លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានជួបជាមួយអ្នកការទូតកំពូលរបស់អាមេរិកប្រចាំនៅកម្ពុជាកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋសភា ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដ៏ចម្រូងចម្រាស។
ទាំងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ សុទ្ធតែបានអះអាងពីជ័យជម្នះរៀងៗខ្លួន ហើយគណបក្សប្រឆាំងបានអំពាវនាវឲ្យមានការស៊ើបអង្កេតមួយ ដែលមានការចូលរួមពីស្ថាប័នអន្តរជាតិ អំពីភាពមិនប្រក្រតីទ្រង់ទ្រាយធំនៅតាមការិយាល័យបោះឆ្នោតនានា។
អាមេរិកនៅមិនទាន់បានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាសាធារណៈនៅឡើយទេ ហើយក្រសួងការបរទេសអាមេរិកបានលើកឡើងថា ចាំបាច់ត្រូវមានការស៊ើបអង្កេតគួរឲ្យទុកចិត្តមួយលើការចោទប្រកាន់ពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ។
សេចក្ដីប្រកាសមួយដែលអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញ ក្រោយជំនួបរវាងលោក សុខ អាន និងលោក វីលៀម ថដ (Willian Todd) មានខ្លឹមសារថា “ភាគីទាំងពីរបានពិភាក្សាគ្នាជាយូរមកហើយអំពីដំណើរការឆ្ពោះទៅរកការបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភានីតិកាលទី៥និងការបង្កើតរាជរដ្ឋាភិបាលកម្ពុជា”។
សេចក្តីប្រកាសនេះមានខ្លឹមសារបន្តថាភាគីទាំងពីរ [កម្ពុជា និងអាមេរិក] ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីវិធីពង្រីកទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ដោយគិតពីលទ្ធផលនៃការបោះឆ្នោតសកល ដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរ”។
កាលពីដើមខែកក្កដា សភាអាមេរិកបានពិភាក្សាអំពីលទ្ធភាពនៃការកាត់ផ្តាច់ជំនួយអាមេរិកសម្រាប់កម្ពុជា ប្រសិនបើការបោះឆ្នោតនេះពុំត្រូវបានចាត់ទុកថា មានលក្ខណៈសេរី និងយុត្តិធម៌ទេនោះ។
សេចក្ដីប្រកាសកាលពីថ្ងៃសុក្រនេះ ក៏មានការលើកឡើងផងដែរថា លោក សុខ អាន និងលោក ថដ បាន “អំពាវនាវឲ្យមានភាពស្ងប់ស្ងៀម និងមធ្យោបាយសន្ដិវិធីសម្រាប់ដោះស្រាយបញ្ហាទាំងនេះ និងត្រូវបញ្ចៀសការប្រើអំពើហិង្សាគ្រប់ប្រភេទ ដើម្បីរក្សាបរិយាកាសល្អ និងស្ថិរភាពសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន”។
កង្វះដំណោះស្រាយសម្រាប់បណ្ដឹងរបស់គណបក្សប្រឆាំង និងការដាក់ពង្រាយរថពាសដែកនៅជិតរាជធានីភ្នំពេញកាលពីសប្ដាហ៍មុន បានធ្វើឲ្យមានការព្រួយបារម្ភអំពីការកើតមានភាពចលាចល។ មន្ត្រីស្ថានទូតអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែសម្រាប់សប្ដាហ៍ទី២នេះ លោក ថដ បានប្រើអត្ថបទចេញផ្សាយប្រចាំថ្ងៃអាទិត្យរបស់លោកក្នុងទំព័រកាសែតរស្មីកម្ពុជាដើម្បីលើកឡើងពីស្ថានភាពក្រោយការបោះឆ្នោត។
លោក ថដ បានសរសេរថា “ខណៈពិភពលោកសំឡឹងមើលកម្ពុជាឆ្លងកាត់ដំណាក់កាលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត ខ្ញុំសូមជំរុញឲ្យគណបក្សទាំងអស់ និងអ្នកគាំទ្ររបស់ខ្លួនបន្តការងារកសាងអនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការពិភាក្សាគ្នា ហើយត្រូវធានាឲ្យបាននូវបរិយាកាសមួយដែលប្រកបដោយភាពស្ងប់ស្ងៀម ដោយសន្តិវិធី និងគ្មានការប្រើអំពើហិង្សា”។
“ដើម្បីរក្សាបាននូវស្មារតីនៃដំណើរការប្រជាធិបតេយ្យប្រកបដោយយុត្តិធម៌ និងតម្លាភាព សហរដ្ឋអាមេរិកសូមជំរុញមេដឹកនាំគណបក្សនយោបាយក្នុងប្រទេសកម្ពុជា ឲ្យធ្វើការរួមគ្នាដើម្បីទទួលបានលទ្ធផលមួយដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជាគ្រប់ៗរូប”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី