37 C
Phnom Penh

​បន្ទាប់​ពីមានមនុស្ស​ស្លាប់ដោយ​សារ​បា​ក់​អគារ​រោង​ចក្រ​ ​ភាព​រីក​ច​ម្រើន​ផ្នែក​សុ​វតិ្ថ​ភាព​មាន​តិចណាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នៅ​ថ្ងៃទី​១៦​ខែ​ឧសភា​ ​បន្ទាប់​ពី​ពិដា​ន​អគារ​​រោង​ចក្រ​ដេរ​ស្បែក​ជើង ​នៅ​ខេត្ត​កំ​ពង់ស្ពឺ​ បាន​បាក់​ធ្លាក់​ ​ហើយ​បណ្តាល​ឲ្យ​ម​នុស្ស​ពីរ​នាក់​បាត់​បង់​ជីវិត​ នៅ​ពេល​នោះ​ក៏​មាន​សន្យា​ថា ​នឹង​នាំ​អ្នក​ដែល​ទទួល​ខុស​ត្រូ​វ​ចំពោះ​ហេតុ​ការណ៍​នេះ​ទៅ​ផ្តន្ទា​ទោ​ស​ និង​ធ្វើការ​ត្រួត​ពិនិត្យ​រោង​ចក្រ​ទាំង​អ​ស់​នៅ​ទូទាំង​ប្រទេស​។

​លោក អ៊ិត សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ស​ង្គម​​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្ប​ទា​​​ ​បាន​មាន​ប្រសាសន៍​ទាក់​ទិន​នឹង​ករណី​បា​ក់​ឡៅ​តឿ​​នៅ​រោង​ចក្រ​ ក្រុម​ហ៊ុន វីង​ស្តា​ ស៊ូ ​ខូ អិ​ល​ធីឌី ​(Wing Star Shoe​s​ Co., ​Ltd.​) ​ក្នុងស្រុក​គង​ពិសី​ថា “ យើង​នឹង​ចាត់​តាំង​គណៈ​កម្មាធិការ​មួយ ​ឲ្យ​ចុះស៊ើប​អង្កេ​ត​ឲ្យ​បាន​ច្បាស់​លាស់​ សម្រាប់​​ករណីនេះ​ ហើយ​យើង​នឹង​ចាត់វិធា​នការ​ផ្នែក​​ច្បាប់​ចំ​ពោះអ្នកដែល​ពាក់​ព័ន្ធ​​។ ហើយ​ក្រសួង​​ស​ង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីត​សម្ប​ទា​ និង​ក្រសួង​ពាក់​ព័ន្ធ​នឹង​ចុះ​ត្រួត​ពិនិត្យ​អគារ​នៅ​តាម​រោង​ចក្រ​ទាំង​អស់​”។

បន្ទាប់​ពី​លោក​ អុិត​ សំហេង​ ​បាន​ចេ​ញ​សេចក្តី​ព្រមាន​បែប​នេះ ​សមាគម​រោង​ច​ក្រ​កាត់​ដេរ​នៅ​កម្ពុជា ​(GMAC) ​និងគ​ម្រោ​ង​រោង​​ចក្រ​កាន់​តែ​ប្រសើរ​របស់​​អង្គ​កា​រ​ពល​កម្ម​អន្តរ​​ជាតិ (ILO) ​នៃអង្គការ​សហ​ប្រ​ជា​ជាតិ​ ​បាន​​ចេញ​​លិខិត​មួយ​ច្បាប់​ ដើ​ម្បី​ណែ​នាំ​ខ្លាំង​ៗ​ឲ្យ​រោង​ចក្រ​ទាំង​ឡាយ​អនុ​វ​ត្ត​គោល​ការណ៍​​ត្រួត​​ពិនិត្យ​អគារ​រប​ស់​ខ្លួន​ដោយ​ស្មារតី​ស័្ម​គ្រ​ចិត្ត​។ ​ដើម្បី​បំពេ​ញ​កិច្ច​ការ​ត្រួត​ពិនិត្យ​នេះ ​អង្គការ ILO ​បា​ន​ផ្តល់ឲ្យ​រោង​ចក្រ​នៅ​ក្នុងប្រទេស​កម្ពុជា ​នូវ​​ព័​ត៌​មាន​ទំនាក់​ទំនង ​ជាមួយ​ក្រុម​ហ៊ុន​​វិស្វកម្ម​​ចំនួន​ប្រាំ​មួយ។ ​ក៏ប៉ុន្តែ ​រយៈ​ពេល​ជិត​បីខែ​ហើយ​ ប​ន្ទា​ប់​ពី​​ហេតុការណ៍​នោះ​បាន​កើតឡើង​ មិ​នមាន​ម្ចាស់​រោង​ចក្រ​ណា​ទទួល​ខុស​ត្រូ​វ​ក្នុ​ង​ផ្លូវ​ច្បាប់ ចំពោះ​ករណី​បាក់​អគារ​ ដែល​ប​ណ្តាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិតបែប​នេះ​ទេ​ ​លើក​លែង​តែ​ម្ចាស់​រោង​ចក្រ​ ឬក្រុម​ហ៊ុន​វីង​​ស្តា​ ​ដែល​ទទួល​ខុ​សត្រូវចំពោះ​សំណង់​អគារ​មិ​ន​មាន​គុណភា​ព​របស់ខ្លួន។

​លើស​ពី​នេះ​ទៅ​ទៀត ក្រុម​ហ៊ុន​វិស្វ​ក​ម្ម​បី​ដែលស្ថិត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ មាន​នៅ​​ក្នុង​​បញ្ជី​របស់​អង្គការ ILO ​​​​បាន​ឲ្យដឹង​​ក្នុ​ង​សប្តាហ៍​នេះ​ថា ​ក្នុងចំណោម​ក្រុម​ហ៊ុន​វិ​ស្វកម្ម​ដែល​បាន​ទំនាក់​ទំនង​ពួកគេ​ ជាក់​ស្តែ​ង​មាន​មួ​យ​ភាគ​​តូច​ប៉ុណ្ណោះ​ ក្នុង​ចំណោម​រោង​ចក្រ​ជាង​៤០០​រោង​ចក្រ​ ដែល​នាំទំនិ​ញ​​ចេញ​ពី​ប្រទេស​​កម្ពុជា​ ​កំពុងតែ​ធ្វើ​ការ​ជា​មួយ​ខ្លួន​ក្នុងការ​ធ្វើ​ឲ្យ​មានភាព​ប្រសើរ​ឡើង​ជាង​មុន​នៅ​រោង​ចក្រ​ទាំង​នោះ។​
​លោក ​អាឡាន តាង (Alan​ Tang​) ​វិ​ស​្វករ​ក្រុម​ហ៊ុន​​ពិគ្រោះ​យោបល​់​បច្ចេក​ទេស​​សំណ​ង់ ​(Constr​uction ​Techn​ology Cons​ultants) ​បាន​មាន​ប្រសាសន៍ថា “ ​ការ​ផ្តោត​អារម្មណ៍​​​បាន​​ធ្លាក​់ចុះ​។ ​

គច្រើន​ក្នុ​ង​ចំណោម​ម្ចាស់​រោង​​ចក្រ​មិនមាន​រោង​ច​ក្រ​ទេ​។ ពួកគេ​គ្រាន់​​តែ​ជួល​រោង​ចក្រ​ពី​ម្ចា​ស់​ក្នុង​ស្រុក​ប៉ុណ្ណោះ ​ហើយ​​​ពួកគេ​មិន​បានយក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​ថែ​ទាំ​ទេ​”។​ រោង​ចក្រ​ប្រហែល​ជា​១០​បាន​ទំនាក់​ទំនង​​ជាមួយ​ក្រុម​ហ៊ុន​របស់​លោក ​តាង អំ​ពី​ការ​ត្រួ​ត​​ពិនិត្យ​ ប៉ុន្តែ ​មាន​តែ​បួន​ប៉ុ​ណ្ណោះដែល​ធ្វើ​ការ​យ៉ាង​សកម្ម ​ជាមួយ​ក្រុ​ម​ហ៊ុន​រ​បស់​លោក ក្នុង​ការ​​ធ្វើ​ឲ្យ​សំណង់អគារ​មា​ន​ភាព​ល្អប្រសើរ​ឡើង​។ ​យោងតាម​លោក​​ តាង បាន​ឲ្យដឹងថា ​អតិថិ​ជន​ដែល​ទិញ​ទំ​និ​ញ​ពី​រោង​ចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​ គួរ​តែ​ខិតខំ​បន្ថែម​ទៀត ​ក្នុង​ការ​​​ជំរុញ​ឲ្យ​រោង​ចក្រ​នានា​បំពេញ​កិច្ច​ការ​ត្រួត​ពិនិត្យ​។​ លោ​ក​បាន​មានប្រសាសន៍​ថា “ អតិ​ថិ​ជន​អាច​ធ្វើ​កិច្ច​ការ​ជាច្រើន​ទៀត​ បើ​ធៀប​នឹង​អតិថិជ​ន​ដទៃ​ទៀត​។ ពួកគេ​គួរ​តែ​ជំរុញ​ឲ្យ​មាន​កា​រ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​”។

​ក្រុម​ហ៊ុន​ពិគ្រោះ​​យោបល់​ផ្នែក​វិស្វក​ម្ម​អេដវ៉ាន់​ស៊ីង ​(Advanc​ing Eng​ineering​ Consu-​ltants​) គឺជា​ក្រុម​ហ៊ុន​មួយផ្សេងទៀ​ត​ដែល​ស្ថិត​​​ក្នុងចំណោម​ក្រុម​ហ៊ុន​ទាំង​ប្រាំ​មួយ​ណែនាំ​ដោយ​​អង្គការ ILO។ លោក​ ប្រ៊ី​សេ ​ហ្គា​បួរី (Bryse Gaboury​) ​សហ​ស្ថា​ប​និក​ក្រុម​ហ៊ុន​​  ពិគ្រោះ​​​យោបល់​ផ្នែក​វិស្វ​ក​ម្ម​អេដវ៉ាន់​ស៊ីង ​​បាន​​ឲ្យដឹងថា ​រោង​ចក្រ​ប្រហែល​៤០​បាន​ទៅ​​ទំនង​​ទំនងជាមួយ​ក្រុ​មហ៊ុន​របស់​លោក តាំង​ពី​​អគារ​​រោង​ចក្រ​បាន​បាក់​ធ្លាក់​ នៅ​ខេត្ត​កំពង់​ស្ពឺ​។

ក៏ប៉ុន្តែ ​លោក​បាន​បញ្ជាក់ថា “ ​មាន​មិន​ដល់​​ប្រាំ​ផង​” ​ដែល​បច្ចុប្បន្ន​ កំពុង​អនុវត្ត​ដំ​ណើរ​ត្រួត​ពិនិត្យ​នេះ​។ ​លោក ​ហ្គា​បួរី ​​មាន​ប្រសា​​សន៍​ថា “ អ្វីដែល​យើង​កំពុង​ឃើ​ញ​គឺ​ យើង​​គ្រាន់​តែ​បាន​ពិនិត្យ​ផ្នែក​ខាង​ក្រៅ និង​ការ​ត្រួត​​ពិនិត្យ​លម្អិ​ត​មួយ​ ក៏ប៉ុន្តែ​ ​មាន​មនុស្ស​តិច​តួច​ដែល​កំពុង​ដោះស្រា​យ​​បញ្ហា​ទាំង​នេះ​”។​ មូល​​​ហេតុ​សំខាន់​ដែ​ល​​ធ្វើ​ឲ្យ​រោង​ចក្រ​នានា​មានការ​ស្ទាក់​ស្ទើរ​ក្នុងការ​អនុវត្ត​ការត្រួត​ពិនិត្យ​​បែបនេះ គឺ​ពាក់​ព័ន្ធនឹងការ​ចំណាយ​តែ​ម្តង​។

​លោក ​រ៉េន័រ ​អ៊ីស្រាអេល (Rainer Is​r​a​el​) ​នាយក​ក្រុម​ហ៊ុន​ ​អ៊ីលី ខន់​សាល់ធីង អ៊ីន​ជីន​ញៀ​រីង ​មេគង្គ អិល​ធីឌី ​(iLi Consu​lt​i​n​g Eng​ineers ​Mekong Ltd.​) ដែល​ស្ថិត​ក្នុង​ចំ​ណោម​ក្រុម​ហ៊ុន​ណែនាំ​ដោយអង្គការ​ IL​O ផង​ដែរ​នោះ ​បាន​​ឲ្យ​ដឹងថា ជាមធ្យម​ សេវា​ត្រួតពិនិត្យ​រោង​ចក្រ​ ត្រូវការ​ចំណា​យប្រាក់​ក្នុង​ចន្លោះ​ពី​២០.០០០​ដុល្លារទៅ​៣០.០០០​ដុល្លារ​ ក៏ប៉ុន្តែ​ទំហំ​ចំណាយ​​នេះ​អាច​នឹង​កើនច្រើន​ដល់​១០០.០០០​ដុល្លា​រ​អាស្រ័យ​ទៅលើ​ទំហំ​ការងារ​សំណង់​ ដែ​ល​ចាំបាច់​ត្រូវ​ធ្វើ។​

​លោក​លើកឡើង​បន្ថែម​​ថា ​រោង​​ចក្រ​១០​ បាន​ទៅ​ទំនាក់​ទំនង​ក្រុម​ហ៊ុ​ន​ អ៊ីលី ​តាំង​ពី​ករណី​​បាក់​អគា​រ​រោង​ចក្រ​បា​ន​កើត​ឡើង​ក្នុងខេត្ត​កំពង់​ស្ពឺ​ ​ហើយ​មិនមា​ន​ក្រុម​ហ៊ុន​ណា​មួយ​ត្រឡប់​ទៅ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​របស់​លោក​ជាលើក​ទី២​ទេ បន្ទាប់​ពី​ក្រុម​ហ៊ុន​ទាំង​នោះ​ទទួល​បាន​តារាង​តម្លៃ​សេវាកម្ម​ហើយ​។
​ការ​ត្រួត​ពិនិត្យ​គ្រោង​អគារ​រោង​ចក្រ​​ត្រូវ​ការ​ពេល​វេលាជា​ច្រើន​សប្តាហ៍​។ ​ដំ​ណាក់​កាល​ដំបូង​គឺ​ការ​ត្រួត​ពិនិត្យ​ផ្នែក​ខា​ង​ក្រៅ​អគា​រ ​ដែល​វិស្វករ​ត្រូវ​វាស់​វែង​ភា​ព​រឹងមាំ​ពិត​​នៃ​គ្រោង​អគារ​ ដោយ​ផ្អែក​លើ​អ្វីដែល​អាច​មើល​​​ឃើញ​។ ​បន្ទាប់​មក​ទៀត​គឺ​ការ​វិភាគ​លម្អិត ​ដែលតម្រូវ​ឲ្យ​មា​នការ​វាស់​វែង​ ​និងការវាយតម្លៃ​សម្ភារ​អ​គារ​។ ​ដំណាក់​កាល​ចុង​ក្រោយ​ពាក់​ព័ន្ធនឹ​ង​ការ​អនុវត្តផែនការ​ផ្លាស់​ប្តូរ​ប្លង់​​រចនា​អគារ ​ដោយយោង​តាម​​​អនុសាសន៍​ទទួល​បាន​ក្រោយ​ការវិភាគ​។

ដោយបានចូល​រួម​ចំណែក​ប្រហែល​៨០​ភាគ​រយ​ក្នុង​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​​ស្បែក​ជើង​ គឺ​ជា​​កម្លាំងជំរុញ​ដ៏​សំខាន់​របស់​ប្រទេស​នេះ​​ ពី​ព្រោះ​វិស័យ​នេះ​បាន​ស្រូបយក​កម្លាំង​ពល​កម្ម​ជាង​៦០០.០០០​នាក់។ ក្នុង​ឆមាស​ដំបូង​នៅ​ឆ្នាំ​២០១៣​ ទំហំ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភណ្ឌ​ បាន​កើន​ឡើង​១,៥៦​ពាន់​លាន​​ដុល្លារ​ ឬ​ក៏​៣២​ភាគរយ បើ​ធៀបនឹង​រយ​ៈ​ពេល​ដូចគ្នា​ កាលពីឆ្នាំ​មុន​។

ហេតុការណ៍​បាក់​ពិដាន​រោងចក្រ​ វីងស្តា​ ​បាន​នា​ំ​ឲ្យមានការផ្តោត​អារម្មណ៍​យ៉ាងច្រើន​ពី​​សំណាក់​សហគមន៍​អន្តរ​ជាតិ ​ជាពិសេស​ ​ដោយសារតែ​ហេតុការណ៍​នេះ​បាន​កើត ឡើ​ង​ ​ក្នុងរយៈ​ពេ​ល​មិនដល់​មួយ​ខែ​ផង​ បន្ទា​ប់​​ពីករណី​បាក់អគារ​រោង​ចក្រ​ រ៉ាណា ផ្លាហ្សា​​​ (Rana Plaza) បាន​កើតឡើងនៅ​ប្រទេស​បង់​ក្លាដែស​ ជាហេតុ​បណ្តាល​ឲ្យ​មនុស្ស​ជាង​១.១០០​នាក់​បាត់​បង់​ជីវិត​។​

លោក ហ្គាបួរី បាន​លើក​ឡើង​បន្ត​ទៀត​ថា ល្បឿន​ដែល​វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា​រីក​ចម្រើន​ប្រហែល​ជា​បង្ក​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​ច្រើន​កើត​ឡើង​នៅ​ក្នុង​រោង​​ចក្រ​ក្នុង​ប្រទេស​នេះ។ គ្រោង​អគារ​​បណ្តោះ​​អាសន្ន​ដូចជា ឡៅតឿដែល​បាន​បាក់​ធ្លាក់​នៅ​រោង​ចក្រ វីងស្តា គឺ​មាន​ជា​ទូ​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បានពន្យល់​ថា គ្រោង​​សំណង់​ទាំង​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​គ្រោង​​សំណង់​អចិន្ត្រៃយ៍ ដើម្បី​ដាក់​របស់​របរធ្ងន់ៗ​​ហួស​ពី​កម្លាំង​ទប់​នៃ​គ្រោង​សំណង់​ទាំង​នោះ។ លោក ហ្គាបួរី ​មាន​ប្រសាសន៍​ថា “ គ្រោង​​សំណង់​បណ្តោះ​អាសន្ន​ និង​សំណង់​បន្ថែម​គឺ​ជា​បញ្ហា​ចម្បង​។ គម្រោង​សំណង់​ទាំងនេះ​ត្រូវបានគេ​យកទៅ​ប្រើ​ប្រាសក្នុង​គោ​បំណង​ធ្វើ​សកម្ម​​ភាព​ផលិត​កម្ម​”។

លោក អ៊ីស្រាអេល បានលើក​ឡើង​ថា ក្នុង​ចំណោម​រោង​ចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​រោង​ចក្រ​ណា​​ឆ្លង​ផុត​ដំណាក់​កាល​ត្រួត​ពិនិត្យ​គ្រោង​អគារ ដែល​ធ្វើ​ឡើង​ដោយ​វិស្វករ​អន្តរ​ជាតិ​ទេ​ ដោយ​សារ​តែ​គ្រោង​អគារ​​ទាំង​នោះ មិន​ត្រូវ​បានសាង​សង់​តាម​ក្បួន​ខ្នាត​​សំណង់​ត្រឹម​ត្រូវ​ទេ។

ក្បួន​ខ្នាត​សំណង់​ដែល​​រួម​មាន​រង្វាស់​ស្តង់​ដា សម្រាប់​ជញ្ជាំង​ គ្រឹះ​ ជាន់​ និង​ដំបូល​ ពិត​ជា​មាន​សារៈ​សំខាន់​ និង​ចាំ​បាច់​នៅ​ប្រទេស​​ជា​ច្រើន​ផ្សេងៗ​ទៀត ដើម្បី​ធានា​ថា ​វិស្វករ​ ស្ថាបត្យករ និង​ក្រុម​ហ៊ុន​សំណង់​នានា​ ធ្វើ​ការ​សាង​សង់​អគារ​ដែល​មើល​ទៅ​មាន​ភាព​រឹង​មាំ​គួ​រឲ្យ​ទុក​ចិត្ត​។

លោក អ៊ីស្រាអេល បាន​មាន​ប្រសាសន៍​ថា “​យើង​ដឹង​ថា មិន​មាន​រោង​ចក្រ​ណា​ក្នុង​ចំណោម​រោង​ចក្រ​ទាំង​នោះ​​អាច​គោរព​តាម​វិធាន​អន្តរ​ជាតិ​ណា​មួយ​ទេ​។ ប្រសិន​បើ​អ្នក​ឲ្យ​យើង​ធ្វើ​ការ​សិក្សា និង​វិភាគ​ លទ្ធ​ផល​នឹង​បង្ហាញច្បាស់​ថា វា [មិន] ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ​ទេ​”។

តំណាង​មកពីក្រុមហ៊ុន​ ណៃគី (Nike) ហ្គេប (Gap) និង​ក្រុមហ៊ុន អេជអេនអិម (H&​M) ជា​ក្រុម​ហ៊ុន​លំដាប់​អន្តរ​ជាតិ​​ ធំៗ​​បី​ សុទ្ធ​តែ​បាន​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​បរិ​ស្ថាន​​សុវត្ថិ​ភាព​សម្រាប់​កម្មករ​របស់​ខ្លួន​។ ក៏​ប៉ុន្តែ មិន​​​មាន​ក្រុមហ៊ុន​ណា​ផ្តល់​​ព័ត៌​មាន​ច្បាស់​លាស់​​ទាក់​ទង​នឹង​របៀប​ដែល​ពួក​គេ​ធ្វើ​​ផែន​ការ​ដើម្បី​សម្រេច​ឲ្យ​បាន​គោល​ដៅ​នេះទេ។​

លោក អេលីន ហាល័រប៊ី (Elin Hallerby) អ្នក​នាំពាក្យ​ក្រុម​ហ៊ុន អេជអេនអិម បាន​ឲ្យ​ដឹង​តាម​រយៈ​អីុម៉េល​ថា “ ក្រុមហ៊ុន អេជ​អេន​អិម ស្វាគមន៍​វិធាន​សាង​សង់​អគារ​នៅ​កម្ពុជា​ ដែល​បញ្ជាក់​លក្ខខណ្ឌ​ត្រឹម​ត្រូវ​ និង​មាន​ការ​គោរព​តាម​ក្នុង​ពេល​សាង​សង់​។ យើង​​ក៏​ជឿ​ជាក់​ផង​ដែរ​ថា រដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​នាំ​មុខ​ក្នុង​កិច្ច​ការ​ទាំង​នេះ​”។

ក្រុមហ៊ុន អាស៊ីក (ASICS) ​ជាក្រុម​ហ៊ុន​ស្បែក​ជើង​ជប៉ុនដែល​ជាអតិ​ថិ​ជន​ទិញទំនិញ​ពី​ក្រុម​ហ៊ុន​ វីងស្តា​ ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ពី​រដ្ឋា​ភិបាល​ ដើម្បី​ធា​នា​សុវត្ថិ​ភាព​របស់កម្មករ​។ តាំង​ពី​ហេតុ​ការណ៍​បាន​កើត​ឡើង​នៅ​រោង​ចក្រ វីង​ស្តា ក្រុម​ហ៊ុន​ អាស៊ិក​ បាននិង​កំពុង​សហការជាមួយ​រោង​ចក្រ​ផ្គត់​ផ្គង់​របស់​ខ្លួនចំនួន​ប្រាំបួននៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា អគារ​​រោង​ចក្រ​ទាំង​នេះ​ពិត​ជា​មាន​សុវត្ថិ​ភាពមែន។

លោក រុ៉ន ភីធើសុន (Ron Pietersen)​ នាយក​គ្រប់​គ្រង​ផ្នែក​ច្បាប់​ និង​អនុវត្ត​គោលការណ៍​នៅ​ក្រុម​ហ៊ុនអាស៊ិក​ បានលើកឡើង​នៅ​ក្នុង​អីុម៉េល​ថា “ ក្នុង​ដំណាក់​កាលនេះ​ យើង​មិន​ដឹង​អំពី​ការ​ត្រួត​ពិនិត្យ​ដែល​កំពុងតែ​ទទួល​រង​សម្ពាធ​ពីកត្តា​ខ្វះខាត​មូលនិធិ​ទេ​។ ប្រសិន​បើ​នេះគឺ​ជា​បញ្ហា​ យើង​នឹង​ប្រហែល​ជា​ត្រូវ​ពិភាក្សាជាមួយ​រោង​ចក្រ​ផ្គត់​ផ្គង់​ ទាក់​ទង​ទៅ​នឹង​របៀប​ដែល​យើង​អាច​ជួយ​បាន​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ”។

អ្នក​ស្រី លីហួ តំណាង​រោង​ចក្រ​វីង​ស្តា​​ បាន​លើក​ឡើងថា ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បាន​បញ្ជូន​វិស្វករ​មួយ​ក្រុម​ទៅ​ពិនិត្យ​រោង​ចក្រ​របស់​អ្នក​ស្រី​ បន្ទាប់​ពី​ហេតុការណ៍​បាក់​ពិដានកើត​ឡើង។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា “ ក្រសួង​ការ​ងារ​ និង​វិស្វករ​​បាន​ចុះ​ទៅ​ ហើយ​ពិនិត្យ​រោង​ចក្រ​របស់យើង​រួច​ហើយ​។ អ៊ីចឹង​ នឹងមិនមាន​បញ្ហា​ទៀត​ទេ។ ​ករណី​បាក់អគា​រ​នឹងមិនកើត ឡើង​ទៀត​ទេ​”។

លោក សំ សុជា​ មន្ត្រីរដ្ឋបាលករោង​ចក្រ​ ថប់ ហ្វម ខេមបូឌា (Top Form Cambodia) ​​​​ដែល​ មាន​ម្ចាស់​មក​ពី​ទីក្រុងហុងកុង និង​ផលិត​អាវ​ក្នុង​ស្ត្រី​ សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​ក្រុមហ៊ុន វិកតូរីយ៉ា សេគ្រីត (Victoria’s Secret) បាន​សារភាព​ថា រោង​ចក្រ​របស់​លោក​​មា​ន​ភាព​យឺត​យ៉ាវ​ ក្នុង​ការ​​ទំនាក់​ទំនងជាមួយ​ផ្នែក​វិស្វកម្ម​។ លោក សុជា បាន​មាន​ប្រសាសន៍​ថា “ យើង​​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ច​ការនេះ​ចាប់​ពី​ពាក់​កណ្តាល​ខែ​នេះ ប្រសិន​បើ​មិន​មាន​បញ្ហា​ទាក់​ទៅ​នឹង​ការ​​បោះ​ឆ្នោត​ទេ​នោះ”។ លោក​បានលើក​ឡើង​​បន្ថែម​​ថា លោក​មិន​បាន​ដឹង​ថា តើ​ត្រូវ​ចំណាយ​ប៉ុន្មាន​ទៅ​លើ​សេវា​ត្រួត​ពិនិត្យ​ទេ។​

​លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមា​គម​រោង​ចក្រ​កាត់​ដេរនៅកម្ពុជា​​ បាន​លើក​ឡើង​ថា ដំណើរ​ការ​នៃការ​ត្រួត​ពិនិត្យ​គ្រោង​អគារ​  “ មាន​ភាន់ច្រឡំ​បន្តិចបន្តួច​” ហើយ​គំនិត​នៃ​ការ​អំពាវ​នាវ​ឲ្យ​អតិថិ​ជន​នៅ​ក្រៅ​ប្រទេសចូល​រួម​ចំណែក​ក្នុង​ការ​ចំណាយ​នេះ​ “ គឺ​ជា​រឿង​មួយ​ដែល​មិនអាច​ទៅ​រួច​”។

លោក​បាន​និយាយ​ថា ស្តង់​ដា​សុវត្ថិ​ភាព​នៅ​ប្រទេស​កម្ពុជា​មាន​កម្រិត​ខ្ពស់ ហើយ​ករណី​បាក់​អគារ​តែ​មួយ​ដែល​បណ្តាល​ឲ្យមាន​មនុស្ស​​ស្លាប់​ នៅ​ក្នុង​វិស័យ​កាត់​ដេរ​មិន​គួរ​ឆ្លុះ​បញ្ចាំង​​អំពីទិដ្ឋ​ភាព​រួម​នៅ​ក្នុង​វិស័យ​នេះ​ទេ។​ លោក​បានមាន​ប្រសាសន៍​ថា “ មិន​មាន​បញ្ហា​ផ្សេង​ទៀត​នៅ​ក្នុង​រឿង​នេះ​ទេ​។ គេកំពុង​តែ​ពិនិត្យ​​​ករណី​នេះ​ដោយខ្លួន​ឯង​ហើយ។ ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​បន្ថែម​ទៀត​ នោះ​យើង​​អាច​លើក​បញ្ហា​នេះ​ ថែម​ទាំង​ធ្វើ​ការ​មាន​​ការ​ត្រួត​ពិនិត្យ​ទៀតផង”។

លោក ភឿង សុភ័ណ្ឌ រដ្ឋ​លេខា​ធិការ​ក្រសួង​​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​ បានលើក​ឡើង​ថា ក្រសួង​នេះបាន​និង​កំពុង​បង្កើត​វិធាន​សាងសង់​ អស់រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​ ដោយ​សិក្សា​អំពី​វិធាន​សាង​សង់​អន្តរ​ជាតិ​ ក្រោម​ជំនួយ​ពី​សមា​គមន៍​​គ្រប់​គ្រង​សំណង់​កូរ៉េ​ (CMAK)។

លោក​សង្ឃឹម​ថា វិធាន​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ​។ លោក​បាន​ថ្លែង​ថា  “ យើង​សហការ​ជាមួយ​​សមាគម​ CMAK ក្នុង​ការ​បង្កើត​គោល​ការណ៍​គ្រប់​គ្រង​សំណង់​ ពីព្រោះ​ឥឡូវ​ [យើង​ចង់​សាងសង់​] អគារ​ខ្ពស់ៗ​ អគារ​ធំៗ អគារ​ទំនើបៗ”។

មុន​ពេល​ហេតុការណ៍​បាក់​ពិដាន​នៅ​រោង​ចក្រ​ វីងស្តា បាន​កើត​ឡើង​ ករណី​បាក់អគារ​ផ្សេងៗ​ទៀត​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ នេះ​បើ​យោង​តាម​លោក ហ្គា​បួរី។ ក៏ប៉ុន្តែ​​ ជា​ធម្មតា ករណី​ទាំង​នោះមិន​មាន​​​ផល​ប៉ះ​ពាល់​អាក្រក់​ទៅលើ​មនុស្ស​ទេ​ ហើយ​​ហេតុការណ៍​​ទាំងនេះ​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទេ។ លោក​បាន​ថ្លែង​ថា “ ករណី​បាក់​អគារ​តូចៗ​ទាំង​នេះ​នឹង​បន្ត​កើន​ឡើង​។ ប្រសិន​បើ​មាន​ប្រទេសបង់ក្លា​ដែសមួយ​ផ្សេង​ទៀត​ទេ ឬក៏​ប្រសិន​​បើ​ករណី​​បាក់​អគារ​មិនធំទេ​ប្រហែលជា​មិន​មាន​ព័ត៌​មាន​ធំទេ។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​សម្ពាធ​ចំពោះ​បញ្ហា​នេះ”៕

ប្រែសម្រួលដោយ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស