27.5 C
Phnom Penh

កាសែត​​​អាល្លឺម៉ង់​​​រិះ​​​គន់​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ដែលអប​​​អរ​​​សាទរ​​​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែត ហ្វ្រ៊ែងហ្វើតធើ អាល់ហ្សឺម៉ែន ហ្សេទុង (Frankfurter Allgemeine Zeitung) ដ៏​​​មាន​​​ឥទ្ធិពល​​​របស់​​​អាល្លឺម៉ង់​​​ បា​​​ន​​​រិះ​​​គន់​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​អាល្លឺម៉ង់​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ថា ជា​​​អ្នក​​​នាំ​​​ពាក្យ​​​របស់​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បន្ទាប់​​​ពី​​​លោក​​​បា​​ន​​​បក​​​ស្រាយ​​​ខ្លឹម​​​សារ​​​នៃ​​ជំនួប​​​នា​​​ពេល​​​ថ្មីៗ​​​រវាង​​​អ្នក​​​ទាំ​​​ងពីរ​​​ ដែល​​​អំឡុង​​​ពេល​​​នោះ​​​ មាន​​​ការ​​​ពិភាក្សា​​​អំពី​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​នៅ​​​រដ្ឋ​​​សភា​​​ជាតិ​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ កាសែត​​​នេះ​​​បាន​​​ចុះ​​​ផ្សាយ​​​​​​អត្ថ​​​បទ​​​មួយ​​​ក្រោម​​​ចំណង​​​ជើង​​​ថា “ មេ​​​ដឹក​​​នាំ​​​ផ្តាច់​​​ការ​​​ និង​​​​​​អ្នក​​​ការទូត​​​” ដែលពណ៌នាពី​​​ជំនួប​​​​​​រវាង​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​ វ៉ូលហ្គាំង​ ម៉ូស័រ (Wolfgang Moser)​​ និង​​​ លោក ហ៊ុន សែន ដែល​​​បាន​​​ផ្ញើ​​​សារ​​​ព្រមាន​​​ថា លោក​​​នឹង​​​បែង​​​ចែក​​​អាសនៈ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​គណ​​​បក្ស​​​តូចៗ​​​ប្រសិន​​​បើ​​​គណ​​​បក្ស​​​ប្រឆាំងនេះ​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​​​​អាសនៈ​​​នៅ​​​សភា​​​។

កាសែត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “ តើគាត់​​​​​​​​​ត្រូវបាន​​​គេ​​​ប្រើ​​​ប្រាស់​​​ឬ?តើ​​​ដោយ​​​សារ​​​តែ​​​កាលៈ​​​​​​ទេសៈ​​​តម្រូវ​​​ឬ? ឬក៏​​​មាន​​​រឿង​​​ផ្សេង​​​នៅ​​​ពី​​​ក្រោយ​​​ឆាក​​​?” ។ កាសែត​​​នេះអះ​​​អាង​​​​​​ថា​​​ ខណៈ​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​ផ្លូវ​​​ការ​​​ ហើយ​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​សុទ្ធ​​​តែ​​​បាន​​​អះ​​​អាង​​​ពី​​​ជ័យ​​​ជម្នះ​​​រៀងៗ​​​​​​ខ្លួន​​​ ទៀត​​​នោះ​​​ លោក ម៉ូស័រ បែរ​​​ជា​​​អប​​​អរ​​​​​​សាទរលោក ហ៊ុន សែន ចំពោះ​​​ជ័យ​​​ជម្នះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ទៅ​​​វិញ​​​។

អត្ថ​​​បទ​​​នេះ​​​មាន​​​ខ្លឹមសារថា “ ស្ថាន​​​ភាព​​​កាន់​​​តែ​​​មាន​​​ភាព​​​ស្មុគ​​​ស្មាញ​​​ឡើង​​​ដោយ​​​សារ​​​តែ​​​គណ​​​បក្ស​​​កាន់​​​​​អំណាច​​​បាន​​​ធ្វើ​​​ឲ្យ​​​គេ​​​មើល​​​មក​​​ដូច​​​ជា​​​​​​តំណាង​​​ប្រទេស​​​អាល្លឺ​​​ម៉ង់​​​រូប​​​នេះ ​​អប​​​អរសាទរ ហ៊ុន សែន ចំពោះ​​​ជ័យ​​​ជម្នះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត។ វា​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​អាល្លឺ​​​ម៉ង់​​​មើល​​​ទៅ​​​មិន​​​ខុស​​​ពី​​​ប្រទេស​​​ចិន​​​​​​ដែល​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​ឆ្អឹង​​​ខ្នង​​​សំខាន់​​​បំផុត​​​នៃ​​​របប​​​​​ ហ៊ុន សែន ឡើយ”។

លោក ម៉ូស័រ ដែល​​​​​​ចប់អាណត្តិ​​​ក្នុង​​​ខែ​​​នេះ បាន​​​បដិសេធ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​​​​មិន​​​មែន​​​ជា​​​អ្នក​​​នាំពាក្យ​​​​​​លោក​​​ ហ៊ុន សែន ទេ។ លោក ម៉ូស័រ បាន​​​ឆ្លើយ​​​តប​​​តាម​​​អីុម៉េល​​​ជា​​​ភាសា​​​អាល្លឺម៉ង់​​​ថា “ ខ្ញុំ​​ត្រូវ​​​តែ​​​បំភ្លឺ​​​ថា ខ្ញុំ​​​មិន​​​បាន​​​ពាំនាំ​​​សារ​​​ពីលោក ហ៊ុន សែន ឡើយ”។

កាសែត​​​អាល្លឺម៉ង់​​​នេះ​​​ ក៏បាន​​​ដក​​​ស្រង់​​​សម្តី​​​របស់​​​លោកស្រី ណាលី ពីឡូក នាយិកា​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ ដែល​​​បាន​​​រិះ​​​គន់​​​លោក ម៉ូស័រ និង​​​បាន​​​ពណ៌នា​​​ពី​​​ទង្វើ​​​​​​របស់ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​រូប​​​នេះ​​​ថា “ គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​” និង​​​ “ គួរ​​​ឲ្យ​​​សង្ស័យ​​​”។​ លោក ម៉ូស័រ បា​​ន​​​ឆ្លើយ​​​តប​​​ថា “ អ្វីៗ​​​ប្រាកដ​​​ជា​​​មិន​​​បាន​​​ទាក់​​​ទាញ​​​ចំណាប់​​​អារម្មណ៍​​​របស់​​​អ្នកណា​​​ម្នាក់​​​ទេ​​​ ប្រសិន​​​បើ​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល ​​​លីកាដូ​​​ នេះមិន​​​បាន​​​លើក​​​ឡើង​​​ពី​​​ភាព​​​ជិត​​​ស្និទ្ធ​​​ជា​​​មួយ​​​លោក ហ៊ុន​​​ សែន ដែល​​​តាម​​​ ពិត​​​គឺ​​​គ្មាន​​​សោះ​​​នោះ។ ពេល​​​ខ្លះ​​​ មនុស្ស​​​ម្នាក់​​​ចង់​​​ឲ្យ​​​គេ​​​សួរ​​​យោបល់​​​ភាគី​​​ម្ខាង​​​ទៀត​​​សិន មុនពេល​​​ធ្វើការ​​​រិះ​​​គន់​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស