29 C
Phnom Penh

អង្គ​ការ​សម្ពន្ធ​និស្សិត​បញ្ញវនកម្ពុជា​​ថា​ការ​បោះ​ឆ្នោត​សេរី​និង​យុត្តិ​ធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជា​ធិបតេយ្យ​កម្ពុជា​ ដែល​បាន​បើក​សន្និសីទ​​កាសែត​មួយ​កាលពី​ម្សិលមិញ​នៅ​ឯវិទ្យា​ស្ថាន​បច្ចេកវិទ្យា​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​​ធ្វើ​បទ​បង្ហាញពី​ការ​រក​ឃើញ​របស់​និស្សិត​ជាង​៤.៥០០​នាក់​ ដែល​ត្រូវ​បាន​​បញ្ជូន​ទៅ​ទូទាំង​ប្រទេស​ ដើម្បី​ឃ្លាំ​មើល​​ការ​បោះឆ្នោត​​បាន​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ គឺ​សេរី​និង​យុត្តិធម៌​។

អង្គការ​នេះ​ ដែល​​ហៅ​ខ្លួន​ឯង​ថា ជា​អង្គ​មិន​មែន​រដ្ឋាភិបាល​ និង​អព្យាក្រឹត​​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​កាល​ពី​ម្សិលមិញ​​​បាន​ចែក​​វិញ្ញា​បនបត្រ​​រាប់​ពាន់​​ទៅ​ឲ្យ​និស្សិត​ ដែល​បាន​​ដើរ​តួ​នាទី​ជា​អ្នក​អង្កេត​ការណ៍​ជាតិ​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​​ ដែល​កំពុង​ជាប់គាំង​ផ្នែក​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សុទ្ធ​តែ​អះអាង​​ពី​ជ័យ​ជម្នះ​រៀងៗខ្លួន​នោះ​។

សេចក្ដី​ថ្លែង​ការ​ណ៍​របស់​អង្គការ​នេះ​បាន​លើក​ឡើង​ថា “ដោយ​បាន​​អង្កេត​ពី​ដំណើរការ​បោះ​ឆ្នោត​​ដោយ​ផ្ទាល់​នៅ​ក្នុង​២៤​ខេត្ត​-រាជ​ធានី​ សហព័ន្ធ​និស្សិត​បញ្ញ​វន្ត​​ប្រជា​ធិបតេយ្យ​កម្ពុជា​សូម​លើក​ឡើង​ម្ដង​ទៀត​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ចំពោះ​លទ្ធផល​នៃ​ការ​​បោះឆ្នោត​បណ្ដោះ​អាសន្ន​សម្រាប់​អាណត្តិ​ទី​៥​នៃ​រដ្ឋ​សភា​ថ្មី​”។

គណបក្ស​សង្គ្រោះ​ជាតិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​​មាន​ការ​សង្ស័យ​​យ៉ាង​ខ្លាំង​ថា គណបក្ស​ប្រជាជន​កម្ពុជា​​លួច​បន្លំ​សន្លឹក​ឆ្នោត​​ ហើយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ក៏​បានទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​​បាន​ហ្មត់ចត់​លើ​​ភាព​មិន​ប្រក្រតី​នេះ​ផង​ដែរ​។

សេចក្ដី​ថ្លែង​ការណ៍​របស់​សហព័ន្ធ​និស្សិត​​បញ្ញវន្ត​ប្រជាធិបតេយ្យ​កម្ពុជា​ក៏​បាន​អំពាវ​នាវ​ឲ្យ​គណបក្ស​ទាំង​អស់​គោរព​តាម​ឆន្ទៈ​របស់​​ប្រជាពលរដ្ឋ​ និង​​អំពាវនាវ​ឲ្យ​​រក្សា​ស្ថិរ​ភាព​នយោបាយ​ ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តទៅ​មុខទៀត​ផង​ដែរ​។ ប៉ុន្តែ​បើ​យោង​តាម​លោក​ គល់ បញ្ញា នាយក​​ប្រតិបត្តិ​គណៈ​កម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា ខុម​ហ្វ្រែល ​បាន​ឲ្យ​ដឹង​ថា​ សហ​ព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជា​ធិប​តេយ្យ​កម្ពុជា​​នេះ​មិន​មែន​ជា​អង្គការ​ដែល​​មិន​ចូល​​បក្ស​សម្ព័ន្ធ​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ពួក​គេ​គឺ​ជា​អង្គការ​ ដែល​មាន​សម្ពន្ធ​ភាព​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​។ អង្គការ​នេះ​ប្រឆាំង​ទៅ​នឹង​​ក្រម​សីលធម៌​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប.​ ដែល​ហាម​មិន​ឲ្យ​​អង្គការ​ដែល​មាន​សម្ពន្ធ​ភាព​ជា​​មួយ​គណបក្ស​​ធ្វើ​សកម្មភាព​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត”។

នៅ​ក្នុង​សាល​​ប្រជុំ​ រាល់​ការ​​ប៉ុនប៉ង់​ណា​មួយ​របស់​អ្នក​យក​ព័ត៌មាន​ ដើម្បី​សុំ​សម្ភាស​ក្រុម​និស្សិត​​ត្រូវ​បាន​រារាំង​ដោយ​​បុគ្គលិក​​របស់​​​អង្គការ​នេះ​ ដែល​​បាន​​ដាក់​ម្រាម​ដៃ​របស់​​ពួក​គេ​​ទៅ​លើ​បបូរ​មាត់​ ដើម្បី​ណែ​នាំ​យុវជន​របស់​​ខ្លួន​​កុំ​ឲ្យ​និយាយ​ជាមួយ​អ្នក​យក​ព័ត៌​មាន។

នៅ​ខាង​ក្រៅ​អគារ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ ​​និស្សិត​ម្នាក់​​ឈ្មោះ​ អ៊ុក​ ស្រី​មុំ​ អាយុ​២២​ឆ្នាំ ជា​និស្សិត​​ផ្នែក​​កសិកម្ម​ និង​សេដ្ឋ​កិច្ច​នៅ​​សាលា​កសិកម្ម​ព្រែក​លៀប​​បាន​និយាយ​ថា នាង​​បាន​ឮ​ពី​ភាព​​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​នៅ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​នាង​បាន​ធ្វើ​ជា​​អ្នក​អង្កេត​ការណ៍​នៅ​ថ្ងៃ​បោះឆ្នោត​ គ្មាន​អ្វី​ដែល​មិន​ប្រក្រតី​ដែល​​កើត​ឡើង​នោះ​ទេ​។

និស្សិត​ ឆៃ រិទ្ធ​ ជា​មេដឹកនាំ​និស្សិត​ម្នាក់​ក្នុង​​ចំណោម​មេដឹកនាំ​និស្សិត​​មួយ​ចំនួន​​ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​​ ភ្លាមៗ​នោះ​បាន​ទៅ​ប្រាប់​និស្សិត​​ឈ្មោះ អ៊ុក ស្រី​មុំ កុំ​ឲ្យ​ឆ្លើយ​សំណួរ​បន្ត​។ នាង​បាន​និយាយ​ថា “ខ្ញុំ​គ្មាន​អ្វី​​ត្រូវ​និយាយ​បន្ថែម​ទៀត​ទេ​។ គាត់​នឹង​ចង់​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​”។

មេដឹកនាំ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជា​ធិបតេយ្យ​កម្ពុជា​មួយ​រូប​ផ្សេង​ទៀត​ ដែល​បាន​រារាំង​​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​សម្ភាស​និស្សិត​ទី​២ បាន​ពន្យល់​ប្រាប់​​​ហេតុ​ផល​ពី​មូល​ហេតុ​ដែល​​និស្សិត​​ត្រូវ​បាន​រារាំង​មិន​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ពី​អ្វី​ដែល​ខ្លួន​ចង់​និយាយ​។

លោក​ គឹម​ លី​ ស៊្រាង អាយុ​៣៣​ឆ្នាំ ជា​សាស្ត្រា​ចារ្យ​ផ្នែក​ទីផ្សារ​ ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ប្រទេស​អង់គ្លេស​​បាន​ថ្លែង​ថា “ការងារ​របស់​ពួក​គេ​គឺ​ជា​អ្នក​អង្កេត​ការ​ណ៍​ ហេតុដូច្នេះ​ហើយ​ យើង​មិន​ចង់​ឲ្យ​ពួក​គេ​និយាយ​អ្វី​ ដែល​​ធ្វើ​ឲ្យ​ខូ​ច​សារ​របស់​អ្នក​អង្កេត​​ការណ៍​ផ្សេង​ទៀត​នោះ​ទេ​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស