34 C
Phnom Penh

អាជ្ញាធរ​ចាប់​ខ្លួនបុរស​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​ពី​បទ​ឃាតកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា បុរស​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​អាយុ​៤០ឆ្នាំ ត្រូវ​​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ ពី​បទ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​អ្នក​ទេសចរជាតិអង់​គ្លេស​ម្នាក់​ ដែល​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​​ឈ្មោះ​ រីកាដូ ពឺរេស​ ប្លុនឌែល (Ricardo Perez Hlundell) ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ខណ្ឌ​ដូនពេញ​ ដែល​​លោក​និង​ជន​រង​គ្រោះ​ឈ្មោះ​ ចនខន​នែល អាយុ​៤៣ឆ្នាំ សង្ស័យ​ថា បាន​ស្នាក់​នៅ​ជាមួយ​គ្នា​។ យោង​តាម​របាយការណ៍​នគរបាល​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​ឲ្យ​ដឹង​ថា ជន​សង្ស័យ​​និង​ជន​រង​គ្រោះ​បាន​មក​លំហែ​កាយ​នៅ​ប្រទេស​កម្ពុជា​ ហើយ​បាន​ក្លាយ​ជា​មិត្ត​ភក្តិ​ និង​គ្នា​កាលពី​ខែ​កក្កដា ហើយ​ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ជា​មួយ​ជន​សង្ស័យ​ក្នុង​បន្ទប់​របស់​លោក​ក្នុង​ផ្ទះ​សំណាក់​មួយ​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៦៣។ របាយការណ៍​ដដែល​បាន​បញ្ជាក់​​ថា បុរស​ទាំង​ពីរ​នាក់​​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ ហើយ​សាក្សី​ម្នាក់​បានប្តឹង​នគរ​បាល​ថា ជន​សង្ស័យ​នេះ​បាន​វាយ​ជន​រង​គ្រោះ​​រហូត​ដល់​ស្លាប់​។

របាយការណ៍​ដដែល​បន្ត​ថា បុគ្គលិក​ម្នាក់​នៅ​ផ្ទះ​សំណាក់​នោះ​បាន​ទូរស័ព្ទ​ប្រាប់​នគរ​បាល​បន្ទាប់​ពី​បាន​ធំ​ក្លិន​ស្អុយ​ចេញ​​ពី​បន្ទប់​​ ដែល​ជន​សង្ស័យ​​​បាន​រើចេញ​ហើយ​នោះ​។ ជន​សង្ស័យ​បាន​យក​ប៉ាតង់​ពណ៌ខៀវ​គ្រប​​លើ​សាក​សព​ជន​រង​គ្រោះ​ ហើយ​រយៈ​ពេល​បួន​ថ្ងៃ​ក្រោយ​មក​បាន​ជះ​ក្លិន​ស្អុយ​យ៉ាង​ខ្លាំង​។

កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ម្ចាស់​ផ្ទះ​សំណាក់​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរបាល​ ហើយ​​នគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ និង​បញ្ជូន​ជន​សាក​សព​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​។ លោក​ ប្លុន​ឌែល នឹង​ត្រូវ​​ជំនុំ​ជម្រះ​ក្ដី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថ្ងៃ​នេះ ៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស