ទិដ្ឋភាពមួយក្នុងចំណោមទិដ្ឋភាពសំខាន់បំផុត និងដែលគួរឲ្យចងចាំបំផុតនៃការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានោះ គឺការផ្ទុះសកម្មភាពចូលរួមរបស់យុវជន អំឡុងរដូវធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយក្រុមយុវជនកម្ពុជា បើកម៉ូតូតាមផ្លូវនានាស្រែកឲ្យមានការផ្លាស់ប្ដូរ។
ការបោះឆ្នោតរបស់យុវជនត្រូវបានកោតសរសើរយ៉ាងខ្លាំងថា ជាហេតុផលមួយធ្វើឲ្យគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រយ៉ាងច្រើន ដោយលទ្ធផលបឋមបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបានអាសនៈសភាចំនួន៥៥អាសនៈ រីឯគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ។
ប៉ុន្តែ ដោយប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពជាប់គាំង ខណៈពេលវិវាទជុំវិញលទ្ធផលបោះឆ្នោតចេះតែបន្ត និងគណបក្សសង្គ្រោះជាតិគំរាមធ្វើមហាបាតុកម្មនោះ អារម្មណ៍ក្លាហាននៅក្នុងចំណោមយុវជនបានថយចុះ។ នៅក្នុងពេលថ្មីៗនេះគេឃើញមានការបង្កើនវត្តមានយោធាក្នុងរាជាធានីភ្នំពេញក្រោយពីការបោះឆ្នោត ដើម្បីធានាសុវត្ថិភាពក្នុងករណីមានបាតុកម្មជាយថាហេតុ ហើយផលប៉ះពាល់នៃការបង្កើនវត្តមានយោធានៅជុំវិញបរិវេណសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញជាក់ស្ដែងកាលពីម្សិលមិញ។
យុវជន អ៊ុង កញ្ញា អាយុ២២ឆ្នាំ ជានិស្សិតផ្នែកអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី បាននិយាយថា រូបគេចង់ចូលរួមក្នុងបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ប៉ុន្តែ នឹងមិនចូលរួមទេ ដោយសារតែខ្លាចការសងសឹកពីអាជ្ញាធរ។ យុវជនរូបនេះបាននិយាយទៀតថា “ ខ្ញុំគិតថា សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការយកកងទ័ពចូលមកសម្ញែងនេះមិនមែនជាគំនិតល្អទេ ពីព្រោះវាជាការបំភិតបំភ័យធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ ខ្ញុំចង់ចូលរួមបាតុកម្ម ប៉ុន្តែ ខ្ញុំនឹងមិនចូលរួមទេ ពីព្រោះខ្ញុំបារម្ភចំពោះអំពើហិង្សា ហើយឪពុកម្ដាយរបស់ខ្ញុំក៏នឹងមិនអនុញ្ញាត ឲ្យខ្ញុំចូលរួមដែរ”។
នៅមុនការបោះឆ្នោត គ្រប់គ្នាសុទ្ធតែបានឃើញហើយនូវការមិនខ្លាចរអារបស់អ្នកធ្វើយុទ្ធនាការវ័យក្មេង ដែលនោះប្រហែលជាដោយសារតែពួកគេមិនចងចំាពីស្ថានភាពចលាចលនយោបាយកាលពីអតីតកាល។ ប៉ុន្តែ ការសម្ភាសនិស្សិតកាលពីម្សិលមិញ បានបង្ហាញថា ពួកគេមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
យុវជនម្នាក់ទៀតឈ្មោះ លៀម សុវណ្ណរតនា អាយុ២០ឆ្នាំ ជានិស្សិតគណនេយ្យនៅសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងខណ្ឌសែនសុខ និយាយថា “ ខ្ញុំបានឮថា និស្សិតភាគច្រើនគាំទ្របាតុកម្ម ប៉ុន្តែ ខ្ញុំមិនច្បាស់ថា ប៉ុន្មាននាក់នឹងទៅចូលរួមឲ្យពិតប្រាកដនោះទេ”។
យុវជនរូបនេះបានបន្តថា “មិត្តភក្ដិរបស់ខ្ញុំមួយចំនួនបាននិយាយថា ពួកគេចង់ទៅស្រុកដើម្បីគេចវេះ ហើយឪពុកម្ដាយរបស់ខ្ញុំបានប្រាប់ឲ្យខ្ញុំចាកចេញពីសាកលវិទ្យាល័យ ប៉ុន្តែ ខ្ញុំនិយាយថា ខ្ញុំនៅរង់ចាំមើលសិន។ ការបោះឆ្នោតនេះគឺជាការលួចបន្លំ ហើយបក្សប្រជាជនកម្ពុជាដឹងពី រឿងនេះ ដូច្នេះវាសំខាន់ខ្លាំងណាស់ក្នុងការធ្វើបាតុកម្ម”។ ទោះជាយ៉ាងណា យុវជនរូបនេះ បានលើកឡើងបន្ថែមទៀតថា រូបគេមិនប្រាកដថា តើខ្លួននឹងចូលរួមដែរ ឬយ៉ាងណានោះទេ ពីព្រោះរូបគេក៏ខ្លាចអំពើហិង្សាដែរ។
នៅខាងក្រៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និស្សិតបានប្រមូលផ្ដុំគ្នាជាក្រុមៗត្រៀមចូលប្រឡង។យុវតីមួយក្រុមមានគ្នាបីនាក់អាយុខ្ទង់២០ឆ្នាំ ដែលសុទ្ធតែជានិស្សិតច្បាប់ និងដែលខ្លាចមិនហ៊ានបញ្ចេញឈ្មោះដោយសារតែមានសន្ដិសុខម្នាក់ឈរនៅក្បែរនិយាយអាយកូមនោះ បាននិយាយថា ការបោះឆ្នោតនេះមិនសេរីនិងយុត្តិធម៌ទេ ហើយពួកគេសង្ឃឹមថា បាតុកម្មណាមួយរបស់គណបក្សប្រឆាំងនឹងទាក់ទាញអ្នកចូលរួមយ៉ាងច្រើន។
ប៉ុន្តែ ក្នុងចំណោមយុវតីទាំងបីនាក់នេះមានតែម្នាក់ប៉ុណ្ណោះដែលនិយាយថា នាងនឹងចូលរួម។ យុវតីម្នាក់នោះបាននិយាយថា “ប្រជាពលរដ្ឋមានកំហឹងកាន់តែខ្លាំងបន្ទាប់ពីការបោះឆ្នោត ហើយនេះជាមូលហេតុដែលរដ្ឋាភិបាលបញ្ចេញកងទ័ព និងរថពាសដែក ពីព្រោះពួកគេខ្លាចប្រជាពលរដ្ឋដែលបានបោះឆ្នោត ប្រឆាំងនឹងពួកគេ”។
មុនពេលអ្នកយកព័ត៌មានត្រូវបានគណៈគ្រប់គ្រងសាកលវិទ្យាល័យនិងសន្ដិសុខបណ្ដេញចេញពីបរិវេណសាកលវិទ្យាល័យ ដោយសារតែមិនទទួលបានលិខិតសុំច្បាប់អនុញ្ញាតជាមុនដើម្បីចូលទៅក្នុងបរិវេណនោះ នាងបាននិយាយថា “ទោះជាយ៉ាងណាបញ្ហាដែលគណបក្សសង្គ្រោះជាតិមានគឺថា បាតុកម្មណាមួយនឹងត្រូវបំបែកជាពីរក្រុមដែលចង់បានរឿងពីរផ្សេងគ្នា គឺមួយក្រុមតវ៉ានឹងការបោះឆ្នោតមិនយុត្តិធម៌ និងស្នើឲ្យមានការស៊ើបអង្កេត ហើយអ្នកដែលគិតថាយើងបានឈ្នះការបោះឆ្នោតនឹងអំពាវនាវឲ្យលោក [ នាយករដ្ឋមន្ត្រី] ហ៊ុន សែន ចុះចេញពីអំណាច” ។
លោក អ៊ូ ឫទ្ធី ជាអ្នកបង្កើតគេហទំព័របញ្ចេញទស្សននយោបាយមួយរូប បាននិយាយថា បញ្ហាដែលគណបក្សសង្គ្រោះជាតិកំពុងប្រឈមគឺថា នៅមុនការបោះឆ្នោត សាររបស់ខ្លួនគឺសាមញ្ញណាស់ នោះគឺការផ្លាស់ប្ដូរ ហើយពេលនេះវាកាន់តែស្មុគស្មាញឡើង។ លោកបានមានប្រសាសន៍ថា “លោក សម រង្ស៊ី កំពុងអំពាវនាវឲ្យមានមហាបាតុកម្ម ប៉ុន្តែ នៅក្នុងគណបក្សសង្គ្រោះជាតិគ្មានអ្នកណាអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើរឿងនេះទេ ពួកគេកំពុងនិយាយអំពីការឆ្លើយតបដោយសន្តិវិធី ដូច្នេះសូម្បីនៅខាងក្នុងគណបក្សសង្គ្រោះជាតិ ពួកគេមិនយល់ស្របគ្នាថាត្រូវធ្វើការតវ៉ាដោយវិធីណានោះដែរ”។
លោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សនៅតែបន្តចូលរួមជាមួយអ្នកគាំទ្រជាយុវជនរបស់ខ្លួន ពីព្រោះនេះគឺជាការបោះឆ្នោតរបស់ពួកគេ។ តែទោះជាយ៉ាងណា លោកស្រីបានគូសបញ្ជាក់ថា មហាបាតុកម្មគឺជាជម្រើសចុងក្រោយ។
លោកស្រីបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋបាននិយាយហើយ ការផ្លាស់ប្ដូរក៏មានហើយដែរ ហើយពួកគាត់នឹងមិនទទួលយកអ្វីក្រៅពីការផ្លាស់ប្តូរឡើយ។ ទោះជាយ៉ាងណា យើងនឹងមិនធ្វើមហាបាតុកម្មដែលជាជម្រើសចុងក្រោយទេ។ ជាដំបូង យើងត្រូវដោះស្រាយភាពមិនប្រក្រតីនានាសិន បន្ទាប់មកអង្គុយរួមគ្នាដោះស្រាយការខ្វែងគំនិតគ្នារបស់យើង”។
លោកស្រីថ្លែងថា ប៉ុន្តែ ទោះជាបាតុកម្មត្រូវកើតឡើងមែនក៏ដោយ ក៏រដ្ឋាភិបាលនៅតែគ្មានហេតុផលអីត្រូវឆ្លើយតបដោយការសម្ញែងកម្លាំងបែបនេះទេ។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “ កន្លងមកយើងធ្លាប់ធ្វើបាតុកម្មជាច្រើនដងរួចមកហើយនៅមុនការបោះឆ្នោតដោយមានប្រជាពលរដ្ឋជាច្រើនពាក់នាក់ចូលរួម ហើយតើមានអំពើហិង្សាទេនៅពេលនោះ? គឺគ្មានទេ ដូច្នេះតាមរយៈការយករថពាសដែកមកសម្ញែងនេះ វាបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលនៅខាងណា”។
លោកស្រីបានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋទាមទារឲ្យមានការផ្លាស់ប្ដូររបបដឹកនាំបែបនេះ ហើយរបបដឹកនាំនេះបែរជាយករថពាសដែកមកដាក់សម្ញែងតាមផ្លូវបែបនេះទៅវិញ។ តើនេះជាការផ្លាស់ប្ដូរដែលពួកគេគិតថា ប្រជាពលរដ្ឋចង់បាន?” ទោះជាយ៉ាងណា សម្រាប់យុវជន ប៊ូ វាសនា អាយុ២១ឆ្នាំ ជានិស្សិតច្បាប់យល់ថា ការចូលរួមបាតុកម្មគឺមិនទាន់ច្បាស់ទេ។
យុវជនរូបនេះបាននិយាយនៅខាងក្រៅវិទ្យាស្ថានបច្ចេកទេសកាលពីម្សិលមិញថា “វាជាសិទ្ធិរបស់គណបក្សប្រឆាំងក្នុងការធ្វើការតវ៉ា ពីព្រោះសូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានប្រកាសលទ្ធផលហើយដែរ យើងមិនទាន់ជឿវាទេ ប៉ុន្តែ [ខ្ញុំ] មិនចង់ចូលរួមទេ ពីព្រោះខ្ញុំមិនអាចព្យាករដឹងមុនថា នឹងមានអ្វីកើតឡើងឡើយ”៕
ប្រែសម្រួលដោយ តែម សុខុម