នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា ជនជាតិអូស្ត្រាលីអាយុ៦១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃអាទិត្យ តាមការចោទប្រកាន់ពីបទចាប់រំលោភ និងចែកចាយរូបភាពអាសអាភាស។
លោក កូយ ហ៊ាង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តបាត់ដំបង បានឲ្យដឹងថា បុរសឈ្មោះ រូជីអូ រ៉ូបឺរ៉ា សេតធ័រ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៧យប់ថ្ងៃអាទិត្យ បន្ទាប់ពីបានថតសកម្មភាពចាប់រំលោភស្ត្រីអាយុ២៧ឆ្នាំម្នាក់ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក ហ៊ាង បានឲ្យដឹងថា ជនសង្ស័យរូបនេះបានជួលជនរងគ្រោះឲ្យម៉ាស្សាឲ្យខ្លួនរយៈពេលមួយម៉ោងនៅហាងមួយ មុនពេលនាំនាងទៅផ្ទះរបស់ខ្លួន។ លោក ហ៊ាន បានមានប្រសាសន៍ថា “ នគរបាលបានចាប់ខ្លួនជនសង្ស័យរូបនេះពីបទចាប់រំលោភ និងថតស្ត្រីរូបនេះ បន្ទាប់ពីអ្នកភូមិបានប្តឹងទៅនគរបាលថា ជននេះបានរំលោភនាង។ យើងក៏បានដកហូតវីដេអូចំនួន១០ ដែលជននេះបានថតនារីដែលធ្លាប់ម៉ាស្សាឲ្យគាត់កន្លងមក”។
លោកបានបន្ថែមថា ជនរងគ្រោះបានរត់គេចខ្លួន នៅពេលលោក សេតធ័រ បានចាកចេញពីបន្ទប់។ លោកបានមានប្រសាសន៍ថា “ យោងតាមជនរងគ្រោះ ជនជាតិអូស្ត្រាលីរូបនេះបាននាំនាងទៅកាន់ផ្ទះរបស់គាត់ និងបានចាប់រំលោភនាងយ៉ាងព្រៃផ្សៃ ហើយបានថតរូបនាងជាខ្សែវីដេអូ។នាងមិនអាចទ្រាំទ្រនឹងការឈឺចាប់បាន ដូច្នេះ បន្ទាប់ពីជននេះចាកចេញពីបន្ទប់ នាងក៏បានរត់គេចខ្លួនដើម្បីសំុឲ្យអ្នកភូមិជួយ”។ លោក សេតធ័រ ត្រូវបង្ហាញខ្លួននៅសាលាដំបូងខេត្តបាត់ដំបងនាព្រឹកនេះ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី