35 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​​ព្រួយ​បារម្ភ​ ពី​​​​ការធ្វើ​កុបកម្ម​ដូច​កាលពី​​​​​​ឆ្នាំ២០០៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ លោក ខៀវ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​ពង្រាយ​រថ​ពាស​ដែក និង​ទាហាន​​កា​លពីសប្តាហ៍​មុន​គឺ​ជាការចាំបាច់​ ដើម្បី​ទប់​ស្កាត់​​ការ​កើត​មាន​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​ស្រដៀង​គ្នា​ទៅនឹង​កុបកម្ម​ប្រឆាំង​ថៃ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់រាជធានី​ភ្នំពេញ​យ៉ាង​ខ្លាំង​កាល​ពីជាង​១០​ឆ្នាំ​មុន​។

លោក​ ខៀវ​ កាញារីទ្ធ បាន​ថ្លែងទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅក្រសួង​ព័ត៌មាន​ថា រដ្ឋា​ភិ​បាល​ចង់​ចៀស​វាង​សេណារីយ៉ូស្រដៀង​គ្នា​ទៅ​នឹង​ “ បទ​ពិសោធ​​ដ៏ជូរ​ចត់​” នៃកុបកម្ម​ប្រឆាំ​ងថៃ​កាល​ពីថ្ងៃទី​២៩​ខែ​មករា ឆ្នាំ​២០០៣ ដែលនៅ​ពេល​នោះ​ក្រុម​មនុស្ស​​បានបង្ក​អំពើ​ហិង្សា​រយៈ​ពេល​៦​ម៉ោង​​​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ទឹក​ប្រាក់​អស់​៥៦​លាន​ដុល្លារ​ និង​បាន​ដុត​កម្ទេច​​ស្ថាន​ទូត​ថៃ និង​ក្រុម​ហ៊ុន​ថៃ​ជាច្រើន​ទៀត។

លោក​ ខៀវ​ កាញារីទ្ធ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​បទសម្ភាស​ដែលត្រូវ​បានផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​​ថា  “ យើង​ធ្លាប់​មាន​បទ​ពិសោធភ័យ​ខ្លាច​ជាច្រើន​​ ដូច្នេះ​រាជ​រដ្ឋាភិបាល​កំពុង​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​ទប់​ស្កាត់​”។

លោក​បាន​មាន​ប្រសាសន៍ដោយ​ផ្តល់​កាល​បរិច្ឆេទ​មិន​ត្រឹម​ត្រូវ​ចំពោះ​កុបកម្ម​នេះ​ថា “ ប៉ុន្តែ ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​ត្រៀម​ចាត់​វិធាន​ការ​ទេនោះ​ យើង​នឹង​ជួប​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ដូចការ​ដុត​ស្ថាន​ទូត​ថៃ​កាល​ពីឆ្នាំ​២០០០​អ៊ី​ចឹង​ដែរ”។

គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​បានអះអាង​ថា ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​កាល​ពីខែ​មុន​​ដែរនោះ​ បាន​គំរាម​ធ្វើ​មហាបាតុកម្ម​ ប្រសិន​បើ​មិន​មាន​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី ដែល​គេ​ចោទ​ថា​ បាន​កើត​មានឡើង​ក្នុង​ពេល​បោះឆ្នោត​​។

លោក​ ខៀវ កាញារីទ្ធ   ​បានមាន​​ប្រសាសន៍ ថា  “ ប្រសិន​បើ​នរណាម្នាក់​ចង់​ធ្វើ​បាតុកម្ម ​​អ្នក​​ដឹក​នាំបាតុកម្ម​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​​មុខ​ច្បាប់​ ប្រសិន​បើ​មាន​បញ្ហា​កើត​ឡើង​” ។ កុបកម្ម​ប្រឆាំង​ថៃ​កាល​ពីឆ្នាំ​២០០៣​បាន​​ផ្ទុះ​ឡើង​ បន្ទាប់​ពីមាន​សេចក្តីរាយ​ការណ៍​មិន​ពិត​ថា តារាសំដែង​ និង​តារា​ចម្រៀង​ថៃ​ដ៏​មាន​​ប្រជាប្រិយ​ម្នាក់​ឈ្មោះ កុប ស៊ុបវ៉ា គុណ​ ឃុនយីង​ អះអាងថា ប្រាសាទ​អង្គរវត្ត​តាម​ពិត​ជាកម្ម​សិទ្ធិ​របស់​ថៃ​។

នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​រិះគន់​ ភ្លាម​ៗ​​ថា ជីវិត​តារាភាពយន្ត​រូប​នេះ​ “ មិន​ស្មើ​នឹង​ស្មៅ​មួយ​គុម្ពនៅ​ជិត​អង្គរវត្ត​ផង​”​ និង​ទាម​ទារ​ឲ្យ​​គេ​ដក​ភាព​យន្ត​​ដែល​នាង​សំដែង​​នោះ​ចេញ​ពី​ស្ថានីយ​ទូរទស្សន៍ខ្មែរ​ជា​បន្ទាន់​​។ សម្តី​​របស់​លោក​ ហ៊ុន​ សែន​ បាន​ធ្វើ​ឲ្យ​ផ្ទុះ​កុបកម្ម​នោះ​ ដែល​បណ្តាល​ឲ្យ​មាន​ការ​​ដុត​បំផ្លាញ​សណ្ឋាគារ​រ៉ូយ៉ាល​ភ្នំពេញ​ ហើយ​ស្ថានីយ​ទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៥​ក៏ត្រូវបាន​ដុត​បំផ្លាញ​ផង​ដែរ​។ ស្ថាន​ទូត​ថៃ​ត្រូវ​បាន​ដុត​បំផ្លាញ​​ ហើយ​នៅ​ពេល​នោះ​ឯកអគ្គ​រាជទូត​​ថៃ លោក​ ឆាដ​ថា​វេត ឆាដ​ស៊ូវ៉ាន់​ បានឡើង​តាម​របង​​និង​បាន​គេច​ខ្លួន​តាម​ទូក​។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​ជា​ច្រើន​ម៉ោង​មុន​ពេល​អាជ្ញាធរ​អនុវត្ត​ច្បាប់​​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ ដើម្បី​បង្ក្រាប​អំពើ​ហិង្សា​នោះ​។

ទាំង​មុន​ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន​ បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ពី​អំពើ​ហិង្សា។​​លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​ភូមិ​នៅ​ក្នុង​ខេត្ត​កណ្តាល​កាល​ពីថ្ងៃ​ទី​២ខែ​សីហា​ អស់​រយៈ​ពេល​ពីរម៉ោង​ថា ការ​ធ្វើ​បាតុកម្ម​ណា​មួយ​​​ប្រឆាំង​នឹង​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត​នេះ​នឹង​មាន​ការ​ធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធ​ផល​នោះ​វិញ​ជំនួស​ឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​​ ហើយ​ថា ភា​ពចលាចល​នៅតាម​ផ្លូវ​អាច​​​កើត​មាន​ និង​ធ្វើ​ឲ្យ​អាជីវកម្ម​តូច​ៗ​បិទ​ទ្វា​រ។

ទោះជា​គណបក្ស​សង្គ្រោះជាតិ​និយាយ​ថា  ខ្លួន​មាន​បំណង​ធ្វើ​បាតុកម្ម​អហិង្សា​​ជា​ជម្រើស​ចុង​ក្រោយ​ប្រសិ​ន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​  និង​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​មិន​ស៊ើបអង្កេត​ឲ្យ​បាន​​ត្រឹម​ត្រូវ​លើ​ភាព​មិន​ប្រក្រតីនៃ​ការ​បោះ​ឆ្នោត​​នេះ​ក៏ដោយ​ ក៏​គេសង្កេត​ឃើញ​រថ​ពាស​​ដែក​ត្រូវ​បាន​ដាក់​ពង្រាយ​ជា​ច្រើន​កន្លែង​​កាល​​ពីសប្តាហ៍​មុន​​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។

ថ្លែង​កាល​ពីម្សិល​មិញ​ នៅ​ឯសន្និសីទ​សារ​ព័ត៌មាន​បន្ទាប់​ពី គ.ជ.ប.​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន​នោះ ​លោក​ កឹម​ សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​បញ្ឈប់​ការ​ចល័ត​ទ័ព​។  លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា  “ យើង​​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​”។

ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ពី គ.ជ.ប.​កាល​ពីម្សិល​មិញនេះ បាន​ផ្តល់​ជ័យ​ជម្នះ​យ៉ាង​ច្បាស់​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ គណបក្ស​ប្រឆាំង​បាន​ជំទាស់​នឹង​លទ្ធ​ផល​នេះ​ ដោយ​សារ​គេ​ដឹង​ថា គ.ជ.ប.​ លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​។

លោក​ កឹម​ សុខា​ បាន​មាន​ប្រសាសន៍ថា  “ តាម​រយៈ​ការ​ប្រកាស​លទ្ធផល​នេះ​ គ.ជ.ប.​​ត្រូវទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះការ​បះ​បោរ​ ឬ​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​​ភាព​ចលាចល​នយោបាយ​”។ លិខិត​មួយ​ច្បាប់​ដែល​ចេញ​ដោយ​​គណៈ​បញ្ជាការ​​សន្តិសុខ​អចិន្ត្រៃយ៍សម្រាប់​​​ការ​បោះឆ្នោត​ដែល​មាន​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួ​ងមហាផ្ទៃ​ជាប្រធាន​នោះ​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​រក្សា​ភាព​ស្ងប់​ស្ងាត់​ បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ​​និយាយ​អំពី​ការធ្វើ​បាតុកម្ម​។

លិខិត​នោះលើក​ឡើង​ថា គណៈបញ្ជាការ​​អចិន្ត្រៃ​យ៍​សន្តិសុខ​សម្រាប់​​ការ​បោះ​ឆ្នោត​​ទទួល​ស្គាល់​ថា វា​គឺជា​សិទ្ធិ​នយោបាយ​​របស់​​បងប្អូនជន​រួម​ជាតិ​ក្នុងការ​ចូល​រួម​ការ​ធ្វើ​បាតុ​កម្ម​​ពាក់​ព័ន្ធ​នឹងការ​បោះឆ្នោត​”។ លិខិត​នោះ​បន្ត​ទៀត​ថា “ ទោះជាយ៉ាង​ណា សូម​​បងប្អូនជន​រួម​ជាតិ​កុំធ្វើ​អ្វី​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ ហើយ​ចូល​រួ​ម​ដោយ​សន្តិវិធី​ និង​មាន​សណ្តាប់​ធ្នាប់​ល្អ  ​ដើម្បីការ​ពារ​សេចក្តី​សុខ​ក្សេម​ក្សាន្ត​​របស់​យើង​ទាំង​អស់​គ្នា​ និង​បង្ហាញ  ​​ពី​ភាព​ចាស់​ទំុ​នយោបាយ​របស់​បង​ប្អូន​ជន​រួម​ជាតិ​កម្ពុជា និង​កិត្តិយស​ ​សេចក្តីថ្លៃថ្នូរ​ ​នៃ​ព្រះ​​​រាជាណា​ចក្រកម្ពុជា​​លើ​ឆាក​អន្តរ​ជាតិ​”។

លិខិត​នេះ​បាន​លើ​កឡើង​ទៀត​ថា ​ បងប្អូន​ជន​រួម​ជាតិ​​មិន​គួរ​យក​អាវុធ​តាម​ខ្លួន​​ទៅ​ធ្វើ​បាតុកម្ម​នោះ​ទេ​។ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ជាថ្មី​ពី​គោល​ជំហរ​របស់​គណបក្ស​នេះ​កាល​ពីម្សិល​មិញថា ការ​ធ្វើ​បាតុកម្ម​គឺ​ជាការ​ធ្វើ​ដោយ​អហិង្សា​។ “ ប្រសិន​បើ​ យើង​មាន​បាតុកម្ម​​ បាតុកម្ម​នោះ​គឺ​ធ្វើ​ដោយ​សន្តិវិធី​។ យើង​បញ្ចេញ​មតិ និង​ការ​ទាមទារ​របស់​យើង​ឲ្យ​មាន​យុត្តិធម៌​ដើម្បី​ស្នើ​​ឲ្យ​ គ.ជ.ប. និង​អ្នក​ជាប់​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដោះស្រាយភាព​មិន​ប្រក្រតីទាំង​នេះ​មុន​ពេល​ប្រកាស​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នេះ​។ យើង​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។ ប្រសិន​បើ​ មាន​អ្វី​មួយ​កើត​ឡើង​អំឡុង​ពេល​ធ្វើ​បាតុ​កម្ម  ​​វា​មិន​មែន​ជាការ​ទទួល​ខុស​ត្រូវ​របស់​យើង​ទេ​ ប៉ុន្តែ វា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​មហាផ្ទៃ​”។

លោក​បាន​មាន​ប្រសាសន៍ថា លោក​ជឿ​ថា ​អ្នក​បង្ក​បញ្ហា​ដែល​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​​អាច​ចូល​ទៅក្នុង​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ព្យាយាម​បង្ក​អំពើ​ហិង្សា​ ដើម្បី​ធ្វើ​ឲ្យ​​គណបក្ស​ប្រឆាំង​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ ប៉ុន្តែ លោក​បាន​លើក​​ឡើង​ថា អ្នក​គាំទ្រ​​មិន​រួញ​រា​ទេ​ ហើយ​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម​ប្រសិន​បើ​មាន​​ការ​អំពាវនាវ​ឲ្យ​ធ្វើ​នោះ៕

ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស