កម្ពុជាបានពន្យារពេលកម្មវិធីផ្តល់ជំនួយយោធារបស់អាមេរិកភ្លាមៗ បន្ទាប់ពីការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា ជាទង្វើមួយដែលអ្នកវិភាគនិយាយថា ឆ្លុះបញ្ចាំងពីភាពតានតឹងនៅក្នុងទំនាក់ទំនងបន្ទាប់ពីមានការពង្រឹងទំនាក់ទំនងយោធាជាច្រើនឆ្នាំ នេះបើតាមការបញ្ជាក់កាលពីម្សិលមិញ ពីក្រុមមន្ត្រីនៃប្រទេសទាំងពីរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកបានបង្កើនវគ្គបណ្តុះបណ្តាល និងការផ្តល់មូលនិធិផ្សេងទៀតដល់កងយោធពលខេមរភូមិន្ទ ប៉ុន្តែ ការពន្យារពេលនេះកើតមានឡើងបន្ទាប់ពីសមាជិកសភាអាមេរិកអំពាវនាវឲ្យសហរដ្ឋអាមេរិកកាត់ផ្តាច់ជំនួយដល់កម្ពុជា និងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានស្នើឲ្យមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់លើការចោទប្រកាន់ពីភាពមិនប្រក្រតីនៅពេលបោះឆ្នោតកាលពីខែមុន។
នៅក្នុងសន្និសីទកាសែតនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទ លោកស្រី ម៉ារី ហាហ្វ (Marie Harf) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងថា ការផ្អាកជំនួយយោធានេះ ធ្វើឡើងជាឯកតោភាគីពីរដ្ឋាភិបាលកម្ពុជា។
លោកស្រី ហាហ្វ បានមានប្រសាសន៍ថា “ បន្ទាប់ពីការបោះឆ្នោត ក្រសួងការពារជាតិកម្ពុជាបានផ្អាក ឬលុបចោលកម្មវិធីយោធាអន្តរជាតិមួយចំនួនរួមទាំងជំនួយយោធាអាមេរិកផងដែរ។ យើងមិនចាត់ទុកការលុបចោលកម្មវិធីទាំងនេះជាការផ្អាកទំនាក់ទំនងយោធានោះទេ។ យើងមិនបានបង្ហាញថា យើងផ្អាកទំនាក់ទំនងយោធានោះទេ”។
លោកស្រីបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកកំពុងរង់ចាំមើលថា តើបន្ទាប់មកកម្ពុជានឹងធ្វើដូចម្តេចទៀតពាក់ព័ន្ធនឹងជំនួយយោធារបស់ខ្លួន ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងចាត់វិធានការណាមួយទៅតាមការវិវត្តនៃស្ថានភាពនយោបាយក្រោយការបោះឆ្នោត។
នៅពេលអ្នកយកព័ត៌មានសួរថា តើសហរដ្ឋអាមេរិកមានការខកចិត្តចំពោះសេចក្តីសម្រេចពន្យារពេលកម្មវិធីទាំងនេះឬយ៉ាងណានោះ លោកស្រីបានមានប្រសាសន៍ថា “ដូចខ្ញុំបាននិយាយរួចហើយ យើងកំពុងរង់ចាំមើលថា តើបន្ទាប់មកទៀតនឹងមានអ្វីកើតឡើង។ យើងមិនចាត់ទុករឿងនេះជាការផ្អាកទំនាក់ទំនងយោធា ឬមិត្តភាពស្រុងនោះទេ។ យើងមិនបានបង្ហាញថា នោះគឺជាអ្វីដែលយើងចង់បានទេ។ ដូច្នេះរឿងនេះពិតជាទាក់ទងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលបានប្រកាសលទ្ធផលបោះឆ្នោតបឋម ដូច្នេះហើយយើងនឹងរង់ចាំមើលស្ថានភាពដែលកើតឡើងជាក់ស្តែង ហើយពិនិត្យមើលថា តើយើងនឹងត្រូវធ្វើយ៉ាងដូចម្តេច”។
លោកស្រី ហាហ្វ បដិសេធមិនប្រាប់ថា តើអាមេរិកនឹងលើកឡើងពីបញ្ហានេះជាមួយរដ្ឋាភិបាលកម្ពុជា ឬយ៉ាងណានោះទេ។ ស្ថានទូតអាមេរិកបានឲ្យដឹងថា ខ្លួនត្រូវបានជូនដំណឹងថា កម្មវិធីយោធាមួយចំនួនដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតត្រូវបានពន្យារពេលរហូតដល់មានការបង្កើតរដ្ឋាភិបាលថ្មី។ ប៉ុន្តែ មន្ត្រីក្រសួងការពារជាតិម្នាក់បាននិយាយថា មានតែកម្មវិធីផ្តល់ជំនួយយោធាអាមេរិកប៉ុណ្ណោះត្រូវបានពន្យារពេល ហើយបានបញ្ជាក់ថា ទាំងកម្ពុជា និងអាមេរិកបានព្រមព្រៀងលើការពន្យារពេលនេះ។
កាលពីព្រឹកម្សិលមិញ ក្រសួងការពារជាតិបានធ្វើសន្និសីទកាសែតមួយដែលនៅក្នុងនោះលោកឧត្តមសេនីយ៍ឯក នឹម សុវ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេសនៅក្រសួងការពារជាតិបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា កម្មវិធីរួមមួយចំនួនជាមួយសហរដ្ឋអាមេរិក ត្រូវបានពន្យារពេល។
ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា ការពន្យារពេលកម្មវិធីទាំងនេះមិនទាក់ទងទៅនឹងការបោះឆ្នោតទេ ប៉ុន្តែ លោកបានព្យាយាមពន្យល់យ៉ាងច្បាស់ពីមូលហេតុចំពោះការពន្យារពេលនេះ ឬពេលវេលានៃការពន្យារពេលនេះ។ លោកបានមានប្រសាសន៍ថា “កម្ពុជាត្រូវត្រៀមលក្ខណៈឲ្យបានល្អ និងរកអ្នកជំនាញក្នុងកងយោធពលខេមរភូមិន្ទដើម្បីចូលរួមកម្មវិធីផ្តល់ជំនួយយោធាអាមេរិក។ ដូច្នេះយើងពន្យារពេលមួយរយៈសិន។វាមិនប៉ះពាល់ដល់ផ្នែកណាមួយនៃការបំពេញភារកិច្ចរបស់យើងចំពោះប្រទេសជាតិនោះទេ”។
លោកឧត្តមសេនីយ៍ឯក នឹម សុវ៉ាត បានមានប្រសាសន៍បន្ថែមថា “ខ្ញុំចង់ពន្យល់ថា ពាក្យពន្យារពេលខុសគ្នាពីពាក្យផ្អាក ឬពាក្យលុបចោល។ ការពន្យារពេលមានន័យថា ឥឡូវនេះយើងពន្យារពេលជំនួយរហូតដល់ពេលក្រោយ”។ ប៉ុន្តែ លោកបានបដិសេធមិនប្រាប់ថា តើការពន្យារពេលនេះនឹងចប់នៅពេលណាទេ។
លោកបានបញ្ជាក់ថា ទំនាក់ទំនងយោធាជាមួយអាមេរិកនឹងបន្ត ដោយលោកលើកឡើងពីកម្មវិធីផ្តល់ហិរញ្ញវត្ថុដល់យោធាបរទេសរបស់ក្រសួងការបរទេសអាមេរិកជាឧទាហរណ៍។ លោកបានមានប្រសាសន៍ថា “តាមកម្មវិធីផ្តល់ហិរញ្ញវត្ថុដល់យោធាបរទេសនេះ យើងបានព្រមព្រៀងគ្នាជាមួយសហរដ្ឋអាមេរិករួចហើយ។ យើងនៅតែរំពឹងថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយថែមទៀតសម្រាប់ឆ្នាំនេះដូចដែលបានគ្រោងទុក។ បច្ចុប្បន្ននេះមានឧបករណ៍មួយចំនួន និងសម្ភារផ្សេងៗទៀតដែលបានសន្យាផ្តល់ឲ្យក្រោមកម្មវិធីផ្តល់ហិរញ្ញវត្ថុដល់យោធាបរទេសនេះ ដែលមិនទាន់បានមកដល់នៅឡើយ ប៉ុន្តែជំនួយមួយចំនួនបានមកដល់ហើយ”។ លោកបានបន្ថែមថា កម្មវិធីបណ្តុះបណ្តាលអំពីសន្តិសុខដែនទឹកកំពុងដំណើរការនៅឡើយ។ លោកបានមានប្រសាសន៍ថា កម្ពុជាបានទទួលជំនួយហិរញ្ញវត្ថុចំនួន ៤៧៧.០០០ដុល្លារពីកម្មវិធីផ្តល់ហិរញ្ញវត្ថុដល់យោធាបរទេសនៅឆ្នាំនេះ។
ទោះបីជា ក្រសួងការបរទេសអាមេរិកមិនបានផ្សព្វផ្សាយតួលេខថ្មីក៏ដោយ ក៏នៅក្នុងឆ្នាំ២០១១កម្ពុជាបានទទួលមូលនិធិសរុបពីកម្មវិធីផ្តល់ហិរញ្ញវត្ថុដល់យោធាបរទេសនេះចំនួន១លានដុល្លារដែរ។ ជំនួយសរុបពីសហរដ្ឋអាមេរិកសម្រាប់កម្ពុជាមានចំនួន៧៦លានដុល្លារកាលពីឆ្នាំមុន។
ទោះបីជា លោកស្រី ហាហ្វ បានមានប្រសាសន៍ថា កម្មវិធីផ្តល់ជំនួយរបស់ប្រទេសផ្សេងទៀតក៏ត្រូវបានពន្យារពេលដែរនោះ លោកឧត្តមសេនីយ៍ឯក នឹម សុវ៉ាត គ្រាន់តែមានប្រសាសន៍ថា កម្មវិធីផ្តល់ជំនួយរបស់អាមេរិកត្រូវបានពន្យារពេល។ ស្ថានទូតអូស្ត្រាលី ស្ថានទូតកូរ៉េខាងត្បូង និងស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញសុទ្ធតែបានបញ្ជាក់កាលពីម្សិលមិញថា កម្មវិធីផ្តល់ជំនួយយោធារបស់ខ្លួនកំពុងដំណើរការដោយគ្មានបញ្ហាឡើយ។ ស្ថានទូតជប៉ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
លោក ស៊ាន ម៉ាកគីនតុស អ្នកនាំពាក្យស្ថានទូតអាមេរិកបានបដិសេធមិនបញ្ចេញឈ្មោះប្រទេសផ្សេងទៀត ដែលកម្មវិធីផ្តល់ជំនួយរបស់ប្រទេសទាំងនោះត្រូវបានពន្យារពេលនោះទេ ហើយបានបញ្ជាក់ថា មានតែកម្មវិធីមួយចំនួនប៉ុណ្ណោះត្រូវបានពន្យារពេលនៅកម្ពុជា។
លោកបានលើកឡើងតាមអ៊ីម៉េលថា “ សកម្មភាពទ្វេភាគីដែលរងផលប៉ះពាល់មួយចំនួនរវាងអាមេរិក និងកម្ពុជាភាគច្រើនពាក់ព័ន្ធនឹងការងាររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់។ ចំណែកឯសកម្មភាពការងារកំពុងដំណើរការដូចការគ្រោងទុក”។
ទោះបីជា លោក ម៉ាកគីនតុស មិនបានបញ្ជាក់ថា សកម្មភាពណាមួយត្រូវបានពន្យារពេលក៏ដោយ ក៏កាលពីមុនអាមេរិកបានធ្វើសមយុទ្ធជាមួយកងកម្លាំងពិសេសប្រឆាំងភេរវកម្មរបស់កម្ពុជាដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។
កាលពីខែសីហាឆ្នាំមុន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានអរគុណលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំពោះការទទួលស្វាគមន៍កងកម្លាំងពិសេសអាមេរិកនៅកម្ពុជាសម្រាប់ការហាត់សម មានឈ្មោះថា Vector Balance Canoe។
លោក ម៉ាកគីនតុស បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានធានាអះអាងចំពោះអាមេរិកថា នេះគឺគ្រាន់តែជាការពន្យារពេលមួយរយៈប៉ុណ្ណោះ មិនមែនជាការលុបចោលនោះទេ ទម្រាំមានការបង្កើតរដ្ឋាភិបាលថ្មី ដោយសារតែការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា។ “ បើចង់ដឹងថែមទៀតចំពោះការពន្យារពេលកម្មវិធីទាំងនេះ ខ្ញុំសូមឲ្យលោកទៅសួររដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជាក់ពីសេចក្តីប្រកាសរបស់ខ្លួន”។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសសុទ្ធតែបានបដិសេធមិនបញ្ជាក់់ឲ្យហួសពីសេចក្តីប្រកាសរបស់ក្រសួងការពារជាតិនោះទេ។
នៅមុនការបោះឆ្នោតជាតិនេះ អនុគណៈកម្មាធិការសភាអាមេរិកមួយបានពិភាក្សាគ្នាថា តើអាមេរិកគួរកាត់ផ្តាច់ជំនួយសម្រាប់ប្រទេសកម្ពុជា ឬអត់ប្រសិនបើមានការបោះឆ្នោតមិនយុត្តិធម៌នោះ។
អាមេរិកមិនទាន់ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលលទ្ធផលបឋមរបស់ គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. បង្ហាញថា គណបក្សកាន់អំណាចជាអ្នកឈ្នះឆ្នោតប្រផិតប្រផើយនោះទេ។ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោត ក្រសួងការបរទេសអាមេរិកបានលើកឡើងពីគុណវិបត្តិដែលមិនទាន់បានដោះស្រាយនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់ និងមានតម្លាភាពលើការចោទប្រកាន់ពីភាពមិនប្រក្រតី។
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់តបវិញថា អាមេរិកគួរតែកាត់ផ្តាច់ជំនួយតែម្តងទៅ ពីព្រោះប្រទេសចិន ដែលជាអ្នកផ្តល់ជំនួយដ៏ធំដល់កម្ពុជានោះ នឹងបំពេញកង្វះខាតជំនួយណាមួយ។ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានជួបពិភាក្សាជាមួយលោក វីលៀម ថត ឯកអគ្គរដ្ឋទូតអាមេរិកកាលពីថ្ងៃសុក្រ និងបានពិភាក្សាពីស្ថានភាពនយោបាយក្រោយការបោះឆ្នោត។
លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ជំនួយយោធាមិនត្រូវបានពិភាក្សាអំឡុងពេលជំនួបនោះទេ។
លោក សុខ ទូច អគ្គនាយករងនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា លោកគិតថា ការពន្យារពេលនេះគឺជាសញ្ញាមួយបង្ហាញពីភាពតានតឹងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ថា “មានភាពតានតឹងផ្នែកនយោបាយ ពីព្រោះយើងបានឃើញប្រជាពលរដ្ឋនៅអាមេរិកអំពាវនាវឲ្យកាត់ផ្តាច់ជំនួយ ប៉ុន្តែ មេដឹកនាំរដ្ឋាភិបាលខ្មែររូបនេះគ្រាន់តែបាននិយាយថា លោកមិនខ្វល់ទេពីព្រោះលុយជំនួយនោះបានតែទៅលើអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះ”។
“ ប៉ុន្តែ ខ្ញុំគិតថា កងយោធពលខេមរភូមិន្ទ ត្រូវការជំនួយយោធាពីអាមេរិក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនពីព្រោះទាហានកម្ពុជាមានភាពទន់ខ្សោយខាងបច្ចេកទេស”។
លោក ខាលីល ថៃយ័រ អ្នកជំនាញទទួលបន្ទុកអាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាកងកម្លាំងការពារជាតិអូស្ត្រាលីនៅក្នុងទីក្រុងកង់បេរ៉ាបានមានប្រសាសន៍ថា ទំនាក់ទំនងយោធារវាងអាមេរិក និងកម្ពុជាមានភាពរឹងមាំតាំងពីឆ្នាំ២០០៨មកម្លេះ ពេលដែលអាមេរិកបង្កើនជំនួយ ហើយកម្ពុជាបានស្នើសុំឲ្យមានការបណ្តុះបណ្តាលថែមទៀត។
លោក ខាលីល ថៃយ័រ បានលើកឡើងតាមអ៊ីម៉េលថា “ប្រការនេះបាននាំឲ្យមានការធ្វើទស្សនកិច្ចជារៀងរាល់ឆ្នាំរបស់នាវានានា ការហាត់សមរួមគ្នាទ្រង់ទ្រាយតូចរបស់កងទ័ពជើងទឹក និងការបង្កើនការគាំទ្ររបស់អាមេរិកចំពោះការចូលរួមរបស់កម្ពុជានៅក្នុងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសឆាដ និងប្រទេសលីបង់”។ ទោះជាយ៉ាងណា លោកមានប្រសាសន៍ ថា ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការបោះឆ្នោតនេះអាចធ្វើឲ្យទំនាក់ទំនងធ្លាក់ចុះ។
លោក ខាលីល ថៃយ័រ បានមានប្រសាសន៍ថា “ទង្វើទាំងនោះដោយសារតែមានបញ្ហាជាច្រើនដែលសំខាន់ជាងបញ្ហាគ្រប់គ្រងបែបការិយាធិបតេយ្យក្នុងក្រសួងការពារជាតិ”។ “ហ៊ុន សែន ហាក់ដូចជាកំពុងលេងល្បែង មិនច្បាស់លាស់មួយ ដើម្បីកេងចំណេញនយោយាយដោយយកលេសនិយាយថា ប្រសិនបើអាមេរិកគាបសង្កត់កាន់តែខ្លាំងឡើងដោយសារបញ្ហាបោះឆ្នោតរហូតដល់កាត់ផ្តាច់ជំនួយ ឬគំរាមកាត់ផ្តាច់ជំនួយនោះ កម្ពុជានឹងកាត់ផ្តាច់ទំនាក់ទំនងយោធា និងយោធាជាឯកតោភាគី ហើយស្វែងរកជំនួយពីចិនវិញ។ នេះបង្ហាញឲ្យឃើញពីឧបសគ្គដ៏ធំមួយនៅក្នុងទំនាក់ទំនងយោធាទ្វេភាគី”។
កម្ពុជាធ្លាប់បានលុបចោលដោយគ្មានប្រតិកម្មនូវគម្រោងផ្តល់ជំនួយ។ កាលពីឆ្នាំ២០០៩រដ្ឋាភិបាលបានលុបចោលកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ធនាគារពិភពលោក បន្ទាប់ពីធនាគារនេះបានលើកឡើងពីកង្វល់អំពីការបណ្តេញប្រជាជនចេញពីដីនៅតំបន់បឹងកក់នៅក្នុងរាជធានីភ្នំពេញ។ ក្រោយមកធនាគារនេះបានផ្អាកជំនួយថ្មីៗទាំងអស់ដល់ប្រទេសកម្ពុជាដោយសារមានការផ្លាស់ទីលំនៅរបស់អ្នកភូមិដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍអចលនទ្រព្យរបស់ក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា៕
ប្រែសម្រួលដោយ មូល គឹមហឿន