33 C
Phnom Penh

សិក្ខាកាម​នៅ​រោង​ចក្រ​ថាមពល​អគ្គិសនី​បញ្ឈប់​ការ​​តវ៉ា​បន្ទាប់​ពី​​ប្រាក់​ខែ​ត្រូវ​ដំឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តំណាង​សហជីព​ និង​មន្ត្រី​ថ្នាក់​ខេត្ត​បាន​ឲ្យ​ដឹង​ថា សិក្ខាកាម​ជាង​១៧០​នាក់​ នៅ​ឯ​រោង​ចក្រ​ថាម​ពល​អគ្គិសនី​​គ្រប់​គ្រង​ដោយ​ចិន​ ដែល​កំពុង​​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ​​ ​បាន​បញ្ចប់​​កា​រតវ៉ា​រយៈ​ពេល​ប្រាំ​ថ្ងៃ​កាលពី​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​និយោជក​របស់​ពួក​គេ​បាន​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​ឲ្យ​។

លោក​ ជ័យ សុវណ្ណ ប្រធាន​សម្ព័ន្ធ​សហ​ជីព​អំណាច​កម្មករ​ខ្មែរ​ ដែល​ចរចា​ជួស​មុខ​ឲ្យ​សិក្ខាកាមជាមួយ​តំណាង​​ក្រុមហ៊ុន​ថាម​ពល​អគ្គិសនី​ CIIDG Erdos Honqjun Electric Power Co. ដែល​គ្រប់គ្រង​ដោយ​កម្ពុជា​-ចិន ​បាន​លើ​ក​ឡើង​ថា អ្នក​តវ៉ា​ចំនួន​១៧៣​នាក់​​បាន​​បន្ត​ការ​ហាត់​រៀន​របស់​ខ្លួន​ឡើង​វិញ​ហើយ​កាលពី​ម្សិលមិញ​ បន្ទាប់ពី​ការ​ទាម​ទារ​​មួយ​ចំនួន​​របស់​ពួក​គេ​ត្រូវ​បាន​ដោះ​ស្រាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​។

លោក​​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ថាម​ពល​អគ្គិសនី​នេះ ​បាន​យល់ព្រម​ដំឡើង​ប្រាក់​ខែ​របស់​​សិក្ខាកាម​​ដែល​ទទួល​បាន​ប្រាក់​​ខែ​ទាប​​​ពី​១១០ ដល់​១២៥​ដុល្លារ​​ និង​សិក្ខាកាម​ ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ពី​ ១៣០ ដល់​១៤០​ដុល្លារ​។ ក្រុមហ៊ុនថាម​ពល​អគ្គិសនី​​នេះ​ក៏​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​របស់​ពួក​គេ​ដល់​៣៥០​ដុល្លារ​ក្នុង​មួយ​ខែ​ផង​ដែរ​ បន្ទាប់ពី​សិក្ខាកាម​ទាំង​អស់​បាន​ជាប់​ការ​ប្រឡង​​នៅ​ក្នុង​​ខែ​ធ្នូ​។

លោក​ សុវណ្ណ បាន​លើក​ឡើង​បន្ត​ថា “សិក្ខា​កាម​ទាំង​អស់​បាន​វិល​ត្រឡប់​ទៅ​​ហាត់​រៀន​វិញ​ហើយ​ ពីព្រោះ​ម្ចាស់​​ក្រុមហ៊ុន​បាន​យល់​ព្រម​តាម​ការ​ទាម​ទារ​របស់​អ្នក​តវ៉ា​ រី​ឯ​បញ្ហា​សេសសល់​ផ្សេងៗ​ទៀត​​នឹង​ត្រូវ​ដោះ​ស្រាយ​​ពេល​ក្រោយ​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​”។

លោក​ លី ហាន​ឃៀង​ អគ្គនាយក​រង​ក្រុម​ហ៊ុន​​ថាម​ពល​​អគ្គិសនី​​ CIIDG Erdos Honqjun Electric Power Co. បាន​បញ្ជាក់​ថា លោក​បាន​ចូល​រួម​នៅ​ក្នុង​ការ​ចរចា​នេះ​ដែរ​ ប៉ុន្តែ​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​​ឡើយ​។ ក្រុមហ៊ុន​ថាម​ពល​អគ្គិសនី​នេះ​កំពុង​តែ​​សាង​សង់​រោង​ចក្រ​ថាមពល​អគ្គិសនី​​ដើរ​ដោយ​ធ្យូង​ថ្ម​កម្លាំង​៤០៥​មេហ្គាវ៉ាត់​។

លោក​ កែ ឧត្តម​ អនុប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​ព្រះសីហនុ​​ ដែលបាន​ចូល​រួម​នៅ​ក្នុង​ការ​ចរចា​នេះ​ដែរ ​​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​នេះ​បាន​យល់​ព្រម​តាម​សំណើ​ទាំអស់​​ប្រាំ​មួយ​ចំណុច មាន​ដូចជា​ ដំឡើង​ប្រាក់​ខែ អនុញ្ញាត​ឲ្យ​កម្មករ​បង្កើត​សហ​ជីព​ អនុវត្ត​តាម​ច្បាប់​ការងារ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​​ មិន​ចាត់​វិធាន​ការ​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​តវ៉ា​ណា​មួយ​ មិនដាក់​ទោស​លើ​កំហុស​ឆ្គង​តិច​តួច​ និង​អនុញ្ញាត​ឲ្យ​កម្មករ​​ឈប់​សម្រាក​នៅ​ពេល​បុណ្យ​ជាតិ​ទាំង​អស់​។

លោក​ កែ ឧត្តម​ បាន​លើក​ឡើងថា សំណើ​​សុំ​ប្រាក់​បន្ថែម​​មួយ​ដុល្លារ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ និង​​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​១៥​ដុល្លារ​ក្នុង​មួយ​ខែ​​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​នៅ​ឡើយ​។  លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ស្នើ​ឲ្យ​អ្នក​តវ៉ា​ទាំង​អស់​វិល​ត្រឡប់​ទៅ​ហាត់​រៀន​វិញ​ ហើយ​យើង​នឹង​បន្ត​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​សេស​សល់​ទាំង​នេះ​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​”។

លោក​ ប៊ុត ចំរុង​ អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​អស់​បាន​និយាយ​ថា ក្រុមហ៊ុន​ជា​រឿយៗ​តែង​តែ​​មិន​ធ្វើ​តាម​ច្បាប់​ការ​ងារ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ហើយ​បាន​ចែក​កូន​សៀវភៅ​ស្ដី​ពី​ច្បាប់​ការងារ​ក្នុង​ប្រទេស​ចិន​ ដែល​សរសេរ​ជា​ភាសា​ចិន​ ដើម្បី​ឲ្យ​ពួក​គេ​អនុវត្តជំនួស​វិញ​។​ លោក​បាន​បន្ថែម​ថា “យើង​តវ៉ា​ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​ច្បាប់​ការងារ​របស់​​ប្រទេស​កម្ពុជា​ ពី​ព្រោះ​ក្រុម​ហ៊ុន​​បាន​អនុវត្ត​​ច្បាប់​ការងារ​​ក្នុង​ប្រទេស​ចិន​ ដើម្បីដាក់​សម្ពាធ​មក​លើ​យើង​តាំង​ពី​យូរ​មក​ហើយ​”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស