យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលក្រុមហ៊ុនបានផ្សព្វផ្សាយ បានឲ្យដឹងថា កាស៊ីណូ ឌ្រីមវើល (Dreamworld Casino) នៅខេត្តប៉ៃលិន របស់ក្រុមហ៊ុនមួយ ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន អ៊ីនធើធេនមិន ហ្គេមីង អាស៊ី (Entertainment Gaming Asia) បានជួបប្រទះនឹងការធ្លាក់ចុះនូវប្រាក់ចំណូលអស់ជិត១៨ភាគរយនៅឆ្នាំនេះ។
របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានផ្សព្វផ្សាយឲ្យដឹងពីទីក្រុង ហុង កុង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយបានបង្ហាញថា កាស៊ីណូ ដែលបានបើកទ្វារទទួលភ្ញៀវកាលពីខែឧសភាឆ្នាំ២០១២នេះ រកប្រាក់ចំណូលបានចំនួន៩០៧.០០០ដុល្លារចាប់ពីខែមេសាដល់ខែមិថុនា បើធៀបនឹងប្រាក់ចំណូលចំនួន១,១លានដុល្លារកាលពីត្រីមាសទី១ឆ្នាំនេះ។
សេចក្តីជូនដំណឹងមួយដែលអមជាមួយរបាការណ៍ហិរញ្ញវត្ថុនេះបានឲ្យដឹងថា “ការធ្លាក់ចុះនេះគឺដោយសារតែចំនួនអ្នកចូលមកលេងល្បែងស៊ីសងធ្លាក់ចុះ”។ កាស៊ីណូនេះមានតុសម្រាប់លេងល្បែងចំនួន២៦ នឹងទូលេងល្បែងស៊ីសងចំនួន៥៨គ្រឿង។ ការចំណាយលើថ្លៃធ្វើប្រតិបត្តិការមានការធ្លាក់ចុះបន្តិចបន្តួចនៅរយៈពេលបីខែនេះ ក៏ប៉ុន្តែ វាមានចំនួន១,២លានដុល្លារ ដែលនៅតែមានកម្រិតខ្ពស់ជាងប្រាក់ចំណូលនៅក្នុងត្រីមាសដែលគិតមកទល់នឹងដំណាច់ខែខែមិថុនា បើធៀបនឹងការចំណាយលើការធ្វើប្រតិបត្តិការចំនួន១,៣លានដុល្លារនៅក្នុងត្រីមាសមុន។
ក្រុមហ៊ុន អ៊ីនធើធេនមិន ហ្គេមីង អាស៊ី ក៏បើកទូម៉ាស៊ីនលេងល្បែងស៊ីសងនៅកាស៊ីណូ ណា ហ្គាវើល (NagaWorld) ក្នុងរាជធានីភ្នំពេញ និងនៅរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងខេត្តកំពតផងដែរ ហើយបានបើកសាលលេងល្បែងស៊ីសងមួយកន្លែង ដែលមានទូលេងល្បែងចំនួន៣០០នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីខែឧសភាឆ្នាំនេះ។ក្រុមហ៊ុន ក៏បានប្រកាសជូនដំណឹងអំពីផែនការបើកកាស៊ីណូមួយទៀតនៅខេត្តកំពតផងដែរ។
ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្រុមហ៊ុនមូលបត្រ ណាសដាក់ ខាភីថល ម៉ាឃីត (NASDAQ Capital Market) នៅបុរីញូវយ៉ក ហើយទទួលបានការគាំទ្រពីក្រុមហ៊ុន ម៉េលកូ អុីនធើណេសិណល ឌីវែលប់មិន (Melco International development) ដែលមានមូលដ្ឋាននៅទីក្រុងម៉ាកាវ។
យោងតាមប្រតិចារឹកនៃការជួបគ្នាតាមទូរស័ព្ទជាមួយក្រុមអ្នកវិភាគកាលពីសប្តាហ៍មុនបានឲ្យដឹងថា លោក ឃ្លែរិន ឆុង (Clarence Chung) អគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន អុីនធើធេនមិន ហ្គេមីង អាស៊ី បាននិយាយថា អាជីវកម្មនៅក្នុងខេត្តប៉ៃលិន ដែលជាការអភិវឌ្ឍកាស៊ីណូដំបូងគេរបស់ក្រុមហ៊ុន គឺជា “បទពិសោធន៍រៀនសូត្រដ៏មានតម្លៃដែលមាន [ផលប៉ះពាល់] ចំពោះមូលធនតិចតួចប៉ុណ្ណោះ”។
លោកបានឲ្យដឹងថា “បញ្ហាប្រឈមមួយចំនួន ដែលយើងបានជួបប្រទះ… បានផ្តល់ឲ្យយើងនូវការយល់យ៉ាងស៊ីជម្រៅចំពោះទីផ្សារនេះ ហើយយើងកំពុងចាត់វិធានការមួយចំនួន ដើម្បីបង្កើនសក្តានុពលសម្រាប់គម្រោងទាំងនេះ”។ ជាការឆ្លើយតបនឹងការខាតបង់ ក្រុមហ៊ុននេះមានផែនការកាត់បន្ថយតុលេងល្បែងស៊ីសងចេញខ្លះនៅកាស៊ីណូក្នុងខេត្តប៉ៃលិន ហើយចាប់ដៃជាមួយអ្នករៀបចំដំណើរកម្សាន្តឲ្យបានច្រើន ដើម្បីនាំអ្នកលេងល្បែងស៊ីសងដែលហ៊ានចំណាយច្រើនឲ្យមកចូលលេងនៅកាស៊ីណូទាំងនេះ។
លោក ឆុង បាននិយាយថា រូបលោកមានទំនុកចិត្តថា គម្រោងនៅក្រុងប៉ោយប៉ែត គឺសាលបំពាក់ម៉ាស៊ីនសម្រាប់លេងល្បែង ដែលនៅជាប់ជាមួយកាស៊ីណូមានស្រាប់ មុខជានឹងទទួលបានជោគជ័យ។ យោងទៅតាមប្រតិចារឹកដដែល បានឲ្យដឹងថា លោក បាននិយាយថា “ដោយមានកាស៊ីណូចំនួនប្រាំបីកន្លែងកំពុងដំណើរការ ក្រុងប៉ោយប៉ែតគឺជាទីផ្សារល្បែងស៊ីសងមានស្រាប់ និងកំពុងកើនឡើងនៅក្នុងតំបន់”។
លោក សៅ សារ៉ាត់ នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានឲ្យដឹងថា លោកមិនដឹងអំពីការធ្លាក់ចុះចំនួនភ្ញៀវដែលចូលលេងនៅកាស៊ីណូទាំងប្រាំកន្លែង ដែលទទួលអ្នកលេងល្បែងស៊ីសងពីប្រទេសថៃនោះទេ។ នៅប្រទេសថៃការលេងល្បែងគឺខុសច្បាប់។
លោកនិយាយថា “ពួកគេ [កាស៊ីណូទាំងនេះ] នៅតែអាចរកប្រាក់ចំណេញបាន។ ខ្ញុំមិនមានក្ដីបារម្ភថា ពួកគេនឹងផ្លាស់ប្ដូរមុខជំនួញរបស់ពួកគេចេញពីខេត្តរបស់យើងនោះឡើយ”។ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក៏បានឲ្យដឹងផងដែរថា លោកគិតថា វិស័យកាស៊ីសណូនៅក្នុងក្រុងនេះមិនសូវកាក់កបប៉ុន្មានទេ។
លោកឲ្យដឹងថា “ខ្ញុំមិនដឹងអំពីប្រាក់ចំណូលរបស់ពួកគេទេ ប៉ុន្តែអតិថិជននៅតែចូលលេងនៅកាស៊ីណូទាំងនេះជាធម្មតា”។ យោងតាមលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអ៊ីនធើធេនមិន ហ្គេមីង អាស៊ី បានឲ្យដឹងថា ម៉ាស៊ីនសម្រាប់លេងល្បែងរបស់ក្រុមហ៊ុននេះ នៅកាស៊ីណូណាហ្គាវើល ដែលជាកាស៊ីណូទទួលបានអាជ្ញាបណ្ណតែមួួយគត់នៅរាជធានីភ្នំពេញ រួមចំណែកចំនួន៣,៧លានដុល្លារដល់ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះដែលមានចំនួន៥,៨ដុល្លារ ចន្លោះពីខែមេសាដល់ខែមិថុនា។
លទ្ធផលហិរញ្ញវត្ថុនេះបង្ហាញថា ប្រាក់ចំណូលពីម៉ាស៊ីនលេងល្បែងស៊ីសងនៅកាស៊ីណូឋានសួគ៌បូកគោដែលស្ថិតនៅក្នុងសណ្ឋាគារកាស៊ីណូមួយក្នុងចំណោមសណ្ឋាគារកាស៊ីណូចំនួនបីដែលកំពុងសាងសង់នៅលើភ្នំបូកគោក្នុងខេត្តកំពតដោយក្រុមហ៊ុនសូគីម៉ិក របស់លោក សុខ គង់ អ្នកជំនួញដ៏ល្បីល្បាញម្នាក់ មានការធ្លាក់ចុះ ប៉ុន្តែមិនដឹងថា ធ្លាក់ចុះប៉ុន្មាននោះទេ។
នៅទូទាំងប្រទេសកម្ពុជា ម៉ាស៊ីនលេងល្បែងស៊ីសងមួយគ្រឿងរបស់ក្រុមហ៊ុននេះអាចរកប្រាក់បានចំនួន១៦៩ដុល្លារក្នុងមួយថ្ងៃនៅចន្លោះពីខែមេសាដល់ខែមិថុនា ដោយបានធ្លាក់ចុះពីចំនួន២១៥ដុល្លាររយៈពេលដូចគ្នាកាលពីឆ្នាំ២០១២៕
ប្រែសម្រួលដោយ ហួង កុកទៀន