38 C
Phnom Penh

​ក្ដី​​បារម្ភ​អំពី​ផល​ប៉ះពាល់​បង្ក​​ដោយ​អណ្ដូង​រ៉ែមាស​​របស់​ចិន​​នៅខេត្ត​​ស្ទឹង​ត្រែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​ពល​រដ្ឋ​ជា​ង៧០០​គ្រួសារ​រស់​នៅ​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង​​ បាន​អំពាវ​នាវ​​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​​ធ្វើ​អន្តរាគមន៍​បញ្ឈប់​​សកម្មភាព​ជីក​យក​រ៉ែមាសរបស់​ក្រុម​ហ៊ុន​ចិន​មួយ​នៅ​ជិត​ផ្ទះរបស់​ពួក​គាត់​។

លោក ស៊ិន ដន មេឃុំ​ថ្មកែវ បាន​​មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​ញត្តិ​ទៅ​មន្ត្រី​ថ្នាក់​ស្រុក​ និង​មន្ត្រី​ថ្នាក់​ខេត្ត​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​កាល​ពី​ម្សិលមិញ​បាន​​លើក​ឡើង​ពី​ក្ដី​បារម្ភ​របស់​ប្រជា​ពល​រដ្ឋ​ថា សកម្ម​ភាព​​ជីក​យក​រ៉ែ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​​ដល់​បរិស្ថាន​​ក្នុង​មូល​ដ្ឋាន​​ និង​ជីវភាព​​របស់​ពួក​គាត់​។

ក្រុមហ៊ុន​ខ្មែរ​ហ្វើស​ (Khmer First) របស់​ចិន និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ​ឃុន​សៀ សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​សកម្មភាព​ជីក​យក​រ៉ែ​មាស​នេះ​។  លោក ស៊ិន ដន បាន​មាន​ប្រសាសន៍​ថា   “ ក្រុមហ៊ុន​ចិន​​បាន​មក​ជីកយក​រ៉ែ​នៅ​ក្នុង​តំបន់​នេះ​​ម្តង​ម្កាល​ ចាប់​តាំង​ពីខែ​តុលា​ឆ្នាំ​២០១២​មក​។ ប៉ុន្តែ​ពួក​គេ​បាន​យក​ម៉ាស៊ីន​ពីរ​គ្រឿង​បន្ថែម​ទៀត​មក​ជីក​យករ៉ែ​នៅ​ក្នុង​តំបន់​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​សីហាមក”។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រជា​ពល​រដ្ឋ​ចំនួន​៧១០​គ្រួសារ​រស់​នៅ​ក្នុង​ឃុំ​ថ្មកែវ​ ព្រម​ទាំង​អ្នក​ភូមិនៅ​ក្នុង​ឃុំ​សន្ដិភាព​ ឃុំ​ស្រែ​សំបូរ​ និង​ឃុំ​សេកុង​ ដែល​ក្នុង​ចំណោម​ពួក​គាត់​​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ពិគ្រោះ​យោ​បល់​​អំពី​គម្រោង​នេះព្រួយ​បារម្ភ​ថា ពួក​គាត់​​​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ជីក​យក​រ៉ែ​នេះ​ដែល​​កំពុង​ធ្វើ​ឡើង​នៅលើ​ផ្ទៃ​ដី​ទទឹង​២០​០​ម៉ែត្រ​ និង​បណ្ដោយប្រវែង​​​​មួយ​គីឡូម៉ែត្រ​។

លោក​បានលើក​ឡើង​ពីការ​ប្រើ​ប្រាស់​​សារ​ធាតុ​គីមី​​ដ៏គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​ដំណើរ​ការ​ជីក​យក​រ៉ែ​នេះថា “ យើង​មិន​ទាន់​ឮ​ប្រតិ​កម្ម​ណាមួយ [ពី​អាជ្ញាធរ​] នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ យើង​សង្ឃឹម​ថា ពួក​គេ​នឹង​ចាត់​វិធាន​ការ​ដើម្បី​ជួយ​អ្នក​ភូមិ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ប្រសិន​បើ​ពួក​គេ​មិន​ជួយ​ទេ​នោះ​ វា​នឹង​ជះ​ផល​ប៉ះពាល់​លើ​សុខភាព​របស់​អ្នក​ភូមិ និង​ជីវ​ចម្រុះ​របស់​ធម្មជាតិ​”។

លោក​ ស៊ិន ដន បាន​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​មូល​ដ្ឋាន​គេ​ដឹង​ថា ក្រុមហ៊ុន​នេះ​​ជា​របស់​លោក ឃុន សៀ ពាណិជ្ជករ​មួយ​រូប​ដែលយោងតាម​ឯកសារ​របស់​ក្រសួង​ពាណិជ្ជ​​​កម្ម​​បញ្ជាក់ថា លោកមាន​ក្រុមហ៊ុន​នាំ​ចូល​នាំចេញ និង​ក្រុមហ៊ុន​​អភិវឌ្ឍ​ន៍​មួយ​ចំនួន​ចុះ​បញ្ជី​​ដោយ​ដាក់​ឈ្មោះ​របស់​លោក។​

លោក ស៊ី សួន អភិបាល​ស្រុក​សៀម​ប៉ាង​ ថ្លែងថា ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​បាន​ចេញ​អាជ្ញាប័ណ្ណ​​ជីក​យក​រ៉ែ​ដល់​ក្រុមហ៊ុន​​មួយ​របស់​ចិន​ឈ្មោះ Khmer First ដែល​រក​ស៊ី​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​។ លោក ស៊ី សួន បាន​ថ្លែង​មុន​ពេល​បដិ​សេធ​​មិនផ្ដល់​ព័ត៌មាន​លម្អិត​ថា “ ក្រុម​ហ៊ុន​​​ទើប​តែ​ចាប់​ផ្ដើម​ជីក​យក​រ៉ែ​នៅ​ក្នុង​ទីតាំង​នេះ​បាន​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ។ យើង​មិន​ទាន់​ទទួលបាន​ញត្តិ​ពីឃុំ​នេះ​នៅ​ឡើយ​ទេ​។ ប្រសិន​​បើ​មាន​បញ្ហា​ យើង​នឹង​ពិគ្រោះ​ជាមួយ​ថ្នាក់​លើ​”។

ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះថា Khmer First Gold Holding Co.Ltd. ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​ក្រោម​ឈ្មោះ​របស់​លោក​ស្រី​ ពៅ ថាវរី​។ ក្រុមហ៊ុន​ Khmer First Gold Mining Group ក្រុមហ៊ុន Khmer First Gold Mining Trading Exim Co. ក្រុមហ៊ុន Khmer First Investment Holding Group ក្រុមហ៊ុន Khmer First Mining Development Group  និង​ក្រុមហ៊ុន Khmer First Wealth Holding Group ត្រូវ​បាន​ចុះ​បញ្ជី​ក្រោម​ឈ្មោះ​បុគ្គល​ផ្សេង​ៗ​ទៀត​ រួម​ទាំង​លោក កាវ យុនទ័រ (Cao Yunde) ដែល​ជា​ជន​ជាតិ​ចិន​ផង​ដែរ​។

លោក កាវ យុនទ័រ ប្រធាន​ក្រុមហ៊ុន Khmer Holding មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី ម្សិលមិញ ប៉ុន្តែ​បាន​លើកឡើង​កាល​ពី​ខែ​មករា​ថា លោក​មាន​ផែន​ការ​មហិច្ឆតា​ចង់​​ជីក​យក​រ៉ែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា រួម​ទាំង​រ៉ែមាស និង​រ៉ែ​ស្ពាន់​នៅ​ក្នុង​ខេត្ត​សៀម​រាប​ផង​ដែរ៕

(រាយការណ៍​បន្ថែម​ដោយ Simon Lewis)
ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស