38 C
Phnom Penh

លោក សម រង្ស៊ី ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​​ចំពោះ​ការ​ញុះ​ញង់​ឲ្យ​មាន​រដ្ឋ​ប្រហារ​យោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ការ​ពារ​ការ​បង្ហោះ​ព័ត៌មាន​តាម​​ហ្វេស​ប៊ុក​របស់​លោកក្នុង​ពេល​ថ្មីៗ​នេះ ដែល​ជំរុញ​ឲ្យ​នគរ​បាល​ និង​ទាហាន “ ក្រោក​ឈរ​ឡើង​” ជាមួយ​​ប្រជា​ពល​រដ្ឋ​ ហើយ​ “ ទាមទារ​” ឲ្យ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ ហើយ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ ដែលចោទ​ប្រកាន់​ថា លោក​ញុះញង់​​ឲ្យ​មាន​រដ្ឋ​ប្រហារ​។

លោក សម រង្ស៊ី ដែល​គណបក្ស​របស់​លោក​កំពុង​​ជំទាស់​នឹង​លទ្ធផល​បឋមនៃ​ការ​បោះ​ឆ្នោតជាតិ​កាល​ពី​ខែ​មុននេះ​ ដែល​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ជាអ្នក​​ទទួល​ជ័យ​ជម្នះ ហើយ​បាន​គំរាម​ធ្វើ​មហា​បាតុកម្ម​ ប្រសិន​បើ​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ស៊ើប​អង្កេត​នោះ លោកបាន​មាន​ប្រសាសន៍​ថា ការ​បង្ហោះ​របស់​លោក​មិន​មែន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​រដ្ឋ​ប្រហារ​នោះ​ទេ​ គឺ​គ្រាន់​តែ​ចង់​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រកាន់​យក​ឥរិយាបថ​សន្ថិភាព​ប៉ុណ្ណោះ​។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយផ្ញើ​​ពី​សហ​រដ្ឋ​អាមេរិក ទី​ដែល​លោក​កំពុង​ចូល​រួម​ពិធី​មង្គល​ការ​របស់​កូន​ស្រី​លោកថា “ យើង​គ្រាន់​ចង់​ជំរុញ​​ឲ្យ​នគរបាល​ និង​ទាហាន​ចៀស​វាង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជា​ពល​រដ្ឋប៉ុណ្ណោះ​ ពីព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ខ្មែរ ជា​អ្នក​កាន់​​ព្រះពុទ្ធ​​សាសនា​ ស្រឡាញ់​សន្ដិភាព និង​ស្រឡាញ់​ប្រទេស​របស់​យើង​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ អ្នក​ណា​ក៏ដោយ​ដែល​បក​ស្រាយ​ពាក្យ​សម្ដីរបស់​យើង​​ក្នុង​ន័យ​ផ្សេង​ គឺ​ខុស​ហើយ​​ និង​មាន​ចេតនា​មិន​ល្អ​ផ្នែក​​នយោបាយ​​”។

លោក សម រង្ស៊ី បាន​ចាប់​ផ្ដើម​បង្ហោះ​ការ​បញ្ចេញ​ទស្សន​ជា​បន្ដ​បន្ទាប់ សំដៅ​ទៅ​រក​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ជា​ថ្ងៃ​តែ​មួយ​ដែល​ទាហាន​រាប់​រយ​នាក់​បាន​ចាប់់ផ្ដើម​ចូល​មក​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​។

ការ​បញ្ចេញ​ទស្សន​មួយ​ក្នុង​ចំណោម​នោះមាន​ខ្លឹមសារ​ថា “ នេះ​គឺ​ជា​ឱកាស​មាស​សម្រាប់​អ្នក​ទាំង​អស់​គ្នា​រួប​រួម​គ្នា និង​ក្រោក​ឈរ​ឡើង​ជាមួយ​ប្រជាពល​រដ្ឋ​របស់​យើង និង​យុវជន​សង្គ្រោះ​ជាតិ​របស់​យើង ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ និង​បង្កើត​រដ្ឋា​ភិបាល​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៣​”។

លោក ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជនក​ម្ពុជា​​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពាក្យ​សម្ដីរបស់​លោក សម រង្ស៊ី តាម​ប្រព័ន្ធ​​អ៊ីន​ធើណិត គឺ​ស្មើ​នឹង​ការ​ញុះញង់​​ ហើយ​​អាច​​ដាក់​ពាក្យ​បណ្ដឹង​បាន​។​

លោក​បាន​មាន​ប្រសាសន៍​ថា “​ ប្រសិន​បើ​​វា​ជា​ហ្វេសប៊ុក​របស់​គាត់​មែននោះ គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​សម្ដី​របស់​គាត់។ វា​ជា​ការ​ញុះញង់​ឲ្យ​បង្ក​ចលាចល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ។វា​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ”។

ទោះ​ជាយ៉ាងណា លោក​ ជាម យៀប បាន​​មាន​ប្រសាសន៍​ថា ភ្លាម​ៗ​រដ្ឋាភិបាល​គ្មាន​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​ទេ​។​

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​កាល​ពី​ម្សិលមិញ​ថា លោក សម រង្ស៊ី មិន​បាន​ញុះញង់​កង​កម្លាំង​ប្រដាប់​អាវុធ​​​ដែលមជ្ឈដ្ឋាន​​ទូទៅ ​យល់​ថា លម្អៀង​​ទៅ​រក​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ គ្រាន់​តែ​ចង់​ឲ្យ​ពួក​គេ​រក្សា​អព្យា​ក្រឹតភាព​ប៉ុណ្ណោះ ចំពេល​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ​។

លោក​បាន​មាន​ប្រសាសន៍​នៅឯ​សន្និសីទ​​សារព័ត៌មាន​មួយ​នៅ​ទី​ស្នាក់​ការ​កណ្ដាល​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​បឋម​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នៅ​មុន​នេះ​កាល​ពីព្រឹក​នោះ​ថា “ កង​យោធពល​ខេមរភូមិន្ទ គឺ​ជា​កង​កម្លាំង​របស់​ជាតិ​ មិន​មែន​ជា​របស់​គណបក្ស​នយោ​បាយ​ណាមួយ​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ អ្វី ដែល​លោក​ប្រធាន​ សម រង្ស៊ី បាន​អំពាវ​នាវ​គឺ​ជា​ឆន្ទៈ​ល្អ​ដើម្បី​បង្ហាញ​សហ​គមន៍​​ជាតិ និង​អន្តរជាតិ​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ដំណោះ​ស្រាយ​មួយ​ប្រកប​ដោយ​សន្ដិ​វិធី​។ កង​ទ័ព​មិ​ន​គួរ​បម្រើ​គណបក្ស​នយោ​បាយ​ណាមួយ​ឡើយ​ ពួក​គេ​គួរ​តែ​នៅ​កណ្ដាល ហើយ​​ទុក​ឲ្យ​គណបក្ស​នយោបាយ​ដោះ​ស្រាយ​​បញ្ហា​នេះ​ដោយ​សន្ដិ​វិធី”។

លោក សុក សំអឿន មេធាវី​ការ​ពារ​សិទ្ធិ​មនុស្ស​លេច​ធ្លោ​មួយ​រូប​​ដែល​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​​ បាន​មាន​​ប្រសាសន៍​​​ថា ពាក្យ​ពេចន៍​មិនសូវ​ច្បាស់​លាស់​របស់​លោក សម រង្ស៊ី បូក​រួម​ជាមួយ​នឹង​វិសាល​ភាព​នៃ​ច្បាប់​របស់​កម្ពុជា​ស្ដី​ពី​ការ​ញុះញង់​​អាច​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​រង​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​បាន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ វា​គឺ​ជា​ហានិភ័យ។ ប្រសិន​បើ​តុលាការ​បក​ស្រាយ​ច្បាប់​​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​ វា​មិន​អី​ទេ​ [សម្រាប់​លោក សម រង្ស៊ី] ពីព្រោះ​ច្បាប់​មាន​ចែង​តែ​អំពី​ការ​លើក​ដៃ​ប៉ុណ្ណោះ​។ ពាក្យ​ថា ‘ក្រោក​ឈរ​ឡើង’ នៅ​ទីនេះ​ប្រហែល​ជា​មិន​មាន​ន័យ​ថា លើក​ឡើក​ដៃ​នោះ​ទេ”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ប៉ុន្តែ​ដោយ​សារ​តែ​កន្លង​មក​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដោយ​គ្មាន​មូល​ដ្ឋានច្បាស់​លាស់​នោះ លទ្ធភាព​នៃ​ពាក្យ​បណ្ដឹង​ថ្មី​មិន​អាច​ច្រាន​ចោល​បាន​ទេ​។ លោក​ថ្លែង​ថា “​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​មិន​អាច​ព្យាករ​ដឹង​មុន​ទេ​ អ្វី ក៏​អាច​កើត​ឡើង​ដែរ​។ ជា​ឧទាហ​រណ៍​​​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រឆាំង​រូប​គាត់​កាល​ពីពេល​កន្លង​មក ប្រជា​ពល​រដ្ឋ​គិត​ថា គាត់​គ្មាន​ទោស​ទេ ក៏​ប៉ុន្តែ​​គាត់​នៅ​តែ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​”៕

ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស