មន្ត្រីម្នាក់បានបញ្ជាក់ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងយាងទៅរដ្ឋធានីប៉េកាំង នៅថ្ងៃនេះ។ លោក ហេង ចាន់ធារី ប្រធានការិយាល័យនគរបាលចរចរណ៍រាជធានីភ្នំពេញ ដែលត្រូវបានជូនដំណឹងអំពីការយាងទៅក្រុងប៉េកាំង ដើម្បីសម្រួលចរាចរណ៍ជាមុននោះ បានមានប្រសាសន៍ថា “ ព្រះមហាក្សត្រនឹងយាងទៅក្រុងប៉េកាំង នៅថ្ងៃស្អែក ចន្លោះពីម៉ោង៧ព្រឹកទៅម៉ោង៨ព្រឹក”។
អង្គរក្សនៅព្រះបរមរាជវាំងម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកដោយសារខ្លួនមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈនោះ ក៏បានបញ្ជាក់អំពីការយាងចាកចេញរបស់ព្រះមហាក្សត្រដែរ ហើយបានឲ្យដឹងថា ព្រះមហាក្សត្រនឹងយាងចេញនៅម៉ោងប្រហែល៨ព្រឹក ជាមួយព្រះមាតារបស់ទ្រង់ គឺសម្ដេចម៉ែ ន រោត្តម មុនីនាថ ។ សមាជិករាជវង្សានុវង្សមួយអង្គដែលបានមានបន្ទូលក្នុងលក្ខខណ្ឌអនាមិក បានឲ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព។
ការយាងរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ធ្វើឡើងត្រឹមរយៈពេលពីរសប្ដាហ៍ប៉ុណ្ណោះក្រោយការបោះឆ្នោត ដែលគណបក្សធំៗទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួន និងដែលបានបណ្ដាលឲ្យមានការជាប់គាំងផ្នែកនយោបាយ។ ក្រោមរដ្ឋធម្មនុញ្ញកម្ពុជា ព្រះមហាក្សត្រ ត្រូវកោះប្រជុំសភាលើកដំបូងអំឡុងរយៈពេល៦០ថ្ងៃ ក្រោយការបោះឆ្នោត។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា “ ព្រះមហាក្សត្រត្រូវកោះប្រជុំសភាលើកដំបូង និងតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីដែលស្នើដោយគណបក្សឈ្នះឆ្នោត”។
គិតត្រឹមថ្ងៃម្សិលមិញនេះ គេមិនច្បាស់ថា តើព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងគង់នៅក្នុងប្រទេសចិនរយៈពេលយូរប៉ុណ្ណាទេ។ ទោះជាយ៉ាងណា លោក គល់ បញ្ញា បានឲ្យដឹងថា ប្រសិនបើព្រះមហាក្សត្រអវត្តមានក្នុងខែកញ្ញា ពេលបើកសម័យប្រជុំសភាលើកដំបូងនោះ ទ្រង់អាចត្រូវបានជំនួសដោយប្រធានព្រឹទ្ធសភាស្ដីទី។
លោកបានមានប្រសាសន៍ថា “ តាមបទពិសោធន៍កន្លងមក សម័យប្រជុំនៅតែដំណើរការជាធម្មតា…ប្រធានព្រឹទ្ធសភាស្ដីទីអាចដើរតួនាទីនោះ” ដោយលោកបានសំដៅលើការជាប់គាំងរយៈពេលមួយឆ្នាំក្រោយការបោះឆ្នោតឆ្នាំ២០០៣។
នៅពេលនោះ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈភាគច្រើន ប៉ុន្តែមិនគ្រប់២ភាគ៣ ដែលចាំបាច់សម្រាប់ការបង្កើតរដ្ឋាភិបាលតែម្នាក់ឯងទេ។ ទីបំផុត គណបក្សប្រជាជនបានបង្កើតកិច្ចព្រមព្រៀងជាមួយគណបក្សហ្វុ៊នស៊ិនប៉ិច ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដែលតម្រូវឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងតម្រូវឲ្យព្រះបរមសពសម្ដេចឪ នរោត្តម សីហនុ ឡាយព្រះហស្តលេខាលើវិសោធនកម្មនោះ។
ទោះជាយ៉ាងណា សម្ដេចឪបានយាងទៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ហើយការទទួលខុសត្រូវបានធ្លាក់លើប្រធានព្រឹទ្ធសភា ជា ស៊ីម ក្នុងនាមជាប្រមុខរដ្ឋស្ដីទី។ ប៉ុន្តែលោក ជា ស៊ីម ខ្លួនឯងបានចាកចេញពីប្រទេសដែរ ដោយអះអាងថា លោកត្រូវពិនិត្យសុខភាពនៅក្នុងប្រទេសថៃ ប៉ុន្តែគេជឿថា លោកបានបដិសេធមិនចុះហត្ថលេខាលើវិសោធនកម្មនោះ។ ការទទួលខុសត្រូវទីបំផុតបានធ្លាក់ទៅលើអតីតអនុប្រធានព្រឹទ្ធសភា ញឹក ប៊ុនឆៃ។
គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនបានទទួលជ័យជម្នះក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដោយទទួលបាន៦៨អាសនៈទល់នឹង៥៥អាសនៈរបស់គណបក្សប្រឆាំង ប៉ុន្តែគណបក្សប្រឆាំងបានឆ្លើយតបថា ខ្លួនទើបជាអ្នកទទួលបានជ័យជម្នះ ដោយទទួលបាន៦៣អាសនៈ ដែលជាសំឡេងភាគច្រើនដាច់ខាត។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ខ្លួនអាចនឹងធ្វើពហិការសម័យប្រជុំសភាលើកដំបូងក្នុងខែកញ្ញា ប្រសិនបើពុំមានការស៊ើបអង្កេតពីភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោតទេនោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបការពីប្រហែលមួយសប្ដាហ៍មុនថា ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើពហិការមែននោះ វានឹងត្រូវបានចាត់ទុកថាជាទង្វើក្បត់ជាតិ។ លោកថ្លែងនៅពេលនោះថា “ ពេលព្រះមហាក្សត្រកោះហៅអស់លោក ហើយអស់លោកបដិសេធមិនចូលរួមនោះ វាមានន័យថា អស់លោកទាំងអស់គ្នាប្រឆាំងនឹងព្រះមហាក្សត្រហើយ”៕
(រាយការណ៍បន្ថែមដោយ Kate Bartlett)
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ