កាលពីថ្ងៃម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមសវនាការជំនុំជម្រះរឿងក្តីរបស់ជនជាតិបារាំងឈ្មោះ ហ្សាក់កេ ហ្វីលីព អាល់បឺទីនី (Jacques Philippe Albertini) ដែលត្រូវបានចោទប្រកាន់ក្នុងខែឧសភា ឆ្នាំ២០១២ ពីបទធ្វើសញ្ចរកម្មលើកុមារ។
ក្មេងប្រុសពីរនាក់ក្នុងចំណោមក្មេងប្រុសបីនាក់ ដែលជននេះត្រូវបានចោទប្រកាន់ថា បានរំលោភបំពាននៅចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១២ បានឡើងតុលាការកាលពីម្សិលមិញ ដោយមានការចូលរួមពីគ្រួសារ និងមេធាវីរបស់ពួកគេដែរ។
លោក សេង នាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានមានប្រសាសន៍ថា “ លោក អាល់បឺទីនី ត្រូវបានចោទប្រកាន់ពីបទធ្វើសញ្ចរកម្មលើកុមារ ហើយតុលាការបានយករឿងក្តីនេះមកបើកសវនាការជំនុំជម្រះនាថ្ងៃនេះទល់មុខគ្នារវាងជនសង្ស័យ និងជនរងគ្រោះ”។ នគរបាលប្រឆាំងការជួញដូរមនុស្សបានចោទថា លោក អាល់បឺទីនី បានប្រព្រឹត្តបទល្មើសប្រហាក់ប្រហែលគ្នានេះក្នុងប្រទេសថៃ និងប្រទេសបារាំង ដែរ។
ជននេះបានប្រាប់តុលាការថា ខ្លួនបានយកក្មេងប្រុសកម្ពុជាពីរនាក់ទៅចិញ្ចឹម និងបានបដិសេធថា ខ្លួនមិនបានរំលោភបំពានពួកគេទេ។ គាត់បានបន្តថា “ខ្ញុំមិនដឹងអំពីការរំលោភបំពានអ្វីទេ។ ខ្ញុំធ្លាប់តែឲ្យលុយក្មេងៗក្រីក្រ។ ខ្ញុំមិនបានរំលោភក្មេងៗទាំងនេះទេ។ តើហេតុអ្វីក៏ពួកគេចោទប្រកាន់ខ្ញុំទៅវិញ?”។
ជនរងគ្រោះម្នាក់នៅក្នុងចំណោមជនរងគ្រោះទាំងនេះ ដែលមានអាយុ១២ឆ្នាំ បាននិយាយថា ខ្លួនត្រូវបានជនសង្ស័យចាប់រំលោភនៅក្នុងឆ្នាំ២០១១។គ្រួសារក្មេងប្រុសទាំងបីនាក់នេះកំពុងស្វែងរកសំណងជាប្រាក់ចំនួនពី៣.០០០ដុល្លារទៅ១០.០០០ដុល្លារ។ លោកស្រី ងួន មករា មេធាវីរបស់លោក អាល់បឺទីនី អះអាងថា តុលាការគ្មានភ័ស្តុតាងកាត់កូនក្តីរបស់លោកឲ្យជាប់ទោសទេ។ សាលក្រមនឹងប្រកាសថ្ងៃ ទី២៧ ខែសីហា៕
ប្រែសម្រួលដោយ ចេវ ប៊ុននី