេះ​​​គឺ​​​ជា​​​ឱកាស​​​មាស​​​មួយ​​​សម្រាប់​​​បងប្អូន​​​ទាំង​​​អស់​​​គ្នា​​​ក្នុង​​​ការ​​​រួប​​​រួម​​​គ្នា និង​​​ក្រោក​​​ឈរ​​​ឡើង​​​ជាមួយ​​​ប្រជា​​​ជន​​​របស់​​​យើង​​​ និង​​​យុវជន​​​សង្គ្រោះ​​​ជាតិ​​​របស់​​​យើង​​​ ដើម្បី​​​ទា​​​ម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ និង​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​ថ្មី​​​ក្នុង​​​ឆ្នាំ​​​២០១៣។ សូម​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ទាំង​​​អស់​​​មាន​​​ឆន្ទៈ​​​ការ​​​ពារ​​​ប្រជា​​​​​​ជន​​​គ្រប់​​​ៗ​​​រូប​​​តាម​​​ធម៌​​​ព្រះ​​​ពុទ្ធ​​​​​​”។

ការ​​​ផ្ដោត​​​របស់​​​គណបក្ស​​​ប្រឆាំង​​​លើ​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ ធ្វើ​​​ឡើង​​​អំឡុង​​​មាន​​​ការ​​​ដាក់​​​ពង្រាយ​​​កង​​​កម្លាំង​​​នគរបាល​​​ និង​​​កង​​​កម្លាំង​​​យោធា​​​ក្នុង​​​ និង​​​ជុំ​​​វិញ​​​រាជ​​​ធានី​​​ភ្នំពេញ ចាប់​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​មក​​​ ជា​​​ការ​​​ត្រៀម​​​ទប់​​​ទល់​​​​​​នឹង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ដែល​​​​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​បាន​​​​​ព្រមាន​​​ថា នឹង​​​ធ្វើ​​​ឡើង ​​​​​​ប្រសិន​​​បើ​​​​​​រដ្ឋា​​​ភិបាល​​​មិ​នព្រម​​​​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ដែល​​​អាច​​​ជឿជាក់​​​បាន​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា។​ ខណៈ​​​លទ្ធផល​​​ផ្លូវ​​​ការ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​ផ្លូវ​​​ការ​​​នោះ​​​ គណបក្ស​​​ទាំងពីរ​​​នេះ​​​បាន​​​អះអាង​​​ដូចៗ​​​គ្នា​​​ថា ខ្លួន​​​មាន​​​អាសនៈ​​​សភា​​​​​​គ្រប់​​​គ្រាន់​​​​​​​​​ដើម្បី​​​បង្កើត​​​រដ្ឋាភិបាល​​​​​​។

លោក ជាម យៀប ជាសមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​​​​ បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​ប្រឆាំង​​​អាច​​​ប្រឈម​​​នឹង​​​​​​វិធាន​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ចំពោះ​​​ការ​​​ព្យាយាម​​​ញុះញង់​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ គាត់​​​មាន​​​គំនិត​​​បង្កើត​​​រដ្ឋ​​​ប្រហារ​​​ដែល​​​នឹង​​​បង្កឲ្យ​​​មាន​​​ចលា​​​ចល​​​នៅ​​​ទូទាំង​​​ប្រទេស​​​។ វា​​​អាច​​​ទៅ​​​រួច​​​ក្នុង​​​ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​​​ប្ដឹង​​​គាត់​​​នៅ​​​ពេល​​​នេះ​​​ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ចង់​” ដោយ​​​បានបន្ត​​​​​​ថា លោក​​​ប្រហែល​​​ជា​​​អាច​​​ដាក់ពាក្យ​​​បណ្ដឹង​​​ដោយ​​​ខ្លួន​​​ឯង​​​នៅ​​​ពេល​​​ណាមួយ​​​។

លោក ជាម យៀប ​​​លើក​​​ឡើង​​​ថា ប្រសិន​​​​​​បើ​​​នៅ​​​ទី​​​បំផុត​​​លោក សម រង្ស៊ី ​​​មិ​​​ន​​​ពេញ​​​ចិត្ត​​​នឹង​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នោះ​​​ មេ​​​ដឹក​​​នាំ​​​​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​អាច​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា ​​​​​​ដែល​​​មាន​​​សិទ្ធិ​​​សម្រេច​​​លើ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​អះអាង​​​ថា ទាំង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ និង​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​សុទ្ធ​​​តែ​​​មាន​​​ភក្ដី​​​ភាព​​​នឹង​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​​​​ពេក​​​មិ​​​ន​​​អាច​​​ចេញ​​​សេចក្ដី​​​សម្រេច​​​ប្រកប​​​ដោយ​​​យុត្តិធម៌​​​បាន​​​ទេ​​​។

​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ​​​លោក ខៀវ កាញារីទ្ធ ​​​រដ្ឋ​​​​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន ក៏​​​បាន​​​ព្រមានផង​​​ដែរ ថា ការ​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​របស់​​​លោក សម រង្ស៊ី អាច​​​ចាត់​​​ទុក​​​ជា​​​ “ បទ​​​ល្មើស​​​ព្រហ្ម​​​ទណ្ឌ​​​” បាន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ការ​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​តាម​​​ហ្វេសប៊ុក​​​ គឺ​​​មិន​​​ផ្លូវ​​​ការ​​​មែន​​​ តែ​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​បដិវត្ត​​​គឺ​​​ជា​​​ការ​​​ល្មើស​​​នឹង​​​ក្រម​​​ព្រហ្មទណ្ឌ​​​។ ខ្ញុំ​​​ជឿ​​​ថា លោក សម រង្ស៊ី បាន​​​និយាយ​​​អ្វី​​​មួយ​​​ផ្សេង​​​ ហើយ​​​ប្រជា​​​ជន​​​បក​​​ស្រាយ​​​ការ​​​និយាយ​​​នេះ​​​ក្នុង​​​ន័យ​​​ផ្សេង​​​ តែ​​​ប្រសិន​​​បើ​​​លោក សម រង្ស៊ី និយាយ​​​ដូច្នេះ​​​មែន​​​ វា​​​ជា​​​បទ​​​ល្មើស​​​ព្រហ្មទណ្ឌ​​​ហើយ​​​”​​​។

លោក​​​ សម រង្ស៊ី ទើប​​​នឹង​​​​​​បានទទួល​​​ការ​​​​​​ព្រះ​​​រាជ​​​ទាន​​​លើកលែង​​​ទោស​​​​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ប៉ុណ្ណោះ​​​ គឺ​​​អំឡុង​​​ពេល​​​មាន​​​សម្ពាធ​​​ឥត​​​ឈប់​​​ឈរ​​​ពី​​​សហ​​​រដ្ឋ​​​អាមេរិក​​​​​​ ឲ្យ​​​លោក​​​រួច​​​ផុត​​​ពី​​​​​​បទ​​​ចោទ​​​ប្រកាន់​​​ដែល​​​មជ្ឈដ្ឋាន​​​ទូទៅ​​​ចាត់​​​ទុក​​​ថា ជារឿង​​​នយោបាយ​​​ និង​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​រស់​​​នៅ​​​និរទេ​​​ស​​​ខ្លួន​​​ដោយ​​​ខ្លួន​​​ឯង​​​អស់​​​រយៈ​​​ពេល​​​ជិត​​​បួន​​​ឆ្នាំ​​​។

ក្រៅ​​​ពី​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​របស់​​​​​​លោក សម រង្ស៊ី អំពី​​​យោធា លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ ក៏​​​បាន​​​ព្រមាន​​​​​​ថ្នាក់​​​ដឹក​​​នាំ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ផង​​​ដែរ​​​​​​អំពី​​​វិធាន​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​​​​ ប្រសិន​​​បើ​​​​​​​​​មាន​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ណាមួយ ​​​អំឡុង​​​បាតុកម្ម​​​ដោយ​​​សន្ដិវិធី​​​ ដែល​​​គណបក្ស​​​ប្រឆាំង​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ធ្វើ​​​ ប្រសិន​​​បើ​​​ការ​​​ស៊ើប​​​អង្កេត​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ មិន​​​បាន​​​ទទួល​​​ផ្លែ​​​ផ្កា​​​ទេនោះ​​​។

នៅ​​​ក្នុង​​​ថ្ងៃ​​​តែ​​​មួយ​​​នោះ​​​ គឺ​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ចោទ​​​សួរ​​​ខ្លាំង ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាល​​​​​​ទី​​​បំផុត​​​ក៏​​​បាន​​​ទទួល​​​ស្គាល់​​​ថា កង​​​ទ័ព​​​និង​រថ​​​​​​ពាស​​​ដែក​​​ដែល​​​គេ​​​ឃើញ​​​ដាក់​​​ពង្រាយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ គឺ​​​សម្រាប់​​​រក្សា​​​សន្តិសុខនៅ​​​​​​ក្នុង​​​ករណី​​​គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​មហាបាតុកម្ម​​​មែន​​​។

លោក ខេង ទីតូ អ្នក​​​នាំពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស ​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​ថា “ យើង​​​ខ្លាច​​​ក្រុម​​​មួយ​​​ចំនួន​​​ព្យាយាម​​​ឆក់​​​ឱកាស​​​បង្ក​​​ភាព​​​ចលាចល​​​ និង​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ជនមាន​​​ការ​​​​​​ភ័យ​​​ខ្លាច​​​​​​”។

លោក ខេង​​​ ទីតូ មិន​​​ព្រម​​​​​បញ្ជាក់​​​ថា តើ​​​កង​​​ទ័ព​​​ និ​​​ង​​​រថ​​​ពាស​​​ដែក​​​ទាំង​​​នោះ​​​កំពុង​​​ឈរ​​​ជើង​​​នៅ​​​ទីណា​​​មុន​​​ពេល​​​ធ្វើ​​​បាតុកម្ម​​​ ឬ​​​ថា​​​ តើ​​​កង​​​ទ័ព​​​ និង​​​រថពាស​​​ដែក​​​ទាំង​​​នោះ​​​មាន​​​ចំនួន​​​ប៉ុន្មាន​​​ឲ្យ​​​ពិត​​​ប្រាកដ​​​ទេ​​​ ដោយ​​​គ្រាន់​​​តែ​​​បាន​​​ប្រាប់​​​​​​ថា “ មិន​​​តិច​​​” ឡើយ​​​។

ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ការ​​​អំពាវ​​​នាវ​​​របស់​​​លោក សម រង្ស៊ី ឲ្យ​​​កង​​​ទ័ព​​​គាំទ្រ​​​ការ​​​ប្ដូរ​​​រដ្ឋាភិបាលថ្មី​​​​​​ និង​​​ការ​​​អះអាង​​​របស់​​​លោក​​​ដែល​​​ថា កង​​​ទ័ព​​​ឈរ​​​ខា​​ង​​​គណបក្ស​​​ប្រឆាំង​​​វិញ​​​ លោក ខេង ទីតូ មាន​​​ប្រសាសន៍​​​​​​ថា “ កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ទាំង​​​អស់​​​ គឺ​​​អព្យាក្រឹត្យ​​​ និង​​​មិន​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​​​នយោបាយ​​​ណាមួយ​​​ ឬ​​​បម្រើ​​​​​​ផល​​​ប្រយោជន៍​​​បុគ្គល​​​ណាមួយ​​​ឡើយ​​​​​​។ កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​​​​គឺ​​​សម្រាប់​​​តែ​​​ការ​​​ពារ​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​​​​ និង​​​ប្រទេស​​​ជាតិ​​​ប៉ុណ្ណោះ​​​”។

លោក សៅ សុខា មេ​​​បញ្ជាការ​​​រង​​​នៃ​​​កង​​​យោធពល​​​ខេមរ​​​ភូ​​​មិន្ទ​​​ និង​​​ជា​​ប្រ​​​ធាន​​​កង​​​​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ បាន​​​ថ្លែង​​​ថា “ វា​​​ជា​​​រឿង​​​អ្នក​​​នយោបាយ​​​។ គាត់​​​ [សម រង្ស៊ី ] អាច​​​ស្រែក​​​តាម​​​ចិត្ត​​​ចង់​​​។ ខ្ញុំ​​​នៅ​​​ជាមួយ​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​។ ខ្ញុំ​​​មាន​​​ភារកិច្ច​​​ការ​​​ពារ​​​ជាតិ​​​ និង​​​សណ្ដាប់​​​ធ្នាប់​​​សាធារណៈ​​​”។

គណបក្ស​​​ប្រឆាំង​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នានា​​​បាន​​​ចោទ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ជា​​​យូរ​​​មក​​​ហើយ​​​ថា បាន​​​ប្រើ​​​ឥទ្ធិពល​​​មិន​​​ត្រឹម​​​ត្រូវ​​​លើ​​​យោធា​​​។ កូន​​​ប្រុស​​​របស់​​​លោក ហ៊ុន សែន ក៏​​​កាន់​​​​​មុខ​​​តំណែង​​​កំពូល​​​ៗ​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ជួរកង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ផង​​​ដែរ​​​ និង​​​ត្រូវ​​​បា​​​​​​​​​ន​​​ដំឡើង​​​ឋានន្តរ​​​ស័ក្ដិ​​​​​​យ៉ាង​​​លឿន​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ​​​៕

(រាយការណ៍​​​បន្ថែម​​​ដោយ នៅ វណ្ណារិន)
ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស