គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្រកាសលទ្ធផលបោះឆ្នោតបឋមនៅម៉ោង៩ព្រឹកថ្ងៃនេះ ថ្វីបើកំពុងមានការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិអំពីរបៀបស៊ើបអង្កេតភាពមិនប្រក្រតីដែលគេចោទថា បានកើតមាននៅពេលបោះឆ្នោតក៏ដោយ។
គ.ជ.ប. បានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយថា “ នៅថ្ងៃច័ន្ទ ទី១២ ខែ សីហា ឆ្នាំ២០១៣ នៅម៉ោង៩ព្រឹក គ.ជ.ប. នឹងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥នេះ តាមទូរទស្សន៍ និងវិទ្យុជាតិ”។
គ.ជ.ប.ក៏បានប្រកាសដែរថា ខ្លួននឹងមិន ស៊ើបអង្កេតភាពមិនប្រក្រតីដែលគណបក្សសង្គ្រោះជាតិបានលើកឡើងនោះទេ ព្រោះគណបក្សនេះមិនបានផ្ដល់ភ័ស្តុតាងគ្រប់គ្រាន់អំពីការបន្លំបញ្ជីឈ្មោះបោះឆ្នោត និងការលួចបន្លំសន្លឹកឆ្នោត ដែលត្រូវបានចោទមកលើគ.ជ.ប. និងគណបក្សប្រជាជនកម្ពុជានោះទេ។
សេចក្ដីប្រកាសនោះបានលើកឡើងថា “ គណបក្សសង្គ្រោះជាតិមិនបានផ្ដល់ភ័ស្តុតាងគាំទ្រដល់គ.ជ.ប.ទេ ព្រោះគណបក្សនេះនឹងផ្ដល់ភ័ស្តុតាងទៅឲ្យតែគណៈកម្មាធិការពិសេសមួយ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី និងវាយតម្លៃផលប៉ះពាល់នៃការបោះឆ្នោតនេះតែប៉ុណ្ណោះ។ ដូច្នេះហើយ គ.ជ.ប. មិនអាចត្រួតពិនិត្យសេចក្ដីរាយការណ៍ទាំងនេះបានទេ”។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានមានប្រសាសន៍កាលពីម្សិលមិញថា លទ្ធផលនៅថ្ងៃនេះមិនរាប់បញ្ចូលការបែងចែកអាសនៈនៅក្នុងរដ្ឋសភាទេ។ លោកបានមានប្រសាសន៍ថា “ យើងនឹងមិនប្រកាសពីការបែងចែកអាសនៈទេ។ លទ្ធផលបឋមនេះនឹងប្រកាសតែចំនួនសន្លឹកឆ្នោតសរុបនៅតាមមណ្ឌលនីមួយៗប៉ុណ្ណោះ ហើយយើងនឹងរង់ចាំទទួលពាក្យបណ្ដឹងពីគណបក្សនយោបាយ បន្ទាប់មកយើងនឹងដោះស្រាយពាក្យបណ្ដឹងទាំងនោះ មុនពេលប្រកាសលទ្ធផលចុងក្រោយជាមួយអាសនៈរដ្ឋសភា” មុនថ្ងៃទី៨ ខែកញ្ញា។
លោក អ៊ឹម សួស្តី ប្រធានគ.ជ.ប.បានមានប្រសាសន៍ថា គណៈកម្មាធិការរបស់លោកមិនអាចរង់ចាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ព្រមព្រៀងគ្នាលើការស៊ើបអង្កេតការបោះឆ្នោតនេះ មុនពេលប្រកាសលទ្ធផលបឋមនោះបានទេ ប៉ុន្តែលោកបានប្រាប់ហេតុផលតិចតួចចំពោះសេចក្ដីសម្រេចនេះ។
លោកបានមានប្រសាសន៍ថា “ គណៈកម្មាធិការស៊ើបអង្កេតរួម? យើងកំពុងធ្វើដំណើរទៅមុខហើយ។ យើងមិនអាចរង់ចាំពួកគេបានទេ” ។ ដោយគេមើលឃើញថា មានការជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សប្រជាជនកម្ពុជានោះ គ.ជ.ប.មិនមានវត្តមាននោះទេកាលពីថ្ងៃសុក្រនៅពេលដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលទៅចរចានៅរដ្ឋសភាជាលើកដំបូងដើម្បីបង្កើតគណៈកម្មការស៊ើបអង្កេតឲ្យស៊ើបអង្កេតការចោទប្រកាន់ពីភាពមិនប្រក្រតី និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតបន្ទាប់ពីការបោះឆ្នោត ដែលគណបក្សទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួននោះ។
ប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់កាលពីថ្ងៃទី២៨ ខែកក្កដា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនៅតាមហ្វេសប៊ុករបស់លោកថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ពីរថ្ងៃក្រោយមក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សរបស់លោកទទួលបាន៦៣អាសនៈ រីឯគណបក្សប្រជាជនកម្ពុជាទទួលបាន៦០អាសនៈ។
ទោះបីជាគណបក្សទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍អំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ ដើម្បីអនុញ្ញាតឲ្យអង្គការសហប្រជាជាតិសង្កេតការណ៍នៅក្នុងការស៊ើបអង្កេតនេះក៏ដោយ ក៏នៅមានមូលហេតុតិចតួចអំពីសមាសភាពនៃគណៈកម្មការស៊ើបអង្កេតដែលនឹងធ្វើជាអ្នកសម្របសម្រួលរវាងភាគីទាំងពីរនៅក្នុងការដោះស្រាយការជាប់គាំងនៅពេលបច្ចុប្បន្ននេះដែរ។
ការិយាល័យអ្នកសម្របសម្រួលប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួនមិនទាន់បានទទួលលិខិតអញ្ជើញជាផ្លូវការឲ្យចូលរួមនៅក្នុងសមត្ថភាពណាមួយក្នុងការស៊ើបអង្កេតក្រោយការបោះឆ្នោតនេះទេ ។
លោក ហ្វីលីព សេន មន្ត្រីទំនាក់ទំនងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានលើកឡើងនៅក្នុងអ៊ីម៉េលមួយថា “ ប្រសិនបើទទួលបានសំណើផ្លូវការណាមួយនោះ អង្គការសហប្រជាជាតិនឹងទាមទារឲ្យមានព័ត៌មានបន្ថែមទៀតអំពីលក្ខខណ្ឌប្រតិបត្តិនៃគណៈកម្មការស៊ើបអង្កេតនោះ”។
ទោះជាយ៉ាងណា យោងតាមគោលការណ៍ផ្នែកកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា អង្គការសហប្រជាជាតិទំនងជាមិនផ្ដល់ជំនួយបោះឆ្នោតដល់កម្ពុជាទេ ដោយសារកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។
ទោះជាការដោះស្រាយជម្លោះក្នុងការបោះឆ្នោតមាននៅក្នុងចំណោមប្រភេទនៃជំនួយបច្ចេកទេស ដែលអង្គការសហប្រជាជាតិអាចផ្ដល់ឲ្យក៏ដោយ ក៏គេហទំព័ររបស់ផ្នែកកិច្ចការនយោបាយនេះផ្សាយថា “ ជាធម្មតាសំណើណាមួយដែលធ្វើឡើងតិចជាងបួនខែមុនថ្ងៃបោះឆ្នោតនោះ មិនអាចទទួលយកបានទេ”។
គេហទំព័រនេះក៏បានលើកឡើងដែរថា “សំណើពីគណបក្សនយោបាយ សង្គមស៊ីវិល ឬនីតិបុគ្គលផ្សេងទៀតមិនត្រូវយកមកពិចារណាទេ” មានន័យថា ជាសំណើណាមួយដែលចេញពីគ.ជ.ប.ឬស្ថាប័នរដ្ឋាភិបាលផ្សេងទៀតពាក់ព័ន្ធទៅនឹងដំណើរការបោះឆ្នោតនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិ នឹងមិនចាប់អារម្មណ៍ទេ ទោះបីជាគ.ជ.ប.ប្រកាសលទ្ធផលបែបណាក៏ដោយនៅថ្ងៃនេះ ហើយនឹងបន្តធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើតគណៈកម្មការរួមមួយឲ្យត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឬស៊ើបអង្កេតការលួចបន្លំ ដែលត្រូវបានចោទឡើង និងភាពមិនប្រក្រតីផ្សេងៗទៀតនៅក្នុងការបោះឆ្នោតនេះ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ គ.ជ.ប.ជាប់ពាក់ព័ន្ធនឹងបញ្ហានេះ។ ដូច្នេះមិនត្រូវរាប់បញ្ចូលគ.ជ.ប.ទេ ហើយយើងនឹងផ្ដោតលើដំណោះស្រាយរវាងគណបក្សទាំងពីរ។ ដូច្នេះ យើងនៅតែប្រកាន់តាមគោលជំហរនយោបាយរបស់យើងដដែល។ យើងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ”។
កាលពីម្សិលមិញ លោក ជាម យៀប សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងសាជាថ្មីនូវការអះអាងរបស់គណបក្សលោក ដែលថា គ.ជ.ប.គឺជាស្ថាប័នផ្លូវច្បាប់តែមួយគត់ក្នុងការដោះស្រាយជម្លោះបោះឆ្នោត។
លោក ជាម យៀប បានមានប្រសាសន៍ថា “ តាមច្បាប់បោះឆ្នោត គ.ជ.ប.មានសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហានេះ ហើយមិនមានអាជ្ញាធរផ្សេងដែលអាចដោះស្រាយបញ្ហានេះបានទេ។វាគឺជាសិទ្ធិរបស់គ.ជ.ប.ក្នុងការដោះស្រាយជម្លោះទាំងអស់រវាងគណបក្សនយោបាយ”។
ទោះបីជាគ.ជ.ប.ប្រកាសលទ្ធផលបឋមក្រៅផ្លូវការ ដែលបង្ហាញពីលទ្ធផលស្រដៀងគ្នានឹងការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏អ្នកឃ្លាំមើលការបោះឆ្នោត និងអ្នកសង្កេតការណ៍នយោបាយបានលើកឡើងកាលពីម្សិលមិញថា ការប្រកាសលទ្ធផលនេះនៅពេលនេះអាចធ្វើឲ្យតានតឹងដល់បរិយាកាសក្រោយការបោះឆ្នោត ដែលមានភាពតានតឹងរួចទៅហើយនោះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានមានប្រសាសន៍ថា “ ខ្ញុំគិតថា គ.ជ.ប.គួរតែពិចារណាឲ្យបានហ្មត់ចត់ចំពោះការខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលព្យាយាមដោះស្រាយបញ្ហាក្នុងការបោះឆ្នោតនេះតាមរយៈការស៊ើបអង្កេត”។
លោកមានប្រសាសន៍ថា “ ខ្ញុំព្រួយបារម្ភអំពីរឿងនេះ ប្រសិនបើគ.ជ.ប.ព្យាយាមធ្វើមិនដឹងមិនឮចំពោះការប្រឹងប្រែងនេះ។ បើមិនដូច្នោះទេ ពួកគេនឹងធ្វើឲ្យ [គណបក្សមួយក្នុងចំណោមគណបក្សទាំងពីរ] ខកចិត្តចំពោះសេចក្ដីសម្រេចរបស់គ.ជ.ប.” ហើយប្រហែលជាធ្វើឲ្យស្មុគស្មាញដល់ការចរចា។
ខណៈដែលលោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយបានបញ្ជាក់ថា នោះគឺជាការអនុវត្តតាមច្បាប់របស់ស្ថាប័នរៀបចំការបោះឆ្នោតក្នុងការប្រកាសលទ្ធផលបោះឆ្នោតមុនពេលមានការទទួលស្គាល់លទ្ធលនោះ លោកស្រីបានមានប្រសាសន៍ថា ដោយសារខ្វះជំនឿទុកចិត្តនាពេលបច្ចុប្បន្នទៅលើគ.ជ.ប.នោះ ការប្រកាសលទ្ធផលរបស់ខ្លួនទំនងជាមិនធ្វើឲ្យវិវឌ្ឍដល់ការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទេ។
លោកស្រីបានមានប្រសាសន៍ថា “ តើគោលបំណងនេះ គឺដើម្បីបញ្ចប់ការខ្វែងគំនិតគ្នានេះ ឬគ្រាន់តែធ្វើឲ្យស្ថាប័នផ្សេងទទួលខុសត្រូវតែប៉ុណ្ណោះ? ខ្ញុំគិតថា គ.ជ.ប.គួរតែគិតអំពីអ្វីដែលខ្លួនអាចធ្វើបានដើម្បីសន្តិភាព ដើម្បីធ្វើឲ្យអារម្មណ៍ប្រជាពលរដ្ឋស្ងប់។ គ.ជ.ប.មិនគួរប្រញាប់ប្រកាសលទ្ធផលបោះឆ្នោតនេះពេកទេ”។
នៅពេលដែលគ.ជ.ប.ប្រកាសលទ្ធផលបឋមរបស់ខ្លួន គណបក្សនយោបាយអាចតវ៉ានឹងលទ្ធផលនោះទៅគ.ជ.ប. ឬធ្វើការតវ៉ាដោយផ្ទាល់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលអាចធ្វើសេចក្ដីសម្រេចចុងក្រោយអំពីលទ្ធផលនៃការបោះឆ្នោតត្រឹមថ្ងៃទី៨ ខែកញ្ញា។
ខណះដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានៅតែខ្វែងគំនិតគ្នាអំពីការស៊ើបអង្កេតក្រោយការបោះឆ្នោតនេះលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា វាគឺការប្រសើរបំផុតដែលគណបក្សទាំងពីរព្រមព្រៀងគ្នានៅពេលឆាប់ៗនេះ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា បើគិតពីអារម្មណ៍ហិង្សារបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ខ្ញុំមិនគិតថាការពន្យារពេលការចរចាគឺជាការល្អសម្រាប់ផលប្រយោជន៍សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសទេ។ហើយក្រៅពីការធ្វើបាតុកម្ម តើគណបក្សសង្គ្រោះជាតិ អាចធ្វើអ្វីផ្សេងទៀតទេ?” លោកបន្ថែមថា “ ដូច្នេះហើយ ប្រសិនបើអស់លោកមិនអាចដោះស្រាយបញ្ហានេះនៅក្នុងបន្ទប់ប្រជុំទេនោះ អស់លោកប្រហែលជាត្រូវដោះស្រាយនៅតាមផ្លូវដែលមិនមែនជាការល្អសម្រាប់មនុស្សគ្រប់គ្នានោះទេ”៕
ប្រែសម្រួលដោយ មូល គឹមហឿន