យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យបានឆក់យកជីវិតមនុស្សប្រាំពីរនាក់និងបានធ្វើឲ្យប្រជាពលរដ្ឋចំនួន២០០គ្រួសារចាកចោលផ្ទះសម្បែងរបស់ខ្លួនក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកឡើង បានធ្វើឲ្យតំបន់ភាគពាយព្យរងការលិចលង់។
លោក កែវ វី អនុប្រធាននាយកដ្ឋានព័ត៌មានរបស់គណៈកម្មាធិការនេះបានឲ្យដឹងថា ខេត្តកំពង់ធំ បាត់ដំបង ក្រចេះ ស្ទឹងត្រែង និងខេត្តពោធិ៍សាត់ សុទ្ធតែបានរងការប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងនេះ ប៉ុន្តែ ខេត្តបន្ទាយមានជ័យបានរងការប៉ះពាល់ធ្ងន់ជាងគេ។
លោកបានថ្លែងថា “ខេត្តបន្ទាយមានជ័យរងការប៉ះពាល់ធ្ងន់បំផុត ដោយសារទឹកជំនន់នេះ។ ប្រជាពលរដ្ឋប្រហែល២.៥៩២គ្រួសារបានរងការប៉ះពាល់ ផ្ទះចំនួន១៩២ខ្នងត្រូវទឹកជន់លិច ហើយវាលស្រែ និងផលដំណាំផ្សេងៗជាច្រើនហិកតាទៀតត្រូវបានបំផ្លាញ”។ លោកបានបន្តថា “មនុស្សចំនួនប្រាំពីរនាក់បានស្លាប់នៅទីនោះ ក្នុងនោះរាប់ទាំងក្មេងបីនាក់ផង ហើយប្រជាពលរដ្ឋចំនួន២០០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពហើយ”។
លោក អ៊ុយ សំអាត ប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនៅកាកបាទក្រហមកម្ពុជា ដែលបានសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់អ្នកដែលត្រូវបានជម្លៀសចេញដោយសារទឹកជំនន់នេះ បានឲ្យដឹងថា លោកមិនបានដឹងអំពីការស្លាប់នេះទេ។ លោកបានមានប្រសាសន៍ពីការិយាល័យរបស់ខ្លួន ក្នុងរាជធានីភ្នំពេញថា “ខ្ញុំបានទទួលសេចក្តីរាយការណ៍ពីរលើកក្នុងមួយថ្ងៃ ពីមនុស្សរបស់យើងនៅទីនោះហើយគ្មានសេចក្តីរាយការណ៍ណាមួយអំពីការបាត់បង់ជីវិតឡើយ។ ប្រជាជនត្រូវបានជម្លៀសចេញមែន ប៉ុន្តែ វាគ្រាន់តែជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។ កម្រិតទឹកនាពេលនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងហើយ”។
នៅខេត្តព្រះវិហារមានការប្រកាសអាសន្នកាលពីថ្ងៃអាទិត្យ បន្ទាប់ពីស្ទឹងសែនបានឡើងលើសកម្រិត១១ម៉ែត្រ ហើយប្រជាពលរដ្ឋចំនួន៣៥៦គ្រួសារត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្នរបស់កាកបាទក្រហមកម្ពុជានៅលើទីទួលមានសុវត្ថិភាព។
លោក នុត សោភ័ណ អភិបាលក្រុងបានឲ្យដឹងថា លោកកំពុងរង់ចាំជំនួយរបស់អង្គការទស្សនពិភពលោក (World Vision)។ លោកបានមានប្រសាសន៍ថា “ អង្គការទស្សនពិភពលោកនឹងមកដល់ [ថ្ងៃនេះ] ដោយនាំមកជាមួយនូវអំណោយជាអង្ករ ស្ករស អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ និងប្រេងឆា” ដោយលោកបានបន្ថែមថា ទឹកនៅតែឡើងនៅក្នុងសង្កាត់ដែលបានរងការជន់លិចទាំងពីរ គឺសង្កាត់ ប៉ាលហាល និងសង្កាត់កំពង់ប្រណាក។
លោកមានប្រសាសន៍បន្តថា “ ប្រសិនបើយើងវាស់កម្រិតទឹកជាមធ្យមនៅសង្កាត់ទាំងពីរនេះ យើងឃើញថា កម្រិតទឹកគឺឡើងពី២០ទៅ២៥សង់ទីម៉ែត្ររាល់ថ្ងៃ។ពេលនេះ ផ្ទះយ៉ាងតិច២២៧ខ្នងត្រូវបានទឹកជន់លិច”។
លោក កែវ វី នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១២ មនុស្សចំនួន២៧នាក់បានស្លាប់ក្នុងទឹកជំនន់ ហើយថា នៅក្នុងឆ្នាំ២០១១ ដែលកម្ពុជាបានជួបគ្រោះទឹកជំនន់ធ្ងន់បំផុតក្នុងរយៈពេលមួយទសវត្សរ៍នេះ មនុស្សចំនួន២៥០នាក់បានស្លាប់៕
ប្រែសម្រួលដោយ ចេវ ប៊ុននី