មន្ត្រីមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញថា បុរសអាយុ២៤ឆ្នាំម្នាក់បានស្លាប់ ហើយពីរនាក់ទៀតបានរងរបួស ពេលពួកគេត្រូវរន្ទះបាញ់ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ។
មុនពេលកើតហេតុ បុរសរូបនេះកំពុងតែបាញ់ថ្នាំសម្លាប់ស្មៅនៅឯចម្ការដំឡូងមីមួយកន្លែងក្នុងឃំស្លក្រាម នៅម៉ោងប្រហែល៣រសៀល ស្រាប់តែត្រូវរន្ទះបាញ់តែម្តង។
លោក ជា ស្លុញ អធិការនគរបាលស្រុកបានមានប្រសាសន៍ថា “មេឃចាប់ផ្តើមងងឹត ដូច្នេះ រស់ សេរី ក៏បានដកទូរស័ព្ទរបស់ខ្លួនចេញពីហោប៉ៅដើម្បីបិទ មុនពេលព្យុះ ភ្លៀងចាប់ផ្តើម ហើយពេលនោះក៏ ត្រូវរន្ទះបាញ់។គាត់បានស្លាប់ភ្លាមមួយរំពេច”។
លោក កុក ហួន ជាមេឃុំ បានឲ្យដឹងថា កម្មករ ដែលនៅក្បែរនោះបានព្យាយាមជួយជនរងគ្រោះទាំងនេះ។ លោកបានមានប្រសា សន៍ថា “បន្ទាប់ពីពួកគេបានឮផ្គរលាន់ ពួកគេក៏បានរត់ទៅជួយ។ ក៏ប៉ុន្តែ បុរសម្នាក់ក្នុងចំណោមនោះត្រូវគេជួយមិនទាន់ទេ”។
អ្នករងរបួសទាំងពីរនាក់គឺឈ្មោះ នុង អៀត អាយុ២៥ឆ្នាំ និង ឈ្មោះ គុំ អាយុ២៤ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងក្រុងសិរី សោ ភ័ណ។ មុខរបួសរបស់ឈ្មោះ គុំ ត្រូវគ្រូពេទ្យប្រាប់ថា មានសភាពធ្ងន់។ ការស្លាប់ដោយសាររន្ទះបាញ់គឺកើតឡើងជាទូទៅទៅហើយ អំឡុងរដូវភ្លៀង។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា មនុស្ស៨៣នាក់បានរងគ្រោះក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី